ប្រជាពលរដ្ឋមកពីច្រើនកន្លែងជិត ៣០០នាក់ ដែលប្រមូលគ្នាចូលទៅកាប់កូនឈើ ដើម្បីទន្ទ្រានយកដីកាន់កាប់ក្នុងចម្ការទ្រនាប់ឧទ្យានជាតិភ្នំគូលែន នាឃុំត្បែង ស្រុកបន្ទាយស្រី បានដកថយឈប់បិទផ្លូវធ្វើឲ្យកកស្ទះភ្ញៀវទេសចរ ឡើងទស្សនាភ្នំគូលែន ទៀតហើយ នៅថ្ងៃអង្គារ ទី៦ ខែមករា។
ក៏ប៉ុន្តែ កម្លាំងសមត្ថកិច្ចចម្រុះមានប៉ូលិស ប៉េអិម និងទាហានប្រដាប់ដោយអាវុធផង នៅតែបង្កើនការប្រុងប្រយ័ត្ន ដោយមិនទាន់ដកថយចេញពីតំបន់ធ្លាប់ប្រឈមមុខដាក់គ្នានៅឡើយទេ ពីព្រោះគេយល់ថា ក្រុមប្រជាពលរដ្ឋដែលចូលទៅចាប់យកដីខុសច្បាប់ទាំងនោះ អាចនឹងបន្តសកម្មភាពតទៅទៀត។
អាជ្ញាធរខេត្តសៀមរាប កំពុងបញ្ជាឲ្យសមត្ថកិច្ចជំនាញ តាមវែករកមុខមេខ្លោងនៅពីក្រោយខ្នងរបស់ប្រជាពលរដ្ឋជាច្រើនរយនាក់ ដែលនាំគ្នាចូលទៅកាប់ឆ្ការព្រៃក្នុងចម្ការឈើ នៃទ្រនាប់ឧទ្យានជាតិភ្នំគូលែន ដើម្បីចាប់យកដីខុសច្បាប់នោះ។
ចំណាត់ការរបស់អាជ្ញាធរ បានធ្វើឡើងបន្ទាប់ពីកម្លាំងចម្រុះរបស់រដ្ឋាភិបាលជាង ២០០នាក់ ចុះទប់ស្កាត់សកម្មភាពនោះ ក៏ប៉ុន្តែបែរជាត្រូវក្រុមប្រជាពលរដ្ឋច្រើនរយនាក់ប្រដាប់ដោយកាំបិត និងខ្វែវ លើកគ្នាមកប្រឆាំង ព្រមទាំងធ្វើសកម្មភាពតវ៉ាបិទផ្លូវមិនឲ្យអ្នកទេសចរចេញចូលទៅភ្នំគូលែន បានផង។
អភិបាលរងខេត្តសៀមរាប គឺលោក ប៊ុន ថាឬទ្ធិ។ លោកមានប្រសាសន៍កាលពីរសៀលថ្ងៃអង្គារ ទី៦ ខែមករា ថា អាជ្ញាធរជឿជាក់ថាសកម្មភាពរបស់ក្រុមប្រជាពលរដ្ឋ ដែលចូលទៅកាប់បំផ្លាញកូនឈើ និងកាន់កាប់ដីរដ្ឋខុសច្បាប់ទាំងនោះ អាចមានមេខ្លោងបញ្ជានៅពីក្រោយខ្នង។ លោក ប៊ុន ថាឬទ្ធិ អំពាវនាវឲ្យប្រជាពលរដ្ឋដែលចូលរុករានដីក្នុងតំបន់ឧទ្យានជាតិទាំងនោះ ត្រូវបញ្ឈប់សកម្មភាពខុសច្បាប់ ហើយបើខ្វះខាតដីធ្លី គឺត្រូវរៀបចំឯកសារស្នើសុំដីសម្បទានសង្គមកិច្ចឲ្យបានត្រឹមត្រូវ៖ «ដីដែលគាត់មកទន្ទ្រានយក គឺជាដីដាំកូនឈើរបស់ប្រជាពលរដ្ឋ មកបំផ្លាញសមិទ្ធផលដែលយើងប្រឹងប្រែងចំណាយអស់ថវិការាប់ពាន់លានរៀល។ ពួកនេះហាក់ដូចជាមានមេខ្លោងនៅពីក្រោយខ្នង»។
