ការប្រែប្រួលអាកាសធាតុបច្ចុប្បន្នធ្វើឲ្យប្រភពទឹកក្នុងដីទឹកអូរធម្មជាតិ ទឹកបឹង និងទន្លេនៅខេត្តរតនគិរី កាន់តែខ្សត់ខ្សោយទឹកខុសធម្មតា។ ក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតខេត្តរតនគិរី កំពុងត្រៀមលក្ខណៈបង្កើតអាងស្តុកទឹកបន្ថែមទៀតបង្ការខ្លាចខ្វះទឹកចែកចាយពលរដ្ឋប្រើប្រាស់។
ប្រជាពលរដ្ឋរស់នៅក្រុងបានលុង ខេត្តរតនគិរី បារម្ភខ្វះទឹកប្រើប្រាស់នៅចុងរដូវប្រាំងនេះ ដោយសារតែបរិមាណទឹកអណ្ដូង និងទឹកអូរធម្មជាតិដែលអ្នកភូមិប្រើប្រាស់កាន់តែរីងអស់ទឹក។
ជាង ៥០ភាគរយនៃប្រជាពលរដ្ឋជាង ១៦ម៉ឺននាក់រស់នៅក្រុងបានលុង ប្រើប្រាស់ទឹកអណ្ដូងជីកជម្រៅពី ២០ ទៅ ២៥ម៉ែត្រ ខ្លះទៀតប្រើប្រាស់អណ្ដូងខួងជម្រៅលើសពី ៣០ម៉ែត្រ។ ដោយឡែកប្រជាពលរដ្ឋរស់នៅជិតមាត់អូរធម្មជាតិប្រើប្រាស់ទឹកអូរសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ។ ក្រៅពីនេះ ប្រជាពលរដ្ឋប្រមាណ ៥០ភាគរយទៀតប្រើប្រាស់បណ្ដាញទឹកស្អាតផ្គត់ផ្គង់ដោយក្រុមហ៊ុនឯកជនតាយសេង។
ប្រជាពលរដ្ឋរស់នៅភូមិធួយអំពិល លោក សឿ ចន្ថា អះអាងថា ឆ្នាំនេះទឹកអណ្ដូងដែលគ្រួសារលោកប្រើប្រាស់រីងតាំងពីដើមរដូវប្រាំងផ្ទុយពីឆ្នាំកន្លងទៅ។ លោកថា អ្នកភូមិកំពុងប្រឈមទៅនឹងកង្វះទឹកប្រើប្រសិនរដូវប្រាំអូសបន្លាយពេលយូរគ្មានភ្លៀងធ្លាក់៖ «អាហ្នឹងវាខ្វះណា! បើសិនមានអង្គការណាអាចជួយ ឬខាងប្រព័ន្ធទឹកស្អាតចុះមក យើងប្រើ យើងទិញប្រើ។ រាល់ថ្ងៃប្រើទឹកអណ្ដូងផ្ទះបងនៅឆ្ងាយ»។
ចំណែកប្រជាពលរដ្ឋជនជាតិដើមភាគតិចព្រៅ ឈ្មោះ សេវ ព័រ ឲ្យដឹងដែរថា ទឹកអណ្ដូងក្បែរផ្ទះរបស់គាត់ត្រូវរីងអស់ដូចគ្នាហេតុនេះ គ្រួសារគាត់ត្រូវទៅរកទីទំនាបក្បែរស្រែជីកអណ្ដូងថ្មីដើម្បីបានទឹកប្រើប្រាស់។ អ្នកស្រីបារម្ភថា នៅចុងរដូវប្រាំងនេះ អណ្ដូងជីកថ្មីទំនងរីងទៀត ហេតុនេះកង្វះទឹកប្រើប្រាស់គឺជាកង្វល់ខណៈជីវភាពរស់នៅរបស់អ្នកភូមិកាន់តែថយចុះនៅពេលបច្ចុប្បន្នដោយសារផលកសិកម្មមិនអំណោយផល និងលក់ក្នុងតម្លៃថោក៖ «សុំគេធ្វើទឹកស្អាតមកទីនេះ។ ព្រួយបារម្ភអត់មានទឹក។ ដាំស្រូវ យើងព្រួយបារម្ភតែរឿងហ្នឹង ណាមួយដាំបន្លែទៀត»។
តួលេខរបស់ក្រុមហ៊ុនទឹកស្អាតតាយសេង ក្នុងមួយខែក្រុមហ៊ុនបានផ្គត់ផ្គង់ទឹកប្រមាណ ៦ម៉ឺនម៉ែត្រគូប បម្រើតម្រូវការប្រើប្រាស់របស់អតិថិជនដែលប្រើប្រាស់បណ្ដាញទឹកស្អាតនៅក្នុងក្រុងបានលុង។
នាយកក្រុមហ៊ុនតាយសេង លោក លី ហុងស៊ិន ទទួលស្គាល់ដូចគ្នាថា បរិមាណទឹកអូរធម្មជាតិដែលក្រុមហ៊ុនប្រើប្រាស់សម្រាប់សេវាកម្មទឹកស្អាតកាន់តែថយចុះ ហេតុនេះបញ្ហាប្រឈមខ្វះទឹកអាចនឹងកើតមានចុងរដូវប្រាំងនេះ ប្រសិនអាងស្តុកទឹករបស់ក្រុមហ៊ុនបច្ចុប្បន្នកាន់តែរីងអស់ទឹក។
យ៉ាងនេះក្តី លោកអះអាងថា អ្នកប្រើប្រាស់ប្រព័ន្ធទឹកស្អាតបច្ចុប្បន្ននៅមានទឹកប្រើប្រាស់គ្រប់គ្រាន់នៅឡើយ។ លើសពីនេះទៀត ក្រុមហ៊ុនកំពុងពិនិត្យលទ្ធភាពបង្កើតអាងស្តុកទឹកនៅផ្នែកខាងក្រោមអូរបន្ថែមទៀត ដើម្បីរក្សាទឹកឲ្យបានច្រើនសម្រាប់បំពេញការប្រើប្រាស់ទឹកនៅរដូវប្រាំង៖ «អត់ទាន់ខ្វះទេ បើខ្លាចខ្វះខែ៥ ព្រោះទឹកកាន់តែតិចជាងមួយខែហើយ។ ទឹកនៅបានលុង កាន់តែប្រើច្រើនព្រោះវាក្ដៅ»។
ទោះជាយ៉ាងណាក៏ដោយ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តរតនគិរី លោក ចាន់ ប៊ុនធឿន មានប្រសាសន៍ថា កង្វះទឹកប្រើប្រាស់នៅក្រុងបានលុង មិនឋិតក្នុងភាពអាសន្ននោះទេ។ លោកថា មន្ត្រីធនធានទឹកនឹងចុះពិនិត្យអាងស្តុកទឹករបស់ស្ថានីយផលិតទឹកស្អាតក្រុមហ៊ុនដើម្បីសិក្សាពីលទ្ធភាពស្តុកទឹកបំពេញតម្រូវការប្រើប្រាស់នៅរដូវប្រាំង៖ «នៅខេត្តយើងអត់មានបញ្ហាស្អីផង បើនៅស្រុកកូនមុំ ខ្វះទឹកជាងគេ។ បញ្ហាអូរចាំខ្ញុំទៅមើលសិន»។
ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងដល់ប្រជាពលរដ្ឋទូទាំងប្រទេសឲ្យប្រុងប្រយ័ត្នប្រើប្រាស់ទឹកដោយសារតែរដូវប្រាំងឆ្នាំនេះអូសបន្លាយរហូតដល់ខែមិថុនា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
