រដ្ឋាភិបាលសិង្ហបុរី ថ្លែងថា ករណីខុសឆ្គងណាមួយនៃការនាំខ្សាច់ចូលពីកម្ពុជា គឺជាការទទួលខុសត្រូវមុខច្បាប់របស់ក្រុមហ៊ុននាំចូល ហើយរដ្ឋាភិបាលសិង្ហបុរី នឹងចាត់ការតាមផ្លូវច្បាប់ ប្រសិនបើមានការរកស៊ីមិនត្រឹមត្រូវ។ ក៏ប៉ុន្តែសកម្មជនបរិស្ថាន ហៅការបកស្រាយនេះថា ជាការកុហក មិនអាចទទួលយកបាន ហើយសង្ស័យថា រដ្ឋាភិបាលសិង្ហបុរី និងកម្ពុជា កំពុងត្រូវរ៉ូវគ្នា ព្យាយាមគេចវេះពីការទទួលខុសត្រូវ។
ស្ថាបនិកអង្គការមាតាធម្មជាតិ លោក អាឡិកហាន់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez Davidson) បានហៅការឆ្លើយរបស់មន្ត្រីរដ្ឋាភិបាលសិង្ហបុរី ទាក់ទិននឹងរឿងអាស្រូវជួញដូរខ្សាច់កម្ពុជា ថាជាការភូតកុហកសុទ្ធសាធ។ លោកសង្ស័យថា ក្នុងអំឡុងពេលទស្សនកិច្ចនៅកម្ពុជា របស់ប្រធានាធិបតីសិង្ហបុរី កាលពីពេលថ្មីនេះ មានការចរចារឿងអាជីវកម្មខ្សាច់នេះ។
ប្រធានផ្នែកទំនាក់ទំនងសាជីវកម្មនៃក្រសួងអភិវឌ្ឍន៍ជាតិរបស់ប្រទេសសិង្ហបុរី លោក (Gene Ng) ថ្លែងប្រាប់កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) តាមអ៊ីម៉ែល កាលពីថ្ងៃទី១៦ មករា ថា ករណីខុសឆ្គងណាមួយនៃការនាំខ្សាច់ចូលពីកម្ពុជា គឺជាការទទួលខុសត្រូវមុខច្បាប់ចំពោះឥរិយាបថជាបង្កជារឿងក្តីព្រហ្មទណ្ឌរបស់ក្រុមហ៊ុនអ្នកម៉ៅការទិញខ្សាច់ពីកម្ពុជា មិនមែនជាទំនួលខុសត្រូវរបស់រដ្ឋាភិបាលសិង្ហបុរី នោះទេ។
ទោះយ៉ាងណា មន្ត្រីរដ្ឋាភិបាលសិង្ហបុរី រូបនេះ បញ្ជាក់ថា ការនាំចូលធនធានខ្សាច់ពីប្រទេសកម្ពុជា គឺធ្វើឡើងលើមូលដ្ឋានពាណិជ្ជកម្ម។
សកម្មជនបរិស្ថានដែលត្រូវរដ្ឋាភិបាលបណ្ដេញចេញពីកម្ពុជា លោក អាឡិក រីករាយចំពោះការចេញបកស្រាយរបស់ភាគីសិង្ហបុរីនេះ ក៏ប៉ុន្តែលោកថា ការបកស្រាយនេះ រដ្ឋាភិបាលសិង្ហបុរី កំពុងបោកប្រាស់ ដែលមិនអាចទទួលយកបាន៖ «រដ្ឋាភិបាលសិង្ហបុរី ចុះកិច្ចព្រមព្រៀងទិញខ្សាច់ពីកម្ពុជា បើទោះជាមិនបានមកទិញខ្សាច់ដោយផ្ទាល់ក៏ដោយ»។
ការចេញបកស្រាយពីភាគីសិង្ហបុរីនេះ បន្ទាប់ពីបាននៅស្ងៀមស្ងាត់ ក្រោយពេលទិន្នន័យពាណិជ្ជកម្មរបស់អង្គការសហប្រជាជាតិ បង្ហាញពីភាពខុសគ្នានៃតួលេខរបស់រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសិង្ហបុរី ស្ដីពីពាណិជ្ជកម្មខ្សាច់រវាងប្រទេសទាំងពីរ រយៈពេល ៨ឆ្នាំ ពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១៥។ តួលេខរបស់សិង្ហបុរី ឲ្យដឹងថា សិង្ហបុរី នាំចូលខ្សាច់ពីកម្ពុជា ចំនួនជាង ៧៣លានតោន ក៏ប៉ុន្តែតួលេខរបស់កម្ពុជា បង្ហាញថា កម្ពុជានាំចេញខ្សាច់ទៅសិង្ហបុរី ជិត ៣លានតោនប៉ុណ្ណោះ។ ភាពខុសគ្នានៃតួលេខនេះ គូសបញ្ជាក់ថា កម្ពុជាបាត់ទឹកប្រាក់ជាង ៧០០លានដុល្លារ ពីការនាំចេញខ្សាច់ទៅក្រៅប្រទេសរយៈពេល ៨ឆ្នាំកន្លងមក។
