ទឹកសមុទ្រនៅខេត្តកែប ដែលប្រែជាបៃតងខុសធម្មតា ពេលនេះកំពុងវិលត្រឡប់ទៅរកភាពប្រក្រតីជាបណ្ដើរៗវិញហើយ។ ប្រជាពលរដ្ឋនៅទីនោះ និងភ្ញៀវទេសចរ ចាប់ផ្ដើមចុះងូតទឹក និងពិសាអាហារសមុទ្រជាបណ្ដើរៗដែរ។
អាជីវកម្មអាហារសមុទ្រនៅខេត្តកែប បានវិលមកសភាពដើមជាបណ្ដើរៗហើយគិតត្រឹមរសៀលថ្ងៃទី១២ មេសា ក្រោយពីស្ថានភាពទឹកសមុទ្រប្រែជាថ្លាជាងមុន។
អាជីវករមួយរូបនៅផ្សារក្តាម បានបញ្ជាក់ថា អាជីវកម្មរបស់អ្នកស្រីមានភាពល្អប្រសើរ ដោយពេលនេះទាំងទឹកសមុទ្រលែងមានក្លិនស្អុយ ហើយមានភ្ញៀវទេសចរជាបណ្ដើរៗមកលេងកម្សាន្តនៅតំបន់នេះវិញ។ អ្នកស្រីក៏សង្ឃឹមថា នឹងមានភ្ញៀវមកកាន់តែច្រើនពេលបុណ្យចូលឆ្នាំខ្មែរនៅពេលដ៏ខ្លីខាងមុខនេះ៖ « អត់អីផងបង ដំណើរការធម្មតាហើយ ដាច់ធម្មតាហើយឥឡូវហ្នឹង »។
បើទោះបីជាអាជីវកម្មអាហារសមុទ្រមានភាពប្រសើរឡើង តែសេវាស្នាក់នៅដូចជាសណ្ឋាគារ ផ្ទះសំណាក់ នៅមានសភាពស្ងាត់ជ្រងំ បើធៀបនឹងពេលមុនផ្ទុះបញ្ហាទឹកសមុទ្រឡើងពណ៌បៃតង និងមានក្លិនស្អុយ រហូតដល់សត្វក្នុងសមុទ្រងាប់អណ្ដែតពេញផ្ទៃទឹក កាលពីចុងខែមីនា។
អ្នកគ្រប់គ្រងនៅសណ្ឋាគារមួយដែលមានទីតាំងជាប់មាត់សមុទ្រក្នុងក្រុងកែប លោក ធី សុណ្ណតារា បានត្អូញត្អែរថា សណ្ឋាគារលោក ក៏មិនខុសពីសណ្ឋាគារ និងផ្ទះសំណាក់នៅតំបន់នោះដែរ គឺមិនមានការកក់ ឬស្នាក់នៅច្រើនដូចឆ្នាំកន្លងទៅនោះទេ។ លោកអះអាងថា ឆ្នាំមុន ក្នុងខែមេសា បែបនេះ ក្រុងកែប ស្ទើរតែរកកន្លែងឲ្យភ្ញៀវស្នាក់មិនបាន។ ផ្ទុយមកវិញ ក្នុងឆ្នាំនេះ ការកក់តាមទូរស័ព្ទ និងប្រព័ន្ធអេឡិចត្រូនិក ត្រូវបានលុបចោលជាច្រើន៖ « ខាងអូតែល ( Hotel ) របស់ខ្ញុំ ភ្ញៀវគាត់ខលបុកឃីង ( Booking ) តាមលេខទូរស័ព្ទ គាត់បានខនសេល ( Cancel ) ខ្លះៗអស់ហើយ ព្រោះពីដើមមានច្រើនខលកក់តាមលេខទូរស័ព្ទ។ ឥឡូវគាត់ខនសេលអស់ហើយ។ ខ្ញុំសួរពួកម៉ាកខ្ញុំដែរ អូតែលផ្សេងៗសួរថាមានគេខលកក់ខលអីអត់ អត់មាន ឆ្នាំនេះអត់មាន »។
នាយកខុទ្ទកាល័យ និងជាមន្ត្រីនាំពាក្យនៃក្រសួងបរិស្ថាន លោក សៅ សុភាព ថ្លែងប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១២ មេសា ថា ក្រសួងបរិស្ថាន នៅតែបន្តតាមដានលើទឹកសមុទ្រនៅតំបន់នេះ ដោយមានការអង្កេតពីមន្ទីរបរិស្ថាន ជាសេនាធិការផ្ទាល់នៅតំបន់នោះ៖ « អ៊ីចឹងគឺស្ថានភាពមកទល់ពេលនេះ អត់មានឮថាមានបញ្ហាអីគួរឲ្យព្រួយបារម្ភទេ មន្ទីរបរិស្ថាន ជាមួយអង្គភាពពាក់ព័ន្ធដែលជាជំនាញនៅថ្នាក់ខេត្តហ្នឹង ក៏នៅតែបន្តតាមដាន »។
លោក សៅ សុភាព អះអាងថា រហូតមកដល់ពេលនេះ ទឹកសមុទ្រខេត្តកែប បានវិលត្រឡប់មកស្ថានភាពដើមវិញ ហើយលែងបង្កផលប៉ះពាល់ដល់សុខភាពពលរដ្ឋទៀតដែរ។ លោកថា ក្រសួងនឹងនៅតែបន្តតាមដានស្ថានភាពទឹកសមុទ្រ ហើយនឹងចេញសេចក្តីប្រកាសព័ត៌មានជាថ្មីទៀត ប្រសិនបើរកឃើញនូវភាពមិនប្រក្រតីណាមួយពីទឹកសមុទ្រនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
