ពលរដ្ឋ​រង​ផល​ប៉ះពាល់​ពី​គម្រោង​សង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២​បដិសេធ​មិន​ទទួល​សំណង

0:00 / 0:00

គណៈកម្មការ​ដោះស្រាយ​ផល​ប៉ះពាល់​ប្រជាពលរដ្ឋ ទាក់ទិន​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ នៅ​ខេត្ត​ស្ទឹងត្រែង កំពុង​ចុះ​ស្រង់​ទិន្នន័យ​ផ្ទះ​សម្បែង ដីធ្លី ផល​ដំណាំ​ប្រជាពលរដ្ឋ​អ្នក​រង​ផល​ប៉ះពាល់ ដើម្បី​ផ្តល់​សំណង។ អ្នក​ភូមិ​មួយ​ចំនួន ចោទ​មន្ត្រី​ក្រុម​ការងារ ថា​បង្ខំ​ឲ្យ​ប្រជាពលរដ្ឋ​ផ្ដិត​មេដៃ​លើ​ទិន្នន័យ​របស់​ក្រុម​ការងារ។

ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ស្រែស្រណុក ឃុំ​ក្បាលរមាស ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង ខ្លះ​បដិសេធ ខ្លះ​បង្ខំ​ចិត្ត​ផ្ដិត​មេដៃ​លើ​ទិន្នន័យ​ស្រង់​ស្ថិតិ​ផ្ទះ​សម្បែង ដីធ្លី និង​ផល​ដំណាំ​អ្នក​ភូមិ ទាក់ទិន​គោល​នយោបាយ​ផ្តល់​សំណង ពី​ក្រុមហ៊ុន​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២។ យ៉ាង​នេះ​ក្តី អ្នក​ភូមិ​អះអាង​ថា ពួក​គាត់​នឹង​មិន​ជម្លៀស​ចេញ​ពី​ភូមិ​ចាស់​ឡើយ ប្រសិន​ការ​តវ៉ា​ពី​តម្លៃ​សំណង​របស់​ពលរដ្ឋ​មិន​ត្រូវ​បាន​ដោះស្រាយ។

គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ បង្ក​ផល​ប៉ះពាល់​ប្រជាពលរដ្ឋ ៧​ភូមិ នៅ​ស្រុក​សេសាន ក្នុង​នោះ​ភូមិ​ចំនួន​៥ នឹង​ក្លាយ​ជា​អាង​ស្តុក​ទឹក គឺ​ភូមិ​ស្រែគរ១ និង​ភូមិ​ស្រែគរ២ ក្នុង​ឃុំ​ស្រែគរ ដែល​មាន​ប្រជាពលរដ្ឋ​ជាង ៥០០​គ្រួសារ។ ភូមិ​ច្រប់ ភូមិ​ក្បាលរមាស និង​ភូមិ​ស្រែស្រណុក ក្នុង​ឃុំ​ក្បាលរមាស មាន​ប្រជាពលរដ្ឋ​ជាង ៥០០​គ្រួសារ ត្រូវ​ជម្លៀស​ទៅ​តាំង​ទីលំនៅ​ថ្មី។

