សហគមន៍​និង​មន្ត្រី​បរិស្ថាន​កំពង់ឆ្នាំង​ស្នើ​តុលាការ​ចាត់​ការ​បណ្ដឹង​ប្រឆាំង​អ្នក​ទន្ទ្រាន​ដី​ព្រៃ​រដ្ឋ

0:00 / 0:00

តំណាង​សហគមន៍ និង​មន្ត្រី​បរិស្ថាន​ខេត្ត​កំពង់ឆ្នាំង ស្នើ​ឲ្យ​តុលាការ​ពន្លឿន​នីតិវិធី​ចំពោះ​ពលរដ្ឋ​ដែល​ទន្ទ្រាន​កាន់កាប់​ដី​ព្រៃ​របស់​រដ្ឋ​នៅ​ក្នុង​ដែន​អភិរក្ស​ធម្មជាតិ​ជើង​លៀង ដែល​ពួកគេ​បាន​ដាក់​ពាក្យ​ប្ដឹង​កន្លង​មក​ឲ្យ​បាន​ឆាប់​រហ័ស ដើម្បី​ទប់​ស្កាត់​បទល្មើស​ព្រៃឈើ។ តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​កំពង់ឆ្នាំង អះអាង​ថា ពលរដ្ឋ ២០​នាក់ ដែល​ធ្លាប់​ពាក់ព័ន្ធ​នឹង​ករណី​នេះ កំពុង​ដំណើរ​ការ​សាកសួរ​មុន​នឹង​បញ្ជូន​សំណុំ​រឿង​ទៅ​ចៅក្រម​ស៊ើបសួរ។

ក្រោយ​ពី​មន្ត្រី​បរិស្ថាន និង​អាជ្ញាធរ​មូលដ្ឋាន​ចុះ​អប់រំ​ផ្សព្វផ្សាយ​ពលរដ្ឋ​ចំនួន ១២​គ្រួសារ និង​ខ្លះ​តម្រូវ​ឲ្យ​ធ្វើ​កិច្ច​សន្យា​បញ្ឈប់​ការ​កាប់​រុករាន​ដី​ព្រៃ​របស់​រដ្ឋ​នៅ​ចំណុច​ចម្ការ​ម៉ុច ភូមិ​កោះខ្ទម្ព នៃ​ឃុំ​ជៀប ស្រុក​ទឹកផុស នៅ​មាន​ពលរដ្ឋ​ខ្លះ​បន្ដ​សកម្មភាព​ដដែល។

ផ្ទៃដី​សហគមន៍​ទំហំ ២៦៨​ហិកតារ និង​ព្រៃឈើ ប្រឈម​នឹង​ការ​បាត់បង់​ដោយសារ​តែ​ពលរដ្ឋ​មួយ​ចំនួន​មិន​គោរព​ច្បាប់ ហើយ​បន្ត​បំផ្លាញ​ព្រៃ។

ប្រធាន​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ភ្នំ​ជើងលៀង លោក អ៊ឺត អូន ឲ្យ​ដឹង​ថា ពលរដ្ឋ​ជា​ច្រើន​គ្រួសារ​ដែល​ធ្លាប់​ទន្ទ្រាន​ដី​ព្រៃ​ចាប់​តាំង​ពី​ដើម​ខែ​មិថុនា ឆ្នាំ​២០១៦ បច្ចុប្បន្ន​បាន​បញ្ឈប់​សកម្មភាព​ហើយ ដោយ​ឡែក​នៅ​តែ​ឈ្មោះ​ យក់ បឿន ម្នាក់​ប៉ុណ្ណោះ​ដែល​នៅ​ទន្ទ្រាន​យក​ដី​ព្រៃ​ដើម្បី​ដាំ​ចេក។

លោក​ស្នើ​ឲ្យ​តុលាការ ឬ​មន្ដ្រី​បរិស្ថាន​ទប់ស្កាត់​ឲ្យ​មាន​ប្រសិទ្ធភាព​ចំពោះ​ការ​បំផ្លាញ​ព្រៃ​សហគមន៍​នេះ៖ «គេ​មក​រំលោភ​បំពាន​អ៊ីចឹង​ប៉ះពាល់​ដល់​សមាជិក​សហគមន៍​ខ្ញុំ។ ដូច​ជា​បាត់​ធនធាន​តំបន់​ទេសចរណ៍ សហគមន៍​ខ្ញុំ​បាន​ដាក់​ផែនការ​កុំ​ឲ្យ​គាត់​កាប់​ធនធាន​ធម្មជាតិ ហើយ​ឲ្យ​ប្រកប​មុខ​របរ​គាត់​ឲ្យ​មក​ជួយ​ដាំ​អី​យក​ទៅ​ក់​នៅ​តំបន់​ទេសចរណ៍»

អាស៊ីសេរី​មិន​អាច​រក​ប្រភព​ទាក់ទង​លោកស្រី យក់ បឿន ដើម្បី​ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា។ ប៉ុន្តែ​មន្ត្រី​បរិស្ថាន​ថា លោកស្រី យក់ បឿន នៅ​បន្ត​សកម្មភាព​រុករាន​ដី​ព្រៃ។

