ភ្ញៀវ​ទេសចរ​រិះគន់​ពី​ការ​បង្ហូរ​ទឹក​ស្អុយ​និង​កាក​សំណល់​ចូល​ក្នុង​សមុទ្រ​នៅ​ខេត្ត​ព្រះសីហនុ

0:00 / 0:00

ភ្ញៀវ​ទេសចរ​ជាតិ​អន្តរជាតិ បាន​រិះគន់​ថ្នាក់​ដឹក​នាំ​ខេត្ត​ព្រះសីហនុ និង​មន្ត្រី​នៅ​តាម​មន្ទីរ ឬ​ស្ថាប័ន​ពាក់ព័ន្ធ​ខេត្ត​នេះ ដែល​គ្មាន​សមត្ថភាព​ទប់ស្កាត់ ឬ​គ្រប់គ្រង​ការ​បង្ហូរ​ទឹក​ស្អុយ និង​កាក​សំណល់​កខ្វក់​ចូល​ទៅ​ក្នុង​ទឹក​សមុទ្រ នាំ​ឲ្យ​ទឹក​សមុទ្រ​គ្មាន​អនាម័យ និង​បាត់​បង់​សោភ័ណភាព​ឆ្នេរ។

ឆ្លើយ​តប​បញ្ហា​នេះ អភិបាល​ខេត្ត​ព្រះសីហនុ លោក ឈិត សុខុន អះអាង​ថា នឹង​ពិនិត្យ និង​មាន​វិធានការ​ចំពោះ​សកម្មភាព​បង្ហូរ​ទឹក​ស្អុយ​ចូល​សមុទ្រ​ឲ្យ​បាន​ប្រសើរ​នា​ថ្ងៃ​អនាគត។

ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក និង​បរទេស ខ្ពើម​រអើម​ចំពោះ​ក្លិន​ស្អុយ​អសោច​ដែល​ភាយ​ចេញ​ពី​លូ​បង្ហូរ​ទឹក​ស្អុយ និង​កាក​សំណល់​សំរាម​ចូល​ទៅ​ក្នុង​ទឹក​សមុទ្រ នា​ខេត្ត​ព្រះសីហនុ។ ភ្ញៀវ​ទេសចរ​បរទេស​មក​ពី​សហរដ្ឋ​អាមេរិក និង​បារាំង ដែល​ចូល​ទៅ​កម្សាន្ត​ម្តងម្កាល​នៅ​តាម​ឆ្នេរ​មួយ​ចំនួន នា​ខេត្ត​ព្រះសីហនុ ក៏​បាន​រិះគន់​អនាម័យ​ឆ្នេរ​នៃ​ខេត្ត​ទេសចរណ៍​មួយ​នេះ ថា​គ្មាន​អនាម័យ។ ជាង​នេះ​ទៀត មាន​ភ្ញៀវ​ទេសចរ​ខ្លះ បាន​ក្អួត​ចង្អោរ​កាល​បើ​ចុះ​ងូត​ទឹក​សមុទ្រ ហើយ​ឃើញ​ទឹក​សមុទ្រ​ពោរពេញ​ទៅ​ដោយ​កាក​សំណល់​សំរាម ឬ​ថង់​ប្លាស្ទិក និង​មាន​ក្លិន​ស្អុយ​ដូច​លាមក​អណ្ដែត​នៅ​លើ​ទឹក​សមុទ្រ​តាម​ឆ្នេរ​ខេត្ត​ព្រះសីហនុ។

កាល​ពី​ថ្ងៃ​ទី​២៧ ខែ​តុលា ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​មួយ​ក្រុម​មាន​គ្នា​ជិត ២០​នាក់ ដែល​បាន​ជួល​ទូក​ទេសចរណ៍​ជិះ​កម្សាន្ត និង​ចុះ​ងូត​ទឹក​តាម​ឆ្នេរ​ជ័យជម្នះ ឆ្នេរ​ហាវ៉ៃ និង​ឆ្នេរ​អូរឈើទាល បាន​និយាយ​ប្រាប់​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី ថា អាជ្ញាធរ​ពាក់ព័ន្ធ​ខេត្ត​ព្រះសីហនុ គ្រប់គ្រង​កាក​សំណល់ និង​ការ​បង្ហូរ​ទឹក​ស្អុយ​ចូល​សមុទ្រ​មិន​ទាន់​បាន​ត្រឹមត្រូវ​ទេ។

