វត្ត​ជិត​១០០​ក្នុង​ខេត្ត​៣​ត្រូវ​ទឹក​ជន់​លិច

ទន្ទឹម​នឹង​មាន​ទឹក​ជំនន់​ជន​លិច​តាម​ខេត្ត ក្រុង​មួយ​ចំនួន​នោះ មន្ត្រី​ក្រសួង​ធម្មការ​និង​សាសនា​ឲ្យ​ដឹង​ថា វត្តអារាម​មួយ​ចំនួន​ក៏​ត្រូវ​បាន​ជន់​លិច​ធ្ងន់ធ្ងរ​ដែរ រហូត​មិន​អាច​ឲ្យ​ពុទ្ធ​បរិស័ទ​ធ្វើ​ដំណើរ​ទៅ​បុណ្យ​ក្នុង​ពិធី​កាន់​បិណ្ឌ ហើយ​ខ្លះ​ត្រូវ​បង្ខំ​ចិត្ត​ធ្វើ​ដំណើរ​ដោយ​ទូក ដើម្បី​អាច​ចូល​រួម​ក្នុង​ពិធី​បុណ្យ​នោះ​បាន។

0:00 / 0:00

វត្ត​អារាម​ជិត ១០០​វត្ត នៅ​ខេត្ត​ចំនួន ៣ ត្រូវ​បាន​រង​គ្រោះ​ដោយសារ​ទឹក​ជំនន់​នៅ​ក្នុង​ឆ្នាំ​នេះ។ មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​ធម្មការ​និង​សាសនា​បញ្ជាក់​ថា វត្ត​នៅ​ខេត្ត​ក្រចេះ និង​ខេត្ត​កំពង់ធំ រង​គ្រោះ​ធ្ងន់ធ្ងរ​ជាង​គេ​រហូត​ធ្វើ​ឲ្យ​ព្រះសង្ឃ​ខ្លះ​ត្រូវ​បង្ខំ​ព្រះទ័យ​និមន្ត​ចេញ​ពី​វត្ត​មក​គង់​នៅ​ទី​ទួល​មាន​សុវត្ថិភាព​បណ្ដោះអាសន្ន។

តាម​របាយការណ៍​ផ្លូវ​ការ​ពី​ក្រសួង​ធម្មការ​បង្ហាញ​ថា ខេត្ត​បន្ទាយមានជ័យ មាន ៨​វត្ត ត្រូវ​បាន​រង​គ្រោះ​ដោយសារ​ទឹក​ជំនន់ ហើយ​ខេត្ត​ស្ទឹងត្រែង មាន ១៣​វត្ត បាន​ជន់​លិច​ដែរ។ ប៉ុន្តែ​ទំហំ​ធ្ងន់ធ្ងរ​ប៉ុណ្ណោះ មិន​បាន​លម្អិត​ក្នុង​របាយការណ៍​នោះ​ទេ។

ប្រធាន​នាយកដ្ឋាន​កិច្ចការ​ធម្មការ​នៃ​ក្រសួង​ធម្មការ លោក ង៉ែត ច័ន្ទបូ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២ ខែ​តុលា ថា ខេត្ត​ក្រចេះ​ជា​ខេត្ត​ដែល​មាន​វត្ត​អារាម​រង​គ្រោះ​ដោយសារ​ទឹក​ជំនន់​ច្រើន​ជាង​គេ គឺ​មាន​រហូត ៤១​វត្ត បន្ទាប់​មក​គឺ​ខេត្ត​កំពង់ធំ៖ «តាម​ព័ត៌មាន​មក​គឺ​ពុទ្ធ​បរិស័ទ​ពិបាក​ធ្វើ​ដំណើរ​ទៅ​ប្រគេន​ចង្ហាន់​លោក។ ធ្វើ​ដំណើរ​តាម​ទូក​ទៅ ខ្លះ​ដើរ​កាត់​ទឹក និយាយ​រួម​មធ្យោបាយ​ហ្នឹង​តាម​ទូក​ទៅ ប៉ុន្តែ​មិន​ដល់​ថ្នាក់​ដាច់​ចង្ហាន់​ទេ»

លោក ង៉ែត ច័ន្ទបូ បញ្ជាក់​ថា ទឹក​ជំនន់​នៅ​ឆ្នាំ​នេះ​ធំ​ជាង​រាល់​ឆ្នាំ ហើយ​ធ្វើ​ឲ្យ​វត្ត​មួយ​ចំនួន​ជន់​លិច​ខ្លាំង រហូត​ឲ្យ​ពុទ្ធ​បរិស័ទ​ធ្វើ​ដំណើរ​ដោយ​ទូក​ដើម្បី​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​ក្នុង​ពិធី​បុណ្យ​កាន់​បិណ្ឌ និង​ភ្ជុំបិណ្ឌ។ លោក​បន្ត​ថា ព្រះសង្ឃ​ខ្លះ​ត្រូវ​បង្ខំ​ព្រះទ័យ​និមន្ត​ចេញ​ពី​វត្ត​បណ្ដោះអាសន្ន​នៅ​ទី​ទួល​មាន​សុវត្ថិភាព ដោយសារ​វត្ត​ខ្លះ​ជន់​លិច​ខ្លាំង​ពេក។

