ប្រជាពលរដ្ឋប្រមាណ ២៥គ្រួសារ រស់នៅភូមិក្បាលរមាស ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង យល់ព្រមទទួលយកគោលនយោបាយសំណងពីក្រុមហ៊ុនសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោមពីរ បន្ទាប់ពីតវ៉ាអស់រយៈពេលពីរថ្ងៃ ខណៈអនុគណៈកម្មការដោះស្រាយសំណងផលប៉ះពាល់ប្រជាពលរដ្ឋចុះធ្វើបញ្ជីទទួលសំណងរបស់ពលរដ្ឋ។
ប្រជាពលរដ្ឋភូមិក្បាលរមាស ប្រមាណ ២៥គ្រួសារបន្ថែមទៀត បានផ្តិតមេដៃទទួលសំណងផលប៉ះពាល់ដោយសារគម្រោងសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោមពីរ ដើម្បីរុះរើលំនៅឋានចេញទៅតំបន់តាំងទីលំនៅថ្មី។
អនុគណៈកម្មការដោះស្រាយសំណងផលប៉ះពាល់ស្ដីពីការសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោមពីរ នៃអាជ្ញាធរខេត្តស្ទឹងត្រែង កាលពីថ្ងៃទី៣ ខែមីនា បានចុះទៅធ្វើបញ្ជីទទួលគោលនយោបាយសំណងផលប៉ះពាល់ប្រជាពលរដ្ឋ បន្ទាប់ពីអ្នកភូមិទទួលយកគោលនយោបាយអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ក៏ប៉ុន្តែអ្នកភូមិជាង ២៥គ្រួសារតវ៉ាមិនយល់ព្រមផ្ដិតមេដៃលើឯកសារទទួលសំណងនោះទេ ដោយសារតែអ្នកភូមិមិនយល់ស្របទៅនឹងគោលការណ៍មួយចំនួនពាក់ព័ន្ធការផ្ដល់សំណងនោះ។
នៅព្រឹកថ្ងៃទី៤ ខែមីនា អ្នកតវ៉ាបានជួបជុំគ្នាជាថ្មីនៅវត្តក្បាលរមាស ដើម្បីបន្តការទាមទារ ក៏ប៉ុន្តែពួកគេបានយល់ព្រមវិញបន្ទាប់ពីមន្ត្រីអាជ្ញាធរ និងតំណាងក្រុមហ៊ុនព្យាយាមពន្យល់ពួកគាត់ពីភាពមិនត្រឹមត្រូវនៃការតវ៉ាផ្ទុយគោលការណ៍ផ្ដល់សំណងដែលបានកំណត់។
អ្នកតវ៉ាមួយចំនួនទាមទារឲ្យក្រុមហ៊ុនផ្ដល់សំណងបន្ថែមសម្រាប់ការបំបែកគ្រួសារក្នុងបញ្ជីអ្នកមានឈ្មោះទទួលសំណង។ អ្នកបំបែកសមាជិកគ្រួសារតវ៉ាទាមទារសំណងមានចំនួនស្មើ និងគ្រួសារដែលបានចុះបញ្ជីទទួលស្គាល់របស់គណៈកម្មការផ្ដល់សំណង។ ដោយឡែកអ្នកតវ៉ាខ្លះទៀតមិនបានស្នាក់នៅជាក់លាក់ និងគ្មានឯកសារបញ្ជាក់កម្មសិទ្ធិ ឬការរស់នៅជាក់លាក់នៅមូលដ្ឋានមុនពេលគណៈកម្មការដោះស្រាយសំណងចុះស្រង់ស្ថិតិប្រជាពលរដ្ឋរងផលប៉ះពាល់ពិតប្រាកដក៏ទាមទារគោលការណ៍ផ្ដល់សំណងដូចគ្នាដែរ៖ «ដប់ឆ្នាំបានខ្ញុំឲ្យកូនប្រសាខ្ញុំចេញ មិនឲ្យខ្ញុំខឹងយ៉ាងម៉េច បើមិនបានខ្ញុំសុខចិត្តស្លាប់»។
របាយការណ៍ប្រជាពលរដ្ឋភូមិក្បាលរមាស ជាង ១៤០គ្រួសារ ដែលបានចុះបញ្ជីទទួលស្គាល់ថា ជាប្រជាពលរដ្ឋរងផលប៉ះពាល់។ ក្នុងនោះប្រជាពលរដ្ឋជាង ១០០គ្រួសារ យល់ព្រមទទួលគោលការណ៍ផ្ដល់សំណងពីក្រុមហ៊ុន និងជាង ៤០គ្រួសារទៀតបដិសេធមិនទទួលយកសំណង និងមិនព្រមចាកចេញពីភូមិ។