តាម​រយៈ​វិទ្យុ​អាស៊ីសេរី ភ្ញៀវ​ទេសចរ​ទាំង​នោះ​បាន​ស្នើ​ដល់​លោក​អភិបាល​ខេត្ត​ព្រះសីហនុ និង​មន្ត្រី​នៅ​តាម​មន្ទីរ​ពាក់ព័ន្ធ​នានា មាន​មន្ត្រី​មន្ទីរ​ទេសចរណ៍ ឬ​មន្ទីរ​បរិស្ថាន​ជាដើម គួរ​ចុះ​ត្រួត​ពិនិត្យ​តាម​ឆ្នេរ និង​មាន​វិធានការ​ចំពោះ​ការ​បង្ហូរ​ទឹក​ស្អុយ ឬ​កាក​សំណល់​ចូល​សមុទ្រ​ឲ្យ​ត្រឹមត្រូវ។

ភ្ញៀវ​ទេសចរ​ទាំង​ជាតិ និង​បរទេស​ភាគ​ច្រើន ដែល​ចូល​មក​ទស្សនា​តាម​ឆ្នេរ​ខេត្ត​ព្រះសីហនុ បង្ហាញ​អារម្មណ៍​ខក​ចិត្ត​កាល​បើ​ចុះ​ងូត​ទឹក​សមុទ្រ ហើយ​ឃើញ​ទឹក​សមុទ្រ​ពោរពេញ​ទៅ​ដោយ​សំណល់​ថង់​ប្លាស្ទិក ឬ​សំរាម​ផ្សេងៗ និង​ទឹក​មាន​ក្លិន​ស្អុយ​អសោច បាន​រសាត់​ប៉ះ​រាង​កាយ និង​អារម្មណ៍​ពួក​គេ។

ងាក​មក​ប្រជាពលរដ្ឋ និង​មន្ត្រី​រាជការ​ថ្នាក់​ក្រោម​មួយ​ចំនួន​រស់នៅ​ខេត្ត​ព្រះសីហនុ ក៏​បាន​អះអាង​ថា ពិត​ជា​មាន​ករណី​បង្ហូរ​ទឹក​ស្អុយ​តាម​លូ និង​កាក​សំណល់​ចូល​សមុទ្រ​ពិត​មែន ពិសេស​ឆ្នេរ​អូរឈើទាល គឺ​មាន​លូ​បង្ហូរ​ទឹក​ស្អុយ​ដ៏​ធំ​មួយ​ចូល​ទៅ​ក្នុង​សមុទ្រ ដោយ​មិន​បាន​ឆ្លង​កាត់​អាង​ចម្រោះ​ទឹក​ស្អាត​ទេ។ ក្រៅ​ពី​នេះ ក៏​មាន​ករណី​ម្ចាស់​ផ្ទះ​សំណាក់ សណ្ឋាគារ និង​ភោជនីយដ្ឋាន​ខ្លះ​ទៀត​ដែល​មាន​ទីតាំង​នៅ​ជាប់​ឆ្នេរ​សមុទ្រ បាន​ស្ថាបនា​លូ​បង្កប់​ក្រោម​ដី​ដើម្បី​បង្ហូរ​កាក​សំណល់ និង​ទឹក​កខ្វក់​ចូល​ទៅ​ក្នុង​សមុទ្រ ដើម្បី​បំភ័ន្ត​ភ្នែក​អាជ្ញាធរ​ថែម​ទៀត៖ «ទឹក​ស្អុយ​ទឹក​បង្ហូរ​ចេញ​ពី​តាម​ផ្ទះ​សំណាក់​សណ្ឋាគារ។ បង្ហូរ​ហ្នឹង​យូរ​ហើយ ២​ឆ្នាំ​មក​ហើយ។ តំបន់​នេះ​គេ​ហៅ​តា​ចុង​អូរឈើទាល។ បង្ហូរ​ចុះ​ពី​ជិត​ដើម​ដូង​ហ្នឹង​ចូល​មក​ក្នុង​សមុទ្រ​វិញ។ ចឹង​ហើយ​ទឹក​ស្អុយ​មាំ​ណាស់​ពេល​ដែល​អត់​មាន​ភ្លៀង គឺ​ធុំ​ក្លិន​ដូច​លាមក​សុទ្ធ។ សំណួរ៖ ទឹក​ហ្នឹង​ហូរ​មក​ពី​ណា​ខ្លះ? ទឹក​ហ្នឹង​និយាយ​ឲ្យ​ចំ​ហូរ​ពី​ផ្ទះ​សំណាក់​ពី​លើ​តាម​ប្រព័ន្ធ​លូ​ចាក់​មក​ហ្នឹង​តែ​ម្តង។ ដី​បើ​មើល​ទៅ​ដី​ចំហុង​មក។ ទឹក​នេះ គឺ​ហូរ​ចេញ​ពី​ផ្ទះ ផ្ទះ​សំណាក់ និង​សណ្ឋាគារ ជាដើម។ ខ្ញុំ​ស្នើ​ដល់​ថ្នាក់​ដឹក​នាំ​បង្ហូរ​ទឹក​ស្អុយ​ហ្នឹង​ទៅ​កន្លែង​ផ្សេង កុំ​បង្ហូរ​ចូល​សមុទ្រ ព្រោះ​មិន​ល្អ​ទេ គ្មាន​អនាម័យ និង​មាន​ក្លិន​ស្អុយ​ណាស់។ ត្រូវ​បង្ហូរ​ចូល​ទៅ​ក្នុង​អាង​ចម្រោះ ឬ​ទៅ​កាន់​កន្លែង​ផ្សេងៗ»

