ពលរដ្ឋនៅតាមស្រុកជាច្រើនក្នុងខេត្តកំពង់ចាម រស់នៅតាមមាត់ទន្លេ ប្រឈមនឹងបាត់បង់ផ្ទះសម្បែង ឬត្រូវរុះរើពីកន្លែងចាស់ ដោយសារតែច្រាំងទន្លេបាក់ជាបន្តបន្ទាប់។ ពលរដ្ឋថា ពួកគាត់មិនមានដីថ្មីសម្រាប់ទៅរស់នៅឡើយ។
ទាក់ទងបញ្ហានេះ អាជ្ញាធរថានឹងមានគោលការណ៍ចំពោះអ្នកមិនមានដីពិតប្រាកដទាំងនោះ ហើយអាជ្ញាធរកំពុងរិះរកកិច្ចអន្តរាគមន៍ពីថ្នាក់លើចំពោះបញ្ហាបាក់ច្រាំងទន្លេនេះ។
ពេលថ្មីៗមកនេះ នៅខេត្តកំពង់ចាម ច្រាំងទន្លេបាក់ជាបន្តបន្ទាប់។ គ្រោះធម្មជាតិបាក់ច្រាំងទន្លេនេះ គឺបណ្ដាលឲ្យពលរដ្ឋជាច្រើនគ្រួសារត្រូវជម្លៀសទៅកាន់ទីកន្លែងមានសុវត្ថិភាព។ យ៉ាងណា ពលរដ្ឋដែលមិនទាន់ទៅរកទីតាំងថ្មី បារម្ភថាច្រាំងទន្លេនឹងបាក់ដល់ផ្ទះខ្លួនក្នុងពេលឆាប់ៗ ស្របពេលដែលពួកគាត់មិនមានដីធ្លីសម្រាប់ទៅរស់នៅផងនោះ។
ពលរដ្ឋម្នាក់នៅភូមិបឹងសាងខាងកើត ឃុំសូរគង ស្រុកកងមាស លោក ហុក សាវុធ មានប្រសាសន៍ថា នៅក្នុងឃុំរបស់លោក ច្រាំងទន្លេបាក់ជាបន្តបន្ទាប់ ដោយសារតែចរន្តខ្សែទឹកហូរនៅទីនោះមកបុករូងផ្ទៃខាងក្នុងក្រោមដី។ លោកបន្តថា ឆ្នាំនេះការបាក់ស្រុតនោះមានច្រើនជាងរាល់ឆ្នាំ ធ្វើឲ្យពលរដ្ឋនាំគ្នារុះរើផ្ទះសម្បែងចេញ ហើយលោកនឹងត្រូវរុះរើចេញក្នុងពេលខាងមុខនេះដែរ។ លោកចង់ឲ្យអាជ្ញាធរ គប្បីចាត់វិធានការទប់ស្កាត់លើបញ្ហានេះ ដើម្បីបញ្ចៀសការបាក់ច្រាំងតទៅទៀត៖ «ដូចជាមិនឃើញមានវិធានការធំដុំទេ។ មានគ្រោះអ៊ីចឹងមានកាកបាទក្រហម ប៉ុន្តែវិធានការការពារគឺគ្មាន។ ខ្ញុំចង់ថា បើសិនគេមានលទ្ធភាពឲ្យគេចាត់ចែងដូចកន្លែងកំពង់ចាម អ៊ីចឹងទៅ។ បោះថ្មអីទៅ បើបណ្តោយតាមដំណើរ បើគេអាចជួយអ៊ីចឹងក៏អរដែរ អ្នកស្រុកអ្នកភូមិ ព្រោះអស់ដីអស់ធ្លីបាទ»។
ស្រដៀងគ្នានេះ ពលរដ្ឋមួយរូបទៀតនៅភូមិកោះត្រងោ លោក លាវ ប៊ុនថាត ឲ្យដឹងដែរថា ច្រាំងទន្លេនៅកន្លែងលោករស់នៅ គឺបាក់រាល់ឆ្នាំ ពោលគឺនៅពេលទឹកឡើងក៏បាក់ នៅពេលទឹកស្រកវិញក៏បាក់។ លោកបន្តថា ស្របពេលដែលពលរដ្ឋមួយចំនួននាំគ្នារុះរើទៅរកទីតាំងថ្មីនោះ ដីធ្លីក៏ចាប់ផ្ដើមឡើងថ្លៃដែរ ទើបធ្វើឲ្យពួកគាត់ដែលមិនមានដីផ្ទាល់ខ្លួនពិបាករកដីសម្រាប់រស់នៅ៖ «បាទៗ ក្មេងសាក្រោយដូចពួកខ្ញុំមានដីរបបឯណាសម្រាប់នៅ។ អ៊ីចឹងមានតែទិញគេ។ ហើយដីសព្វថ្ងៃថ្លៃសឹងរកលុយទិញមិនបាន»។
