បញ្ហាទឹកសមុទ្រឡើងស្លែពណ៌បៃតង និងក្លិនស្អុយនៅឆ្នេរកែប ក្រសួងបរិស្ថាន បន្តណែនាំប្រជាពលរដ្ឋ និងទេសចរទៅលេងនៅទីនោះ ឱ្យបន្តការប្រុងប្រយ័ត្ន និងផ្អាកការចុះលេងទឹកសមុទ្រ។ ទោះជាយ៉ាងនេះក្ដី ទឹកសមុទ្រនៅទីនោះ បានរងថ្លាមករកសភាពស្ទើរតែធម្មតាវិញហើយ នៅថ្ងៃទី៤ ខែមេសា។
អភិបាលរងខេត្តកែប ទទួលបន្ទុកទេសចរណ៍ អ្នកស្រី គង់ ចំរើន ឱ្យដឹងថា អាជ្ញាធរខេត្តនៅតែបន្តចាត់វិធានការការពារពីភាពគ្រោះថ្នាក់ដោយសារតែទឹកសមុទ្រឡើងស្លែនៅឆ្នេរកែបនៅឡើយ រហូតមកដល់ល្ងាចថ្ងៃទី៤ ខែមេសា។
អ្នកស្រីថា អាជ្ញាធរនៅរក្សាដាក់ស្លាកហាមសាធារណជនមិនឱ្យចុះលេងទឹកសមុទ្រនៅឆ្នេរកែប៖ «ប្រហែលជាចុងសប្ដាហ៍នេះ វាអាចប្រែប្រួលទៅលំនាំភាពដើមហើយ តាមការប៉ាន់ស្មាន យើងឃើញការកាត់បន្ថយពីមួយថ្ងៃទៅមួយថ្ងៃ។ យើងមានវិធានការជាបន្តបន្ទាប់ ដើម្បីចៀសវាងការពុល ដែលថា យើងមិនមានលទ្ធផលច្បាស់លាស់ យើងមិនទាន់អនុញ្ញាតឱ្យគាត់លេងកម្សាន្តនៅឡើយទេទឹកហ្នឹង។ ម្ហូបអាហារក៏អ៊ីចឹង យើងរង់ចាំដល់ទាល់តែថា ក្រុមការងារជំនាញហ្នឹងគេថាអាចទៅបាន អាហ្នឹងយើងផ្សព្វផ្សាយជាសាធារណៈជូនប្រជាពលរដ្ឋ»។
នៅថ្ងៃទី៤ ខែមេសា ដដែល ក្រសួងបរិស្ថាន ចេញសេចក្ដីប្រកាសព័ត៌មានដល់សាធារណជនលើកទី២ ដោយបញ្ជាក់ថា ទោះជាបញ្ហាស្លែក្នុងទឹកសមុទ្រនៅឆ្នេរកែប បានបាត់ទៅវិញស្ទើរទាំងស្រុងក្ដី ក៏ក្រសួងបរិស្ថាន នៅតែអំពាវនាវឱ្យសាធារណជន និងអ្នករស់នៅតាមឆ្នេរសមុទ្រកែប បន្តការប្រុងប្រយ័ត្ន និងបន្តផ្អាកការចុះមុជទឹកសមុទ្រកម្សាន្ត រហូតដល់ចុងសប្ដាហ៍នេះ ដើម្បីបង្ការបញ្ហាគ្រោះថ្នាក់ជាយថាហេតុ។ ម្យ៉ាងទៀត ដើម្បីទុកពេលឱ្យមន្ត្រីជំនាញ និងអាជ្ញាធរខេត្តកែប បោសសម្អាតឆ្នេរឱ្យបានស្អាត។ ចំពោះការនេសាទសមុទ្រនៅខេត្តកែប ក្រសួងបរិស្ថាន ឱ្យអ្នកនេសាទប្រកបរបររបស់ខ្លួននៅតាមតំបន់ទឹក ដែលមានចម្ងាយពីឆ្នេរចាប់ពី ៥០០ម៉ែត្រឡើងទៅ។
ទាក់ទងនឹងការនេសាទនេះដែរ ប្រធានធនាគារក្ដាមនៃសហគមន៍ភូមិថ្មី លោក ប្រាក់ សាន មានប្រសាសន៍ថា បញ្ហាឡើងស្លែនៅបណ្ដោយឆ្នេរកែប ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ មិនប៉ះពាល់ដល់ផលិតផលសមុទ្រ ដែលនេសាទបានមកទេ។
