ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា ខេត្តជាង១០ក្នុងព្រះរាជាណាចក្រកម្ពុជា នឹងប្រឈមទឹកជំនន់ទឹកភ្លៀង ដោយសារតែការជះឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ដែលអូសកាត់ពីលើអាងទន្លេមេគង្គក្នុងប្រទេសថៃ និងប្រទេសឡាវ។
សេចក្ដីជូនដំណឹងពីក្រសួងធនធានទឹក នៅថ្ងៃទី៣០ ខែសីហា បានឲ្យដឹងថា ប្រព័ន្ធសម្ពាធទាបដែលបានកើតឡើងកាលពីថ្ងៃទី២៤ ខែសីហា បានរំកិលចុះមកទិសខាងត្បូង ត្រង់ព្រំប្រទល់ប្រទេសកម្ពុជា និងប្រទេសឡាវ។ ប្រព័ន្ធសម្ពាធទាបនេះ បានគ្របដណ្ដប់លើព្រះរាជាណាចក្រកម្ពុជា ស្ទើរទាំងមូល ដែលស្ថានភាពអាកាសធាតុបែបនេះ នឹងបង្កឲ្យធ្លាក់ភ្លៀងកាន់តែច្រើននៅខេត្តមួយចំនួន ចាប់ពីថ្ងៃទី៣០ ខែសីហា អូសបន្លាយរយៈពេល១សប្ដាហ៍ ខេត្តទាំងនោះរួមមាន ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ សៀមរាប ឧត្ដរមានជ័យ ព្រះវិហារ កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី ដែលអាចប្រឈមនឹងទឹកជំនន់ទឹកភ្លៀង។
សេចក្ដីជូនដំណឹងដដែល បានបញ្ជាក់ថា ប្រព័ន្ធសម្ពាធទាបនេះក៏នឹងធ្វើឲ្យមានភ្លៀងធ្លាក់ច្រើននៅអាងទន្លេមេគង្គភាគខាងលើ ដែលបង្កឲ្យកម្ពស់ទឹកទន្លេមេគង្គ ទន្លេសាប ទន្លេបាសាក់ នឹងកើនឡើងជាបន្តបន្ទាប់ចាប់ពីដើមខែកញ្ញា តទៅ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
