ដំណាំស្រូវប្រមាណ ៣ ទៅ ៤ពាន់ហិកតារ អាចប្រឈមមុខទៅនឹងការខូចខាតទាំងស្រុងនៅស្រុកចំនួនពីរ គឺស្រុកសៀមប៉ាង និងស្រុកសេសាន ខេត្តស្ទឹងត្រែង បន្ទាប់ពីទឹកជំនន់ជន់លិចច្រើនថ្ងៃកន្លងទៅនេះ។
អភិបាលរងខេត្តស្ទឹងត្រែង លោក យ៊ូ បាសិទ្ធ នៅថ្ងៃអង្គារ ទី១ ខែតុលា មានប្រសាសន៍បញ្ជាក់ថា អាជ្ញាធរខេត្តមិនទាន់ទទួលបានសេចក្តីរាយការណ៍ជាក់លាក់ពីផលស្រូវរងការខូចខាតនៅតាមបណ្ដាស្រុកក្រុង ដែលរងគ្រោះទឹកជំនន់ផ្សេងទៀតនៅឡើយទេ ក៏ប៉ុន្តែ សេចក្តីរាយការណ៍បណ្ដោះអាសន្នឲ្យដឹងថា ស្រូវជាង ៨ពាន់ហិកតារ និងដំណាំរួមផ្សំជាង ១ពាន់ហិកតារផ្សេងទៀត ត្រូវទឹកជន់លិច។
លោកបន្តថា ផលប៉ះពាល់កើនច្រើនថែមទៀត ក្នុងនោះក្រុមការងារស្ដារគ្រោះទឹកជំនន់នៃអាជ្ញាធរ និងកាកបាទក្រហមខេត្តបានចុះចែកជំនួយសង្គ្រោះជូនពលរដ្ឋបានជាង ៩០០គ្រួសារហើយ៖ «មើលការជាក់ស្តែងម្សិលមិញនេះ ខ្ញុំបានទៅពិនិត្យដោយឡែកសៀមប៉ាង មួយ ស្រែទាំងអស់ប្រហែលទៅទាំងអស់ហើយ។ គាត់មានប្រមាណ ៣ ទៅ ៤ពាន់ហិកតារ គឺរលួយទាំងអស់ ហើយស្កកផងរលួយផង គឺអត់មានសល់មួយទេ។ ឥឡូវនេះ ចាំតួលេខផ្លូវការខាងស្រុករាយការណ៍ ខ្ញុំចុះផ្ទាល់ថ្ងៃនេះស្អែកទៀត ដើម្បីសរុបការខូចខាតផ្ទាល់ដែលត្រូវស្ដារ និងជួយឧបត្ថម្ភឡើងវិញស្រូវខូចយ៉ាងម៉េចៗតទៅទៀតណា!»។
ទឹកជំនន់ឆ្នាំនេះបានជន់លិចតំបន់ទំនាបនៃស្រុកចំនួន៤ និងក្រុងស្ទឹងត្រែង ក្នុងខេត្តស្ទឹងត្រែង ចាប់ពីសប្ដាហ៍ទី៣ ក្នុងខែកញ្ញា រហូតមក បន្ទាប់ពីទឹកភ្លៀងបានធ្លាក់ច្រើនស្ទើររៀងរាល់ថ្ងៃនៅតំបន់ខ្ពង់រាបភាគឦសាន ជាពិសេសការបើកបង្ហូរទឹកពីទំនប់វារីអគ្គិសនីពីប្រទេសវៀតណាម នៅតំបន់ខ្សែទឹកខាងលើទន្លេសេសាន និងទន្លេស្រែពក។
មេឃុំស្រែគរ លោក សៀក មេគង្គ មានប្រសាសន៍បញ្ជាក់ថា ស្រូវកំពុងផើមក្នុងឃុំនេះ ត្រូវទឹកលិចរលួយខូចស្ទើរទាំងស្រុង។ ចំណែកការផ្តល់ជំនួយសង្គ្រោះដល់ពលរដ្ឋនៅមានការរើសអើងគណបក្សនយោបាយ ដោយសារលោកជាមន្ត្រីជាប់ឆ្នោតនៃគណបក្សសង្គ្រោះជាតិ នៅមូលដ្ឋាននេះ។ លោកបន្តថា អ្វីដែលប្រជាពលរដ្ឋកំពុងត្រូវការ គឺជំនួយសង្គ្រោះសម្រាប់ការខ្វះខាតជីវភាពប្រចាំថ្ងៃនៅពេលទឹកចាប់ផ្ដើមស្រកទៅវិញនេះ៖ «ប្រជាពលរដ្ឋសំខាន់ត្រូវការអំណោយឲ្យមានភាពប្រក្រតី គេសម្ដែងមតិបញ្ចេញមតិយោបល់ដាក់ខ្ញុំ គេថាកុំឲ្យអ្នកអង្គុយតុបានអំណោយដូចជាកន្លងមក ឃុំគេផ្សេងៗមានចៅហ្វាយខេត្តមានចៅហ្វាយស្រុក គេយកចិត្តទុកដាក់ ចំណែកឃុំខ្ញុំ គឺអភ័ព្វមួយគេមិនដែលអើពើទេ»។
តួលេខបណ្ដោះអាសន្នរបស់អាជ្ញាធរខេត្តស្ទឹងត្រែង ឲ្យដឹងថា គ្រោះទឹកជំនន់ឆ្នាំនេះ ប្រជាពលរដ្ឋជាង ៧ពាន់គ្រួសារ រងផលប៉ះពាល់ដោយទឹកលិចភូមិ និងផ្ទះសម្បែង ក្នុងនោះប្រជាពលរដ្ឋជាង ១.៣០០គ្រួសារ ត្រូវជម្លៀសទៅស្នាក់នៅទីទួលសុវត្ថិភាព។ ដោយឡែក ស្ពានជាង ១០០កន្លែង វត្តចំនួន ១៨វត្ត សាលារៀន ២២សាលា ផ្លូវកៅស៊ូជាង ៩ពាន់ម៉ែត្រ និងផ្លូវលំជាង ១៥ម៉ឺនម៉ែត្រ ត្រូវទឹកជន់លិច និងប្រជាពលរដ្ឋ ២នាក់បានស្លាប់ដោយលង់ទឹក។
យ៉ាងនេះក្តី អភិបាលរងខេត្តស្ទឹងត្រែង លោក យ៊ូ បាសិទ្ធិ មានប្រសាសន៍អះអាងថា ក្រុមការងារស្ដារឡើងវិញនៃអាជ្ញាធរខេត្តបានយកចិត្តទុកដាក់ត្រៀមពូជស្រូវជាសំខាន់ ដើម្បីចែកជូនប្រជាពលរដ្ឋសាបព្រោះដកស្ទូងនៅពេលទឹកស្រក ដើម្បីលើកស្ទួយជីវភាពរស់នៅរបស់ពលរដ្ឋ ព្រមទាំងរៀបចំផែនការស្ដារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធស្ពាន ផ្លូវ សាលារៀនដែលខូចខាតដោយទឹកជំនន់ឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។