សកម្មភាពដោះដូរទំនិញ បន្លែ ផ្លែឈើ និងកសិផលជាច្រើនមុខទៀតនៅកំពង់ផែផ្សារក្រោម ខេត្តកំពង់ឆ្នាំង បានបន្សល់ទុកកាកសំណល់ស្អុយរលួយ ចូលក្នុងទឹកបឹងទន្លេសាបជាច្រើនគីឡូក្រាមក្នុងមួយថ្ងៃៗ។ សកម្មភាពនេះ បង្កឲ្យទឹកទន្លេកាន់តែកខ្វក់ ខណៈមានជនជាតិវៀតណាម និងចាម រាប់រយគ្រួសារ កំពុងតាំងទីលំនៅលើទឹក ហើយបញ្ចេញសំណល់ផ្ទះបាយ និងលាមកចូលក្នុងទឹកទន្លេដែរ។
ក្រុមអាជីវករ និងមេការកម្មករដែលកំពុងបោះតង់ និងរោងប្រក់ស្លឹកស្នាក់នៅ ដើម្បីរង់ចាំដោះដូរទំនិញទាំងយប់ថ្ងៃ នៅអែបច្រាំងទន្លេសួនច្បារផ្សារក្រោម អះអាងថា ការគ្រប់គ្រងកាកសំណល់របស់ពួកគាត់នាពេលបច្ចុប្បន្ន គឺមានភាពប្រសើរច្រើន ដោយមានការណែនាំពីអាជ្ញាធរមូលដ្ឋាន និងជំនាញបរិស្ថាន។ ប៉ុន្តែ ពួកគាត់មិនពេញចិត្តចំពោះអាជីវករ និងអ្នកលំហែតាមមាត់ទន្លេខ្លះ ចោលសំរាមគ្មានរបៀប។
មេការកម្មករ និងជាអ្នកមើលខុសត្រូវខាងអនាម័យនៅកំពង់ផែ លោក សួន ចំណាន ថ្លែងថា រូបលោក និងកម្មករលើកដាក់ទំនិញជាច្រើននាក់ទៀត តែងតែប្រាប់ដល់ម្ចាស់តូបលក់ដូរជាង ៤០តូប ឲ្យនាំគ្នាប្រមូលកាកសំណល់ទុកម្ដុំ រួចដុតចោល ឬយកទៅដាក់ក្នុងធុងសំរាមនៅខាងលើច្រាំងទន្លេ។ លោកថា អ្នកដឹកកសិផលតាមទូកមកបោះដុំភាគច្រើន បានបោះបន្លែរលួយចូលក្នុងទឹក៖ «ជួនកាលទិញចំណីយកទៅហូបទាំងស្បោងទាំងថង់អ៊ីចឹងទៅ គាត់ហូប ហើយចោលនៅត្រង់ហ្នឹងបណ្ដោយ។ អ៊ីចឹងវាអាចជះឥទ្ធិពលពីក្រោមឡើងមកឃើញស្បោងសសំព្រុសហ្នឹងសុទ្ធតែស្បោងរបស់អ្នកទូក។ យើងមិនអាចទៅជម្រាបប្រាប់គាត់ថា ឥឡូវសំរាមអាចវេចខ្ចប់ដាក់ម្ដុំទុកឲ្យពួកខ្ញុំប្រមូលអ៊ីចឹងទៅ អត់មានទេ ស្រេចតែចិត្តគាត់»។
ចំណែកអាជីវករទិញ និងលក់ម្ទេស កំពុងអង្គុយលើអង្រឹងជជែកលេងជាមួយអ្នកមកទទួលទិញបន្លែ និងម្ទេសលក់បន្តទៅតាមស្រុកភូមិ គឺអ្នកស្រី ច័ន្ទ រ៉ន បានស្ដីបន្ទោសចំពោះអាជីវករខ្លះ និងអ្នកដែលមកអង្គុយលើបង់លំហែកាយតាមមាត់ទន្លេ ហើយនាំគ្នាទិញចំណីហូប ប៉ុន្តែបានចោលសំរាមនៅអែបច្រាំង និងក្នុងទឹកទន្លេក្បែរកន្លែងលំហែនោះ។ អ្នកស្រីថា កត្តាដែលបង្កឲ្យទឹកមានជាតិពុលខ្លាំងនោះ គឺសកម្មភាពរស់នៅលើផ្ទៃទឹករបស់ជនជាតិវៀតណាម ចំណែកសកម្មភាពលក់ដូរបន្លែរបស់ក្រុមអាជីវករនៅកំពង់ផែផ្សារក្រោមនេះ គ្រាន់តែជាផ្នែកមួយតូចនៃការបំពុលទឹកប៉ុណ្ណោះ៖ «លោក ជិន ជេដ្ឋា៖ សម្រាប់អ្នកមីងផ្ទាល់យកសំរាមដាក់នៅខាងលើ ឬយ៉ាងម៉េចបាទ? យកទៅដាក់ខាងលើគេមានធុងសំរាមឲ្យដាក់ តាំងពីមេប្រាប់មកអត់សូវចោលដែរ ឲ្យជួយថែរក្សាបរិស្ថានឲ្យស្អាតអ៊ីចឹងទៅណា។ ប៉ុណ្ណឹងគ្រាន់ស្អាតជាងរាល់ឆ្នាំហើយ ឆ្នាំមុនសំរាមពេញហ្នឹងទៀតណោះ»។

