ក្រសួង​រ៉ែ​និង​អាជ្ញាធរ​ពាក់ព័ន្ធ​ពិភាក្សា​ពី​វិធានការ​ពង្រឹង​ការ​គ្រប់គ្រង​អាជីវកម្ម​ខ្សាច់

0:00 / 0:00

សកម្មភាព​ជួញ​ដូរ​ខ្សាច់​នា​ពេល​នេះ​បាន​ថយ​ចុះ ស្រប​ពេល​ដែល​ក្រសួង​រ៉ែ និង​ថាមពល បាន​ចាប់​ជនល្មើស ១៦​នាក់ និង​រឹប​អូស​ឧបករណ៍​ប្រើប្រាស់​ខុស​ច្បាប់ ដូចជា​សាឡង់ ទូក ម៉ាស៊ីន​ខូង​ខ្សាច់ ៦​គ្រឿង​ទុក​នៅ​តុលាការ។ ក្រសួង​មួយ​នេះ ក៏​បាន​ជំរុញ​ឲ្យ​អាជីវករ និង​ក្រុមហ៊ុន​លក់​ខ្សាច់​ទាំងអស់​ដែល​គ្មាន​អាជ្ញាប័ណ្ណ និង​អាជ្ញាប័ណ្ណ​ហួស​សុពលភាព ត្រូវ​ទៅ​ស្នើសុំ​អាជ្ញាប័ណ្ណ​តាម​ទម្រង់​សិប្បកម្ម ឬ​អាជីវកម្ម​ខ្នាត​តូច មធ្យម និង​ខ្នាត​ធំ។

មន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល និង​មន្ត្រី​គ្រប់​ខេត្ត​ក្រុង​ប្រមាណ ៣០០​នាក់ ប្រជុំ​គ្នា​និយាយ​ពី​ការ​ចេញ​អាជ្ញាប័ណ្ណ​សិប្បកម្ម​រ៉ែ​សំណង់ មាន​ខ្សាច់ ថ្ម ជាដើម ដើម្បី​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង និង​ការ​ធ្វើ​អាជីវកម្ម​រ៉ែ។

រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល លោក ឌិត ទីណា ថ្លែង​ថា ក្រសួង​នេះ​នឹង​ផ្តល់​លទ្ធភាព​ចេញ​អាជ្ញាប័ណ្ណ​អាជីវកម្ម​រ៉ែ​ខ្នាត​តូច ឬ​សិប្បកម្ម​រ៉ែ​ទៅ​អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ។ លោក​ថ្លែង​យ៉ាង​ដូច្នេះ នៅ​ក្នុង​កិច្ច​ប្រជុំ​អំពី​វិធានការ ដើម្បី​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង និង​ការ​ធ្វើ​អាជីវកម្ម​រ៉ែ កាល​ពី​ថ្ងៃ​ទី​៧ ខែ​មេសា ឆ្នាំ​២០១៥។

