អង្គការសម្ព័ន្ធទន្លេកម្ពុជា ជំរុញឲ្យបង្កើតគណៈកម្មាធិការចម្រុះដើម្បីត្រួតពិនិត្យសកម្មភាពក្រុមហ៊ុនវារីអគ្គិសនីសេសានក្រោម២។ ការជំរុញឲ្យមានការបង្កើតគណៈកម្មាធិការចម្រុះនេះ នឹងមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធរួមមាន តំណាងសហគមន៍ តំណាងក្រុមហ៊ុន តំណាងរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល គោលបំណងដើម្បីពង្រឹងយន្តការក្នុងការដោះស្រាយផលប៉ះពាល់ប្រកបដោយមានតម្លាភាព ព្រមទាំងយុទ្ធសាស្ត្រកាត់បន្ថយផលប៉ះពាល់ផ្នែកបរិស្ថាន ចូលរួមត្រួតពិនិត្យ និងផ្តល់ព័ត៌មានពីការប្រែប្រួលទឹក។
មន្ត្រីអង្គការសម្ព័ន្ធទន្លេកម្ពុជា ចាត់ទុកថា សារប្រយោជន៍នៃការបង្កើតគណៈកម្មាធិការចម្រុះ អាចនឹងផ្តល់ឱកាសបើកទូលាយសម្រាប់ការសន្ទនាក្នុងចំណោមសហគមន៍ ក្រុមហ៊ុន និងរដ្ឋាភិបាល អំពីទុក្ខកង្វល់របស់សហគមន៍ទាក់ទិនទំនប់វារីអគ្គិសនីសេសានក្រោម២ គឺជាមូលដ្ឋានសំខាន់ដែលគ្រប់ភាគីពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់សម្របសម្រួល និងដោះស្រាយ។
ភាពចម្រូងចម្រាសនៃគម្រោងអភិវឌ្ឍន៍ទំនប់វារីអគ្គិសនីរបស់រដ្ឋាភិបាល ទាក់ទិនទំនប់វារីអគ្គិសនីសេសានក្រោម២ នៅតែជាប្រធានបទក្រៅសម្រាប់សហគមន៍រងផលប៉ះពាល់ ភាគច្រើនជនជាតិដើមភាគតិច។ ពួកគាត់នៅតែបារម្ភពីការជម្លៀសចេញពីលំនៅឋាន ការបាត់បង់អត្តសញ្ញាណជនជាតិដើមភាគតិច ដីផ្នូរកប់សព ដីព្រៃសហគមន៍ ដីស្រែសម្រាប់ធ្វើកសិកម្ម ការប្រមូលអនុផលព្រៃឈើ និងការនេសាទត្រីតាមដងទន្លេ ជាដើម។
បញ្ហាទាំងនេះ គឺជាប្រធានបទយ៉ាងសំខាន់ ដែលសហគមន៍ជនជាតិដើមភាគតិចមួយចំនួន ហាក់នៅមិនប្ដូរឥរិយាបថចាកចេញពីភូមិកំណើត ហើយពួកគេបានលើកយកកត្តាទាំងនេះថ្លែងក្នុងវេទិកាសាធារណៈកាលពីថ្ងៃទី២៨ កក្កដា ទទូចឲ្យរដ្ឋាភិបាលពិចារណាគម្រោងនេះឡើងវិញ ទោះបីជាគម្រោងនេះបានសាងសង់សម្រេចបានជាង ៣០ភាគរយទៅហើយក្តី។ ចំណែកសហគមន៍ដែលយល់ព្រមទទួលយកសំណង ស្នើឲ្យរដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល និងក្រុមអង្គការសង្គមស៊ីវិល ជំរុញឲ្យក្រុមហ៊ុនធានាគុណភាពសំណង់ ព្រមទាំងចុះកិច្ចសន្យាជាក់លាក់ ដែលធានាគុណភាពកម្រិតបទដ្ឋានស្តង់ដាររយៈពេលជិត ១០ឆ្នាំ។
