ប្រជាពលរដ្ឋនៅឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ត្អូញត្អែរអំពីផលប៉ះពាល់ការនេសាទត្រីនៅក្នុងបឹងសាធារណៈមួយ ដោយសារមានពលរដ្ឋមួយចំនួនតូច នាំគ្នាដាំឈូក និងជីកស្រះដាក់សម្រាស់ធ្វើអាជីវកម្មផ្តាច់មុខ។ បញ្ហានេះ ពួកគាត់ស្នើឲ្យអាជ្ញាធរដោះស្រាយ ដោយធ្វើយ៉ាងណារក្សាបឹងសាធារណៈសម្រាប់ពលរដ្ឋទូទៅបានប្រើប្រាស់ដូចដើមឡើងវិញ។
ពលរដ្ឋមួយចំនួនធំដែលរស់អាស្រ័យផលនេសាទនៅទំនប់ខ្នាច ឬបឹងខ្នាច ក្នុងឃុំទួលព្រះឃ្លាំង ឲ្យដឹងថា តាំងពីមានសកម្មភាពដាំឈូកក្នុងបឹងមក បណ្ដាលឲ្យពួកគាត់មិនអាចនេសាទត្រីដូចពេលមុនបានឡើយ។ បន្ថែមពីនេះ ការដាំឈូកក្នុងបឹងនោះ គឺបណ្ដាលឲ្យប៉ះពាល់ដល់មច្ឆជាតិ និងសត្វរស់នៅក្នុងទឹកទៀតផង ជាពិសេសនៅពេលម្ចាស់ឈូកទាំងនោះយកថ្នាំពុលទៅបាញ់ឈូករបស់ខ្លួន។
ពលរដ្ឋនៅឃុំទួលព្រះឃ្លាំង មួយរូបសុំមិនឲ្យបញ្ចេញឈ្មោះឲ្យដឹងថា មានប្រជាពលរដ្ឋមួយចំនួនតូច នាំគ្នាយកទីតាំងបឹងសាធារណៈមួយឈ្មោះ បឹងត្បូង និងបឹងជើង ចំណុចទំនប់ខ្នាច ទៅដាំឈូក បណ្ដាលឲ្យប៉ះពាល់ដល់ការនេសាទរបស់ប្រជាពលរដ្ឋនៅក្នុងឃុំទាំងមូល។ លោកថា អ្នកភូមិមិនអាចដាក់មង ឬសន្ទូចបានស្រួលដូចពេលមុន ហើយនៅពេលគោក្របីរបស់អ្នកស្រុកចូលទៅផឹកទឹកក្នុងបឹង ជាន់ឈូកទាំងនោះ រងការប្តឹងផ្តល់គ្នាទៀតផង៖ « សុំសំណូមពរដល់សម្ដេច ប្រសិនបើសម្ដេចឮ ឲ្យសម្ដេចជួយអន្តរាគមន៍ផង ងាប់ហើយប្រជាពលរដ្ឋនៅឃុំទួលឃ្លាំង »។
ប្រភពដដែលឲ្យដឹងថា សកម្មភាពនេះកើតឡើងកាលពីចុងឆ្នាំ២០១៥។ បន្ថែមពីនេះ ក៏មានការជីកស្រះដាក់សម្រាស់ធ្វើជាកម្មសិទ្ធិឯកជនផ្ដាច់មុខ ចំណែកអាជ្ញាធរមូលដ្ឋាន គ្មានចំណាត់ការឡើយ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីខែកក្កដា ឆ្នាំ២០១៥ បានទៅលែងកូនត្រីរាប់ម៉ឺនក្បាលចូលក្នុងបឹងនៅតំបន់ទំនប់ខ្នាច ក្នុងឱកាសទិវាមច្ឆជាតិ ១ កក្កដា។ លោក ហ៊ុន សែន ថ្លែងក្នុងឱកាសនោះថា មិនឲ្យមានសកម្មភាពណាមួយយកដីបឹង ឬព្រែក ទៅប្រើប្រាស់ខុសគោលដៅ ដូចជាទៅដាំឈូក កាប់ព្រៃលិចទឹក និងចាក់ដីលុប ជាដើម។ ជាងនេះ មន្ត្រីអាជ្ញាធរ និងប្រជាពលរដ្ឋ ត្រូវចូលរួមការពារព្រៃលិចទឹក និងស្ដារឡើងវិញទៀតផង។
ទាក់ទងបញ្ហានេះ នាយខណ្ឌជលផលខេត្តកំពង់ចាម លោក អ៊ុក ណារិន មានប្រសាសន៍នៅថ្ងៃទី១៦ មីនា ថា លោកបានចាត់វិធានការលើបញ្ហានេះ ដោយកោះហៅពលរដ្ឋប្រមាណ ៣០គ្រួសារដែលបានដាំឈូកនៅតំបន់នោះមកធ្វើកិច្ចសន្យា ឲ្យបញ្ឈប់សកម្មភាពទាំងនោះ ដោយទុកពេលឲ្យប្រមូលផលឈូកត្រឹមខែឧសភា។ លោកថា សកម្មភាពដាំឈូកក្នុងដែននេសាទ គឺពិតជាប៉ះពាល់ច្រើន ហើយច្បាប់ក៏មិនអនុញ្ញាតដែរ៖ « បើជំនាញខ្ញុំ វាប៉ះពាល់ធំ ដល់ត្រី ត្រីអត់ស្រកា និងគាត់បាញ់ថ្នាំបាញ់អីទៅវាប៉ះពាល់ វារីរុក្ខជាតិគ្រប់សព្វ »។
លោកបន្ថែមថា មន្ត្រីជំនាញតែងតែផ្សព្វផ្សាយប្រាប់ប្រជាពលរដ្ឋ មិនឲ្យកាប់រុករានព្រៃលិចទឹក និងមិនអនុញ្ញាតឲ្យរំលោភលើដែនបឹងនេសាទ យកមកធ្វើជាកម្មសិទ្ធិឯកជនឡើយ។ លោកថា ពលរដ្ឋអាចដាំឈូកបាន គឺនៅលើដីឯកជន ឬដីរបស់ខ្លួនដោយមិនពាក់ព័ន្ធដីសាធារណៈរបស់រដ្ឋ។
ជាមួយគ្នានេះ មន្ត្រីសម្របសម្រួលសហគមន៍នៃអង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល អ្នកស្រី នូ សារឹម មានប្រសាសន៍ថា ករណីបែបនេះ គឺបណ្ដាលឲ្យប៉ះពាល់ខ្លាំងដល់ប្រជាពលរដ្ឋដែលរស់ពឹងផ្អែកលើមុខរបរនេសាទ៖ « ខ្ញុំគិតថា អាជ្ញាធរ ឬមន្ត្រីជំនាញជលផល ត្រូវពិនិត្យ និងដកហូតបឹង ឬព្រែកហ្នឹងដាក់ជាដែននេសាទរបស់ប្រជាពលរដ្ឋវិញ »។
អ្នកស្រីបន្ថែមថា អាជ្ញាធរ និងប្រជាពលរដ្ឋ ត្រូវចូលរួមការពារបឹង ព្រែក ត្រពាំងសាធារណៈឲ្យបានគង់វង្ស ពីព្រោះសម្បត្តិសាធារណៈមិនអាចនរណាម្នាក់រំលោភយកបានទេ។ ម្យ៉ាង ពួកគេត្រូវទប់ស្កាត់មិនឲ្យមានបទល្មើសផ្សេងៗកើតមានឡើង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
