ពលរដ្ឋ​នៅ​ស្រុក​សេសាន​តវ៉ា​មិន​ទទួល​សំណង​របស់​ក្រុមហ៊ុន

ដោយ រដ្ឋា វិសាល
2014.09.29
ពលរដ្ឋ សេសាន ៦២០ តំណាង​ប្រជាពលរដ្ឋ​នៅ​ឃុំ​ស្រែគរ និង​ឃុំ​ក្បាលរមាស ជួប​ជុំ​គ្នា​នៅ​មុខ​ទីស្នាក់ការ​អង្គការ​អាដហុក (Adhoc) ខេត្ត​ស្ទឹងត្រែង កាល​ពី​ព្រឹក​ថ្ងៃ​២៩ កញ្ញា ដើម្បី​ដាក់​ញត្តិ​តវ៉ា​ការ​សាងសង់​ទំនប់​សេសាន​ក្រោម​ពីរ​នៅ​ស្រុក​សេសាន។
Adhoc

ប្រជាពលរដ្ឋ​រង​ផល​ប៉ះពាល់​ដោយសារ​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ​​ នៅ​ឃុំ​ចំនួន​ពីរ​ក្នុង​ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង ដាក់​ញត្តិ​ជូន​គណៈកម្មការ​ដោះស្រាយ​ផល​​ប៉ះពាល់​នៃ​អាជ្ញាធរ​ខេត្ត​តវ៉ា​ជុំវិញ​គោលនយោបាយ​ដំណោះស្រាយ​ផល​ប៉ះពាល់​ប្រជាពលរដ្ឋ។

ប្រជាពលរដ្ឋ​នៅ​ឃុំ​ចំនួន​ពីរ​ក្នុង​ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង ធ្វើការ​តវ៉ា​បែប​អហិង្សា​នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​កញ្ញា បដិសេធ​មិន​ទទួល​យក​គោលនយោបាយ​សំណង​របស់​ក្រុមហ៊ុន និង​​មិន​ចាក​ចេញ​ពី​ភូមិ​ចាស់​ទៅ​តាំង​ទៅ​លំនៅ​ថ្មី ដោយសារ​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ នោះ​ទេ។

​ការ​តវ៉ា​នេះ​ធ្វើ​ឡើង​តាម​រយៈ​តំណាង​ប្រជាពលរដ្ឋ ១៧​នាក់​មក​ពី​ឃុំ​ស្រែគរ និង​ឃុំ​ក្បាល​រមាស បាន​នាំ​យក​លិខិត​ចំហ​មាន​ស្នាម​មេដៃ​អ្នក​ភូមិ​ជនជាតិ​ព្នង ជនជាតិ​ឡាវ និង​ខ្មែរ​រស់នៅ​តាម​​ដង​ទន្លេ​ស្រែពក និង​ទន្លេ​សេសាន ជិត ១​ពាន់​នាក់​ដាក់​ជូន​មន្ទីរ​អភិវឌ្ឍន៍​ជនបទ មន្ទីរ​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ មន្ទីរ​បរិស្ថាន មន្ទីរ​រ៉ែ​និង​ឋាមពល។ ចំណែក​សាលា​ខេត្ត​ស្ទឹងត្រែង ​និង​ការិយាល័យ​ក្រុមហ៊ុន​សាងសង់​ទំនប់​មិន​មាន​អ្នក​ទទួល​យក​ញត្តិ​នោះ​ទេ។

​តំណាង​អ្នក​ភូមិ​ស្រែគរ អ្នកស្រី ផា វី មាន​ប្រសាសន៍​បញ្ជាក់​ថា ក្រុមហ៊ុន​កំពុង​ដំណើរ​ការ​សាងសង់​ទំនប់​បាន ២០​ភាគរយ​ហើយ ក៏​ប៉ុន្តែ​សំណង​ផល​ប៉ះពាល់​ជាមួយ​ពលរដ្ឋ​មិន​ទាន់​ឯកភាព​តាម​តម្លៃ​​​ដែល​ក្រុមហ៊ុន​បាន​កំណត់ ហេតុ​នេះ​ប្រជាពលរដ្ឋ​ទាមទារ​ឲ្យ​ផ្អាក​ការ​សាងសង់​ហើយ​ស្ថាប័ន​ពាក់ព័ន្ធ​ចូល​រួម​ពិភាក្សា​ពី​សំណង​ជាក់លាក់ រួម​ទាំង​ការ​ប្ដូរ​ទីតាំង​ថ្មី​ដែល​ប្រជាពលរដ្ឋ​អាច​ទទួល​យក​បាន៖ «ប្រជាពលរដ្ឋ​ឃុំ​ស្រែគរ គាត់​មាន​ការ​ប៉ះពាល់ គាត់​មិន​ព្រម​ចេញ​ទេ​ពី​ស្រែ​គេ ប៉ះពាល់​ផ្នូរ​ឪពុក​ម្ដាយ ផ្ទះសម្បែង​ដីធ្លី​ទាំង​ឡាយ»