លោក ឌិត ទីណា ណែនាំ​ថា មុន​នឹង​អាជ្ញាធរ​ខេត្ត​ស្រុក និង​មន្ទីរ​រ៉ែ និង​ថាមពល អាច​ចេញ​អាជ្ញាប័ណ្ណ​អាជីវកម្ម​រ៉ែ​សំណង់​ជា​ប្រភេទ​សិប្បកម្ម ឬ​អាជីវកម្ម​ខ្នាត​តូច ត្រូវ​សិក្សា​ពី​ផល​ប៉ះពាល់​បរិស្ថាន សង្គម សេដ្ឋកិច្ច ជា​មុន​សិន។ ចំពោះ​ការ​ផ្តល់​លិខិត​អនុញ្ញាត (ខុស​ពី​អាជ្ញាប័ណ្ណ) សុំ​ធ្វើ​អាជីវកម្ម ដែល​ពី​មុន​អាជ្ញាធរ​ឃុំ និង​ភូមិ​អាច​ចេញ​ច្បាប់​អនុញ្ញាត​បាន​នោះ គឺ​មិន​បន្ត​ឲ្យ​ចេញ​ទៀត​ទេ សុំ​ឲ្យ​អ្នក​ធ្វើ​អាជីវកម្ម​នោះ​ស្នើសុំ​ទៅ​ការិយាល័យ និង​មន្ទីរ​រ៉ែ និង​ថាមពល ពិនិត្យ​ជា​មុន​សិន។ ប៉ុន្តែ​បើ​សិន​ជា​ពលរដ្ឋ​ចង់​ជីក​ដី​ធ្វើ​ស្រះ ឬ​លើក​ជា​ភូមិ ជាដើម ទើប​អាជ្ញាធរ​ភូមិ​ឃុំ​មាន​សិទ្ធិ​អនុញ្ញាត តែ​ហាម​ដឹក​អាចម៍​ដី​ចេញ​ពី​កន្លែង​ជីក៖ «គាត់​ធ្វើ​នៅ​ក្នុង​ផ្ទៃដី​មួយ​ដែល​តូច យើង​កំណត់​ក្រោម ១​ហិកតារ យើង​កំណត់​ដែរ​ថា​បើ​គាត់​ធ្វើ​អាជីវកម្ម​នៅ​លើ​ដី​កម្មសិទ្ធិ​របស់​គាត់ អា​ហ្នឹង​ក៏​ជា​ផ្នែក​មួយ​ដែល​អាច​ធ្វើ​ឲ្យ​គាត់​ក្លាយ​ទៅ​ជា​អាជីវកម្ម​សិប្បកម្ម​ដែរ ប៉ុន្តែ​លើ​ដី​របស់​គាត់​ក្រោម ១​ហិកតារ ឬ​ក៏​ធ្វើ​នៅ​កន្លែង​ដែល​ក្រសួង​យើង​កំណត់​ថា កន្លែង​នេះ​អាច​ក្លាយ​ទៅ​ជា​តំបន់​ដែល​គាត់​អាច​ធ្វើ​អាជីវកម្ម​សិប្បកម្ម​បាន។ អ៊ីចឹង​យើង​នឹង​មាន​ការ​សិក្សា​រួម​គ្នា ហើយ​យើង​នឹង​មាន​ការ​កំណត់​រួម​គ្នា ហើយ​បើ​ច្បាស់លាស់ គាត់​នឹង​ចេញ​អាជ្ញាប័ណ្ណ​ជូន​សម្រាប់​សិប្បកម្ម ហើយ​គាត់​ពិនិត្យ​ផ្ទាល់​តែ​ម្តង ហើយ​ការ​ប្រមូល​សួយសារ ក៏​ច្បាស់លាស់​ដែរ»

កិច្ច​ប្រជុំ​ពិភាក្សា​ស្ដីពី​វិធានការ​ពង្រឹង​ការ​គ្រប់គ្រង និង​ការ​ធ្វើ​អាជីវកម្ម​រ៉ែ កាល​ពី​ថ្ងៃ​ទី​៧ ខែ​មេសា ឆ្នាំ​២០១៥។
កិច្ច​ប្រជុំ​ពិភាក្សា​ស្ដីពី​វិធានការ​ពង្រឹង​ការ​គ្រប់គ្រង និង​ការ​ធ្វើ​អាជីវកម្ម​រ៉ែ កាល​ពី​ថ្ងៃ​ទី​៧ ខែ​មេសា ឆ្នាំ​២០១៥។ (RFA/Ouk Savborey)

លិខិត​ប្រគល់​សិទ្ធិ​របស់​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល ចុះ​ហត្ថលេខា​ដោយ លោក ស៊ុយ សែម កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០១៥ ជូន​មន្ទីរ​គ្រប់​ខេត្ត-រាជធានី ក្នុង​គោល​បំណង​ឲ្យ​ធ្វើ​ជា​តំណាង​ក្រសួង​នេះ សម្រាប់​បំពេញ​កិច្ចការ​ដោះស្រាយ​បញ្ហា​ទាំង​ឡាយ​ទាក់ទង​នឹង​ការ​ប្រព្រឹត្ត​បំពាន​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង និង​ការ​ធ្វើ​អាជីវកម្ម​ធនធាន​រ៉ែ​នៅ​ក្នុង​រាជធានី​ខេត្ត នៅ​ចំពោះ​មុខ​បុគ្គល​ពាក់ព័ន្ធ អាជ្ញាធរ​មាន​សមត្ថកិច្ច និង​សាលា​ជម្រះ​ក្តី​គ្រប់​ជាន់​ថ្នាក់ ជាពិសេស​ធ្វើ​ជា​តំណាង​ដោយ​អាណត្តិ​នៅ​ក្នុង​ការ​ទាមទារ​ដំណើរ​ការ​រឿង​ក្តី ការ​ដក និង​ការ​ដាក់​ពាក្យ​បណ្ដឹង ការ​ផ្សះផ្សា ការ​ប្ដឹង​តវ៉ា​នានា ការ​ការពារ​សិទ្ធិ និង​ផល​ប្រយោជន៍​ស្រប​ច្បាប់​របស់​ក្រសួង​ពាក់ព័ន្ធ និង​បញ្ហា​ពាក់ព័ន្ធ​នៅ​ចំពោះ​មុខ​បុគ្គល​ពាក់ព័ន្ធ អាជ្ញាធរ​មាន​សមត្ថកិច្ច និង​សាលា​ជម្រះ​ក្តី​គ្រប់​ជាន់​ថ្នាក់ ដើម្បី​ពង្រឹង​ការ​អនុវត្ត​ច្បាប់។

