អាជ្ញាធរមូលដ្ឋានក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល អះអាងថា កាណូតបូមខ្សាច់ជួយស្ដារស្ទឹងតូច ឬស្ទឹងម្លិច ពីរីងរាក់ទៅមានជម្រៅ ដើម្បីដក់ទឹកច្រើនសម្រាប់ស្រោចស្រពស្រូវ។ ប៉ុន្តែត្រូវពលរដ្ឋនៅទីនោះ ចោទថាជាការធ្វើអាជីវកម្មខ្សាច់។
ពលរដ្ឋភូមិម្កាក់ ឃុំដើមឫស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ចោទថា សកម្មភាពបូមខ្សាច់នៅក្នុងស្ទឹងតូច ឬស្ទឹងម្លិច មិនមែនជួយស្ដារស្ទឹងទេ តែជាការបូមយកខ្សាច់លក់។
ការចោទនេះ បានធ្វើឡើងក្រោយពីអ្នកភូមិបានប្ដឹងទៅអាជ្ញាធរខេត្តកណ្ដាល ឲ្យជួយដោះស្រាយ ខណៈកាណូតបូមខ្សាច់ក្នុងស្ទឹងតូចបូមដីកាន់តែជ្រៅ ប៉ះពាល់ដល់ដីស្រែ និងការរស់នៅ។
ពលរដ្ឋភូមិម្កាក់ លោក សាវឿន ថ្លែងថា សកម្មភាពបូមខ្សាច់នៅក្នុងស្ទឹងតូច ឬស្ទឹងម្លិច ក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មិនមែនជួយស្ដារស្ទឹងទេ តែជាការធ្វើអាជីវកម្មខ្សាច់។ លោកថា កាលពីខែកក្កដា ឆ្នាំ២០១៤ អាជ្ញាធរឃុំដើមឫស បានស្នើសុំប្រជាពលរដ្ឋឲ្យផ្ដិតមេដៃសុំទៅអាជ្ញាធរស្រុក ខេត្ត ដើម្បីស្ដារស្ទឹងតូច ឬស្ទឹងម្លិចដែលរីងរាក់។ លោកថា ប្រជាពលរដ្ឋបានផ្ដិតមេដៃយល់ព្រមឲ្យស្ដារស្ទឹង ស្រាប់តែការស្ដារស្ទឹងច្រើនខែមកហើយមិនចប់សោះ ហើយបានក្លាយជាការដ្ឋានបូមយកខ្សាច់ធ្វើអាជីវកម្មទៅវិញ៖ «គេបូមតាមកន្លែងៗមិនបានស្ដារទេ គឺបូមជម្រៅជ្រៅមែនទែនតែម្តង ហើយស្ពាននៅតាមស្ពានហ្នឹង គឺបូមនៅក្បាលស្ពានហ្នឹងតែម្តង រហូតដល់រង្គើអស់ហើយស្ពានម្លិច។ បារម្ភខ្លាចបាក់ស្ពាន ហើយនិងបាក់ដីផ្លូវថ្នល់ប្រជាពលរដ្ឋដែលធ្លាប់ប្រើប្រាស់រាល់ថ្ងៃហ្នឹង ពីព្រោះបូមជម្រៅជ្រៅខ្លាំងណាស់ហើយ លំនៅឋានអីហ្នឹងមិនអាចធានាបានយូរទេ»។
ស្រដៀងគ្នាដែរ លោក ហេង ថ្លែងថា អ្នកស្ដារស្ទឹងនោះ គឺប៉ះពាល់ដីកសិកម្ម និងលំនៅឋាននៅក្នុងភូមិបាង និងភូមិម្កាក់។ លោកអះអាងថា អ្នកប្រើម៉ាស៊ីនបូមខ្សាច់នោះមិនកាយយកដីនៅក្នុងស្ទឹងតូចទេ បែរជាយកទុយោបុកមករកដីកសិកម្មរបស់អ្នកភូមិ និងបូមខ្សាច់មុខផ្ទះគាត់ ដែលធ្វើឲ្យគាត់ភ័យខ្លាចបាក់ផ្ទះនៅពេលទឹកចូលខ្លាំង។ លោកស្នើសុំឲ្យមន្ត្រីគ្រប់ស្ថាប័នពាក់ព័ន្ធ ចុះពិនិត្យករណីបូមខ្សាច់នៅឃុំដើមឫស នេះ៖ «ពេលបូមមុខផ្ទះខ្ញុំនេះ គឺបូមនោះបូម បើជម្រៅប្រហែល ១០ម៉ែត្រចុះក្រោមហើយ»។