ពលរដ្ឋជនជាតិដើមភាគតិចដែលរងផលប៉ះពាល់មកពីឃុំក្បាលរមាស ឃុំស្រែគរ ឃុំភ្លុក និងមកពីខេត្តរតនគិរី លើកឡើងក្នុងវេទិកាសាធារណៈនោះទាក់ទិនទុក្ខកង្វល់ និងផលអវិជ្ជមានផ្សេងៗ នៅពេលដែលទំនប់នេះដំណើរការ ដូចជាការប្រែប្រួលចរន្តទឹក ការប៉ះពាល់ផ្នែកបរិស្ថាន និងផ្នែកគ្រប់គ្រងហានិភ័យផ្សេងៗ ជាដើម។ សហគមន៍ទាំងនោះ ជំរុញឲ្យក្រុមហ៊ុនទទួលខុសត្រូវនូវការគ្រប់គ្រងហានិភ័យផ្សេងៗ នៅពេលទំនប់បើកឲ្យដំណើរការ ដូចជាការគ្រប់គ្រងការប្រែប្រួលទឹក ការកាត់បន្ថយផលប៉ះពាល់ជលផល និងទទួលខុសត្រូវរាល់ការបញ្ចេញកាកសំណល់ចូលទន្លេ ដែលបង្កឲ្យប៉ះពាល់ដល់គុណភាពទឹក ដែលជាដើមចមប៉ះពាល់ដល់សុខភាពពលរដ្ឋដែលអាស្រ័យផលទឹកទន្លេផ្នែកខាងក្រោម៖ «កាត់ចេញពីផែនការ បានន័យថា មិនបានទទួលខុសត្រូវទេ ប្រសិនបើមានការលិចលង់មិនទទួលខុសត្រូវ ពួកយើងនៅតែព្រួយបារម្ភ។ ឧទាហរណ៍ ការវាយតម្លៃផលប៉ះពាល់ភូមិដទៃដែលមិនលិចទឹក ស្រាប់តែពេលសាងសង់បែរជាលិច»។
តំណាងជនជាតិដើមភាគតិចព្នង លោក ស្រ៊ុន ស្រៀន បារម្ភថា យន្តការក្នុងការដោះស្រាយផលប៉ះពាល់របស់រដ្ឋាភិបាល រួមទាំងតំណាងក្រុមហ៊ុន ហាក់នៅមិនទាន់ធ្វើឲ្យសហគមន៍ដែលរងផលប៉ះពាល់ មានជំនឿចិត្តនៅឡើយទេ។ ផ្ទុយទៅវិញ ពួកគាត់នៅតែស្ទាក់ស្ទើរក្នុងការទទួលយកសំណង ការចុះស្រង់ព័ត៌មានពីផលប៉ះពាល់ទ្រព្យសម្បត្តិ ការចុះផ្សព្វផ្សាយគោលនយោបាយដោះស្រាយផលប៉ះពាល់ និងការទទួលខុសត្រូវចំពោះការផ្តល់សំណង ដូចជាផ្ទះ ដីលំនៅឋាន ទីតាំងដីកសិកម្ម ដីព្រៃសមូហភាព និងដីផ្នូរកប់សព។ លោកថា សហគមន៍នឹងមិនព្រមចាកចេញជាដាច់ខាត បើទោះបីបានវាស់វែងទៅហើយ ប្រសិនបើការផ្តល់សំណងធ្វើឡើងមិនច្បាស់លាស់៖ «ប្រជាពលរដ្ឋចង់ទាមទារឲ្យគាត់ធានាគោលបំណងនៃការសាងសង់ឲ្យបានរឹងមាំ គាត់ថាអត់ទេចាំជួបក្រុមហ៊ុនពិភាក្សាគ្នានៅពេលក្រោយទៀត បើចឹងមានតែជនរងគ្រោះក្នុងវារីអគ្គិសនីសេសានក្រោម២ ហ្នឹង នៅតែរង់ចាំរហូត»។