មេឃុំក្បាលរមាស លោក វឿន សម្បត្តិ បញ្ជាក់ឲ្យដឹងថា ប្រជាពលរដ្ឋជាង ២៥គ្រួសារដែលតវ៉ានេះ គឺជាសមាជិកគ្រួសារដែលបានទទួលយកសំណងផលប៉ះពាល់រួចហើយ ក៏ប៉ុន្តែពួកគេបំបែកគ្រួសារ និងអ្នកខ្លះមិនមានឈ្មោះក្នុងបញ្ជីផ្ដល់សំណង ហេតុនេះគណៈកម្មការផ្ដល់សំណងមិនយល់ព្រមតាមការទាមទារនោះទេ។ លោកបន្តថា ការតវ៉ាបានបញ្ចប់ហើយបន្ទាប់ពីអ្នកតវ៉ាយល់ព្រមទទួលយកគោលនយោបាយផ្ដល់ដីសម្បទានសង្គមកិច្ចពីរហិកតារសម្រាប់អ្នកបំបែកគ្រួសារគ្មានដីបង្កបង្កើនផល៖ «សំណងនេះខ្ញុំឃើញថា សមរម្យហើយ ដីបងប្អូនតិចតួចក៏បាន ៥ហិកតារដែរ។ ផ្ទះបងប្អូនតូចក៏បាន ៨០ម៉ែត្រការ៉េដែរ។ ទន្ទឹមនឹងមានគោលនយោបាយសំណងចិញ្ចឹមមួយឆ្នាំ និងមានរបបពលកម្មអាយុ ១៥ឆ្នាំ»។
ចំណែកតំណាងក្រុមហ៊ុនសាងសង់ទំនប់ លោក អ៊ុំ ប៊ុនរេត ថ្លែងកត់សំគាល់ថា ក្រុមហ៊ុនអនុវត្តគោលការណ៍ផ្ដល់សំណងជាក់លាក់ចំពោះប្រជាពលរដ្ឋបានចុះបញ្ជីអ្នករងផលប៉ះពាល់ជាក់ស្ដែង ដែលមន្ត្រីមូលដ្ឋាន និងគណៈកម្មការដោះស្រាយផលប៉ះពាល់បានចុះស្រង់ស្ថិតិរួចហើយ។ លោកថា ប្រជាពលរដ្ឋភាគច្រើនបានយល់ព្រមទទួលយកគោលនយោបាយសំណងរួចហើយ។ រីឯប្រជាពលរដ្ឋមួយចំនួនដែលមិនព្រមទទួលសំណងក្រុមហ៊ុន រួមទាំងគណៈកម្មការដោះស្រាយសំណងនឹងបន្តផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋឲ្យស្ម័គ្រចិត្តចូលរួមការអភិវឌ្ឍវិស័យអគ្គិសនីនេះ៖ «យើងចុះផ្សព្វផ្សាយបន្ថែម យើងព្យាយាមជួបគាត់ផ្ទាល់ យើងស្ដាប់សំណូមពរគាត់។ ប៉ុន្តែបញ្ហាប្រឈមរបស់យើង គឺគាត់អត់មកចូលរួមការផ្សព្វផ្សាយ»។
ទាក់ទិនការតវ៉ានេះដែរ អតីតមន្ត្រីសម្របសម្រួលអង្គការទន្លេបី លោក មៀច មាន ថ្លែងបញ្ជាក់ថា បាតុភាពដែលកើតឡើងនេះដោយសារតែអ្នកភូមិមិនមានព័ត៌មានជាក់លាក់។ លោកអំពាវនាវសុំឲ្យគណៈកម្មការដោះស្រាយផលប៉ះពាល់ធ្វើបច្ចុប្បន្នភាពព័ត៌មានទាក់ទិនសំណងផលប៉ះពាល់ប្រជាពលរដ្ឋ ចៀសវាងការយល់ច្រឡំ៖ «មានតែការសិក្សា និងពិភាក្សាគ្នាឡើងវិញបានចៀសផុតពីទំនាស់និងខុសឆ្គង»។
តាមការគ្រោងទុក ទំនប់វារីអគ្គិសនីសេសានក្រោមពីរ និងបញ្ចប់ការសាងសង់នៅឆ្នាំ២០១៧។
រហូតពេលនេះ ប្រជាពលរដ្ឋនៅភូមិភ្លុក និងភូមិស្រែស្រណុក មួយរយភាគរយទទួលយកសំណង។ចំណែកប្រជាពលរដ្ឋបីភូមិ រួមមាន ស្រែគរ១ និងស្រែគរ២ ប្រមាណ ៥០ភាគរយទៀតមិនទាន់សម្រេចចិត្តជាក់លាក់ទទួលសំណងផលប៉ះពាល់ និងប្រជាពលរដ្ឋនៅភូមិក្បាលរមាស ជាង ៣០ភាគរយទៀតបដិសេធមិនទទួលសំណង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