ទាក់ទងបញ្ហានេះ អភិបាលស្រុកកងមាស លោក មឿន ផា មានប្រសាសន៍ថា ច្រាំងទន្លេនៅស្រុកកងមាស បាក់បីលើកមកហើយ។ លើកទីមួយ នៅឃុំពាមជីកង និងឃុំសូរគង ធ្វើឲ្យផ្ទះ ៦៣ខ្នងត្រូវរើចេញ។ លើកទីពីរ នៅឃុំសូរគង ម្តងទៀត បណ្ដាលឲ្យផ្ទះ ២៩ខ្នង ត្រូវរុះរើ និងលើកទី៣ កាលពីចុងខែវិច្ឆិកា បាក់ច្រាំងនៅឃុំព្រែកកុយ ធ្វើឲ្យផ្ទះ ៤ខ្នងរងផលប៉ះពាល់។ លោកបន្ថែមថា យ៉ាងណាក៏ដោយ អាជ្ញាធរស្នើសុំឲ្យពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ជុំវិញបញ្ហានេះ ហើយត្រូវរាយការណ៍ដល់អាជ្ញាធរមូលដ្ឋានជានិច្ច ប្រសិនបើមានបញ្ហាកើតឡើង៖ «គ្រាន់ជម្រាបជូនពិសេសអាជ្ញាធរមូលដ្ឋាន ពេលភូមិឃុំពលរដ្ឋដែលមានបញ្ហាអី ត្រូវប្រាប់ភ្លាមឲ្យយើងដឹង ព្រោះគ្រោះថ្នាក់កន្លងមកមិនមានអ្នកស្លាប់ទេ មានទាំងកម្លាំងអន្តរាគមន៍របស់ខ្ញុំ ប៉ូលិស ពលរដ្ឋ និងព្រះសង្ឃទៀត យើងរួមគ្នាដើម្បីចុះជួយហ្នឹង»។
មិនមែនមានតែពលរដ្ឋនៅស្រុកកងមាស ទេដែលជួបបញ្ហានេះ ក៏ប៉ុន្តែមានពលរដ្ឋនៅស្រុកជាច្រើនទៀត ក៏ជួបបញ្ហាស្រដៀងគ្នានេះដែរ។
របាយការណ៍របស់អាជ្ញាធរខេត្តកំពង់ចាម បង្ហាញឲ្យដឹងថា ច្រាំងទន្លេបាក់អំឡុងពេលទឹកជំនន់ និងនៅពេលទឹកស្រកគិតត្រឹមថ្ងៃទី១ ធ្នូ គឺមានស្រុកក្រុងចំនួន៦ ទទួលរងផលប៉ះពាល់ រួមមាន ក្រុងកំពង់ចាម ស្រុកកំពង់សៀម ស្រុកស្ទឹងត្រង់ ស្រុកកងមាស ស្រុកកោះសូទិន និងស្រុកស្រីសន្ធរ។ ស្រុកដែលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេនោះ គឺស្រុកកងមាស ស្រុកកោះសូទិន និងស្រុកស្រីសន្ធរ ដែលផ្ទះប្រជាពលរដ្ឋប្រមាណ ១៧៦ខ្នង និងប៉ុស្តិ៍នគរបាលមួយកន្លែង ត្រូវរុះរើទៅកាន់កន្លែងសុវត្ថិភាព ប៉ុន្តែមិនបានបណ្ដាលឲ្យមានអ្នកបាត់បង់ជីវិតនោះទេ។ ចំណែកច្រាំងទន្លេដែលបាក់ គឺមានប្រវែងសរុបជាង ៨ពាន់ម៉ែត្រ (៨.៣១៥ម៉ែត្រ)។
