ពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានខ្លះនៅស្រុកក្រគរ ខេត្តពោធិ៍សាត់ បារម្ភថា អាជីវកម្មបកដីបូមយកខ្សាច់ ឬខ្សាច់បក លក់នៅឃុំអូរសណ្ដាន់ អាចប៉ះពាល់ដល់ផ្លូវបុរាណ និងស្រែពលរដ្ឋក្បែរតំបន់ធ្វើអាជីវកម្មនោះ។ អាជ្ញាធរបញ្ជាក់ថា ក្រុមហ៊ុនធានាលើផលប៉ះពាល់ផ្សេងៗដែលកើតចេញពីអាជីវកម្មរបស់ខ្លួន ប៉ុន្តែបច្ចុប្បន្នក្រុមហ៊ុនមិនទាន់បានធ្វើអាជីវកម្មពេញលេញនៅឡើយទេ។
នៅពេលដែលក្រុមហ៊ុនចាប់ផ្ដើមធ្វើផ្លូវត្រៀមបើកឡានបែនចេញចូលដឹកខ្សាច់ និងខួងរណ្ដៅជាច្រើនកន្លែងដើម្បីរកមើលដីខ្សាច់នៅភូមិអូរតាប្រុក ឃុំអូរសណ្ដាន់ បានធ្វើអ្នកភូមិមួយចំនួនបារម្ភប៉ះពាល់បរិស្ថាន ផ្លូវបុរាណ និងស្រែចម្ការពេលអាជីវកម្មដំណើរការ។ ទាំងអ្នកភូមិដែលលក់ដីឲ្យគេធ្វើអាជីវកម្ម និងអ្នកភូមិដែលមានដីស្រែក្បែរនោះ ខ្លបខ្លាចមិនហ៊ាននិយាយពីរឿងនេះទេ បើទោះជាគេប្រឈមនឹងផលប៉ះពាល់។
ពលរដ្ឋម្នាក់ដែលមានដីទំហំកន្លះហិកតារឋិតនៅក្បែរតំបន់គេគ្រោងបកដីបូមយកខ្សាច់ គឺលោកស្រី វង្ស លី មានប្រសាសន៍ថា គ្រួសារលោកស្រីពុំមានដីកន្លែងណាផ្សេងពីតំបន់ដែលកំពុងប្រឈមនឹងផលប៉ះពាល់នេះទេ ហើយលោកស្រីក៏មិនចង់លក់ដី ព្រោះលក់ទៅបានលុយតិចមិនអាចយកទៅទិញកន្លែងផ្សេងបាន។
លោកស្រីកំពុងខ្វល់ចិត្តដោយចាំមើលសកម្មភាពរបស់ក្រុមហ៊ុន៖ «ព្រួយមិនដឹងធ្វើម៉េច? ចាំមើលគេបើគេលក់ហើយ។ (ជិន ជេដ្ឋា៖ ដីបងនៅក្បែរនោះ ហើយបើមានផលប៉ះពាល់បងធ្វើយ៉ាងម៉េចទៅ?) មិនដឹងធ្វើម៉េចអត់ដឹងដែរ។ (ជិន ជេដ្ឋា៖ ចុះម៉េចបងអត់លក់នឹងគេ?) ដីអស់ហើយបើលក់ទៅអត់មានដីធ្វើស្រែ គឺមានតែត្រង់នោះបន្តិចហើយគ្រាន់ធ្វើស្រែ»។
ចំណែកមេភូមិអូរតាប្រុក លោក ញ៉ែម ខុន ថា លោកក៏ព្រួយបារម្ភពីផលប៉ះពាល់ដល់ពលរដ្ឋ និងបរិស្ថានដូចអ្នកភូមិដែរ ប៉ុន្តែកន្លងទៅភាគីក្រុមហ៊ុនបាននិយាយធានានៅចំពោះមុខលោក និងអ្នកភូមិរួចហើយថា នឹងមិនឲ្យមានផលប៉ះពាល់អ្វីកើតឡើងទេ។