លោក អាឡិក យល់ថា ការបកស្រាយរបស់ភាគីសិង្ហបុរី គឺឆ្លើយបន្ទរតាមរដ្ឋាភិបាលកម្ពុជា ដែលលោកគិតថា រដ្ឋាភិបាលសិង្ហបុរី អាចត្រូវរ៉ូវគ្នាជាមួយរដ្ឋាភិបាលកម្ពុជា។
កាលពីសប្ដាហ៍មុន ប្រធានាធិបតីសិង្ហបុរី លោក តូនី តាន់ កេនយាំ (Tony Tan Keng Yam) បានមកធ្វើទស្សនកិច្ចនៅកម្ពុជា និងបានចុះកិច្ចព្រមព្រៀងស្ដីពីវិស័យអប់រំ និងសុខាភិបាល។ ក្នុងរបៀបវារៈផ្លូវការ សិង្ហបុរី មិនបានជជែករឿងអាជីវកម្មខ្សាច់ជាមួយកម្ពុជា នោះទេ។ ទោះបីជាយ៉ាងណា លោក តូនី ថ្លែងប្រាប់បណ្ដាញសារព័ត៌មានសិង្ហបុរី បន្ទាប់ពីបញ្ចប់ទស្សនកិច្ចថា រដ្ឋាភិបាលកម្ពុជា ចូលចិត្តសិង្ហបុរី ហើយមេដឹកនាំរដ្ឋាភិបាលកម្ពុជា ជំរុញឲ្យសិង្ហបុរី មកវិនិយោគនៅកម្ពុជា បន្ថែមទៀត ពិសេសកម្ពុជា រង់ចាំជួយជ្រោមជ្រែងតាមតែអាចធ្វើទៅបាន។
ទាក់ទងនឹងការបកស្រាយរឿងអាជីវកម្មខ្សាច់វិញ មន្ត្រីរដ្ឋាភិបាលសិង្ហបុរី ព្រមានថា រដ្ឋាភិបាលសិង្ហបុរី នឹងមិនអត់អោនដល់ការរកស៊ីណាមួយដែលរំលោភច្បាប់ ឬបទប្បញ្ញត្តិ ឬប៉ះពាល់ដល់បរិស្ថានប្រទេសម្ចាស់ធនធានទេ ហើយថា ប្រសិនបើមានភស្តុតាងណាមួយដែលក្រុមហ៊ុនសិង្ហបុរី មិនបានរកស៊ីដោយត្រឹមត្រូវ រដ្ឋាភិបាលសិង្ហបុរី នឹងចាត់វិធានការតាមផ្លូវច្បាប់។
យ៉ាងណាក៏ដោយ ស្ថាបនិកអង្គការមាតាធម្មជាតិ លោក អាឡិក បញ្ជាក់ថា ការបកស្រាយនេះ ធ្លាប់ត្រូវបានលើកឡើងកាលពីប្រាំឆ្នាំមុនម្ដងរួចហើយ។ លោកអះអាងថា ខ្សាច់កម្ពុជា ដែលសិង្ហបុរី នាំចូលនោះ គឺជាខ្សាច់គេចពន្ធ និងជាខ្សាច់នោះប៉ះពាល់ដល់ធនធានធម្មជាតិ និងជីវិតរស់នៅរបស់ប្រជាជនមូលដ្ឋាននៅប្រទេសកម្ពុជា ធ្ងន់ធ្ងរ៖ «យើងមានភស្តុតាងគ្រប់គ្រាន់ ដូចជាទិន្នន័យរបស់ UN (អង្គការសហប្រជាជាតិ) ឯកសារស្រាវជ្រាវរបស់អង្គការធំៗ។ យើងស្នើឲ្យសិង្ហបុរី ឈប់នាំចូលខ្សាច់ពីកម្ពុជា»។
រដ្ឋមន្ត្រីក្រសួងរ៉ែ លោក ស៊ុយ សែម កាលពីដើមខែធ្នូ ឆ្នាំ២០១៦ ប្រកាសផ្អាកក្រុមហ៊ុនចំនួន៣ នៅខេត្តកោះកុង ធ្វើអាជីវកម្មបូមខ្សាច់ និងផ្អាកការនាំខ្សាច់ចេញទៅក្រៅប្រទេស។
កាលពីពេលថ្មីៗនេះ សង្គមស៊ីវិលគ្រោងដាក់ពាក្យប្ដឹងទៅរដ្ឋាភិបាលសិង្ហបុរី ស្ដីពីការនាំចូលខ្សាច់មិនស្អាតស្អំពីកម្ពុជា។
លោក អាឡិក ឲ្យដឹងថា លោកកំពុងពិភាក្សាជាមួយក្រុមហ៊ុនមេធាវីសិង្ហបុរី ពីលទ្ធភាពដាក់ពាក្យបណ្ដឹងប្រឆាំងរដ្ឋាភិបាលសិង្ហបុរី។ លោកបញ្ជាក់ថា ប្រសិនបើតុលាការសិង្ហបុរី មិនទទួលយកពាក្យបណ្ដឹងនេះទេ លោកនឹងប្តឹងទៅតុលាការប្រទេសដទៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
