វិបត្តិខ្វះទឹកប្រើប្រាស់នៅក្រុងព្រះសីហនុ បានកើតឡើងជាលើកដំបូងក្នុងឆ្នាំនេះ បន្ទាប់ពីតម្រូវការប្រើប្រាស់នៅក្នុងក្រុងមានការកើនឡើងខ្ពស់។
ប្រធាននាយករដ្ឋបាលមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះសីហនុ លោក ទាវ អូន ឲ្យដឹងនៅថ្ងៃទី៤ ខែមេសា ថា អ្នករស់នៅទីប្រជុំជនក្នុងក្រុងព្រះសីហនុ ប្រមាណជាង ១ពាន់គ្រួសារ មានទឹកម៉ាស៊ីនប្រើប្រាស់តិចតួច ឬខ្លះគ្មានតែម្ដង។
លោកបន្តថា អាងស្តុកទឹកតែមួយ គឺនៅព្រែកទប់ សម្រាប់ផ្គត់ផ្គង់ការប្រើប្រាស់ក្នុងក្រុងបានរីងហួតអស់តាំងពីសប្ដាហ៍មុន ជាមូលហេតុធ្វើឲ្យការចែកចាយរបស់រដ្ឋាករទឹកត្រូវអាក់ខានដោយអន្លើ៖ «ចេញតិចៗដែរនៅតាមផ្ទះ មួយម៉ោង កន្លះម៉ោងអីហ្នឹង។ នៅតាមផ្ទះភាគច្រើនមានអណ្ដូង ហើយយើងមានទឹកគេលក់តាមឡានតាមអី»។
លោក ទាវ អូន បានឲ្យដឹងថា មន្ត្រីជំនាញធ្លាប់សិក្សាចង់ស្ដារអាងស្តុកទឹកឲ្យបានជ្រៅដើម្បីងាយស្រួលស្តុកទឹកសាបឲ្យបានច្រើនសម្រាប់ប្រើប្រាស់ ប៉ុន្តែព្រែកនោះមិនអាចស្ដារបានទេ ព្រោះវាអាចធ្វើឲ្យទឹកប្រៃជ្រាបលាយចូលគ្នាបាន។
លោកពន្យល់បន្ថែមអំពីមូលហេតុខ្វះទឹកថា ដោយសារកំណើនតម្រូវការប្រើប្រាស់ច្រើនរបស់ក្រុមហ៊ុនផលិតស្រាបៀដែលមានទីតាំងនៅក្រុង និងការរីកសាយនូវផ្ទះសំណាក់ សណ្ឋាគារ និងភោជនីយដ្ឋាន ក៏ជាមូលហេតុធ្វើឲ្យក្រុងទេសចរណ៍សំខាន់ជាប់មាត់សមុទ្រមួយនេះខ្វះទឹកស្អាតប្រើប្រាស់ដែរ។
លោកបន្តថា ប្រជាពលរដ្ឋដែលរងប៉ះពាល់ខ្លាំងបំផុតដោយសារវិបត្តិទឹកប្រើប្រាស់ ភាគច្រើនជាម្ចាស់អាជីវកម្ម មន្ត្រីរាជការ និងប្រជាពលរដ្ឋនៅក្រុងព្រះសីហនុ ដែលមិនអាចលៃលកជីកអណ្ដូងផ្ទាល់ខ្លួនបាន។
ម្ចាស់ផ្ទះសំណាក់អង្គរ អ៊ីង (Angkor Inn Guest house) អ្នកស្រី ហ៊ុន ស្រីមុំ ឲ្យដឹងថា ផ្ទះសំណាក់របស់គាត់បានបិទទ្វាររយៈពេល ១ខែមកហើយ ដោយសារតែដាច់ភ្លើងញឹក និងខ្វះទឹកប្រើប្រាស់។អ្នកស្រីខាតប្រាក់អស់ជាង ៣ពាន់ដុល្លារក្នុងអំឡុងពេលដែលបិទអាជីវកម្មនេះ៖ «មានទឹកអត់ភ្លើង មានភ្លើងអត់ទឹក។ ទឹកទើបតែដាច់មួយអាទិត្យហ្នឹង យើងរកស៊ីអត់បាន»។
អ្នកស្រីមានបំណងបើកអាជីវកម្មនេះឡើងវិញមុនចូលឆ្នាំខ្មែរ ប្រសិនបើមន្រ្តីរដ្ឋាករទឹកអាចផ្គត់ផ្គង់ទឹកគ្រប់គ្រាន់ដូចពីមុន។