លោកថា ជាច្រើនខែហើយដែលក្រុមហ៊ុនសង់រោង និងដាក់គ្រឿងចក្ររៀបចំផ្លូវ និងទីតាំងស្ដុកខ្សាច់តែមិនទាន់យកខ្សាច់ពីក្នុងដីនៅឡើយទេ៖ «មើលឃើញមកធ្វើតែរោង ប៉ុន្តែអត់ឃើញយកអីផង ខ្សាច់ក៏អត់យកកើត ហើយផ្លូវអូរទឹកហូរដាច់ក៏អត់ធ្វើកើតឡានអត់ចេញចូលរួចផង។ ប្រជាពលរដ្ឋនៅឆ្ងាយពីដីហ្នឹង ហើយកាយក៏ទុកដប់ម៉ែត្រ ឬម្ភៃម៉ែត្រដែរ ប៉ុន្តែអត់មានឃើញខួងឃើញកាយអីផង»។
អាស៊ីសេរីមិនអាចរកប្រភាពទាក់ទងតំណាងក្រុមហ៊ុនដែលពលរដ្ឋអះអាងថា មានម្ចាស់ជាជនជាតិវៀតណាម ដើម្បីសុំការអត្ថាធិប្បាយជុំវិញរឿងនេះបានទេ នៅថ្ងៃទី១៦ ខែកញ្ញា។ ចំណែកប្រធានមន្ទីររ៉ែ និងថាមពល ខេត្តពោធិ៍សាត់ លោក សេង ប៊ុនថុល ទូរស័ព្ទចូលជាច្រើនដង ប៉ុន្តែមិនមានអ្នកទទួល។
ទោះបីជាយ៉ាងណាជំទប់ទី១ ឃុំអូរសណ្ដាន់ លោក គឹម ប៊ុនសម្បត្ដិ បញ្ជាក់ថា មន្ត្រីជំនាញបរិស្ថាន និងរ៉ែ និងថាមពល ព្រមទាំងរូបលោកដែលតំណាងឲ្យអាជ្ញាធរឃុំបានចុះអប់រំផ្សព្វផ្សាយពីបញ្ហានេះពីរដងហើយ គឺនៅភូមិចុងខ្លុង និងភូមិអូរតាប្រុក ដែលមានគម្រោងធ្វើអាជីវកម្មខ្សាច់៖ «បានចុះផ្សព្វផ្សាយជូនពលរដ្ឋរឿងការងារបកខ្សាច់នេះ គឺអ្វីដែលធ្វើនោះសូមកុំឲ្យមានប៉ះពាល់ដល់ពលរដ្ឋ ក្នុងករណីដូចជាការងារបរិស្ថាន ឬផ្លូវដែលយើងធ្វើ ប៉ុន្តែក្នុងនោះឃើញថា ក្រុមហ៊ុននោះអនុវត្តទៅតាមយើងទាំងអស់ដោយមានការព្រមព្រៀងគ្នាទិញដីពីភាគីក មានន័យថា ភាគីកព្រមព្រៀងលក់ឲ្យគាត់បានគាត់ហ៊ានទិញយកមកធ្វើ»។
ប្រភពពីពលរដ្ឋ និងអាជ្ញាធរឲ្យដឹងថា ដីដែលធ្វើអាជីវកម្មខ្សាច់នោះមានទំហំប្រមាណ ២០ហិកតារ ដែលជាប្រភេទដីក្បាលក្រួស ហើយសម្បូរខ្សាច់នៅខាងក្រោម។ កសិករមិនសូវបង្កបង្កើនផលស្រូវបានច្រើនទេ ដោយសារដីមិនសូវមានជីជាតិ និងរហ័សហួតទឹក ទើបកសិករសម្រេចលក់ដីនេះក្នុងតម្លៃចន្លោះពី ៧០០ដុល្លារ ទៅ ២.៥០០ដុល្លារក្នុងមួយហិកតារ ហើយងាកទៅរកទិញដីកន្លែងផ្សេងសម្រាប់ធ្វើស្រែវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
