ការទុកដាក់ ឬគ្រប់គ្រងសំរាមមិនបានត្រឹមត្រូវ បណ្ដាលឲ្យប៉ះពាល់ដល់សុខភាពមនុស្ស សត្វ និងបរិស្ថាន។ បច្ចុប្បន្ន នៅកន្លែងខ្លះនៃក្រុងកំពង់ឆ្នាំង មានគំនរសំរាម និងថង់ប្លាស្ទិកហើរសំពីងសំពោងក្បែរផ្ទះ និងតាមផ្លូវមួយចំនួនទៀតផង។
អាជ្ញាធរ និងមន្ត្រីបរិស្ថាន ទទួលស្គាល់បញ្ហានេះ តែអះអាងថា អាជ្ញាធរមានវិធានការជាបន្តបន្ទាប់ក្នុងសកម្មភាពលើកស្ទួយសោភណភាពទីក្រុង ហើយបញ្ហាសំរាម អាចនឹងត្រូវបានដោះស្រាយក្នុងពេលឆាប់ៗ។ យ៉ាងណា សំរាមនៅតែជាបញ្ហារាំងស្ទះដល់ការអភិវឌ្ឍក្នុងខេត្តកំពង់ឆ្នាំង ទាំងនៅលើគោក និងក្នុងទឹក។
ទន្ទឹមនឹងពលរដ្ឋរស់នៅក្រុងភាគច្រើនបានប្ដូរទម្លាប់ និងចំណាយប្រាក់ចន្លោះពី ៨ពាន់ ទៅជាង ១ម៉ឺនរៀលក្នុង១ខែ ដើម្បីបង់ឈ្នួលឡានប្រមូលសំរាមយកទៅចោលនោះ នៅមានពលរដ្ឋខ្លះទៀតប្រមូលកាកសំណល់ចាស់ៗ ឬសំរាមពីក្នុងផ្ទះទៅចោលដោយខ្លួនឯង ឬគរជាពំនូកដុតក្បែរផ្ទះឡើងហុយទ្រលោមនៅឡើយ។ នៅពេលព្រលប់ ឬព្រលឹមស្រាងៗនៅតាមបណ្ដោយផ្លូវចុងទំនប់ និងតាមដីទំនេរមួយចំនួនទៀតក្នុងក្រុងកំពង់ឆ្នាំង មានអ្នករស់នៅក្បែរៗតំបន់ទាំងនោះ និងពេលខ្លះក៏មានអ្នករស់នៅភូមិផ្សេងៗដែរ បានយកសំរាមទៅគ្រវាត់ចោលពាសវាលពាលកាលលើដីទំនេរទាំងនោះ។
ពលរដ្ឋម្នាក់រស់នៅក្បែរគំនរសំរាមមួយកន្លែងនៅចុងទំនប់ ឋិតនៅភូមិកណ្ដាល សង្កាត់កំពង់ឆ្នាំង អ្នកស្រី ទេព ណារី មានប្រសាសន៍ថា ស្ទើររាល់ថ្ងៃ អ្នកស្រីឃើញគេចោលសំរាមនៅតាមផ្លូវក្បែរផ្ទះ ហើយជះក្លិនស្អុយនៅពេលខ្យល់ផាត់មកចំម្ដងៗ។ អ្នកស្រីបន្តថា អ្នកផ្ទះក្បែរគំនរសំរាម ឬកន្លែងចោលសំរាមរប៉ាត់រប៉ាយនោះ សុទ្ធតែត្អូញត្អែរពីក្លិនស្អុយ ប៉ុន្តែមិនដឹងប្ដឹងទៅអ្នកណា៖ «អាគេអ្នកផ្ទះជិត គេចាក់រាល់ថ្ងៃ តែគេមកពីលក់សល់យកពីផ្សារមកគេចាក់ចោល។ អាច្រើនមកជិះម៉ូតូជិះអីទៅមក ដល់គេចាក់ត្រង់ហ្នឹងទៅ។ ភាគច្រើនអ៊ំឃើញគេយកមកពីណាវិញ ដែលគេចាក់សំរាមចោលហ្នឹង? ដឹកមកពីខាងរបៀងផ្សារអីទេប្អូន ខ្ញុំមិនដឹងដែរ មិនស្គាល់ គេមិនដឹងនៅឯណាផង? អ្ហឺ! ចេះតែធុំក្លិន ហើយបើបន្លែអីកាយរលួយពេញហ្នឹងប្អូនឯង ជិះម៉ូតូឃើញហើយ។ ចេះតែចង់ឲ្យវាស្អាត ហើយប្អូនអើយ តែក្រែងខ្លាចវាទៅមិនរួច ព្រោះយើងមានតែយើងទៅមិនរួចទេ។ គេអត់ប៉ះពាល់ទេ ឬយ៉ាងម៉េច? ផ្ទះជួរហ្នឹងដូចតែគ្នា ប៉ុន្តែគេមិនមាត់»។