ប្រធាន​ការិយាល័យ​ព័ត៌មាន​នៃ​មន្ទីរ​ព័ត៌មាន​ខេត្ត​ក្រចេះ លោក សើន រ័ត្ន មាន​ប្រសាសន៍​វត្ត​មួយ​ចំនួន​នៅ​ក្នុង​ខេត្ត​នេះ ពិត​ជា​បាន​ជន់​លិច​ដោយសារ​ទឹក​ជំនន់​ពិត​មែន។ យ៉ាង​ណា​ពុទ្ធ​បរិស័ទ​មិន​បាន​បោះ​បង់​ព្រះសង្ឃ​រង​ចាំ​ព្រះវស្សា​ទេ គឺ​តែង​តែ​ធ្វើ​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​តាម​វេន​រៀងៗ​ខ្លួន​ក្នុង​ពិធី​បុណ្យ​កាន់​បិណ្ឌ។

លោក​បន្ត​ថា ពុទ្ធ​បរិស័ទ​ភាគ​ច្រើន​បាន​ធ្វើ​ដំណើរ​ដោយ​ទូក​ដើម្បី​យក​ចង្ហាន់​ទៅ​វត្ត​ត្បិត​ទឹក​ជំនន់​ដែល​ជន់​លិច​យ៉ាង​គំហុក​នោះ បាន​ថយ​ចុះ​ជា​បណ្តើរៗ៖ «ព្រះសង្ឃ​មិន​បាន​និមន្ត​ចេញ​ពី​វត្ត​ដែល​បាន​ជន់​លិច​ទេ ពុទ្ធ​បរិស័ទ​ធ្វើ​ចង្ហាន់​ទៅ​ប្រគេន​លោក​ធម្មតា ប៉ុន្តែ​ប្រជាពលរដ្ឋ​ជា​ពុទ្ធ​បរិស័ទ​ពិបាក​ត្រង់​ថា នាំ​យក​ចង្ហាន់​សព្វ​បែប​សព្វ​យ៉ាង​ទៅ​ប្រគេន​ព្រះសង្ឃ ដោយសារ​តែ​គាត់​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ដោយសារ​ឆ្លង​ទឹក»

រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន​និង​កីឡា លោក ហង់ ជួនណារ៉ុន មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ទី​១ ខែ​តុលា ថា មាន​សាលារៀន​ចំនួន ៣៣៦​ទូទាំង​ប្រទេស ត្រូវ​បាន​បិទ​ទ្វារ​បណ្ដោះអាសន្ន មិន​អាច​បើក​បវេសនកាល​សម្រាប់​ឆ្នាំ​សិក្សា​ថ្មី​២០១៣-​២០១៤ បាន ដោយសារ​តែ​រង​គ្រោះ​ដោយសារ​ទឹក​ជំនន់ ទឹក​ភ្លៀង​យ៉ាង​ជោកជាំ។

មន្ត្រី​ជាន់​ខ្ពស់​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ឲ្យ​ដឹង​ថា តួលេខ​បឋម ទឹក​ជំនន់​នៅ​ទូទាំង​ប្រទេស​បាន​សម្លាប់​មនុស្ស​ជាង ៣០​នាក់ និង​បង្ខំ​ពលរដ្ឋ​រាប់​ពាន់​គ្រួសារ​ផ្សេង​ទៀត​ឲ្យ​ជម្លៀស​ចេញ​ពី​ផ្ទះសំបែង។ ទឹក​ជំនន់​ទន្លេ​មេគង្គ​លើ​នៅ​ខេត្ត​ក្រចេះ ស្ទឹងត្រែង កំពង់ចាម ចាប់​ផ្ដើម​ស្រក​ក៏​ពិត​មែន ប៉ុន្តែ​តាម​ការ​ព្យាករ​កម្ពស់​ទឹក​អាច​នឹង​ហក់​ឡើង​វិញ បើ​សិន​ជា​មាន​ភ្លៀង​ធ្លាក់​ខ្លាំង។ សន្ទូង​និង​ដំណាំ​ផ្សេងៗ​រាប់​ពាន់​ហិកតារ ត្រូវ​បាន​ជន់​លិច​យូរ បណ្ដាល​ឲ្យ​រលួយ​និង​ខូចខាត​ស្ទើរ​ទាំង​ស្រុង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។