អភិបាលរងខេត្តកំពង់ចាម លោក ជីម លាវ មានប្រសាសន៍ថា ច្រាំងទន្លេបាក់កន្លងមកនេះ គឺជាគ្រោះធម្មជាតិ បណ្ដាលមកពីចរន្តខ្សែទឹកហូរប៉ះចំកន្លែងទាំងនោះ ដោយមិនមានកន្លែងណាមួយពាក់ព័ន្ធនឹងរឿងបូមខ្សាច់នោះឡើយ។ ដូចនេះ អាជ្ញាធរខេត្តមានការពិបាកទប់ស្កាត់លើគ្រោះធម្មជាតិមួយនេះ ប៉ុន្តែលោកថា ខាងក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជូនអ្នកជំនាញរបស់ខ្លួនមកសិក្សាលើបញ្ហានេះ និងសិក្សាលើបណ្ដាកោះមួយចំនួន ដើម្បីរកវិធីបញ្ចៀសចរន្តខ្សែទឹកកុំឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ច្រាំងទន្លេតទៅទៀត។ លើសពីនេះ អាជ្ញាធរខេត្តកំពុងធ្វើការងារចំពោះមុខលើបញ្ហាពលរដ្ឋដែលរងផលប៉ះពាល់កន្លងមកនោះ រួមនឹងបញ្ហាមួយចំនួនផង៖ «ចំពោះប្រជាពលរដ្ឋដែលមិនមានដី ខេត្តកំពុងស្រាវជ្រាវឲ្យស្រុកឃុំធ្វើរបាយការណ៍ ហើយខេត្តនឹងមានគោលនយោបាយប្រគល់ដីសម្បទានសង្គមកិច្ច និងរកដីសម្បទានសង្គមកិច្ចជូនគាត់។ ដោយឡែកនៅក្រុងកំពង់ចាម រាជរដ្ឋាភិបាលសម្រេចឲ្យធ្វើច្រាំងទន្លេឡើងវិញ»។
ត្បិតតែអាជ្ញាធរខេត្តមិនអាចទប់ស្កាត់នូវគ្រោះធម្មជាតិនេះឲ្យបានទាំងស្រុងក៏ដោយចុះ ក៏ប៉ុន្តែរាជរដ្ឋាភិបាល ក៏មានចំណែកទទួលខុសត្រូវធំលើរឿងនេះដែរ។
អនុប្រធានផ្នែកដីធ្លី និងធនធានធម្មជាតិនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (adhoc) លោក ចាត់ សុវ៉េត មានប្រសាសន៍ថា ច្រាំងទន្លេមេគង្គបាក់ គឺបណ្ដាលមកពីកត្តាពីរយ៉ាង គឺកត្តាធម្មជាតិ និងកត្តាមនុស្ស ដូចជាការបូមខ្សាច់ជាដើម។ លោកបន្តថា រាល់ការខូចខាតរបស់ពលរដ្ឋ ក៏នៅតែជាការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាលដដែល៖ «រដ្ឋាភិបាលគេអាចដឹងពីរបៀបនៃគ្រោះថ្នាក់នេះឯង។ ដូចនេះ រដ្ឋាភិបាលត្រូវត្រៀមទីតាំងត្រៀមទីកន្លែង ត្រៀមជំនួយត្រៀមរកមធ្យោបាយដោះដូរ។ ត្រៀមពន្យល់ពលរដ្ឋឲ្យជាក់ជឿ ដើម្បីពន្យល់ពីគ្រោះមហន្តរាយហ្នឹងបាទ»។
លោកបន្ថែមថា កន្លងមករាជរដ្ឋាភិបាលហាក់ខ្វះបច្ចេកទេស ដើម្បីណែនាំប្រជាពលរដ្ឋឲ្យយល់ដឹងលើបញ្ហានេះ ឬជួយប្រជាពលរដ្ឋ និងខ្វះការត្រៀមលក្ខណៈរកទីកន្លែងសម្រាប់ពួកគាត់ ដើម្បីបញ្ចៀសនូវហានិភ័យដែលកើតឡើងដោយគ្រោះធម្មជាតិ ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