បន្ថែម​លើ​នោះ រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល ចេញ​ប្រកាស​ស្ដីពី​ការ​ប្រគល់​សិទ្ធិ​ជូន​មន្ទីរ​រ៉ែ និង​ថាមពល​រាជធានី​ខេត្ត ជួយ​ពិនិត្យ​សម្រេច និង​ផ្តល់​អាជ្ញាប័ណ្ណ​សិប្បកម្ម​ធនធាន​រ៉ែ កាល​ពី​ថ្ងៃ​ទី​៣ ខែ​មេសា ឆ្នាំ​២០១៥ កំណត់​ឲ្យ​មន្ទីរ​ទាំង​នោះ​ពិនិត្យ​ទីតាំង​សុំ​ធ្វើ​អាជីវកម្ម​ធនធាន​រ៉ែ​មាន​លក្ខណៈ​ជា​សិប្បកម្ម ត្រូវ​មាន​ការ​បញ្ជាក់ និង​ឯកភាព​ពី​អាជ្ញាធរ​ស្រុក​ខណ្ឌ ដែល​មាន​ទីតាំង​សុំ​ធ្វើ​អាជីវកម្ម​នោះ​ឋិត​នៅ។ មុន​ចេញ​អាជ្ញាប័ណ្ណ​សិប្បកម្ម ត្រូវ​ទៅ​អង្កេត និង​វាយ​តម្លៃ​ដល់​កន្លែង​ស្នើសុំ​ធ្វើ​សិប្បកម្ម​រ៉ែ​រយៈពេល ១០​ថ្ងៃ​យ៉ាង​យូរ ក្រោយ​ពី​ទទួល​ពាក្យ​ស្នើសុំ ហើយ​ធ្វើ​របាយការណ៍​សន្និដ្ឋាន និង​សុំ​ការ​ឯកភាព​ពី​អាជ្ញាធរ​រាជធានី​ខេត្ត​រួច​ហើយ ទើប​អាច​ចេញ​អាជ្ញាប័ណ្ណ​សិប្បកម្ម​បាន​ក្រោយ​រយៈពេល ៣​ថ្ងៃ​យ៉ាង​យូរ ក្រោយ​ពី​មាន​ការ​ឯកភាព​ពី​អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ​រួច​នោះ។

ពន្យល់​បន្ថែម​លើ​នោះ លោក ម៉េង សក្តិធារ៉ា រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល ឲ្យ​ដឹង​ថា ការ​រៀបចំ​បែបបទ និង​នីតិវិធី​សម្រាប់​ការ​ផ្តល់​អាជ្ញាប័ណ្ណ​នេះ យោង​តាម​ប្រកាស​លេខ​៥២០ រ.ថ រ.ស ប្រក ដែល​ក្រសួង​រ៉ែ និង​ថាមពល បាន​អនុម័ត​រួច​ហើយ និង​ដាក់​ឲ្យ​អនុវត្ត​ដើម្បី​ធានា​ថា ការ​ធ្វើ​អាជីវកម្ម​រ៉ែ​សំណង់ ត្រូវ​បាន​អនុវត្ត​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ បង្កើត​នូវ​ផល​ប្រយោជន៍​សេដ្ឋកិច្ច សង្គម និង​បរិស្ថាន​បាន​ច្បាស់លាស់៖ «ដោយ​ឡែក​ចំពោះ​ការ​ធ្វើ​អាជីវកម្ម​ខ្សាច់​ពី​ការ​បូម​ខ្សាច់​ពី​ស្ទឹង ទន្លេ យើង​សង្កត់​ធ្ងន់​ទៅ​លើ​ការ​ពិនិត្យ​ផ្នែក​ពាក់ព័ន្ធ ទៅ​នឹង​លំនឹង​ផ្នែក​ជលសាស្ត្រ ដើម្បី​កុំ​ឲ្យ​មាន​បម្រែបម្រួល​លំហូរ​ជលសាស្ត្រ ដែល​អាច​នឹង​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​បរិស្ថាន ជលសាស្ត្រ ជីវសាស្ត្រ នៅ​ក្នុង​ទន្លេ​ស្ទឹង​នេះ​ដោយ​ធ្ងន់ធ្ងរ ការពារ​ការ​បាក់​ច្រាំង ការ​ពិនិត្យ​ទៅ​លើ​ការ​ថែទាំ​ស្ទឹង​ទន្លេ ដែល​ជា​កិច្ចការ​តម្រូវ ដើម្បី​សម្រួល​ដល់​ការ​ប្រើប្រាស់​ស្ទឹង ទន្លេ សម្រាប់​គោលដៅ​ផ្សេងៗ​ក្រៅ​ពី​គោលដៅ​សម្រាប់​ការ​ធ្វើ​អាជីវកម្ម​រ៉ែ​ខ្សាច់​នេះ ការ​សម្រួល​ផ្លូវ​នាវាចរណ៍ ការ​ដោះស្រាយ​បញ្ហា​ទំនាស់​រវាង​ការ​ធ្វើ​អាជីវកម្ម​នេះ​ជាមួយ​នឹង​ការ​ធ្វើ​ចរាចរ​ផ្លូវ​ទឹក ការ​ធ្វើ​នេសាទ​របស់​ប្រជាពលរដ្ឋ​ដែល​ត្រូវ​ប្រើប្រាស់​ស្ទឹង​ទន្លេ​នេះ ដែល​នៅ​ទីតាំង​ជាមួយ​គ្នា ហើយ​និង​ពិនិត្យ​ទៅ​លើ​ការ​រៀបចំ​គម្រោង​អភិវឌ្ឍន៍​សហគមន៍​មូលដ្ឋាន»

