មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ក្រវាញ​បញ្ជាក់​ពី​មូលហេតុ​ភ្លើង​ឆេះ​ឈើ​និង​ឡាន

ជំនាញ​រដ្ឋបាល​ព្រៃឈើ​ស្រុក​ភ្នំ​ក្រវាញ ខេត្ត​ពោធិ៍សាត់បញ្ជាក់​ថា ករណី​ភ្លើង​ឆេះ​ឈើ និង​រថយន្ត​ជា​ច្រើន​គ្រឿង​នៅ​ក្នុង​បរិវេណ​នៃ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រវាញ កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មីនា នោះ គឺ​បណ្ដាល​មក​ពី​ខ្យល់​បក់​នាំ​កម្ទេច​ភ្លើង​ដែល​ឆេះ​ព្រៃ​នៅ​ខាង​ក្រៅ​ចូល​ទៅ​ក្នុង​បរិវេណ នៃ​រដ្ឋបាល​ព្រៃឈើ​នេះ។

នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រវាញ លោក ថន ប៊ុនថេត ថ្លែង​នៅ​ថ្ងៃ​ទី​១៥ ខែ​មីនា ថា ថ្នាក់​លើ​របស់​លោក​បាន​ចុះ​មើល​កន្លែង​កើត​ហេតុ​ផ្ទាល់ និង​បញ្ជាក់​ពី​មូលហេតុ​ភ្លើង​ឆេះ​រាល​បណ្ដាល​ខូចខាត​នេះ​ដល់​សាធារណជន ឬ​អ្នក​សារព័ត៌មាន​រួច​ហើយ កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មីនា។

លោក​ថា ពុំ​មាន​ការ​លួច​ដុត​បំបិទ​ភស្ដុតាំង​ដូច​ការ​សង្ស័យ​របស់​អ្នក​កាសែត​មួយ​ចំនួន​នោះ​ទេ៖ «តាម​ពិត​ភ្លើង​ឆេះ​រាល​ពី​ខាង​ក្រៅ​មក! មេ​ខ្ញុំ​បាន​បកស្រាយ​ជូន​រួច​មួយ​សារ​ហើយ​ម្សិលមិញ (១៤ មីនា)។ ឆេះ​មាន​តែ​ឡាន​ចាស់​បទល្មើស​ហ្នឹង ហើយ​ឈើ​គ្មាន​ទេ និយាយ​ទៅ​មាន​តែ​ឈើ​ពុកៗ​ចោល​តាំង​ពី​ជំនាន់​ណា​មក​ហ្នឹង»

ការ​បញ្ជាក់​របស់​មន្ដ្រី​រដ្ឋបាល​ព្រៃឈើ​នេះ គឺ​បន្ទាប់​ពី​ប្រភព​នៅ​ក្បែរ​កន្លែង​ហេតុការណ៍​កើត​ឡើង និង​អ្នក​សារព័ត៌មាន​ក្នុង​ស្រុក​ខ្លះ​បាន​ផ្សព្វផ្សាយ​ដោយ​សង្ស័យ​ថា មន្ដ្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​បាន​ដោះ​គ្រឿង​បន្លាស់​ឡាន និង​យក​ឈើ​ល្អៗ​លក់ ​រួច​ប្រឌិត​រឿង​ភ្លើង​ឆេះ​នេះ​ឡើង។ ហេតុការណ៍​ភ្លើង​ឆេះ​នោះ​បណ្ដាល​ឲ្យ​ខូចខាត​ឡាន​ម៉ាក​កូរ៉េ និង​កាម៉ារី​ចំនួន ២២​គ្រឿង ម៉ូតូ ១​គ្រឿង និង​រទេះ​ដឹក​ឈើ​ចំនួន ៥​គ្រឿង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។