អនុ​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ឆ្នាំង និង​ជា​ប្រធាន​ដែន​ជម្រក​សត្វព្រៃ​ភ្នំឱរ៉ាល លោក បឿ ប៊ុនថន បញ្ជាក់​ថា ខាង​មន្ត្រី​ជំនាញ​បរិស្ថាន បាន​ប្ដឹង​ឈ្មោះ យក់ បឿន ទៅ​តុលាការ​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មិថុនា ហើយ​មិន​ទាន់​ឃើញ​ចំណាត់​ការ​អ្វី​ក្រៅ​ពី​កោះ​ហៅ​ពលរដ្ឋ​ជាង ១០​នាក់ ដែល​លោក​មិន​បាន​ប្ដឹង​​ទៅ​តុលាការ​នោះ​ទៅ​វិញ។

ចំពោះ​សកម្មភាព​របស់​លោកស្រី យក់ បឿន កាប់​ព្រៃ​បន្ថែម​នេះ លោក​បាន​រាយការណ៍​ទៅ​ព្រះរាជអាជ្ញា​ហើយ៖ «ដោយសារ​រឿង​នេះ​វា​ឋិត​នៅ​ក្នុង​ចំណាត់​ការ​របស់​តុលាការ​ដូច​ជា​ពុំ​មាន​កិច្ចការ​អី​យើង​ត្រូវ​ធ្វើ​បន្ដ​ទេ យើង​គ្រាន់​តែ​ធ្វើ​ឃ្លាំ​មើល ហើយ​រាយការណ៍​ទៅ​តុលាការ​បន្ដ​ទៀត​ថា តើ​សកម្មភាព​របស់ យក់ បឿន ធ្វើ​អ្វី​បន្ត​ទៀត»

ព្រះរាជអាជ្ញា​រង​ខេត្ត​កំពង់ឆ្នាំង លោក គឹម ហុងសាន្ដ ថ្លែង​ថា មន្ដ្រី​ជំនាញ​បរិស្ថាន​អាច​ហៅ​ពលរដ្ឋ​ទៅ​អប់រំ ឬ​អាច​ចាប់​ខ្លួន​តែម្ដង​ក្នុង​បទល្មើស​ជាក់​ស្ដែង​ដែល​​រុករាន​ដី​ព្រៃ ប៉ុន្តែ​ជំនាញ​បរិស្ថាន​មិន​ទាន់​បាន​រាយការណ៍​មក​ខាង​លោក​ដែល​ជា​ព្រះរាជអាជ្ញា​កាន់​សំណុំ​រឿង​នៅ​ឡើយ។

ចំពោះ​ការ​កោះ​ហៅ​ពលរដ្ឋ​ជា​ច្រើន​នាក់​ដែល​ធ្លាប់​ពាក់ព័ន្ធ​នឹង​រឿង​ដីធ្លី​នេះ គឺ​ដើម្បី​ធ្វើ​សាក្សី​ក្នុង​សំណុំ​រឿង​នេះ៖ «កំពុង​ស្ថិត​នៅ​ក្នុង​ការ​អង្កេត អ៊ីចឹង​ខាង​ខ្ញុំ​នេះ​ដោយសារ​នៅ​ក្នុង​របាយការណ៍​បរិស្ថាន​បញ្ជូន​មក​មាន​ឈ្មោះ​ច្រើន ដែល​ពាក់ព័ន្ធ​នឹង​ការ​ហ៊ុមព័ទ្ធ​ធ្វើ​ជា​កម្មសិទ្ធិ​ផង និង​ការ​កាប់​រាន​ដី​ព្រៃ​ផង។ អ៊ីចឹង​ហើយ​យើង​ត្រូវ​តែ​ហៅ​ពួកគាត់​ទាំង​អស់​យក​មក​សួរ​នាំ​សិន»

កាល​ពី​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៦ ប្រធាន​ដែន​ជម្រក​សត្វព្រៃ​ភ្នំឱរ៉ាល ខេត្ត​កំពង់ឆ្នាំង លោក បឿ ប៊ុនថន បាន​ធ្វើ​របាយការណ៍​កម្រាស់​បី​ទំព័រ​ជូន​អភិបាល​ខេត្ត ដោយ​រៀបរាប់​ពី​កន្លែង​កាប់​ទន្ទ្រាន​ដី​ព្រៃ​នៅ​តំបន់​អភិរក្ស​ធម្មជាតិ​ចម្ការ​ម៉ុច និង​ឈ្មោះ​អ្នក​ប្រព្រឹត្ត។ អភិបាល​ខេត្ត​កំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន បាន​ធ្វើ​ចំណារ​បី​ចំណុច​លើ​របាយការណ៍ ដើម្បី​ដោះស្រាយ​បញ្ហា​ គឺ​ទី​១ សូម​ឲ្យ​ចាត់ការ​គ្រប់គ្រង​ដី​នេះ​មក​វិញ​ឲ្យ​បាន​ម៉ឺងម៉ាត់។ ទី​២ បង្កើន​កិច្ច​សហការ​ជាមួយ​អាជ្ញាធរ​អប់រំ​ពលរដ្ឋ​បញ្ឈប់​សកម្មភាព​ទាំង​ស្រុង និង​ទី​៣ បើ​មាន​ការ​កាប់​រាន ឬ​មាន​ការ​ឈូស​ឆាយ​ត្រូវ​បង្ក្រាប​ភ្លាម​ស្រប​តាម​នីតិវិធី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។