បំពេញ​លើ​ពាក្យ​ស្នើសុំ​ធ្វើ​អាជីវកម្ម​សិប្បកម្ម​រ៉ែ​ដែល​អាជ្ញាធរ​ខេត្ត​ស្រុក និង​មន្ទីរ អាច​ផ្តល់​អាជ្ញាប័ណ្ណ​រ៉ែ​បាន​នោះ តំណាង​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ ខេត្ត​ព្រៃវែង ខេត្ត​ប៉ៃលិន សុំ​ដាក់​បញ្ចូល​ផល​ប៉ះពាល់​ផ្លូវ​ដែល​ដឹក​ជញ្ជូន​រ៉ែ កំណត់​ឲ្យ​ក្រុមហ៊ុន និង​ម្ចាស់​អាជីវកម្ម​ត្រូវ​ជួសជុល​សង​ជាដើម៖ «ពេល​ទៅ​មើល​ហ្នឹង​មើល​ភ្នែក​ទទេ ព្រោះ​មន្ត្រី​រដ្ឋបាល​មិន​ដឹង​អាប់ស៊ីស​អ័រដោនេ​កម្រិត​ណា ហើយ​ជីក​ជម្រៅ​ណា ឬ​ក៏​សំណូមពរ​ឲ្យ​បោះ​បង្គោល​ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន មាន​មូលដ្ឋាន​ក្នុង​ការ​សម្របសម្រួល​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ផង»

បំភ្លឺ​តប​ទៅ​ការ​លើក​ឡើង​របស់​តំណាង​អាជ្ញាធរ​ច្រើន​ខេត្ត​នោះ លោក ម៉េង សក្តិធារ៉ា រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល ប្រកាស​ថា មុន​នឹង​ផ្តល់​អាជ្ញាប័ណ្ណ​អាជីវកម្ម​លើ​ធនធាន​រ៉ែ ក្រសួង​នេះ​កំណត់​ឲ្យ​ក្រុមហ៊ុន​ដាក់​ប្រាក់​តម្កល់​ច្រើន​លាន​រៀល ដើម្បី​បង្ការ​ការ​រត់​ចោល​ការដ្ឋាន ឬ​អាជីវកម្ម។

កិច្ច​ប្រជុំ​ពិភាក្សា​ស្ដីពី​វិធានការ​ពង្រឹង​ការ​គ្រប់គ្រង និង​ការ​ធ្វើ​អាជីវកម្ម​រ៉ែ កាល​ពី​ថ្ងៃ​ទី​៧ ខែ​មេសា ឆ្នាំ​២០១៥។
កិច្ច​ប្រជុំ​ពិភាក្សា​ស្ដីពី​វិធានការ​ពង្រឹង​ការ​គ្រប់គ្រង និង​ការ​ធ្វើ​អាជីវកម្ម​រ៉ែ កាល​ពី​ថ្ងៃ​ទី​៧ ខែ​មេសា ឆ្នាំ​២០១៥។ (RFA/Ouk Savborey)