ខេត្ត​ព្រះសីហនុ ដែល​មាន​សក្ដានុពល​ទេសចរណ៍ និង​មាន​ឆ្នេរ​សមុទ្រ​ដ៏​ស្រស់​ស្អាត ត្រូវ​បាន​ប្រសិទ្ធិនាម​ថា​ជា តារា​រះ​នា​ទិស​និរតី។

ទាក់ទិន​បញ្ហា​នេះ លោក នូ សុផល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ បាន​បញ្ជាក់​ក្នុង​របាយការណ៍​ទិសដៅ​អនុវត្តន៍​សកម្មភាព​ការងារ និង​ទិសដៅ​អភិវឌ្ឍន៍​ទេសចរណ៍ ខេត្ត​ព្រះសីហនុ ឆ្នាំ​២០១៤-២០១៥ ថា ខេត្ត​នេះ​មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍ មាន​ដូចជា ម្ចាស់​អាជីវកម្ម​សេវាកម្ម​ទេសចរណ៍​ខ្លះ​មិន​បាន​ចូលរួម​អនុវត្ត​ច្បាប់​ស្ដីពី​ទេសចរណ៍ តាម​ការ​ណែនាំ​របស់​មន្ទីរ​នានា​ទេ។ បញ្ហា​ភ្ញៀវ​ទេសចរ ប្រតិបត្តិករ​ទេសចរណ៍ និង​ប្រជាពលរដ្ឋ មិន​ទាន់​ចូលរួម​ក្នុង​ការ​ថែ​រក្សា​បរិស្ថាន ឬ​ការ​ទុក​ដាក់​សំរាម​ក្នុង​ធុង​សំរាម និង​ការ​បូម​ទឹក​កខ្វក់​ចូល​ទៅ​ក្នុង​សមុទ្រ បាន​ធ្វើ​ឲ្យ​បាត់​បង់​សោភ័ណភាព និង​គ្មាន​សណ្ដាប់ធ្នាប់​នៅ​តាម​ឆ្នេរ​ខេត្ត​ព្រះសីហនុ។

ជាង​នេះ លោក នូ សុផល បាន​សង្កត់​ធ្ងន់​ថា បញ្ហា​ចោល​សំណល់​រឹង​រាវ និង​ថង់​ប្លាស្ទិក​ចូល​ទៅ​ក្នុង​សមុទ្រ​នៅ​តែ​ជា​កង្វល់​សម្រាប់​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍ និង​បរិស្ថាន​នា​ខេត្ត​ព្រះសីហនុ។

