ក្រសួង​ណែនាំ​ពលរដ្ឋ​ឲ្យ​បរិភោគ​គ្រឿង​សមុទ្រ​ខេត្ត​កែប​​បាន​ធម្មតា​វិញ

មន្ត្រី​ក្រសួង​បរិស្ថាន​អះអាង​ថា ពលរដ្ឋ​អាច​បរិភោគ​គ្រឿង​សមុទ្រ​នៅ​ខេត្ត​កែប​បាន​វិញ​ជា​ធម្មតា។

នាយក​ខុទ្ទកាល័យ និង​ជា​មន្ត្រី​នាំ​ពាក្យ​នៃ​ក្រសួង​បរិស្ថាន លោក សៅ សុភាព ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​៨ មេសា ថា រហូត​មក​ដល់​ពេល​នេះ ទឹក​សមុទ្រ​ខេត្ត​កែប​បាន​វិល​ត្រឡប់​មក​ស្ថានភាព​ដើម​វិញ ហើយ​លែង​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​ពលរដ្ឋ​ទៀត​ដែរ៖ « ឥឡូវ​នេះ​ស្ថានភាព​ប្រែ​មក​ធម្មតា​វិញ​ហើយ។ យើង​សន្និដ្ឋាន​ថា វា​គ្មាន​បញ្ហា​ប៉ះពាល់​ទេ ក៏​ប៉ុន្តែ​ក្រសួង និង​មន្ត្រី​ជំនាញ​របស់​យើង ជា​ពិសេស​មន្ទីរ​បរិស្ថាន​ខេត្ត​កែប និង​អាជ្ញាធរ​បន្ត​តាម​ដាន​និង​រាយការណ៍​មក​ក្រសួង ក្នុង​ករណី​មាន​ហេតុការណ៍​អី​កើត​ឡើង​ខុស​ប្លែក​ពី​ធម្មតា យើង​នឹង​ជូន​ដំណឹង​ដល់​សាធារណជន​ជា​បន្ទាន់ »

លោក សៅ សុភាព បន្ត​ថា លទ្ធផល​វិភាគ​ទឹក​សមុទ្រនេះ​បង្ហាញ​ថា បញ្ហា​ទឹក​សមុទ្រ​ប្រែ​ពណ៌​បៃតង​នៅ​សមុទ្រ​ខេត្ត​នេះ ដោយ​សារ​មាន​ប្លង់តុង​មួយ​ប្រភេទ បាន​កើត​ឡើង​ពាសពេញ​ទឹក​សមុទ្រ​នៅ​តំបន់​ទឹក​រាក់​ពេល​កើន​កម្ដៅ​ខ្លាំង ហើយ​លោក​បញ្ជាក់​ថា រដ្ឋាភិបាល​នឹង​រក​គ្រប់​លទ្ធភាព​ដើម្បី​បញ្ចៀស​ការ​កើន​កម្ដៅ​ទឹក​សមុទ្រ ដូច​ជា​រក្សា​ព្រៃ​លិច​ទឹក និង​ដាំ​ដើម​កោងកាង​ជាដើម។

កាល​ពី​ចុង​ខែ​មីនា ទឹក​សមុទ្រ​ខេត្ត​កែប​បាន​ប្រែ​ពណ៌​ជា​បៃតង និង​មាន​ក្លិន​ស្អុយ​ រហូត​ដល់​​សត្វ​ក្នុង​សមុទ្រ​ងាប់​អណ្ដែត​ពេញ​ផ្ទៃ​ទឹក។ ភ្លាមៗ​ក្រសួង​បរិស្ថាន​បាន​យកសំណាក​ទឹក​សមុទ្រ​ដែល​ប្រែ​ជា​ពណ៌​បៃតង​នោះ ទៅ​វិភាគ និង​ណែនាំ​ពលរដ្ឋ និង​ទេសចរ​ទៅ​លេង​នៅ​ខេត្ត​នេះ ឲ្យ​ប្រុង​ប្រយ័ត្ន ដោយ​ផ្អាក​ការ​ចុះ​ងូត​ទឹក​សមុទ្រ និង​បរិភោគ​គ្រឿង​សមុទ្រ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​នេះ​មួយ​រយៈ​ផង​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។