ស្ថានភាព​ទឹក​នៅ​ឃុំ​ក្បាលរមាស​និង​ឃុំ​ស្រែគរ​បន្ទាប់​ពី​ក្រុមហ៊ុន​បិទ​ទ្វារ​ទឹក​១០​ថ្ងៃ

គិត​ត្រឹម​ថ្ងៃ​ទី​២៤ កក្កដា ក្រុមហ៊ុន​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ​នៅ​ខែត្រ​ស្ទឹងត្រែង បាន​បិទ​ទ្វារ​ទឹក​សាកល្បង ១០​ថ្ងៃ​ហើយ ដើម្បី​អនុវត្ត​គម្រោង​ផលិត​ថាមពល​អគ្គិសនី។ មក​ទល់​ពេល​នេះ កម្ពស់​ទឹក​បាន​កើន​ឡើង ១​ម៉ែត្រ​នៅ​ឃុំ​ស្រែគរ និង​កើន​ឡើង​ប្រហែល ២​តឹក​នៅ​ឃុំ​ក្បាលរមាស បើ​ធៀប​កម្ពស់​ទឹក​ទន្លេ​កាល​ពី​ថ្ងៃ​ទី​២០ កក្កដា។

តំណាង​ក្រុមហ៊ុន​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ លោក អ៊ុំ រ៉េត ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៤ កក្កដា ថា បច្ចុប្បន្ន ក្រុមហ៊ុន​កំពុង​ប្រតិបត្តិការ​បិទ​ទ្វារ​ទឹក​សាកល្បង​បាន ៨​ទ្វារ​ទឹក ហើយ​កម្ពស់​ទឹក​បាន​កើន​ឡើង ៦៦​ម៉ែត្រ​នៅ​តំបន់​ទំនប់​វារីអគ្គិសនី និង​កើន​ឡើង ៦៧​ម៉ែត្រ​នៅ​ឃុំ​ស្រែគរ ធៀប​កម្ពស់​នីវ៉ូ​ទឹក​សមុទ្រ។ លោក​ថា មក​ទល់​ពេល​នេះ ទឹក​បាន​លិច​ស្ពាន​ស្រែពក ហើយ និង​កំពុង​បន្ត​កើន​ឡើង​លិច​ផ្លូវ​មួយ​ចំនួន​នៅ​ឃុំ​ក្បាលរមាស ហើយ​អាច​នឹង​ពន្លិច​ភូមិ​ស្រែគរ និង​ឃុំ​ក្បាលរមាស​ចាស់ ប្រសិន​បើ​ក្រុមហ៊ុន​បិទ​ទ្វារ​ទាំងស្រុង។

លោក​បញ្ជាក់​ថា កត្តា​អាកាសធាតុ​ក៏​ជា​ផ្នែក​មួយ​នាំ​ឲ្យ​កម្ពស់​ទឹក​កើន​ឡើង​ដែរ៖ « ឥឡូវ​មាន​ព្យុះ និង​ភ្លៀង​ពី​ខ្សែ​ទឹក​ខាង​លើ​ទៀត ហើយ​ទន្លេ​ទាំង​ពីរ​នៅ​ខាង​លើ​ហ្នឹង ចឹង​ទឹក​អាច​កើន​ឡើង​លើស​ការ​ប៉ាន់ស្មាន។ ដូចជា​ស្ពាន​ស្រែពក អី តាម​ពិត​អត់​ត្រូវ​លិច​ទេ តែ​មក​ដល់​ថ្ងៃ​នេះ​លិច​ហើយ »

ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ស្រែគរ​ចាស់ លោក ហ្វុត ឃឿន បញ្ជាក់​ថា កម្ពស់​ទឹក​ទន្លេ​នៅ​មិន​ទាន់​មាន​សញ្ញា​គួរ​ឲ្យ​ព្រួយ​បារម្ភ​ទេ ហើយ​អ្នក​ភូមិ​នៅ​តែ​បន្ត​រស់នៅ​ក្នុង​ភូមិ​ចាស់​នៅ​ឡើយ។ តែ​យ៉ាង​ណា លោក​កត់​សម្គាល់​ថា សមត្ថកិច្ច​ចម្រុះ​កំពុង​ឈរ​ជើង​យាម​តឹងរ៉ឹង​នៅ​តំបន់​មួយ​ចំនួន​នៃ​ភូមិ​ស្រែគរ និង​ឃុំ​ក្បាលរមាស និង​បាន​រារាំង​ភ្ញៀវ​មួយ​ចំនួន​មិន​ឲ្យ​មក​ឃុំ​ក្បាលរមាស និង​ឃុំ​ស្រែគរ៕

សូម​ទស្សនា​វីដេអូបន្ថែមទៀត

ពលរដ្ឋ​ព្រួយ​បារម្ភ​ពី​ទឹក​ជំនន់​ក្រោយ​ក្រុមហ៊ុន​បិទ​ទ្វារ​ទឹក​ទំនប់​សេសាន​ក្រោម​ពីរ ពលរដ្ឋ​ព្រួយ​បារម្ភ​ពី​ទឹក​ជំនន់​ក្រោយ​ក្រុមហ៊ុន​បិទ​ទ្វារ​ទឹក​ទំនប់​សេសាន​ក្រោម​ពីរ

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។