យ៉ាង​ណា​ក៏ដោយ លោក ឈិត សុខុន អភិបាល​ខេត្ត​ព្រះសីហនុ ថ្លែង​អះអាង​ថា នឹង​ជំរុញ​ឲ្យ​មន្ត្រី​នៅ​តាម​ស្ថាប័ន​ពាក់ព័ន្ធ​ខេត្ត​ព្រះសីហនុ ចុះ​ពិនិត្យ​ការ​បង្ហូរ​ទឹក​ស្អុយ និង​កាក​សំណល់​ផ្សេងៗ​ចូល​ទៅ​ក្នុង​សមុទ្រ ដើម្បី​រក្សា​អនាម័យ និង​សោភ័ណភាព​ឆ្នេរ​សមុទ្រ​ខេត្ត​ព្រះសីហនុ ឲ្យ​បាន​ឆាប់​បំផុត។ លោក​ថា ករណី​បង្ហូរ​ទឹក​ស្អុយ​នេះ លោក​ធ្លាប់​បាន​បង្កើត​ឲ្យ​មាន​អាង​សម្រាប់​ស្តុក​ទឹក​កខ្វក់​មួយ​កន្លែង សម្រាប់​បូម​ទឹក​ស្អុយ​ចេញ​ពី​តំបន់​នានា​ចូល​ទៅ​ក្នុង​អាង​ចម្រោះ​ទឹក​ស្អាត មុន​នឹង​បង្ហូរ​ចូល​ទៅ​ក្នុង​សមុទ្រ។ ប៉ុន្តែ​លោក​ថា នឹង​ចាត់​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ ចុះ​អនុវត្ត ឬ​មាន​វិធានការ​ចំពោះ​បញ្ហា​បង្ហូរ​ទឹក​កខ្វក់​នេះ​ឲ្យ​បាន​ត្រឹមត្រូវ​នា​ថ្ងៃ​អនាគត៖ «អា​ហ្នឹង​ហូរ​ចេញ​ពី​កន្លែង​ណា ឬ​ចេញ​ប្រភព​ណា យើង​រក​មើល​ផ្ទះ​ណា​ហ្នឹង យើង​ឲ្យ​គាត់​បូម​ទៅ​ចាក់​នៅ​ក្នុង​អាង​ចម្រោះ។ ហូរ​នៅ​កន្លែង​ណា​ចាំ​មើល​ខ្ញុំ​ឲ្យ​បរិស្ថាន​ទៅ​មើល​ថែម​ទៀត​មើល។ ព្រោះ​កាល​ពី​នៅ​ពេល​សែន​បុណ្យ​ភ្ជុំ​កន្លង​ទៅ យើង​បាន​ឲ្យ​ផ្ទះ​សំណាក់​ទាំងអស់​ហ្នឹង​នាំ​គ្នា​បូម ហើយ​ឥឡូវ​ហ្នឹង​បើ​សិន​ជា​អាង​ហ្នឹង​មាន​បញ្ហា​យ៉ាង​ម៉េច​អី​ម៉េច ចាំ​ឲ្យ​ខាង​បរិស្ថាន​ពិនិត្យ​មើល»

បញ្ហា​នេះ​ដែរ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ បាន​ដឹក​នាំ​មន្ត្រី​ពាក់ព័ន្ធ​ខេត្ត​ព្រះសីហនុ បើក​យុទ្ធនាការ​បំផុស​ឲ្យ​ប្រជាពលរដ្ឋ និង​អាជីវករ ចូលរួម​រក្សា​អនាម័យ​ឆ្នេរ​ឲ្យ​បាន​គ្រប់​គ្នា ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ចូល​ទស្សនា​កាន់​តែ​ច្រើន​នា​ថ្ងៃ​អនាគត។ យុទ្ធនាការ​នេះ ធ្វើ​ឡើង​នៅ​លើ​កោះ​រ៉ុង កាល​ពី​ថ្ងៃ​ទី​១៤ ខែ​តុលា ឆ្នាំ​២០១៤។

ឆ្នេរ​សមុទ្រ​ប្រទេស​កម្ពុជា សរុប​មាន​ប្រវែង ៤៤០​គីឡូ​ម៉ែត្រ។ ខេត្ត​មាន​មូលដ្ឋាន​ជាប់​ឆ្នេរ​សមុទ្រ​រួម​មាន ខេត្ត​កោះកុង ខេត្ត​ព្រះសីហនុ ខេត្ត​កំពត និង​ខេត្ត​កែប។ ខេត្ត​ទាំង ៤​នេះ ត្រូវ​បាន​បញ្ចូល​ជា​សមាជិក​ពេញ​សិទ្ធិ​របស់​ក្លឹប​ឆ្នេរ​សមុទ្រ​ស្អាត​បំផុត​លើ​សកលលោក កាល​ពី​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ​២០១១ នៅ​ប្រទេស​សេណេហ្គាល់ (Senegal)៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។