ចំណែកពលរដ្ឋម្នាក់ទៀតរស់នៅភូមិឡទឹកត្រី សង្កាត់កំពង់ឆ្នាំង លោក ប៉ែន សុខុម ឲ្យដឹងថា ក្នុងផ្ទះរបស់លោកមានសមាជិករស់នៅជុំគ្នាចំនួនពីរគ្រួសារ តែសព្វថ្ងៃ ផ្ទះរបស់លោកមិនបានបង់ប្រាក់ថ្លៃប្រមូលសំរាមប្រចាំខែនោះទេ ដោយប្រមូលយកដុតចោលនៅមុខផ្ទះជាប្រចាំ ឬពេលដែលមានសំរាមច្រើន ទើបយកទៅដាក់ឡានដែលបើកស៊ីឈ្នួលដឹកសំរាម ហើយបង់ប្រាក់ផ្ទាល់ដល់អ្នកដឹកនោះទៅតាមសំរាមតិច ឬច្រើន។ លោកថា ក្នុងពេលឆាប់ៗខាងមុខ គ្រួសារលោកនឹងចាប់ផ្ដើមបង់ប្រាក់ប្រចាំខែដែរហើយ ដើម្បីឲ្យឡានយកសំរាមចេញពីផ្ទះ ប៉ុន្តែលោកពោលថា ការយកសំរាមពេលខ្លះមានការយឺតយ៉ាវ ហើយតម្លៃថ្លៃទៀត៖ «ខ្ញុំជួលគេដឹកជួនណាឡានមកអ៊ីចឹងទៅ ខ្ញុំយកដាក់ឲ្យគេយកទៅអត់ទៀងទាត់បាទ វាតិច ឬច្រើន។ កាលណាបានច្រើនទៅដាក់យកទៅៗ ជួនណារាងតិចអ៊ីចឹងទៅ ពពូក (ដុត) ចោលអ៊ីចឹងទៅ។ ទេ! អ្នកយកទៅតាមឡានស្រួលជាង វាគ្រាន់តែដាក់ការុងអីទៅ ដល់ពេលឡានមកចាក់ឈូទៅវាចប់ហើយ អានេះគ្រាន់ថាឡានវាក្រមកពេក យើងពពូកចោលខ្លះទៅ»។
នៅក្នុងសេចក្ដីជូនដំណឹងរបស់សាលាសង្កាត់កំពង់ឆ្នាំង ចុះហត្ថលេខាដោយចៅសង្កាត់ អ្នកស្រី កែវ សុផាត កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៤ បានតម្រូវឲ្យម្ចាស់លំនៅឋាន អគារផ្ទះសំណាក់ ឬសណ្ឋាគារ មន្ទីរជំនាញ និងស្ថាប័នពាក់ព័ន្ធទាំងអស់ឋិតក្នុងសង្កាត់កំពង់ឆ្នាំង ត្រូវអនុវត្តគោលការណ៍ណែនាំចំនួន ៧ចំណុច។ ក្នុងនោះមានដូចជា គ្រប់លំនៅឋាន និងអគារនៃស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវតែធ្វើអនាម័យសម្អាតស្មៅ ព្រៃ និងសំរាមនៅខាងមុខទីធ្លាជាប់នឹងផ្លូវ ឬជុំវិញផ្ទះជាប្រចាំ និងរៀបចំចាក់សាបឲ្យបានសមរម្យ ដាំផ្កាលំអតាមលទ្ធភាពដែលអាចធ្វើទៅបាន។ ចំពោះភោជនីយដ្ឋាន ឬកន្លែងលក់ដូរ ត្រូវមានធុងសំរាម និងទុកដាក់កាកសំណល់សំរាមឲ្យបានត្រឹមត្រូវ ជាដើម។
នៅក្នុងសេចក្ដីជូនដំណឹងដដែលនេះ ក៏បញ្ជាក់ដែរថា ក្នុងករណីមិនអនុវត្តតាមការណែនាំរបស់អាជ្ញាធរទេនោះ អាជ្ញាធរសង្កាត់នឹងធ្វើការផាកពិន័យជាប្រាក់តាមការកំណត់របស់សេចក្ដីសម្រេចស្ដីពីការផាកពិន័យ ដើម្បីយកប្រាក់នោះទៅជួលអ្នកសម្អាតតាមទំហំការងារជាក់ស្ដែង។ យ៉ាងណា នៅតាមលំនៅឋាន និងអគារឯកជនមួយចំនួន នៅមិនទាន់បានអនុវត្តតាមសេចក្ដីណែនាំនៅឡើយទេ។