ចំណែក លោក ឌិត ទីណា រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល ឲ្យ​ដឹង​ថា នៅ​ក្នុង​ពេល​ដែល​ក្រសួង​នេះ​មិន​ទាន់​ចេញ​អាជ្ញាប័ណ្ណ​ថ្មី​ដល់​អាជីវករ និង​ក្រុមហ៊ុន​ដែល​អាជ្ញាប័ណ្ណ​អស់​សុពលភាព​នោះ មន្ត្រី​អធិការកិច្ច​បាន​ឃាត់ និង​ចាប់​ខ្លួន​ជនល្មើស​លួច​បូម​ខ្សាច់​ទន្លេ​ចំនួន ១៦​នាក់ សាឡង់ និង​ទូក ៦​គ្រឿង ក្នុង​នោះ​បញ្ជូន​ទៅ​តុលាការ​សាលា​ដំបូង​រាជធានី និង​ខេត្ត​កណ្ដាល ហើយ​តុលាការ​បាន​ទុក​គ្រឿងចក្រ និង​មធ្យោបាយ​ដឹក​ជញ្ជូន​ខ្សាច់​ចាប់​បាន​ទាំង​នោះ​សម្រាប់​តុលាការ​ស៊ើប​អង្កេត​បន្ត៖ «តាំង​ពី​ចាប់​បញ្ជូន​ទៅ​តុលាការ​ចំនួន ៦​សាឡង់ ហើយ​និង ១៦​នាក់​នោះ​មក ការ​ហៅ​មក​ទូរស័ព្ទ​ចូល​ហ៊តឡាញ (Hotline) របស់​យើង ៧២៧ គឺ​ធ្លាក់​ចុះ​តែ​ម្តង លែង​ឮ​សូរ​ហើយ ហើយ​បើ​សិន​ជា​បងប្អូន​អ្នក​សារព័ត៌មាន​អាច​មើល​តាម​ទន្លេ ឃើញ​មាន​អ្នក​ណា​លួច​ធ្វើ​នៅ​ត្រង់​ណា​ទៀត​នោះ គឺ ៧២៧ យើង​នេះ​ទាក់ទង​មក​យើង​ចុះ ទៅ​ភ្លាម»

នៅ​រសៀល​ថ្ងៃ​ទី​៧ ខែ​មេសា នេះ​ដែរ ក្រសួង​រ៉ែ និង​ថាមពល បាន​នាំ​អ្នក​សារព័ត៌មាន​ចុះ​ពិនិត្យ​ទីតាំង​ដែល​អាច​ផ្តល់​អាជីវកម្ម​បាន និង​ទីតាំង​ហាម​បូម​ខ្សាច់​ទន្លេ ចាប់​ពី​តំបន់​រកាកោង ស្រុក​មុខកំពូល ខេត្ត​កណ្តាល ទៅ​ដល់​ទន្លេ​បួន​មុខ​ក្នុង​រាជធានី​ភ្នំពេញ។

នៅ​ក្នុង​ការ​យឺតយ៉ាវ​ផ្តល់​អាជ្ញាប័ណ្ណ​អាជីវកម្ម​ខ្សាច់​នេះ មាន​ក្រុមហ៊ុន​លាយ​បេតុង​ភាគច្រើន​ឲ្យ​ដឹង​ថា ពួក​គេ​កំពុង​ខ្វះ​ខ្សាច់ ហើយ​វា​ធ្វើ​ឲ្យ​បាន​ប៉ះពាល់​ដល់​វិស័យ​សំណង់​មួយ​ចំនួន។ ដូច្នេះ ពួក​គេ​ស្នើសុំ​ឲ្យ​ក្រសួង​រ៉ែ និង​ថាមពល ពន្លឿន​ការ​ចុះ​សិក្សា​ផល​ប៉ះពាល់​បរិស្ថាន សង្គម និង​សេដ្ឋកិច្ច ដែល​រំពឹង​ថា​អាច​ចេញ​អាជ្ញាប័ណ្ណ​មុន ៣​ខែ​ទៅ ៦​ខែ ដែល​ក្រសួង​បាន​កំណត់​ហាម​បូម​ខ្សាច់​ទន្លេ​ខុស​ច្បាប់ បើ​សិន​ការ​សិក្សា​ផល​ប៉ះពាល់​បរិស្ថាន សង្គម និង​សេដ្ឋកិច្ច មិន​ទាន់​បាន​ចប់​ទេ​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។