មន្ត្រី​ក្រសួង​បរិស្ថាន​ថា​ទឹក​សមុទ្រ​នៅ​ឆ្នេរ​កែប​ប្រែ​មក​ល្អ​វិញ​៩០%​ហើយ

0:00 / 0:00

បញ្ហា​ទឹក​សមុទ្រ​នៅ​ឆ្នេរ​កែប មាន​ពណ៌​បៃតង និង​ក្លិន​ស្អុយ ដែល​ក្រសួង​បរិស្ថាន ណែនាំ​ប្រជាពលរដ្ឋ និង​អ្នក​ទេសចរ​ទៅ​លេង​នៅ​ខេត្ត​កែប ឲ្យ​ប្រុង​ប្រយ័ត្ន​នោះ បាន​ត្រឡប់​មក​រក​សភាព​ស្ទើរ​តែ​ធម្មតា​វិញ​ហើយ នៅ​ថ្ងៃ​ទី​៣ មេសា នេះ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី អាជីវករ​នៅ​តែ​រង​ផល​ប៉ះពាល់​ខ្លាំង​ដោយសារ​តែ​បញ្ហា​នេះ។

អាជីវករ​លក់​ដូរ​អាហារ​សមុទ្រ​ម្នាក់​នៅ​ឆ្នេរ​កែប ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ ថ្លែង​ថា របរ​លក់​ដូរ​របស់​លោកស្រី​ស្ងាត់​ភ្ញៀវ​ខ្លាំង នៅ​ថ្ងៃ​ទី​៣ មេសា ថ្វី​បើ​ទឹក​សមុទ្រ​ចាប់​ផ្ដើម​ល្អ​វិញ​ហើយ​ក្ដី៖ « ស្ងាត់​ច្រៀប ! អត់​មាន​ឡាន​ផង ! មាន​ឡាន​ពីរ​បី។ គេ​អត់​សូវ​ហ៊ាន​នៅ ស្ងាត់​ មែន​ទែន ។ រាល់​ដង​ថ្ងៃ​អាទិត្យ អ៊ីចឹង មិន​បាច់​ទេ ឡើង​ញ៉ុក។ ទើប​ប៉ះពាល់​ថ្ងៃ​ហ្នឹង​ទេ ម្សិលមិញ​អត់​អី​ទេ។ ម្សិល​ម្ង៉ៃ​អី​ភ្ញៀវ​គាត់​ញ៉ាំ​គ្រឿង​សមុទ្រ​ហូប​ចុក ប៉ុន្តែ​នៅ​តែ​មាន​ភ្ញៀវ​គាត់​កុម្ម៉ង់​ញ៉ាំ​ខ្លះៗ។ គាត់​ថា​ធ្វើ​មក គាត់​ហ៊ាន​ញ៉ាំ។ គាត់​ថា​ អត់​អី ​ផង »

លោកស្រី​ថ្លែង​ថា បញ្ហា​ស្ងាត់​ភ្ញៀវ​នេះ គឺ​បន្ទាប់​ពី​ក្រសួង​បរិស្ថាន ចេញ​សេចក្ដី​ណែនាំ​សាធារណជន នៅ​ថ្ងៃ​ទី​២ មេសា ឲ្យ​ផ្អាក​ការ​ចុះ​ងូត​ទឹក​សមុទ្រ និង​កុំ​បរិភោគ​គ្រឿង​សមុទ្រ​នៅ​តំបន់​កែប​មួយ​រយៈ នៅ​ពេល​ដែល​ទឹក​សមុទ្រ​មាន​ពណ៌​បៃតង និង​លឿង ហើយ​មាន​ក្លិន​ស្អុយ។ អាជីវករ​រូប​នេះ​បញ្ជាក់​ថា ទឹក​សមុទ្រ​ដែល​មាន​បញ្ហា​នោះ បាន​ប្រែ​មក​ថ្លា​វិញ​ហើយ ប៉ុន្តែ​អាជ្ញាធរ​នៅ​ហាម​សាធារណជន​មិន​ឲ្យ​ចុះ​ងូត៖ « បាត់​ពណ៌​បាត់​ក្លិន​អី​អស់​ហើយ។ ម្សិលមិញ​មាន​ភ្ញៀវ​ងូត​ច្រើន​ម្សិលមិញ ។ ភ្ញៀវ​ងូត​អត់​អី​ផង ទើប​តែ​ព្រឹក​មិញ​ហ្នឹង អ្នក​ធ្វើ​ការ​គាត់​ចុះ​បោះ​ផ្លាក​កុំ​ឲ្យ​ភ្ញៀវ​មុជ​ទៅ​ខ្លាច​មាន​បញ្ហា អត់​អ្នក​ទទួល​ខុស​ត្រូវ។ ហាម​អាជីវករ​អត់​ឲ្យ​លក់​គ្រឿង​សមុទ្រ​ដែរ ខ្លាច​ ពុល​ប៉ះពាល់ ​ដល់​ភ្ញៀវ »