ប្រជាពលរដ្ឋ​ភូមិ​ស្រែស្រណុក ឈ្មោះ ប៉ុម ឈូក រៀបរាប់​ថា មូលហេតុ​ដែល​អ្នក​ភូមិ​ប្រកែក​មិន​ចូលរួម​ផ្តល់​ទិន្នន័យ និង​ផ្ដិត​មេដៃ​ស្រង់​ទិន្នន័យ​របស់​ក្រុម​ការងារ គឺ​ដោយសារ​តែ​ក្រុម​អាជ្ញាធរ​ពាក់ព័ន្ធ មិន​បាន​ឆ្លើយ​តប​សំណូមពរ​របស់​ប្រជាពលរដ្ឋ ដែល​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ពិនិត្យ​ឡើង​វិញ​ពី​តម្លៃ​សំណង​ផ្នែក​ខ្លះ​មាន​កម្រិត​ទាប ប្រជាពលរដ្ឋ​មិន​អាច​ទទួល​យក​បាន។ លោក​កត់​សម្គាល់​ថា មាន​ផល​ប៉ះពាល់​មួយ​ចំនួន​ទៀត ក៏​ក្រុមហ៊ុន​មិន​បាន​ដាក់​បញ្ចូល​ក្នុង​តារាង​ផ្តល់​សំណង​ផង​ដែរ៖ «អត់​ទាន់​ចរចា​គ្នា​រឿង​ដីធ្លី តម្លៃ​ដំណាំ ស្រាប់​តែ​មក​វាស់​ដូច​ថា​បង្ខំ​ឲ្យ​ប្រជាពលរដ្ឋ​ផ្ដិត​មេដៃ ប្រជាពលរដ្ឋ​កំពុង​ស្មុគស្មាញ​ណាស់»

គោល​នយោបាយ​ដោះស្រាយ​សំណង​ជូន​ប្រជាពលរដ្ឋ រៀបចំ​ឡើង​ដោយ​ក្រុមហ៊ុន​សាងសង់​ទំនប់​សេសាន​ក្រោម​២ គឺ​ធានា​ថា​មាន​លក្ខណៈ​ប្រហាក់​ប្រហែល ឬ​ល្អ​ជាង​ទីតាំង​ប្រជាពលរដ្ឋ​រស់នៅ​បច្ចុប្បន្ន។ ក៏ប៉ុន្តែ ប្រជាពលរដ្ឋ​អ្នក​រង​ផល​ប៉ះពាល់​អះអាង​ថា តម្លៃ​សំណង​ទាក់ទិន​ដំណាំ ២៩​មុខ និង​តម្លៃ​សំណង់​រឹង មាន​ផ្ទះ​សម្បែង ដីធ្លី ជាដើម មាន​កម្រិត​ទាប និង​ផ្តល់​ដី​សង់​លំនៅឋាន​មាន​ទំហំ​តូច។ ចំណែក​ទីតាំង​លំនៅឋាន​ថ្មី ដែល​ពលរដ្ឋ​ឯកភាព​មិន​ទាន់​កំណត់​ជាក់លាក់ រួម​ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​នានា ក៏​មិន​ទាន់​ធ្វើ​ឲ្យ​ប្រាកដ​នៅ​ឡើយ។ ជាពិសេស​ទៀត គឺ​សំណង​ទាក់ទិន​ជំនឿ ប្រពៃណី​អ្នក​ភូមិ មាន​ផ្នូរ​កប់​សព និង​ការ​សែន​ព្រេន​ព្រលឹង​ដូនតា ក៏​មិន​បាន​កំណត់​ផ្តល់​សំណង​នៅ​ឡើយ។

តួលេខ​ផ្តល់​ដោយ​អាជ្ញាធរ​ឃុំ​ក្បាលរមាស ឲ្យ​ដឹង​ថា អ្នក​ភូមិ ៨០​ភាគរយ នៅ​ភូមិ​ស្រែស្រណុក និង​ភូមិ​ច្រប់ បាន​ចូលរួម​ផ្តល់​ទិន្នន័យ​វាស់វែង​ផ្ទះ​សម្បែង ដីធ្លី ផល​ដំណាំ។ ផ្ទុយ​ទៅ​វិញ តួលេខ​ផ្តល់​ដោយ​សហគមន៍ គឺ​ចំនួន​ពលរដ្ឋ​ជាង ៥០​ភាគរយ​នៃ​ពលរដ្ឋ​សរុប​ក្នុង​ភូមិ​ស្រែស្រណុក មិន​យល់​ព្រម​ផ្តល់​ទិន្នន័យ ឬ​ផ្ដិត​មេដៃ។ ចំណែក​ជិត ៥០​ភាគរយ​ទៀត បង្ខំ​ចិត្ត​ផ្ដិត​មេដៃ​ដោយសារ​ភ័យ​ខ្លាច។