ប្រជាពលរដ្ឋ និងភ្ញៀវទេសចរខ្លះ សម្ដែងការខកចិត្តការដែលអាជ្ញាធរក្រុង និងមន្ត្រីបរិស្ថាន មិនបានបញ្ចេញសារអប់រំ ឬដាក់បដាពាក្យស្លោកនៅទីសាធារណៈនៃសួនច្បារមាត់ទន្លេផ្សារក្រោម។ ពួកគាត់អះអាងថា ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកខេត្តកំពង់ឆ្នាំង តែងតែសំដៅទៅទស្សនាផ្ទះបណ្ដែតទឹក និងភ្នំនាងកង្រី ដោយឈរទស្សនាពីទីតាំងនេះ។ ដូច្នេះ បើសួនច្បារល្អស្អាត ឬអាក្រក់យ៉ាងណានោះ គឺភ្ញៀវមកពីចម្ងាយ នឹងឲ្យតម្លៃនៃការគ្រប់គ្រង ឬកិច្ចខិតខំប្រឹងប្រែងលើការដោះស្រាយបញ្ហាសំរាម ទៅតាមស្ថានភាពដែលពួកគេបានមើលឃើញជាក់ស្ដែងនៅទីនោះ។
ទាក់ទងបញ្ហានេះ ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង លោក ពៅ ប៊ុនថន ថ្លែងថា ក្រសួងបានទម្លាក់ថវិកាមកដល់អាជ្ញាធរក្រុង ហើយក្នុងពេលឆាប់ៗខាងមុខនេះ មន្ទីរ និងសមត្ថកិច្ចពាក់ព័ន្ធ នឹងពង្រឹងការអប់រំផ្សាយអំពីអនាម័យ ហើយធ្វើបដាពាក្យស្លោកដាក់នៅសួនច្បារផ្សារក្រោម និងតាមទីប្រជុំជនមួយចំនួនទៀត។ លោកថា បរិមាណសំរាមក្នុងមួយថ្ងៃនៅក្នុងក្រុងកំពង់ឆ្នាំង មានប្រហែល ៣តោន៖ «ក្រុងនឹងរៀបចំហើយ រៀបចំធ្វើបដាពាក្យស្លោកដាក់តាមទីធ្លាសាធារណៈ តាមសួនច្បារ ហើយបង្កើនធុងសំរាម បង្កើនសេវាដឹងសំរាមថែមទៀត ដើម្បីយកទៅចាក់ឲ្យទាន់ពេលវេលាកុំឲ្យវាកកស្ទះ»។
ទាក់ទងនឹងការបំពុលទឹកនេះដែរ មានជនជាតិវៀតណាម បើកអាជីវកម្មផ្សារដែក ជួសជុលគ្រឿងម៉ាស៊ីន ផលិតទូកស្មាច់ និងបញ្ចូលអាគុយជាច្រើនកន្លែងនៅលើផ្ទៃទឹកបឹងទន្លេសាប ដូចជានៅឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ និងនៅសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ជាដើម។ សកម្មភាពទាំងនេះ អាចរំភាយ ឬស្រក់ជាតិគីមីពុលចូលទឹក ដែលធ្វើឲ្យកំហាប់ជាតិពុលក្នុងទឹកកាន់តែខ្ពស់នៅរដូវប្រាំង។
ត្រង់ចំណុចនេះ ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង លោក ពៅ ប៊ុនថន បញ្ជាក់ថា ការរស់នៅលើទឹកបានបង្កផលប៉ះពាល់ច្រើនដល់ទឹក និងធនធានមច្ឆជាតិ ប៉ុន្តែនៅចំពោះមុខ អាជ្ញាធរមូលដ្ឋាន និងជំនាញពាក់ព័ន្ធ រិះរកមធ្យោបាយរៀបចំផ្ទះបណ្ដែតទឹកទាំងអស់ឲ្យឋិតនៅឆ្ងាយក្រុងបន្តិចសិន ដើម្បីរក្សាសោភ័ណភាពក្រុង។ លោកថា ជំហានបន្ទាប់ អាជ្ញាធរមានសមត្ថកិច្ចនឹងមានវិធានការនាំអ្នករស់នៅលើទឹកទាំងអស់ឡើងគោក ដើម្បីបញ្ចៀសផលប៉ះពាល់ផ្សេងៗ ហើយបញ្ហានេះ អាជ្ញាធរមូលដ្ឋានចាប់ផ្ដើមផ្សព្វផ្សាយដល់អ្នករស់នៅលើទឹកទាំងនោះហើយ។
ការបំពុលទឹក និងបរិស្ថានមានហេតុផលច្រើនយ៉ាងកើតចេញពីកត្តាមនុស្ស និងការគ្រប់គ្រងសំរាមមិនបានត្រឹមត្រូវ។ បច្ចុប្បន្ន សកម្មភាពអប់រំ និងផ្សព្វផ្សាយពីអនាម័យបរិស្ថានមានតិចតួចនៅឡើយ ស្របពេលដែលពលរដ្ឋភាគច្រើនមិនទាន់យល់ច្បាស់អំពីផលអាក្រក់ នៃកាកសំណល់ស្អុយរលួយ ឬកាកសំណល់មានផ្ទុកជាតិគីមី ដែលអាចប៉ះពាល់ដល់សុខភាពមនុស្ស សត្វ និងបរិស្ថានធ្ងន់ធ្ងរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