សមាជិកក្រុមប្រឹក្សាខេត្តកណ្ដាល លោក ឆេង សារុន ថ្លែងថា ក្រោយពីបានទទួលពាក្យបណ្ដឹង អាជ្ញាធរខេត្តបានឲ្យគាត់ចុះពិនិត្យសកម្មភាពបូមខ្សាច់នៅឃុំដើមឫស។ លោកថា តាមការអះអាងរបស់អាជ្ញាធរមូលដ្ឋាន សកម្មភាពបូមខ្សាច់នោះ គឺអាជ្ញាធរស្នើសុំស្ដារស្ទឹងតូចទេ។ ប៉ុន្តែករណីបូមខ្សាច់នោះ តាមការពិនិត្យជាក់ស្តែងមិនមែនជាការបូមខ្សាច់ស្ដារស្ទឹងទេ គឺជាអាជីវកម្មខ្សាច់ដូចប្រជាពលរដ្ឋបានប្ដឹងមែន៖ «ដូចថាដាក់ទុយោលុងយកខ្សាច់នៅក្នុងទឹកតែម្តង នេះជាបញ្ហាប្រឈមមួយដ៏ធំ។ បើយើងមើលពីលើអត់ឃើញទេ តែនៅពេលដល់រដូវវស្សាដីនឹងបាក់ស្រុត។ ហើយវាវៀលឆ្កៀលដូចរបៀបទឹក មានន័យថាដូចទន្លេមេគង្គ ទឹកបុកដាច់ឫសខាងក្នុង ដូច្នេះដីវានឹងបាក់ដូចទន្លេមេគង្គអ៊ីចឹង»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកបូមខ្សាច់នៅឃុំដើមឫស បានទេនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០១៥។
ប៉ុន្តែមេភូមិម្កាក់ ឃុំដើមឫស លោក អាំង ហេង ថ្លែងថា សាឡង់បូមខ្សាច់នោះ គឺពលរដ្ឋ និងអាជ្ញាធរភូមិឃុំ ស្នើសុំទៅសាលាស្រុក និងសាលាខេត្ត ឲ្យយល់ព្រមស្ដារស្ទឹងតូច ឬស្ទឹងម្លិច ដែលដុះស្មៅគោករីងរាក់ ដើម្បីស្ដារស្ទឹងឲ្យបានជ្រៅពី ៣ ទៅ ៤ម៉ែត្រ យកទឹកស្រោចស្រពស្រូវ។ លោកថា ការសុំស្ដារស្ទឹងនោះ ដោយសាររដូវវស្សាកន្លងមកនេះ ពលរដ្ឋច្រើនភូមិខ្វះទឹកស្រោចស្រូវ៖ «ខ្ញុំមើលទៅខាងលិច គឺបូមពីខាងលិចទៅ គឺវាអត់មានបែកបាក់អីទេ»។
អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល លោក ស៊ុយ ឌីម៉ង់ ថ្លែងថា ក្រុមការងារក្រសួងនេះនឹងចុះពិនិត្យជាក់ស្តែងកន្លែងបូមខ្សាច់ នៅឃុំដើមឫស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ លោកថា ក្រសួងរ៉ែ និងថាមពល មិនទាន់ទទួលដំណឹងពីការអនុញ្ញាតឲ្យបូមខ្សាច់នៅក្នុងស្ទឹងនោះទេ។
ពាក់ព័ន្ធករណីអាជីវកម្មខ្សាច់នេះដែរ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៤ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម ជូនដំណឹងទៅអភិបាលរាជធានីភ្នំពេញ អភិបាលខេត្តកណ្ដាល និងអភិបាលខេត្តព្រៃវែង ហាមអាជីវកម្មខ្សាច់នៅក្នុងទន្លេមេគង្គលើ មេគង្គក្រោម និងទន្លេបាសាក់។ ក្រសួងរ៉ែ និងថាមពល ក៏បានប្រកាសថា មិនដែលផ្តល់អាជ្ញាប័ណ្ណអាជីវកម្មបូមខ្សាច់នៅតំបន់ដែលមានក្នុងសេចក្តីជូនដំណឹងខាងលើនោះទេ។ ក្រសួងរ៉ែ និងថាមពល ចាត់ទុកសកម្មភាពអនាធិបតេយ្យបូមខ្សាច់ល្មើសនឹងច្បាប់ស្ដីពីការគ្រប់គ្រង និងការធ្វើអាជីវកម្មធនធានរ៉ែ ដែលត្រូវទទួលទោសបញ្ញត្តិស្របតាមមាត្រា៣៥ នៃច្បាប់នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