អាជីវករ​នៅ​តំបន់​កែប កំពុង​ព្រួយ​បារម្ភ​ខ្លាច​ភាព​ស្ងាត់​ភ្ញៀវ​អូស​បន្លាយ​យូរ​ថ្ងៃ នៅ​ពេល​ដែល​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ជិត​មក​ដល់។

ទាក់ទង​នឹង​បញ្ហា​នេះ នាយ​ខុទ្ទកាល័យ និង​ជា​មន្ត្រី​នាំ​ពាក្យ​ក្រសួង​បរិស្ថាន លោក សៅ សុភាព ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​៣ មេសា ថា ទឹក​សមុទ្រ​ពណ៌​បៃតង​នៅ​ឆ្នេរ​កែប ប្រែ​មក​ល្អ​វិញ ៩០% ហើយ ហើយ​នៅ​ថ្ងៃ​ទី​៤ មេសា នឹង​មាន​សភាព​ធម្មតា​វិញ៖ « ក្រសួង​គ្រោង​រៀបចំ​ចេញ​សេចក្ដី​ជូន​ ដំណឹង​មួយ ស្អែក​យើង​អាច​ជម្រាប​ព័ត៌មាន​បច្ចុប្បន្នភាព​ពាក់ព័ន្ធ​នឹង​បញ្ហា​ស្លែ​នៅ​កែប។ ដូច្នេះ យើង​ឃើញ​ថា​ការ​វិវឌ្ឍន៍​ទៅ​រក​ភាព​ប្រក្រតី យើង​នឹង​ជូន​ដំណឹង​ថា វា​មិន​មាន​បញ្ហា​អី​ធ្ងន់ធ្ងរ ឬ​ប៉ះពាល់​ ដល់​សុខភាព ​ទេ។ ដូច្នេះ​ភ្ញៀវ​ទេសចរ ឬ​អ្នក​នៅ​ទីនោះ គាត់​អាច​រក​ស៊ី លំហែ ឬ​ក៏​ចុះ​ងូត​ទឹក​កម្សាន្ត​ ដូច​ធម្មតា »

លោក​មាន​ប្រសាសន៍​ថា បន្ទាប់​ពី​យក​សំណាក​គំរូ​ទឹក​សមុទ្រ​នោះ​មក​ពិនិត្យ រក​ឃើញ​ថា ពណ៌​បៃតង​នោះ គឺ​ជា​ស្លែ​សមុទ្រ​បណ្ដាល​មក​ពី​បាតុភូត​ធម្មជាតិ ដែល​ប្រទេស​កម្ពុជា កំពុង​រង​អាកាសធាតុ​ខ្យល់ និង​ក្ដៅ​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​អាទិត្យ​នេះ។ លោក​ពន្យល់​ថា បញ្ហា​កម្ដៅ​ខ្លាំង ហើយ​ទឹក​សមុទ្រ​នៅ​ខេត្ត​កែប នោះ​រាក់​ផង ទើប​ធ្វើ​ឲ្យ​កើត​មាន​ស្លែ។ លោក​ថា បញ្ហា​ស្លែ​នេះ​ក៏​ធ្លាប់​កើត​ឡើង​នៅ​ប្រទេស​ដទៃ​ទៀត​ដែរ ហើយ​នៅ​ប្រទេស​កម្ពុជា ក៏​ធ្លាប់​កើត​ឡើង​នៅ​ទឹក​សាប គឺ​បឹង​យក្ស​ឡោម ខេត្ត​រតនគិរី កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន។ លោក សៅ សុភាព បញ្ជាក់​ថា ប្រសិន​បើ​ស្លែ​នេះ​ឡើង​ច្រើន អាច​ប៉ះពាល់​សុខភាព​មនុស្ស និង​សត្វ ប៉ុន្តែ​បញ្ហា​ស្លែ​នៅ​ឆ្នេរ​កែប ពេល​នេះ មិន​មាន​បញ្ហា​អី​ធ្ងន់ធ្ងរ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។