ពលរដ្ឋ​មួយ​ចំនួន​នៅ​ខេត្ត​កំពង់ចាម​ប្រឈម​នឹង​ខ្វះ​ទឹក​ស្អាត​ប្រើប្រាស់

ដោយ សូត សុខប្រាថ្នា
2014.11.14

ប្រជាពលរដ្ឋ​នៅ​ឃុំ​សណ្ដែក ស្រុក​បាធាយ ខេត្ត​កំពង់ចាម ប្រឈម​មុខ​នឹង​ការ​លំបាក​ក្នុង​ការ​ប្រើប្រាស់​ទឹក​ស្អាត​ប្រចាំ​ថ្ងៃ ពីព្រោះ​ពួក​គាត់​ត្រូវ​ប្រើប្រាស់​ទឹក​នៅ​ក្នុង​ស្រះ ហើយ​នៅ​ពេល​ខាង​មុខ ទឹក​ស្រះ​នឹង​រីង ពួក​គាត់​កាន់​តែ​ជួប​ការ​លំបាក​ថែម​ទៀត។ យ៉ាង​ណា​ក៏ដោយ អាជ្ញាធរ​ថា​នៅ​រដូវ​វស្សា ពលរដ្ឋ​អាច​ប្រើប្រាស់​ទឹក​ភ្លៀង ឬ​ទឹក​ស្រះ ប៉ុន្តែ​អាច​នឹង​ជួប​ការ​លំបាក​ចុង​ដៃ​នៃ​រដូវ​ប្រាំង។

រដូវ​វស្សា​មិន​ទាន់​ផុត​ផង ប្រជាពលរដ្ឋ​នៅ​ឃុំ​សណ្ដែក បារម្ភ​ចំពោះ​បញ្ហា​ទឹក​ប្រើប្រាស់​របស់​ពួក​គាត់ ថា​នឹង​ជួប​បញ្ហា​នៅ​ពេល​ខាង​មុខ។ ក្តី​បារម្ភ​នេះ ដោយសារ​តែ​នៅ​ក្នុង​ភូមិ​ស្រុក​មិន​សូវ​មាន​ភ្លៀង​ធ្លាក់​ច្រើន ហើយ​ស្រះ​ទឹក​មាន​ទឹក​តិចតួច រីឯ​អណ្ដូង​ទឹក​ស្អាត​វិញ មួយ​ចំនួន​ទឹក​មិន​អាច​ប្រើប្រាស់​បាន។

ពលរដ្ឋ​ម្នាក់​នៅ​ភូមិ​ស្វាយព្រៃ លោក ជីក ជឿន ឲ្យ​ដឹង​ថា អ្នក​ភូមិ​មិន​ត្រឹម​តែ​ជួប​ការ​លំបាក​នៅ​ក្នុង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​នោះ​ទេ ថែម​ទាំង​ជួប​បញ្ហា​កង្វះ​ទឹក​ស្អាត​សម្រាប់​ប្រើប្រាស់​ថែម​ទៀត​ផង៖ «ពិបាក​តាំង​ពី​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ ពិបាក​តាំង​ពី​ទឹក​ហូប​ទឹក​ស្អាត និយាយ​រួម​ពិបាក​ទាំង​សព្វ។ ទឹក​ស្អាត​ក៏​អត់​មាន មិន​បាច់​តែ​ទឹក​ស្អាត​ទេ សូម្បី​តែ​ទឹក​នៅ​ក្នុង​ស្រែ​ក៏​វា​អត់​មាន​ផង ទឹក​ក្នុង​ស្រះ​ក្នុង​អី​អត់​មាន​ផង វា​រីង​អស់​ហើយ»