មន្ត្រីសង្គមស៊ីវិលអះអាងថា រដ្ឋាភិបាលផ្តល់ជាសញ្ញាវិជ្ជមានមួយដើម្បីបង្កើតគណៈកម្មាធិការដោះស្រាយផលប៉ះពាល់ចម្រុះ ចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដូចជាតំណាងរដ្ឋាភិបាល តំណាងអង្គការសង្គមស៊ីវិល និងសហគមន៍ ជាដើម ដើម្បីស្វែងរកយន្តការជាក់លាក់ធ្វើយ៉ាងណាសម្រួលដល់ដំណើរការដោះស្រាយផលប៉ះពាល់ឲ្យមានតម្លាភាព ព្រមទាំងកាន់បន្ថយផលប៉ះពាល់បរិស្ថាន និងធនធានជលផល ជាដើម។ បន្ថែមពីលើនេះ ការកំណត់ឲ្យបង្កើតគណៈកម្មាធិការចម្រុះនេះ គេនៅមិនទាន់កំណត់រយៈពេលជាក់លាក់នៅឡើយទេ។
មន្ត្រីអង្គការសម្ព័ន្ធទន្លេកម្ពុជា បញ្ជាក់ថា ការផ្តល់ឱកាសដល់គ្រប់ភាគីពាក់ព័ន្ធចូលរួមពិភាក្សាទាក់ទិនបញ្ហាដំណោះស្រាយផលប៉ះពាល់ ដើម្បីរកយន្តការដោះស្រាយរួម ធ្វើយ៉ាងណាធានានូវការដោះស្រាយប្រកបដោយតម្លាភាព និងឈរលើមូលដ្ឋានទទួលខុសត្រូវខ្ពស់របស់ក្រុមហ៊ុនសាងសង់ ដូចជាការកាត់បន្ថយផលប៉ះពាល់បរិស្ថាន និងការផ្តល់សំណងទូទាត់ រួមទាំងទទួលខុសត្រូវការប្រែប្រួលរបស់ទឹកទន្លេ។
រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល លោក អ៊ិត ប្រាំង ថ្លែងថា ក្រុមហ៊ុនត្រូវតែធានាគុណភាពសំណង់ និងការផ្តល់សំណងត្រឹមត្រូវទៅតាមគោលការណ៍របស់រដ្ឋាភិបាលកំណត់។ លោកបញ្ជាក់ថា គម្រោងនេះមិនអាចបង្អាក់ឡើយ ព្រោះវាជាគម្រោងថ្នាក់ជាតិ ហើយអ្វីដែលសំខាន់ សហគមន៍ត្រូវសហការជាមួយក្រសួង គណៈកម្មាធិការដោះស្រាយផលប៉ះពាល់ អាជ្ញាធរមូលដ្ឋាន រួមទាំងអង្គការសង្គមស៊ីវិល ដើម្បីផ្តល់ព័ត៌មានពីភាពចន្លោះប្រហោងរបស់ក្រុមហ៊ុន ការផ្តល់សំណង និងការប្រែប្រួលចរន្តទឹក គោលបំណងដើម្បីឲ្យក្រសួង និងស្ថាប័នពាក់ព័ន្ធ ជជែកពិភាក្សាដោះស្រាយកែលំអ និងសម្របសម្រួលដោយឈរលើគោលនយោបាយរដ្ឋាភិបាលជាមូលដ្ឋាន ជាមួយសហគមន៍រងផលប៉ះពាល់ និងសង្គមស៊ីវិល។ លោកថា ក្រុមហ៊ុនត្រូវធានាការប្រែប្រួលទឹក ប្រសិនបើគម្រោងដំណើរការ បើផលប៉ះពាល់លើសពីការរំពឹងទុក៖ «អង្គប្រជុំគណៈរដ្ឋមន្ត្រី គឺ ២០ម៉ែត្រគុណ ៥០ម៉ែត្រ សម្រេចពេលដែលអនុវត្តគម្រោងនេះ ឲ្យសងជូនប្រជាជនយ៉ាងម៉េចខ្លះ គោលនយោបាយសំណងហ្នឹង គឺសម្រេចដោយគណៈរដ្ឋមន្ត្រី ប្រជុំគណៈរដ្ឋមន្ត្រី»។