ទាក់ទងបញ្ហានេះ ប្រធានការិយាល័យអភិវឌ្ឍន៍ក្រុងកំពង់ឆ្នាំង លោក ម៉ាលី ពិសិដ្ឋ ថ្លែងបញ្ជាក់ថា ក្រោយពីចេញសេចក្ដីជូនដំណឹងស្ដីពីការធ្វើអនាម័យ ឬរៀបចំសោភ័ណភាពក្រុង ដើម្បីប្រឡងប្រណាំងទីក្រុងស្អាត មានពលរដ្ឋរស់នៅក្នុងក្រុងប្រមាណជា ៥០ភាគរយហើយ បានអនុវត្តតាមការណែនាំរបស់អាជ្ញាធរ។ លោកថា រហូតមកដល់ពេលនេះ អាជ្ញាធរមិនធ្លាប់បានផាកពិន័យម្ចាស់លំនៅឋាន ឬអគារនានាដែលមិនទាន់បានអនុវត្តតាមសេចក្ដីណែនាំនោះនៅឡើយទេ ហើយលោកទទួលស្គាល់ថា សព្វថ្ងៃនៅមានពលរដ្ឋខ្លះមិនទាន់យល់ដឹងពីរបៀបទុកដាក់សំរាមនៅឡើយ៖ «ឥឡូវដល់យើងបានផ្សព្វផ្សាយប្រាប់គាត់ទៅ ឥឡូវឲ្យគាត់ជម្រះស្មៅ ហើយអាចរៀបជាការ៉ូឡានៅមុខផ្ទះក៏បាន ហើយនិងកាប់មែកឈើ ឬដើមឈើណាដែលស៊ុបទ្រុប។ ឥឡូវគាត់បានធ្វើខ្លះៗហើយ។ នៅក្នុងក្រុងកំពង់ឆ្នាំង ជាក់ស្ដែងមានប្រជាពលរដ្ឋបោះចោលពាសវាលពាសកាលអ៊ីចឹងដែរ ហើយនៅតាមទីផ្សារអី គាត់មានដាក់ជាគំនរសំរាម ដើម្បីឲ្យខាងអនាម័យផ្សារដឹកជាប្រចាំដែរទេបង»។
បន្ថែមលើនេះ អនុប្រធានមន្ទីរបរិស្ថាន ខេត្តកំពង់ឆ្នាំង លោក បូរ ផាត មានប្រសាសន៍ថា ការប្រឡងប្រណាំងទីក្រុងស្អាតកាលពីឆ្នាំទៅ ក្រុងកំពង់ឆ្នាំង ទទួលផ្កា១ទង ក្នុងចំណោមផ្កាចំនួនបីទងដែលគេផ្ដល់ជូនសម្រាប់ទីក្រុងស្អាត។ លោកថា បញ្ហាសំរាម និងកាកសំណល់ផ្សេងៗនៅតែជាឧបសគ្គដល់ការអភិវឌ្ឍទាំងនៅលើគោក និងក្នុងទឹក ប៉ុន្តែលោកសង្ឃឹមថា បញ្ហានេះនឹងត្រូវបានដោះស្រាយក្រោយគម្រោងកែច្នៃសំរាមដំណើរការលើទំហំដី ១០ហិកតារ ឋិតនៅភូមិភ្នំតូច ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ លោក បូរ ផាត បញ្ជាក់ថា គម្រោងកែច្នៃសំរាមនេះ គឺជាជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងទំហំទឹកប្រាក់ជាង ៦លានដុល្លារ ហើយអាជ្ញាធរបានចុះសិក្សាពីផលប៉ះពាល់រួចរាល់ហើយ គឺនៅរង់ចាំតែគម្រោងចាប់ផ្ដើមដំណើរការនៅថ្ងៃណាច្បាស់លាស់ប៉ុណ្ណោះ។
បច្ចុប្បន្ន សំរាម ឬកាកសំណល់ចាស់ៗនៅផ្សារលើ ផ្សារក្រោម និងពីតាមផ្ទះរបស់ពលរដ្ឋរស់នៅក្នុងក្រុងកំពង់ឆ្នាំង មានប្រហែលជាង ១៥តោនក្នុង១ថ្ងៃៗ។ ចំណែកពលរដ្ឋរស់នៅលើទឹកចំនួនពីរភូមិ គឺភូមិចុងកោះ និងភូមិកណ្ដាល នៃសង្កាត់ផ្សារឆ្នាំង បានបញ្ចេញកាកសំណល់លាមក និងសំណល់ផ្ទះបាយយ៉ាងតិច ១តោន ទៅ ១តោនកន្លះ ចូលទៅក្នុងទឹកក្នុង១ថ្ងៃៗ។ នៅខេត្តកំពង់ឆ្នាំង មិនទាន់មានក្រុមហ៊ុនម៉ៅការប្រមូលសំរាមធំៗនៅឡើយទេ គឺមានតែឈ្មួញតូចតាចដែលប្រើឡានបែនតូចៗ ឬឡានច្នៃសម្រាប់ដឹកសំរាមទៅចោលនៅម្ដុំភ្នំតូច ឃុំពង្រ ស្រុករលាប្អៀរ ជារៀងរាល់ថ្ងៃ។
មន្ត្រីជំនាញបរិស្ថានអះអាងថា ការដុតសំណល់ថង់ប្លាស្ទិក ឬកាកសំណល់ផ្សេងៗមិនបានកែច្នៃ បណ្ដាលឲ្យប៉ះពាល់ដល់សុខភាពមនុស្ស សត្វ និងបរិស្ថានធ្ងន់ធ្ងរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