មានផ្ទះសំណាក់ និងសណ្ឋាគារមួយចំនួននៅតែបន្តបើកអាជីវកម្មដដែល ប៉ុន្តែត្រូវទិញទឹកពីក្រុមហ៊ុនឯកជនក្នុងតម្លៃដ៏ខ្ពស់។ ម្ចាស់ផ្ទះសំណាក់នៅជិតឆ្នេរសមុទ្រអូរឈើទាល សុំមិនបញ្ចេញឈ្មោះ ត្អូញត្អែរថា គាត់ត្រូវទិញទឹកស្អាតចំណុះ ១០ម៉ែត្រគូបក្នុងតម្លៃពី ៤០ ទៅ ៥០ដុល្លារ សម្រាប់ផ្គត់ផ្គង់តម្រូវការប្រើប្រាស់របស់អតិថិជនក្នុងមួយថ្ងៃ។
អ្នកភូមិម្នាក់ទៀតនៅសង្កាត់ ៣ កញ្ញា មឿន រដ្ឋកាន ដែលរស់នៅក្បែរអាងស្តុកទឹកព្រែកទប់ ឲ្យដឹងថា ទឹកបានរីងស្ងួត ហើយអ្នកភូមិព្យាយាមជីកជាអន្លង់ៗជាច្រើនកន្លែងក្នុងបាតព្រែកនោះ ដើម្បីយកទឹកខ្លះមកប្រើ។ មានអ្នកភូមិខ្លះ ព្យាយាមតម្រង់ជាជួរៗនៅតាមអណ្ដូងស្នប់ក្នុងសាលារៀននីមួយៗដើម្បីយកទឹកមកប្រើប្រាស់៖ «អ្នកភូមិគាត់កាត់ជាអន្លង់ត្រងឲ្យថ្លាយកមកប្រើប្រាស់»។
អ្នកសម្របសម្រួលអង្គការលីកាដូ ប្រចាំខេត្តព្រះសីហនុ លោក បួន ណារិទ្ធ ឲ្យដឹងថា តម្លៃទឹកស្អាតក្នុងក្រុងបានកើនឡើងពី ១៥ដុល្លារ ដល់ទៅ ៤០ ឬ ៥០ដុល្លារ ក្នុងមួយស៊ីទែន ដែលមានចំណុះពីជាង ២ពាន់លីត្រឡើងទៅ។
លោកបន្តថា អ្នកភូមិខ្លះដែលមានលទ្ធភាពកំពុងជីកអណ្ដូងផ្ទាល់ខ្លួន ដើម្បីបានទឹកប្រើប្រាស់។ រីឯអ្នកភូមិក្រីក្រព្យាយាមដើររកទឹកនៅតាមអូរ ឬព្រែកនៅក្បែរភូមិ ដើម្បីត្រងទឹកទុកប្រើប្រាស់ប្រចាំថ្ងៃ៖ «អ្នកក្រដឹកពីនេះមួយធុងៗ ហើយអ្នកមានលុយទៀតគេទិញទឹកដឹកឡាន»។
មន្ត្រីមន្ទីរធនធានទឹក និងឧតុនិយមឲ្យដឹងថា រដ្ឋាករទឹកសន្យាថា អាចនឹងផ្គត់ផ្គង់ទឹកឲ្យពលរដ្ឋប្រើប្រាស់ឡើងវិញបាននៅចុងសប្ដាហ៍នេះ តែប្រភពទឹកមិនច្បាស់ថា បានមកពីណានោះទេ។
ប្រភពពីពលរដ្ឋបានឲ្យដឹងថា មន្ត្រីរដ្ឋាករទឹកអាចនឹងសហការជាមួយក្រុមហ៊ុនអានកូ ដែលបច្ចុប្បន្នគ្រប់គ្រងអាងស្តុកទឹកមួយកន្លែងនៅតំបន់ក្បាលឆាយ។ ក្រុមហ៊ុនមួយនេះអាចនឹងប្រើកម្លាំងអគ្គិសនីបូមទឹកពីតំបន់ក្បាលឆាយ ដែលមានចម្ងាយជិត ២០គីឡូម៉ែត្រពីក្រុងយកមកចែកចាយឲ្យពលរដ្ឋប្រើប្រាស់។
ក្នុងទីរួមខេត្តព្រះសីហនុ មានប្រជាពលរដ្ឋប្រមាណ ៤ម៉ឺននាក់ ក្នុងនោះមានពលរដ្ឋប្រមាណ ១ម៉ឺននាក់ កំពុងប្រឈមនឹងកង្វះទឹកប្រើប្រាស់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
