ប្រជាពលរដ្ឋជាច្រើនរស់នៅក្រុងសំរោង ខេត្តឧត្តរមានជ័យ កំពុងប្រឈមមុខនឹងការខ្វះទឹកប្រើប្រាស់នៅក្នុងរដូវប្រាំង ឆ្នាំ២០១៦ ដែលមានរយៈពេលជាង ២ខែតទៅមុខទៀតនេះ។ ការព្រួយបារម្ភ បានកើតមានឡើងនៅស្របពេលដែលទឹកដក់នៅតាមត្រពាំង ស្រះ និងបឹងជាច្រើនកន្លែងជាប្រភពទឹកសម្រាប់យកមកផ្គត់ផ្គង់នៅក្នុងទីក្រុង កាន់តែមានស្ថានភាពរីងស្ងួតទៅៗស្ទើរតែគ្មានទឹកសេសសល់ទៅហើយនោះ។
មន្ត្រីមន្ទីរធនធានទឹក និងឧតុនិយម ឲ្យដឹងថា អាជ្ញាធរខេត្តឧត្តរមានជ័យ កំពុងទាក់ទងទៅខេត្តខ្លះរបស់ប្រទេសថៃ មានខេត្តសុរិន្ទ និងខេត្តស៊ីសាកេត ដែលនៅជាប់ព្រំដែនគ្នា ដើម្បីស្នើសុំបូមទឹកយកមកចែកជូនប្រជាពលរដ្ឋខ្មែរនៅតាមព្រំដែន ឲ្យបានប្រើប្រាស់ជាប្រចាំថ្ងៃ។
ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ គឺលោក ឃិន ញ៉ាណ។ លោកមានប្រសាសន៍កាលពីរសៀលថ្ងៃអង្គារ ទី៨ ខែមីនា ថា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋជាច្រើនរយគ្រួសារនៅសង្កាត់អូស្មាច់ លើខ្នងភ្នំដងរែក កំពុងប្រឈមមុខនឹងការខ្វះទឹកប្រើប្រាស់ជាបណ្ដើរៗហើយ ដោយសារតែកាលពីឆ្នាំមុនមិនមានភ្លៀងធ្លាក់គ្រប់គ្រាន់។
ប្រធានមន្ទីរដដែលបញ្ជាក់ថា នៅតាមតំបន់ជាច្រើនទៀតរបស់ខេត្តឧត្តរមានជ័យ រួមទាំងក្រុងសំរោង ផង អាចប្រឈមមុខនឹងការខ្វះទឹកប្រើប្រាស់ក្នុងឆ្នាំនេះ ប្រសិនបើរយៈពេល ៣ខែទៅមុខទៀត មិនមានភ្លៀងធ្លាក់ទេនោះ៖ « នៅអូស្មាច់ នឹងប្រឈមមុខខ្វះទឹកប្រើប្រាស់ហើយ។ ប្រជាពលរដ្ឋនៅអូស្មាច់ ពីមុន គឺកាស៊ីណូគេផ្គត់ផ្គង់ទឹកឲ្យ។ ឥឡូវគេឈប់ផ្គត់ផ្គង់ គឺដើរទិញទឹកគ្រប់ទីកន្លែង »។
បច្ចុប្បន្ន នៅក្រុងសំរោង គឺប្រជាពលរដ្ឋខ្លះបានប្រើប្រាស់ទឹកស្អាតដែលផ្ដល់ដោយរដ្ឋាករទឹក ប៉ុន្តែខ្លះទៀតនៅប្រើប្រាស់ទឹកដែលគេដឹកជញ្ជូនពីតាមបឹង និងស្រះ ទៅលក់ឲ្យនៅឡើយ។
បុរសអ្នកដឹកទឹកលក់ម្នាក់នៅក្រុងសំរោង លោក ប្រាក់ សុភា ឲ្យដឹងថា ជារៀងរាល់ថ្ងៃ លោកតែងដងទឹកពីត្រពាំង និងស្រះ ដឹកលក់ឲ្យអ្នកភូមិប្រើប្រាស់ចាប់ពី ១០ឡានទៅ ១២ឡានក្នុងមួយថ្ងៃ។ លោក ប្រាក់ សុភា ក៏ព្រួយបារម្ភទៅលើការខ្វះទឹកប្រើប្រាស់ដែរក្នុងឆ្នាំនេះ ពីព្រោះតែនៅតាមត្រពាំង និងបឹងដែលលោកតែងដងទឹកដឹកយកទៅលក់ គឺបានរីងគោកជាបន្តបន្ទាប់អស់ទៅហើយ៖ « ប្រជាពលរដ្ឋគ្រប់ផ្ទះកំពុងព្រួយបារម្ភខ្លាចអត់ទឹកប្រើ។ ទឹកស្អាតក៏ចេញយឺត ឯទឹកតាមបឹងត្រពាំងក៏ខ្សត់ ម្នាក់ៗភ័យដែរ »។
នៅទីរួមខេត្តឧត្តរមានជ័យ គឺប្រជាពលរដ្ឋជាច្រើនរយគ្រួសារ តែងទីពឹងលើទឹកត្រពាំងស្នោ ដែលមានទំហំធំធេងនៅកណ្ដាលទីក្រុង ក៏ប៉ុន្តែឆ្នាំនេះ ត្រពាំងស្នោ បានចាប់ផ្ដើមរីងទឹកបន្តិចម្ដងៗស្ទើរតែអស់ទៅហើយ។
មន្ត្រីមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ ឲ្យដឹងថា ប្រសិនបើក្នុងរយៈពេល ៣ខែខាងមុខមិនមានភ្លៀងធ្លាក់ទេ គឺប្រជាពលរដ្ឋនៅខេត្តឧត្តរមានជ័យ ជាច្រើនកន្លែង នឹងប្រឈមមុខខ្វះទឹកប្រើប្រាស់ ហើយស្រុកដែលនឹងប្រឈមមុខធ្ងន់ធ្ងរជាងគេ គឺស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទ ដែលជាតំបន់ខ្នងភ្នំ។ អាជ្ញាធរខេត្តឧត្តរមានជ័យ និងមន្ទីរធនធានទឹក កំពុងស្វះស្វែងរកប្រភពទឹក ព្រមទាំងរិះរកមធ្យោបាយធ្វើយ៉ាងណា ដើម្បីបានទឹកមកចែកជូនប្រជាពលរដ្ឋឲ្យបានប្រើប្រាស់សម្រាប់រយៈពេល ៣-៤ខែទៅមុខទៀតនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
