ការអភិរក្សព្រៃធម្មជាតិមួយកន្លែងនៅខេត្តឧត្តរមានជ័យ ជាការអភិរក្សដែលមានទ្រង់ទ្រាយធំជាងគេនៅកម្ពុជា គឺមានផ្ទៃដីព្រៃទំហំជាង ១៨.០០០ហិកតារ (មួយម៉ឺនប្រាំបីពាន់ហិកតារ)។
ព្រៃអភិរក្សនេះមានឈ្មោះថា "ព្រៃសហគមន៍សង្ឃរុក្ខវ័ន" ស្ថិតនៅចម្ងាយជាង ៤០គ.ម ភាគឦសាននៃក្រុងសំរោង ខេត្តឧត្តរមានជ័យ។
ព្រះមេគណស្ដីទីនៃខេត្តឧត្តរមានជ័យ ព្រះតេជព្រះគុណ ប៊ុន សាលួត ជាស្ថាបនិកព្រៃសហគមន៍សង្ឃរុក្ខវ័ន មានថេរដីកាថា ដោយព្រះអង្គឈ្វេងយល់ពីសារសំខាន់នៃព្រៃឈើចំពោះមនុស្សសត្វ និងធម្មជាតិ ព្រះអង្គបាននិមន្តស្វែងរកអន្តរាគមន៍ និងបានអភិរក្សព្រៃនៅតំបន់នេះ ចាប់តាំងពីឆ្នាំ២០០១។
ព្រះតេជព្រះគុណ ប៊ុន សាលួត មានថេរដីកាបន្តថា ថ្វីត្បិតមានការអភិរក្ស តែប្រជាពលរដ្ឋដែលធ្លាប់រស់នៅ និងអាស្រ័យផលពីអនុផលព្រៃឈើក្នុងតំបន់នេះចំនួន ៩ភូមិ ស្មើនឹងជិត ១០០គ្រួសារ នៅតែអាចប្រកបរបររបស់ពួកគាត់ជាប្រក្រតី គឺគ្រាន់តែមានការរឹតបន្តឹងមិនឲ្យមានបទល្មើសព្រៃឈើប៉ុណ្ណោះ។
នាយកមជ្ឈមណ្ឌលហ្វឹកហ្វឺនភាសា ខូអ័រ ប្រចាំក្រុងបាត់ដំបង លោក ស្រ៊ុន សុទិដ្ឋ ដែលបានមកទស្សនាព្រៃសហគមន៍សង្ឃរុក្ខវ័ន ថ្លែងថា បើមានការអភិរក្សឲ្យបានច្រើនដូចការផ្ដួចផ្ដើមរបស់ព្រះតេជព្រះគុណ ប៊ុន សាលួត នោះ វានឹងជួយទប់ស្កាត់ការបំផ្លាញព្រៃនៅកម្ពុជា បានមួយចំណែកធំ។
តំណាងសហគមន៍ ហ្វ្រែនស៊ីស្កឹន មកពីក្រុង រ៉ចឆេស្ទ័រ រដ្ឋមីនីសូតា (Franciscan Community Rochester, Minnesota) សហរដ្ឋអាមេរិក ដែលបានផ្ដល់ជំនួយដល់គម្រោងកម្មវិធីអភិរក្សព្រៃសហគមន៍សង្ឃរុក្ខវ័ន និងដែលបានមកទស្សនាព្រៃអភិរក្សដែរ អ្នកស្រី ម៉ាឡឹស ជែកស៍ (Marlys Jax) បានឲ្យដឹងថា អ្នកស្រីបានធ្វើដំណើរទៅប្រទេសជាច្រើនទូទាំងពិភពលោក និងបានជួយដល់អ្នកអភិរក្សបរិស្ថាននៅក្នុងប្រទេសទាំងនោះ។
អ្នកស្រី ម៉ាឡឹស ជែកស៍៖ «មនុស្សបំផ្លាញបរិស្ថាន ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺថា យើងមានពិភពលោកតែមួយជាមួយគ្នា។ ពិភពលោកគឺជាលំនៅឋានរបស់យើង ហើយបើយើងមិនខ្វល់ និងមិនចាប់ផ្ដើមគិតអំពីការថែរក្សា និងប្រើប្រាស់ពិភពលោកឲ្យបានល្អទេនោះ ខ្ញុំគិតថា យើងកំពុងតែបំផ្លាញខ្លួនឯងហើយ»។
តំណាងសហគមន៍ ហ្វ្រែនស៊ីស្កឹន ម្នាក់ទៀត អ្នកស្រី ចូស៊ីន វ៉ូក អាយុ ៩១ឆ្នាំ ដែលកំពុងតែឈរសម្លឹងព្រៃសហគមន៍សង្ឃរុក្ខវ័ន តាមទ្វាររថយន្តទេសចរណ៍ ដោយភាពញញឹមញញែមផងនោះ មានប្រសាសន៍ថា បញ្ហាបរិស្ថានជាបញ្ហាដ៏ធំសម្រាប់ពិភពលោក ហើយអ្នកស្រីចាប់អារម្មណ៍ក្នុងការចូលរួមរក្សាបរិស្ថាន៖ «ការកាប់បំផ្លាញព្រៃឈើជះឥទ្ធិពលអាក្រក់ខ្លាំងណាស់ ហើយមិនមែនកើតមានតែនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ។ ការកាប់បំផ្លាញព្រៃឈើធ្វើឲ្យដីអស់ជីជាតិ ធ្វើឲ្យគ្មានអុកស៊ីហ្សែនក្នុងបរិយាកាស និងធ្វើឲ្យមានកំណើនឧស្ម័នកាបូនិចច្រើនពេក គឺវាធ្វើឲ្យប៉ះពាល់ដល់បរិស្ថានពិភពលោកទាំងមូល»។
ជាលទ្ធផល ព្រះតេជព្រះគុណ ប៊ុន សាលួត បានជាប់ជាជយលាភីនៃអ្នកការពារព្រៃឈើ និងជីវចម្រុះពីគណៈកម្មការរៀបចំកម្មវិធីពានរង្វាន់គំនិតផ្ដួចផ្ដើមអេក្វាទ័រ របស់អង្គការ UNDP ប្រចាំក្រុងញីវយ៉ក សហរដ្ឋអាមេរិក នៅឆ្នាំ២០១០។
ទោះយ៉ាងណាក្ដី ឧបសគ្គក្នុងការអភិរក្ស រួមមានភ្លើងព្រៃ និងការទាញយកផលពីព្រៃដោយខុសច្បាប់ កំពុងក្លាយជាក្ដីកង្វល់សម្រាប់អ្នកអភិរក្ស។
ទាក់ទិននឹងកាប់បំផ្លាញព្រៃទ្រង់ទ្រាយធំនៅកម្ពុជា ព្រះតេជព្រះគុណ ប៊ុន សាលួត និមន្តបញ្ចេញទស្សនៈថា ឈ្មួញឈើនិងឈ្មួយដីផ្ដោតតែលើប្រាក់ គឺពួកគេគ្មានគំនិតអភិរក្សអ្វីនោះទេ។ ចំណែកឯអ្នកអភិរក្សដែលមានឆន្ទៈបរិសុទ្ធវិញ ពួកគេមិនអាចធ្វើជាឈ្មួញបានឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