ស្រដៀង​គ្នា​នេះ ពលរដ្ឋ​ម្នាក់​ទៀត លោក ចឹក ច័ន្ទ មាន​ប្រសាសន៍​ថា ចំពោះ​អណ្ដូង​ទឹក​ស្អាត គឺ​នៅ​ក្នុង​ភូមិ​លោក​មាន​ការ​ខ្វះខាត​ទាំង​ស្រុង​តែ​ម្តង។ លោក​បន្ត​ថា រាល់​ឆ្នាំ​មាន​ភ្លៀង​ធ្លាក់​គ្រប់គ្រាន់ ពលរដ្ឋ​នៅ​ក្នុង​ភូមិ​អាច​មាន​ទឹក​នៅ​ក្នុង​ស្រះ​សម្រាប់​ប្រើប្រាស់​គ្រប់គ្រាន់​ដែរ ប៉ុន្តែ​ឆ្នាំ​នេះ នៅ​ឃុំ​សណ្ដែក មាន​ភាព​រាំង​ស្ងួត​យូរ ធ្វើ​ឲ្យ​ស្រូវ​នៅ​ក្នុង​ស្រែ​ក៏​ខូចខាត ពលរដ្ឋ​នៅ​ក្នុង​ភូមិ​ក៏​អាច​ប្រឈម​មុខ​ការ​ខ្វះខាត​ទឹក​សម្រាប់​ប្រើប្រាស់​ថែម​ទៀត ពីព្រោះ​ទឹក​ស្រះ គឺ​ប្រើប្រាស់​ទាំង​មនុស្ស​ទាំង​សត្វ ដែល​ធ្វើ​ឲ្យ​ទឹក​នោះ​ឆាប់​រីង៖ «អា​អណ្ដូង​ទឹក​ស្អាត គឺ​ខ្វះ​ម៉ា​ទំហឹង​តែ​ម្តង មិន​មែន​ខ្វះ​តិចតួច​ទេ។ ចុះ​ការ​ប្រើប្រាស់​ទឹក​ស្រះ​ជួប​ការ​លំបាក​យ៉ាង​ម៉េច​ទៅ? ហេ! លំបាក​ហ្នឹង​វា​លំបាក​ហើយ ទឹក​ស្រះ​មិន​ដែល​ស្រួល​ទេ មិន​ដែល​ស្អាត ទឹក​វា​អត់​ស្អាត ទឹក​បង្ហូរ​ពី​ផ្លូវ​បង្ហូរ​ពី​ជ្រាំ​ដាក់​មាន​អី​ស្អាត»

លោក​បន្ថែម​ថា នៅ​ក្នុង​ភូមិ​មាន​អណ្ដូង​ចំនួន​ពីរ​ដែល​អាច​ប្រើប្រាស់​បាន និង​ស្រះ​មួយ​ចំនួន​មាន​ទឹក​តិចតួច​ណាស់​នៅ​ក្នុង​ឆ្នាំ​នេះ។ លោក​ថា គ្រាន់​តែ​មាន​ភ្លៀង​ធ្លាក់​ដក់​តិចតួច​តាម​វាល​ស្រែ​ភ្លាម ពលរដ្ឋ​ដែល​មាន​ស្រះ ខិតខំ​ប្រមែប្រមូល​បូម​បញ្ចូល​ស្រះ​ខ្លួន ប៉ុន្តែ​ទំនង​នៅ​តែ​ខ្វះខាត​នា​ពេល​ខាង​មុខ​មិន​ខាន​ឡើយ។ លោក​ស្នើ​ឲ្យ​អាជ្ញាធរ និង​អង្គការ​ពាក់ព័ន្ធ ជួយ​ឧបត្ថម្ភ​អណ្ដូង​ទឹក​ស្អាត​ឲ្យ​បាន​ច្រើន ដើម្បី​អាច​ជួយ​កាត់​បន្ថយ​ការ​លំបាក និង​អាច​ឲ្យ​ពួក​គាត់​មាន​លទ្ធភាព​បាន​ប្រើប្រាស់​នូវ​ទឹក​ស្អាត​នោះ។

ទាក់ទង​បញ្ហា​នេះ មេ​ឃុំ​សណ្ដែក លោក ហ៊ល ញ៉ុង មាន​ប្រសាសន៍​ថា នៅ​ក្នុង​ឃុំ​សណ្ដែក មាន​ភូមិ​ចំនួន​ប្រាំ ក្នុង​នោះ​មាន​ភូមិ​បី​ដែល​មាន​ការ​លំបាក​ក្នុង​ការ​ប្រើប្រាស់​ទឹក ពិសេស​ទឹក​ស្អាត គឺ​ភូមិ​ស្វាយព្រៃ ភូមិ​តាំងជ្រៃ និង​ភូមិ​ពោធិ៍ស្ទាង។ លោក​បន្ត​ថា ការ​លំបាក​នោះ​ដោយសារ​តែ​មិន​មាន​ប្រភព​ទឹក​គ្រប់គ្រាន់ និង​ម្យ៉ាង អណ្ដូង​ដែល​អាច​ប្រើប្រាស់​បាន​មាន​ចំនួន​តិច​ណាស់។ លោក​បន្ត​ថា អណ្ដូង​បុក ឬ​ជីក​ខ្លះ គឺ​មិន​ចេញ​ទឹក​ទេ ហើយ​បើ​ចេញ​ទឹក​ហើយ​ក៏​មិន​អាច​យក​ទៅ​ប្រើប្រាស់​បាន​ទាំង​ស្រុង​ដែរ។ លោក​ក៏​មាន​ការ​បារម្ភ​ចំពោះ​បញ្ហា​នេះ ពីព្រោះ​រដូវ​ប្រាំង​ជិត​នឹង​ចូល​មក​ដល់ ដែល​អាច​ធ្វើ​ឲ្យ​ពលរដ្ឋ​ប្រឈម​នឹង​បញ្ហា​កង្វះ​ទឹក​ប្រើប្រាស់​យ៉ាង​ធ្ងន់ធ្ងរ។