​ចំណែក​តំណាង​ប្រជាពលរដ្ឋ​ឃុំ​ក្បាលរមាស អ្នកស្រី ជឿន ស្រីមុំ រៀបរាប់​ដែរ​ថា អ្នក​ភូមិ​បាន​​​តវ៉ា​ច្រើន​លើក​ស្ដីពី​ដំណោះស្រាយ​ផល​ប៉ះពាល់ ក៏ប៉ុន្តែ​អាជ្ញាធរ​ពាក់ព័ន្ធ​មិន​យក​ចិត្ត​ទុកដាក់​ដោះ​​​ស្រាយ​តាម​សំណូមពរ​ប្រជាពលរដ្ឋ។ អ្នកស្រី​ព្រមាន​ថា បាតុកម្ម​ប្រឆាំង​ការ​សាងសង់​ទំនប់​ទ្រង់​​​ទ្រាយ​ធំ​នឹង​កើត​មាន​ប្រសិន​អាជ្ញាធរ​នៅតែ​អូស​បន្លាយ​ពេល​វេលា​ដោះស្រាយ​ត​ទៅ​ទៀត៖ «ទាមទារ​ឲ្យ​បញ្ឈប់​ទំនប់​តែម្ដង ពួក​ខ្ញុំ​អត់​និយាយ​រឿង​សំណង​ទេ។ វា​ប៉ះពាល់​ធំធេង​មែន​ទែន ​ជនជាតិ​ដើម​ភាគ​តិច​យើង​ខ្ញុំ»

​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​២៩ ខែ​កញ្ញា មិន​អាច​ទាក់ទង​សុំ​ការ​បញ្ជាក់​ពី​ប្រធាន​គណៈកម្មការ​ដោះស្រាយ​ផល​ប៉ះពាល់​ថ្នាក់​ខេត្ត​និង​ជា​អភិបាល​ខេត្ត​ស្ទឹងត្រែង លោក កុល សំអុល បាន​ទេ។ ចំណែក​នាយខុទ្ទកាល័យ​សាលា​ខេត្ត លោក ដួង ពៅ មាន​ប្រសាសន៍​បញ្ជាក់​ថា លោក​កំពុង​បំពេញ​​​បេសកកម្ម​នៅ​ប្រទេស​ឡាវ មិន​មាន​អ្នក​ទទួល​ញត្តិ​ពលរដ្ឋ​បាន។ លោក​អះអាង​ថា ក្រុម​ការងារ​ថ្នាក់​​​ខេត្ត​កំពុង​សិក្សា​ពី​សំណូមពរ​និង​ការ​ទាមទារ​របស់​ប្រជាពលរដ្ឋ ហេតុ​នេះ​លោក​សំណូមពរ​ឲ្យ​អ្នក​ភូមិ​អត់ធ្មត់​រង់ចាំ​ការ​សម្រេច​របស់​អាជ្ញាធរ៖ «គេ​មិនទាន់​ធ្វើការ​ស្រួលបួល​ផង​គាត់​ទៅ​តវ៉ា​ស្អី រឿង​ការងារ​ហ្នឹង​គេ​ធ្វើតាម​ជំហាន។ គម្រោង​គេ​មាន​​ហើយ​ក្នុង​ស្តង់ដារ​បារ៉ែម ដែល​ត្រូវ​សង​ហ្នឹង។ ដោយ​ឡែក​ខ្វះខាត​បន្តិច​បន្តួច​យើង​និយាយ​គ្នា​ទៀត»