មេ​ឃុំ​ក្បាលរមាស លោក វឿន សម្បត្តិ មាន​ប្រសាសន៍​បញ្ជាក់​ថា អ្វី​ដែល​អ្នក​ភូមិ​ស្នើសុំ​នោះ គឺ​គណៈកម្មការ​ដោះស្រាយ​ផល​ប៉ះពាល់ និង​ក្រុមហ៊ុន បាន​ពិភាក្សា​គ្នា​រួច​ហើយ ថា​នឹង​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ ក៏ប៉ុន្តែ​បញ្ហា​នេះ​មិន​ទាន់​បាន​កំណត់​បន្ថែម​ទៅ​ក្នុង​តារាង​សំណង​ផល​ប៉ះពាល់។ លោក​បន្ត​ថា អ្នក​ភូមិ​គួរ​ចូលរួម​ផ្តល់​ទិន្នន័យ​ដល់​ក្រុម​ការងារ ដើម្បី​ពន្លឿន​ការងារ​ដោះស្រាយ​ផល​ប៉ះពាល់​ប្រជាពលរដ្ឋ​ឲ្យ​បាន​ឆាប់៖ «ការ​លើក​ភូមិ​ហ្នឹង គេ​ឲ្យ​គោល​នយោបាយ​មួយ​សម្រាប់​លៀង​ភូមិ។ មិន​ច្បាស់​ថា​គោល​នយោបាយ​ហ្នឹង ខាង​ក្រុមហ៊ុន​គេ​ឲ្យ​ប៉ុន្មាន ជួន​កាល​សែន​ផ្នូរ​ជីដូន​ជីតា​គេ​ណា»

តាម​ការ​គ្រោង​ទុក គណៈកម្មការ​ដោះស្រាយ​ផល​ប៉ះពាល់ នឹង​ចុះ​ទៅ​ស្រង់​ទិន្នន័យ​ដូច​គ្នា​នេះ​នៅ​ឃុំ​ស្រែគរ ចាប់​ពី​ថ្ងៃ​ទី​២៩ និង​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា។

ទាក់ទិន​ការ​ចុះ​ស្រង់​ទិន្នន័យ​នេះ មេ​ឃុំ​ស្រែគរ លោក សៀក មេគង្គ វាយ​តម្លៃ​ថា ប្រជាពលរដ្ឋ ៧០​ភាគរយ នឹង​ធ្វើ​ពហិការ​មិន​ចូលរួម​ផ្តល់​ទិន្នន័យ​នេះ។ លោក​បញ្ជាក់​ថា គណៈកម្មការ​ដោះស្រាយ​ផល​ប៉ះពាល់ ត្រូវ​ធ្វើ​ឲ្យ​ប្រាកដ​ថា តម្លៃ​សំណង​ផល​ប៉ះពាល់​ត្រូវ​អនុលោម​តាម​គោល​នយោបាយ​សំណង​ដែល​ក្រុមហ៊ុន​បាន​ធានា។ លោក​កត់​សម្គាល់​ថា កាល​ពី​ខែ​សីហា ប្រជាពលរដ្ឋ​ភូមិ​ស្រែគរ បាន​ដើរ​ចេញ​ពី​កិច្ច​ពិភាក្សា​ជាមួយ​ក្រុម​ការងារ​ដោះស្រាយ​ផល​ប៉ះពាល់ ដោយ​ចាត់​ទុក​ថា ក្រុមហ៊ុន​មិន​បាន​អនុវត្ត​គោល​នយោបាយ​ផ្តល់​សំណង​មាន​លក្ខណៈ​ត្រឹមត្រូវ និង​ចំណុច​ខ្លះ​ទៀត តម្លៃ​សំណង​មិន​សមស្រប​តាម​តម្លៃ​ទីផ្សារ ដែល​ប្រជាពលរដ្ឋ​អាច​ទទួល​យក​បាន។ ដោយ​ឡែក​ភូមិ​ក្បាលរមាស ប្រជាពលរដ្ឋ ៦១​គ្រួសារ ជំទាស់​មិន​ទទួល​យក​សំណង និង​មិន​ព្រម​ជម្លៀស​ចេញ​ពី​ភូមិ​ចាស់៖ «ក្នុង​ស្រែគរ ទាមទារ​ច្រើន​ណាស់ ៥​ចំណុច។ ២៩​ចំណុច ដំណាំ​ដាំ​ដុះ​ឲ្យ​កែ​ឡើង​វិញ។ ១៧​ចំណុច សំណង់​រឹង​មិន​សម​នឹង​ទីផ្សារ ផ្នូរ​ដូនតា​គេ​តាម​ដង​ទន្លេ​ពី​សម័យ​មុន​មិន​ឃើញ​មាន​វិធានការ​សំណង​ទេ។ ក្រុមហ៊ុន​រៀបចំ​ក្បាល​ដី​លំនៅឋាន​ក្បាល​២០ បណ្តោយ​៥០ គេ​មិន​យក​ទេ។ រឿង​ហេដ្ឋារចនាសម្ព័ន្ធ​អត់​ទាន់​ឃើញ​ដី​មិន​ដឹង​នៅ​ឯណា»