ការជ្រើសទីតាំងដីកសិកម្ម គឺជាមូលដ្ឋានសំខាន់ដែលសហគមន៍រងផលប៉ះពាល់ ដែលព្រមទទួលយកសំណង អំពាវនាវឲ្យរដ្ឋាភិបាល និងតំណាងក្រុមហ៊ុន ផ្តល់ទីតាំងប្រភេទដីដែលធានាពីនិរន្តរភាពនៃការធ្វើកសិកម្មនៅថ្ងៃអនាគត។
មន្ត្រីអង្គការសម្ព័ន្ធទន្លេកម្ពុជា និងជានាយកប្រតិបត្តិវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា លោក តឹក វណ្ណារ៉ា ផ្តល់ទស្សនៈថា សារប្រយោជន៍នៃវេទិកានេះ នឹងផ្តល់ឱកាសឲ្យពលរដ្ឋរងផលប៉ះពាល់បញ្ចេញមតិយោបល់ពីទុក្ខកង្វល់ផ្សេងៗ ស្ដីពីផលប៉ះពាល់ទាក់ទិនដំណើរការនៃការសាងសង់ទំនប់ ដើម្បីឲ្យគ្រប់ភាគីពាក់ព័ន្ធចូលរួមចងក្រងជាឯកសារ និងរបាយការណ៍ដើម្បីយកមកជជែកពិភាក្សាបន្តទៀត ក្នុងការដោះស្រាយផលប៉ះពាល់ និងការទទួលខុសត្រូវរបស់ក្រុមហ៊ុន ដើម្បីរួមគ្នាកាត់បន្ថយផលប៉ះពាល់បរិស្ថាន ជាដើម។ លោកមានជំនឿថា ការបង្កើតប្រព័ន្ធទិន្នន័យមានសារសំខាន់ក្នុងការបន្តការពិភាក្សាឲ្យលម្អិត ស្ដីពីការត្រួតពិនិត្យគុណភាពទឹក គួរបង្កើតឲ្យមានជាប្រចាំ ទាក់ទិនផលប៉ះពាល់ ដើម្បីផ្តល់ព័ត៌មានដល់ស្ថាប័នពាក់ព័ន្ធ គោលបំណងដើម្បីរកយន្តការក្នុងការដោះស្រាយ និងកែលំអពីចំណុចអវិជ្ជមាន៖ «វេទិកាថ្ងៃនេះបានន័យថា គ្រប់ភាគីឯកភាពគ្នា គួរមានយន្តការមួយ និងបន្តការពិភាក្សាទៅលើទិដ្ឋភាពនៃការអភិវឌ្ឍទំនប់សេសានក្រោម២ ហើយជាលទ្ធផល យើងឃើញខាងរដ្ឋាភិបាលគួរមានគណៈកម្មាធិការរួមមួយ»។
បន្ទាប់ពីការចូលរួមក្នុងវេទិកាសាធារណៈនេះ មន្ត្រីសង្គមស៊ីវិលមើលឃើញថា ភាពចម្រូងចម្រាសពាក់ព័ន្ធការដោះស្រាយរបស់តំណាងរដ្ឋាភិបាល និងសហគមន៍ នៅតែមាន ឬមិនអាចដោះស្រាយបញ្ចប់បាននៅឡើយ។
មន្ត្រីសម្របសម្រួលបណ្ដាញទន្លេបី លោក មៀច មាន យល់ថា ការបង្កើតឲ្យមានការជជែកពិភាក្សាគ្នាជាសាធារណៈពីគ្រប់ភាគីពាក់ព័ន្ធជាចំណុចសំខាន់ ដើម្បីផ្តល់ឱកាសដល់សហគមន៍រងផលប៉ះពាល់ បានលើកឡើងដោយបើកចំហពីផ្នត់គំនិតរបស់សហគមន៍នូវទុក្ខកង្វល់ផ្សេងៗ ដើម្បីឲ្យអ្នកពាក់ព័ន្ធ ពិសេសរដ្ឋាភិបាល ចូលរួមដោះស្រាយទាំងអស់គ្នា។ លោកបន្តថា ចំណុចសំខាន់ដែលរដ្ឋាភិបាល រួមទាំងអ្នកពាក់ព័ន្ធ ផ្ដោតការយកចិត្តទុកដាក់សម្របសម្រួលដោះស្រាយនោះ ត្រូវឈរលើគោលការណ៍ផ្នែកច្បាប់ និងការគោរពសិទ្ធិមនុស្សជាមូលដ្ឋានសំខាន់៖ «ចំពោះការសម្រេចចិត្តរបស់ជនជាតិដើមភាគតិច គឺជាសិទ្ធិដាច់ដោយឡែក ការដែលយើងតម្រូវឲ្យគាត់រុះរើចេញ ឬការស្នើសុំចេញនោះ វាជាការសម្រេចចិត្តរបស់ពួកគាត់ផ្ទាល់ ខ្ញុំគិតថា រាជរដ្ឋាភិបាលនឹងយកចិត្តទុកដាក់»។

លោក មៀច មាន រកឃើញថា ចំណុចសំខាន់ដែលក្រុមហ៊ុន ហាយដ្រូ ផៅវឺ ឡូវឺ សេសាន២ (Hydro Power Lower Sesan 2) លំបាកទាក់ទិនដំណើរការកសាងប្រឡាយទឹកចាស់ ដើម្បីស្ដារឡើងវិញបង្វែងការបន្លាស់ធនធានត្រី និងធ្វើការចរាចរត្រី គឺជាបញ្ហាចម្បងដែលក្រុមហ៊ុនអាចនឹងពិបាកក្នុងការដោះស្រាយ ព្រោះអាចកាត់បន្ថយកម្លាំងទឹកដែលបុកចំទំនប់វារីអគ្គិសនី។ លោកថា អង្គការលោកកំពុងអង្កេតតាមដានពីយន្តការក្នុងការបង្កើតប្រឡាយទឹករបស់ក្រុមហ៊ុនកសាងទំនប់ ដែលបង្វែងទំនប់ដើម្បីកាត់បន្ថយផលប៉ះពាល់ជលផល ដែលធានាថានឹងមិនធ្វើឲ្យប៉ះពាល់ដំណើរត្រីធ្វើបន្លាស់ទីបាន។ លោក មៀច មាន ជំរុញឲ្យគ្រប់ភាគីពាក់ព័ន្ធតាមដានសកម្មភាពកសាងប្រឡាយទឹករបស់ក្រុមហ៊ុន ឬបើកការជជែកពិភាក្សាឲ្យបានលម្អិតអំពីបញ្ហានេះ ព្រោះវាជាមូលដ្ឋានសំខាន់ ប្រសិនបើមានការធ្វេសប្រហែស អាចបាត់បង់ធនធានជលផលធំសម្បើម ព្រមទាំងប្រភេទត្រីកម្រជាច្រើនអាចនឹងផុតពូជ។
របាយការណ៍សិក្សាផលប៉ះពាល់ស្ដីពីការសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ មានប្រជាពលរដ្ឋជាង ១ពាន់គ្រួសារនៅភូមិចំនួន៧ ក្នុងឃុំចំនួន៣ ត្រូវបានជម្លៀសចេញពីភូមិចាស់ទៅតាំងទីលំនៅថ្មីក្នុងស្រុកសេសាន ចម្ងាយប្រមាណជិត ២០គីឡូម៉ែត្រពីភូមិចាស់។
ទំនប់វារីអគ្គិសនីសេសានក្រោម២ គ្រោងចំណាយថវិកាសរុប ៩៧៧លានដុល្លារអាមេរិក អាចផលិតថាមពលអគ្គិសនី ៤០០មេហ្គាវ៉ាត់ និងគ្រោងសាងសង់ឲ្យរួចរាល់នៅខែមិថុនា ឆ្នាំ២០១៧ ដោយក្រុមហ៊ុនឈ្មោះ ឡាន ឆាង ហាយដ្រូ ផៅវឺ ឆាយណា អេឡិចត្រិច (Lang chhang Hydro Power China Electric)។ អាជ្ញាធរខេត្តស្ទឹងត្រែង ឲ្យដឹងថា តាមការគ្រោងទុក ទំនប់នេះបើកឲ្យដំណើរការនៅខែមិថុនា ឆ្នាំ២០១៧៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