​របាយការណ៍​ពិសេស​ស្ដីពី​សំណង​និង​នយោបាយ​កែ​តម្រូវ​នៃ​គម្រោង​សាង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ ឆ្នាំ​២០១១ បង្ហាញ​ថា ភូមិ​ចំនួន​៧ ក្នុង​ឃុំ​ចំនួន​៤ រង​ផល​ប៉ះពាល់។ ក្នុង​នោះ​ប៉ះពាល់​​ផ្ទះ​ប្រជាពលរដ្ឋ​ជាង ៥០០​ផ្ទះ​នេះ​មិន​ទាន់​រាប់​បញ្ចូល​ផ្ទះ​ប្រជាពលរដ្ឋ ៤៨​ផ្ទះ​ទៀត​នៅ​ភូមិ​ក្របី​ជ្រំ​និង​​ភូមិ​ខ្សាច់​ថ្មី​ដែល​អាច​នឹង​រក​ផល​ប៉ះពាល់​ដូច​គ្នា។

​មន្ត្រី​ឃ្លាំមើល​សិទ្ធិ​មនុស្ស​សមាគម​អាដហុក ខេត្ត​ស្ទឹងត្រែង លោក ហូ សំអុល អំពាវនាវ​សុំ​ឲ្យ​ស្ថាប័ន​​ពាក់ព័ន្ធ​ប្រញាប់​ចាត់វិធានការ​ដោះស្រាយ​ការ​តវ៉ា​របស់​ពលរដ្ឋ។ លោក​សំដែង​ក្តី​បារម្ភ​ខ្លាច​កើត​​មាន​បាតុភាព​អវិជ្ជមាន​កាន់​តែ​ធំ​ឡើង ខណៈ​ដែល​ក្រុមហ៊ុន​កំពុង​សាងសង់​ទំនប់ ចំណែក​ផល​​​ប៉ះពាល់​ពលរដ្ឋ​មិន​ទាន់​បាន​ដោះស្រាយ​រួច​រាល់៖ «ទំនប់​ហ្នឹង​វា​ដំណើរការ ដោយ​ឡែក​កន្លែង​ត្រូវ​ផ្លាស់ប្ដូរ ឬ​មួយ​ផល​សំណង​ពួកគាត់​មិន​ទាន់​​ឃើញ​លទ្ធផល​ស្អី​ទេ»

​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ គ្រោង​ចំណាយ​ថវិកា​សាងសង់​ប្រមាណ​ជាង ៨​ពាន់​លាន​ដុល្លារ​អាមេរិក ប៉ុន្តែ​ការ​ចំណាយ​នេះ​អាច​កើន​ឡើង​ដល់​ទៅ​ជិត ១​ពាន់​លាន​ដុល្លារ​អាមេរិក។ ប្រសិន​ដំណើរការ​សាងសង់​បាន​ល្អ​គម្រោង​នេះ​នឹង​បញ្ចប់​នៅ​ឆ្នាំ​២០១៧។ កាល​ពី​ខែ​សីហា ប្រជាពលរដ្ឋ​ភូមិ​ស្រែគរ បាន​ដើរ​ចេញ​ពី​កិច្ចពិភាក្សា​ជាមួយ​ក្រុម​ការងារ​ដោះស្រាយ​ផល​ប៉ះពាល់​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង ដោយ​ចាត់​ទុក​ថា ក្រុមហ៊ុន​មិន​បាន​អនុវត្ត​គោលនយោបាយ​​ផ្ដល់​សំណង​មាន​លក្ខណៈ​ត្រឹមត្រូវ និង​ចំណុច​ខ្លះ​ទៀត​តម្លៃ​សំណង​មិន​សមស្រប​តាម​តម្លៃ​ទី​​ផ្សារ​ដែល​ប្រជាពលរដ្ឋ​អាច​ទទួល​យក​បាន។ ដោយ​ឡែក​អាជ្ញាធរ​ភូមិ​ក្បាលរមាស ឲ្យ​ដឹង​ដែរ​ថា ប្រជាពលរដ្ឋ ៦១​គ្រួសារ​ជំទាស់​មិន​ព្រម​ជម្លៀស​ចេញ​ពី​ភូមិ​ចាស់​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។