កាល​ពី​ខែ​កញ្ញា តំណាង​ប្រជាពលរដ្ឋ ១៧​នាក់​មក​ពី​ឃុំ​ស្រែគរ និង​ឃុំ​ក្បាលរមាស បាន​នាំ​យក​លិខិត​ចំហ​មាន​ស្នាម​មេដៃ​អ្នក​ភូមិ​ជនជាតិ​ព្នង ជនជាតិ​ឡាវ និង​ខ្មែរ​រស់នៅ​តាម​ដង​ទន្លេ​ស្រែពក និង​ទន្លេ​សេសាន ជិត ១​ពាន់​នាក់ ដាក់​ជូន​មន្ទីរ​អភិវឌ្ឍន៍​ជនបទ មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មន្ទីរ​បរិស្ថាន មន្ទីរ​រ៉ែ និង​ថាមពល សាលា​ខេត្ត​ស្ទឹងត្រែង និង​ការិយាល័យ​ក្រុមហ៊ុន​សាងសង់​ទំនប់។ អ្នក​ភូមិ បដិសេធ​មិន​ទទួល​យក​គោល​នយោបាយ​សំណង​របស់​ក្រុមហ៊ុន និង​មិន​ចាក​ចេញ​ពី​ភូមិ​ចាស់​ទៅ​តាំង​ទី​លំនៅ​ថ្មី​ទេ។

មន្ត្រី​សម្រប​សម្រួល​អង្គការ​ទន្លេ​បី លោក មៀច មាន ថ្លែង​ថា រាជ​រដ្ឋាភិបាល​គួរ​ផ្តល់​សិទ្ធិ​ពេញ​លេញ​ជូន​ពលរដ្ឋ ក្នុង​ការ​ទាមទារ​សំណង​ផល​ប៉ះពាល់ និង​ចាត់​វិធានការ​ឲ្យ​មន្ត្រី​ជំនាញ អនុវត្ត​គោល​នយោបាយ​ដោះស្រាយ​សំណង​ពលរដ្ឋ​បាន​ត្រឹមត្រូវ មុន​នឹង​ជម្លៀស​ប្រជាពលរដ្ឋ​ចេញ​ពី​ភូមិ។ លោក​កត់​សម្គាល់​ថា មាន​អ្នក​ភូមិ​មួយ​ចំនួន ទទូច​ឲ្យ​លុប​ចោល​គម្រោង​សាងសង់​ទំនប់ ដែល​បង្ក​ផល​ប៉ះពាល់​ច្រើន​ផ្នែក៖ «តម្លៃ​ថ្លៃថ្នូរ​គម្រោង​អភិវឌ្ឍន៍ មាន​កន្លែង​ខ្លះ​មិន​អាច​តប​ស្នង​សង​ជា​ថ្លៃ​ប្រាក់​បាន​ទេ។ គាត់​មិន​អាច​សង្ឃឹម​ថា​មាន​ការ​ទូទាត់​សង ឬ​ក៏​អាច​ជួសជុល​ការ​ខូចខាត​ប្រពៃណី​វប្បធម៌​គាត់​បាន​ទេ គួរ​ពិចារណា​រឿង​ហ្នឹង​មែន​ទែន»