កាលពីថ្ងៃអង្គារ ទី៦ ខែមករា កម្លាំងសមត្ថកិច្ចចម្រុះ បានចាប់ខ្លួនស្ត្រីម្នាក់ឈ្មោះ តាំង ឡា និងបុរសម្នាក់ឈ្មោះ ឈន ណាត ដែលជាក្រុមពាក់ព័ន្ធនឹងការចូលទៅកាប់ព្រៃ ដើម្បីយកដីរដ្ឋនោះ។ បន្ទាប់ពីការចាប់ខ្លួនអ្នកទាំងពីរនាក់មក ក្រុមប្រជាពលរដ្ឋជិត ៣០០នាក់ ប្រដាប់ដោយកាំបិតខ្វែវ និងផ្គាក់ក្នុងដៃ បានលើកគ្នាតវ៉ាយ៉ាងខ្លាំងក្លា ព្រមទាំងបិទផ្លូវទៅភ្នំគូលែន មិនឲ្យចេញចូល បណ្ដាលឲ្យរថយន្តដឹកភ្ញៀវទេសចរជាច្រើនគ្រឿង ត្រូវកកស្ទះរយៈពេលប្រហែល ៣ម៉ោង។ ក្នុងពេលបិទផ្លូវតវ៉ានោះ កម្លាំងសមត្ថកិច្ចចម្រុះ មានប៉ូលិស ប៉េអិម និងទាហាន ដែលមានអាវុធក្នុងដៃត្រៀមជាស្រេច បានប្រឈមមុខដាក់គ្នាយ៉ាងតឹងតែងជាមួយក្រុមប្រជាពលរដ្ឋដែលមានខ្វែវ និងផ្គាក់ក្នុងដៃ ដែលស្រែកទាមទារឲ្យដោះលែងពួកគេ ពីរនាក់ទាំងកំហឹងនោះ។
ការប្រឈមមុខដាក់គ្នាដ៏តានតឹង បានកើតឡើងបន្ទាប់ពីអាជ្ញាធរ បានចុះបង្ក្រាបសកម្មភាពកាប់ព្រៃដើម្បីយកដីនៅក្នុងតំបន់ទ្រនាប់ឧទ្យានជាតិភ្នំគូលែន នាតំបន់ចំបក់បីដើម កាលពីថ្ងៃទី៤ ខែមករា កន្លងទៅ។
ក្រុមអង្គការសិទ្ធិមនុស្សក្រៅរដ្ឋាភិបាល សម្ដែងការព្រួយបារម្ភខ្លាចក្រែងសមត្ថកិច្ច និងក្រុមប្រជាពលរដ្ឋដែលកំពុងប្រឈមមុខដាក់គ្នានោះ អាចមានការប៉ះទង្គិច និងកើតមានអំពើហិង្សា។
អ្នកសម្របសម្រួលអង្គការសិទ្ធិមនុស្សលីកាដូ (Licadho) ខេត្តសៀមរាប លោក នូ ពុទ្ធិ ដែលចុះទៅពិនិត្យដល់កន្លែងតវ៉ាបញ្ជាក់ថា សកម្មភាពរបស់ក្រុមអ្នកភូមិទាំងនោះមិនមែនតស៊ូមតិដោយស្ងប់ស្ងាត់តាមផ្លូវច្បាប់ទេ។ លោក នូ ពុទ្ធិ ឲ្យដឹងថា នៅព្រឹកថ្ងៃអង្គារ ទី៦ ខែមករា គឺលោកបានទូរស័ព្ទទៅតំណាងអ្នកតវ៉ា ហើយតំណាងនោះបានទទួលស្គាល់ថា ក្រុមពួកគេពិតជាបានធ្វើសកម្មភាពច្រឡោងខាម ដោយសារតែមិនបានរៀបចំប្រជុំអំពីផែនការជាមុន ព្រោះតែព្រួយបារម្ភខ្លាំងពេកចំពោះអ្នកដែលសមត្ថកិច្ចចាប់ខ្លួន៖ «ចំពោះអ្នកដែលឃាត់ខ្លួនទាំងពីរនាក់នេះ លីកាដូ សង្ឃឹមថា អាជ្ញាធរនឹងអនុញ្ញាតឲ្យគាត់វិលត្រឡប់ទៅវិញ ពីព្រោះបើតាមស្ទាបស្ទង់នៅក្នុងមូលដ្ឋាន ដូចជាអ្នកទាំងពីរមិនបានធ្វើឲ្យមានព្យសនកម្មអីធ្ងន់ធ្ងរនៅក្នុងហេតុការណ៍តវ៉ាបិទផ្លូវនោះទេ»។
អង្គការលីកាដូ អំពាវនាវឲ្យអាជ្ញាធរ និងកម្លាំងសមត្ថកិច្ច ត្រូវបន្តការអត់ធ្មត់ឲ្យបានខ្លាំងក្លាចំពោះសកម្មភាពតវ៉ាប្រដាប់ដោយកាំបិតខ្វែវ និងផ្គាក់នោះ ហើយក៏អំពាវនាវឲ្យក្រុមអ្នកតវ៉ា គួរតែដាក់ចិត្ត និងមានជំនួយការមួយ ដែលអាចភ្ជាប់ទំនាក់ទំនងជាមួយអាជ្ញាធរ ដើម្បីចរចាអំពីអ្វីដែលខ្លួនចង់បាន មិនគួរជ្រើសយកការតវ៉ាដែលមិនបង្ហាញឲ្យដឹងពីតម្រូវការច្បាស់លាស់ដូច្នេះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
