ពលរដ្ឋ​ប៉ះពាល់​ដោយសារ​ទំនប់​វារីអគ្គិសនី​សេសានក្រោម​២​ឡើង​មក​តវ៉ា

តំណាង​ប្រជាពលរដ្ឋ​រង​ផល​ប៉ះពាល់​ដោយ​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ ក្នុង​ខេត្ត​ស្ទឹងត្រែង បាន​នាំ​គ្នា​យក​ញត្តិ​ឡើង​មក​តវ៉ា​នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៣ កុម្ភៈ នេះ ដើម្បី​ទាមទារ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ដោះស្រាយ​សំណង​ចំពោះ​ផល​ប៉ះពាល់​ពី​ទំនប់​វារីអគ្គិសនី​ក្នុង​មូលដ្ឋាន​គាត់។

កញ្ញា ណែន សុគិត តំណាង​ប្រជាពលរដ្ឋ​រង​ផល​ប៉ះពាល់ ឲ្យ​ដឹង​ថា ការ​ទាមទារ​នោះ គឺ​សុំ​ឲ្យ​រដ្ឋាភិបាល និង​ស្ថានទូត​ចិន រួម​ទាំង​ក្រុមហ៊ុន​សាងសង់​ទំនប់​វារីអគ្គិសនី​នេះ ជួយ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​បង្កើត​វេទិកា​សាធារណៈ ឲ្យ​ប្រជាពលរដ្ឋ​ចូល​រួម​ពិភាក្សា​ស្ដីពី​ការ​ផ្តល់​សំណង​ផល​ប៉ះពាល់​ឲ្យ​ពួក​គាត់​ឲ្យ​បាន​ត្រឹមត្រូវ។ កញ្ញា ណែន សុគិត បញ្ជាក់​ថា រដ្ឋាភិបាល និង​ក្រុមហ៊ុន​បាន​ចេញ​គោលការណ៍​កំណត់​តម្លៃ​នៃ​សំណង​នៃ​ផល​ប៉ះពាល់ ដោយ​មិន​បាន​ផ្តល់​ព័ត៌មាន​ដល់​ប្រជាពលរដ្ឋ​ពុំ​មាន​កិច្ច​ពិគ្រោះ​យោបល់ ដើម្បី​ឲ្យ​មាន​ការ​ព្រមព្រៀង​គ្នា​ជា​មុន​នោះ​ទេ។

កញ្ញា​បន្ត​ថា ការ​អនុវត្ត​នេះ​ធ្វើ​ឡើង​ផ្ទុយ​ពី​នីតិវិធី ឬ​យន្តការ​ដោះស្រាយ​ផល​ប៉ះពាល់​ដែល​អាជ្ញាធរ​រដ្ឋាភិបាល​បាន​ផ្សព្វផ្សាយ​កន្លង​មក៖ «នៅ​ក្នុង​យន្តការ​ដោះស្រាយ​ផល​ប៉ះពាល់ គេ​រៀប​ចំ​តាំង​ពី​ចុះ​សម្ភាស​ប្រជាជន ចុះ​ស្រង់​ដំណាំ​ស្រង់​អី​របស់​ប្រជាជន ប៉ុន្តែ​ដល់​ពេល​ជាក់ស្តែង គេ​អត់​មាន​ធ្វើ​អ៊ីចឹង​ផង ស្រាប់​តែ​ចេញ​គោល​នយោបាយ​ដោះស្រាយ​តែ​ម្តង»

ក្រុម​អ្នក​តវ៉ា​ឲ្យ​ដឹង​ថា គោល​នយោបាយ​ផ្តល់​សំណង​ថ្លៃ​ផល​ប៉ះពាល់​នោះ ចេញ​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មករា ដោយ​កំណត់​សង​លើ​ដំណាំ​ហូប​ផ្លែ​មួយ​ដើម​ចាប់​ពី ២០ ទៅ ៣០​ដុល្លារ ផ្ទះ​ប្រភេទ​លេខ​មួយ មួយ​ម៉ែត្រ​ការ៉េ ៧០​ដុល្លារ ប្រភេទ​លេខ​ពីរ ៥០ ផ្តល់​ដី ៥​ហិកតារ​ក្នុង​មួយ​គ្រួសារ តែ​ពុំ​ទាន់​បញ្ជាក់​ទីតាំង​ច្បាស់​លាស់​នោះ​ទេ។ ប្រជាពលរដ្ឋ​បញ្ជាក់​ថា សំណង​ទាំង​នេះ គឺ​ផ្ទុយ​ពី​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ និង​ទាមទារ​ឲ្យ​មាន​ការ​ពិភាក្សា​ផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋ​ឡើង​វិញ។

វិទ្យុ​អាស៊ីសេរី ពុំ​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ពី​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល និង​ប្រធាន​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដែល​ជា​ភាគី​មួយ​នៃ​គម្រោង​នេះ ដោយ​លោក​ឆ្លើយ​ថា​ជាប់​រវល់។

តំណាង​ប្រជាពលរដ្ឋ​ទាំង​នោះ​បាន​ដាក់​ញត្តិ​តាម​ក្រសួង​ពាក់ព័ន្ធ​មួយ​ចំនួន ដូច​ជា ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួង​បរិស្ថាន ក្រសួង​រ៉ែ និង​ថាមពល ព្រឹទ្ធសភា រដ្ឋសភា រួម​ទាំង​ដាក់​ញត្តិ​នោះ​នៅ​ស្ថានទូត​ចិន ទៀត ព្រោះ​ក្រុមហ៊ុន​វិនិយោគ​វារីអគ្គិសនី​ជា​ក្រុមហ៊ុន​មក​ពី​ប្រទេស​ចិន។

មន្ត្រី​សម្រប​សម្រួល​ទន្លេ​បី លោក មៀច មាន ឲ្យ​ដឹង​ថា មក​ទល់​ពេល​នេះ ប្រជាពលរដ្ឋ ១២​គ្រួសារ​ហើយ​ដែល​ត្រូវ​ជម្លៀស​ចេញ​ពី​ភូមិ តែ​មិន​បាន​ទទួល​សំណង​ត្រឹមត្រូវ​ទេ នៅ​ពេល​ក្រុមហ៊ុន​បាន​ចាប់​ផ្ដើម​សាងសង់​ទំនប់​នោះ។ លោក​បន្ត​ថា នេះ​មិន​មែន​លើក​ទី​១​ទេ​ដែល​តំណាង​ប្រជាពលរដ្ឋ​ឡើង​មក​តវ៉ា​នៅ​ភ្នំពេញ គឺ​ពួក​គាត់​បាន​ឡើង​មក​តវ៉ា​ច្រើន​ដង​ហើយ តែ​មិន​មាន​ដំណោះស្រាយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។