ទាក់ទិន​ការ​ទាមទារ​របស់​ពលរដ្ឋ​នេះ ប្រធាន​គណៈកម្មការ​ស្រង់​ទិន្នន័យ​នៃ​អាជ្ញាធរ​ខេត្ត និង​ជា​អភិបាល​រង​ខេត្ត​ស្ទឹងត្រែង លោក ដួង ពៅ ពន្យល់​ថា ការ​ផ្តល់​ទិន្នន័យ​ផ្ទះ​សម្បែង​ដីធ្លី​របស់​ពលរដ្ឋ មិន​ទាក់ទិន​តម្លៃ​សំណង​ដែល​ពលរដ្ឋ​តវ៉ា​នោះ​ទេ គឺ​ជា​ការ​ស្រង់​ទិន្នន័យ​ទ្រព្យ​សម្បត្តិ​ពលរដ្ឋ​មាន​អ្វី​ខ្លះ​តែ​ប៉ុណ្ណោះ។ ដូច្នេះ ការ​ខកខាន​ផ្តល់​ទិន្នន័យ នឹង​ធ្វើ​ឲ្យ​យឺតយ៉ាវ ឬ​ខាត​ប្រយោជន៍​ទទួល​ប្រាក់​សំណង​របស់​ពលរដ្ឋ។ លោក​ថា តម្លៃ​សំណង​ដែល​ពលរដ្ឋ​តវ៉ា អាច​នឹង​ធ្វើ​ការ​សម្រប​សម្រួល​គ្នា​បាន​នៅ​ពេល​អនុវត្ត​ជំហាន​ទី​ពីរ ពេល​ផ្តល់​ប្រាក់​សំណង៖ «ពេល​គេ​ហុច​លុយ​មក ចរចា​ជាមួយ​គាត់ ជជែក​គ្នា​ទៅ​មុខ​ទៀត យើង​រក​ចំណុច​ឯកភាព​គ្នា​ទាល់​តែ​ឃើញ។ យើង​អត់​ឲ្យ​ប្រជាពលរដ្ឋ​បាត់​បង់ ដើម្បី​ប្រជាពលរដ្ឋ​ទាំងអស់។ រឿង​គម្រោង​អត់​មាន​ដក​ថយ​ទេ តែ​សភា​អនុម័ត​ទៅ​ជា​ច្បាប់ ហើយ​ឲ្យ​គាត់​យោគយល់ ឲ្យ​គាត់​ចូលរួម​ការពារ​ទ្រព្យ​សម្បត្តិ​របស់​គាត់ ដើម្បី​ផល​ប្រយោជន៍​សង្គម​ផង»

កាល​ពី​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា តំណាង​សហគមន៍​ទន្លេ​បី គឺ​ទន្លេ​សេសាន ស្រែពក និង​សេកុង បាន​ដាក់​ញត្តិ​ជូន​រដ្ឋសភា ស្ថានទូត​ចិន ប្រចាំ​កម្ពុជា និង​ស្ថាប័ន​ពាក់ព័ន្ធ​រាជ​រដ្ឋាភិបាល​ជា​លើក​ទី​៣ ទាមទារ​ឲ្យ​បញ្ឈប់​គម្រោង​សាងសង់​ទំនប់​សេសាន​ក្រោម​២ ដោយសារ​តែ​មាន​ផល​ប៉ះពាល់​ច្រើន​ទៅ​លើ​ប្រជាពលរដ្ឋ និង​ធនធាន​ធម្មជាតិ​ក្នុង​ទន្លេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។