លោកអះអាងទៀតថា ក្ដាម និងគ្រឿងសមុទ្រដទៃទៀត សុទ្ធបានមកពីការនេសាទនៅតំបន់ទឹកជ្រៅ គឺនៅឆ្ងាយពីឆ្នេរកែបជាច្រើនគីឡូម៉ែត្រ៖ «តាមយើងពិនិត្យតាមដានវាអត់មានស្អីត្រូវប៉ះពាល់ទេ វាមកតែទឹករាក់ៗ ដល់ទឹកជ្រៅវាអត់មានអីទេ ទឹកវាធម្មតា ហើយអ្នកនេសាទនៅតែនេសាទរាល់ថ្ងៃ។ អ្នកនេសាទក្ដាមស្ទូចមឹកស្ទូចអី ពួកហ្នឹងដាក់លបអត់មានដាក់មានដាក់ជិតៗ ហ្នឹងទេ ដាក់ឆ្ងាយៗ ណាស់។ នេសាទក្ដាមនេសាទមឹកអី មិនមែននេសាទទឹករាក់ទេ គឺនេសាទទឹកជ្រៅ។ ឆ្ងាយណាស់ ចេញពីច្រាំងបួនប្រាំគីឡូដី។ អ៊ីចឹងផលប៉ះពាល់វាអត់មានទេ។ វាមានតែបញ្ហានៅជិតៗ ខាងៗ អាហ្នឹងប៉ះពាល់»។
អភិបាលរងខេត្តកែប អ្នកស្រី គង់ ចំរើន បញ្ជាក់ដូចគ្នាថា បញ្ហាទឹកសមុទ្រឡើងស្លែ មានតែនៅឆ្នេរក្រុងកែប ប៉ុណ្ណោះ គឺមិនមាននៅឆ្នេរឯកោះជិតនោះទេ៖ «កោះទន្សាយនៅនឹងមុខហ្នឹងអត់ល្អក់ទេ។ វានៅតែជាយរាក់ៗ ក្បែរមួយជុំឆ្នេរនៅខាងខេត្តហ្នឹង នៅមុខសាលាខេត្ត នៅផ្សារក្ដាម ហើយនៅកំពង់ផែអីហ្នឹង។ ថ្ងៃនេះ បើយើងមើលនឹងភ្នែក ហាក់ដូចជាមានលំនាំដើម។ ប៉ុន្តែដោយសារយើងរង់ចាំការវិភាគល្អិតល្អន់ អាហ្នឹងបានយើងប្រកាសផ្លូវការ»។
អ្នកគ្រប់គ្រងនៅសណ្ឋាគារមួយ ដែលមានទីតាំងជាប់មាត់សមុទ្រក្នុងក្រុងកែប លោក ធី សុណ្ណតារា ថ្លែងថា ទឹកសមុទ្រនៅថ្ងៃទី៤ ខែមេសា មានស្ថានភាពថ្លាជាងពីថ្ងៃទី៣ ខែមេសា ប៉ុន្តែក្លិនឆ្អាប និងស្អុយ នៅតែមាននៅឡើយ។ លោកថា ភ្ញៀវជាច្រើននាក់ បានផ្អាកគម្រោងធ្វើដំណើរទៅសម្រាកកម្សាន្តនៅខេត្តកែប ដោយសារតែក្លិននេះ៖ «ចាប់តាំងពីមានបញ្ហាហ្នឹង គឺអត់មានភ្ញៀវតែម្ដង។ ភ្ញៀវខាងសហរដ្ឋអាមេរិកខាងបងៗ ស្រីភាគច្រើន គាត់ឆែត (chat) មកខ្ញុំសួរពីបញ្ហាហ្នឹងច្រើនដែរ ហើយគាត់ថា ចូលឆ្នាំគាត់ចង់មកលេងស្រុក លេងកែបអី គាត់ថាពិបាក។ គាត់ថាគាត់ទៅញ៉ាំក្ដាមនៅកែបម្ដង ហើយឥឡូវមានបញ្ហាអ៊ីចឹង អត់បានទៅទៀត»។
ក្រសួងបរិស្ថានបញ្ជាក់ក្នុងសេចក្ដីប្រកាសព័ត៌មានថា តាមការសន្និដ្ឋានបឋម ការកើនឡើងកម្រិតស្លែសមុទ្រនេះ គឺបណ្ដាលមកពីការកើនឡើងកម្ដៅ ពន្លឺ និងការប្រែប្រួលជីវជាតិចិញ្ចឹមនៅក្នុងទឹកសមុទ្រ។ ក្រសួងនឹងបន្តពិនិត្យតាមដាន និងសិក្សាអំពីបញ្ហានេះទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