លោក ហ៊ល ញ៉ុង៖ «បាទ! ប្រឈមៗ​ខ្លាំង​ណាស់​អូន ប្រឈម​ខ្លាំង​ណាស់។ ប្រឈម​មែន​ទែន​ហ្មង រហូត​ដល់​កាល​យើង​បុក​អណ្ដូង​ប្រើប្រាស់​ហ្នឹង ឯកឧត្តម​ឧប ហោ ណាំហុង គឺ​ជួយ​អណ្ដូង​ប៉ុន្មាន​កន្លង​មក​ហ្នឹង ប៉ុន្តែ​ប្រើ​អត់​ដែរ​បាន​គុណភាព​រហូត​ដល់​បី​បួន​ឆ្នាំ​ទេ​អូន។ តែ​១​ឆ្នាំ ២​ឆ្នាំ​ហ្នឹង ឃើញ​អណ្ដូង​មួយ​នៅ​ក្បែរ​មេ​ឃុំ​ចាស់ អា​ហ្នឹង​ឃើញ​ប្រើ​បាន​បី​ឆ្នាំ​បួន​ឆ្នាំៗ​ហ្នឹង​ហើយ ប៉ុន្តែ​អ៊ីចេះ​អូន​អើយ តែ​មេឃ​រាំង​ខ្លាំង​ទៅ​ច្រូចៗៗ ប្រើ​វា​អត់​គ្រប់​ណា​អូន​រហូត​ដល់​គាត់​មក​ទឹក​ពី​វត្ត​សណ្ដែក​នេះ»

លោក​បន្ថែម​ថា កន្លង​មក​ធ្លាប់​មាន​ខាង​រាជ​រដ្ឋាភិបាល និង​អង្គការ​ក្រៅ​រដ្ឋាភិបាល បាន​ជួយ​ផ្គត់ផ្គង់​លើ​បញ្ហា​នេះ​ដែរ និង​មាន​អង្គការ​ខ្លះ​ចង់​បង្កើត​គម្រោង​ផលិត​ទឹក​ស្អាត​នៅ​ក្នុង​ឃុំ​ទៀត​ផង ប៉ុន្តែ​ពិបាក​ត្រង់​ថា មិន​មាន​ប្រភព​ទឹក​ណា​អាច​យក​មក​ប្រើ​បាន​ឡើយ។ លោក​ថា ពលរដ្ឋ​នៅ​ក្នុង​ឃុំ​សណ្ដែក មិន​ត្រឹម​តែ​ជួប​បញ្ហា​រឿង​ទឹក​ប្រើប្រាស់​នោះ​ទេ ប៉ុន្តែ​បញ្ហា​បង្គន់​អនាម័យ​ក៏​ជា​ឧបសគ្គ​ដែរ គ្រាន់​តែ​មិន​ធ្លាប់​មាន​ពលរដ្ឋ​ណា​មាន​ជំងឺ​ធ្ងន់ធ្ងរ​ឡើយ។ លោក​បញ្ជាក់​ថា កន្លង​មក​អាជ្ញាធរ​ក៏​បាន​ចុះ​ណែនាំ​ពលរដ្ឋ​ឲ្យ​យល់​ដឹង​ពី​ការ​ប្រើប្រាស់​ទឹក​ឲ្យ​បាន​ត្រឹមត្រូវ និង​ណែនាំ​ឲ្យ​ពួក​គាត់​ឲ្យ​ទទួល​យក​ការ​ប្រើប្រាស់​បង្គន់​អនាម័យ​ឲ្យ​បាន​សមរម្យ ដើម្បី​ជៀសវាង​នូវ​ជំងឺ​ផ្សេងៗ ចំណែក​លោក​នឹង​ខិតខំ​ធ្វើ​ការងារ​នេះ​បន្ថែម​ទៀត។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ អ្នក​វិភាគ​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត កែម ឡី មាន​ប្រសាសន៍​ថា គោល​នយោបាយ​របស់​រដ្ឋាភិបាល គឺ​យក​ចិត្ត​ទុក​ដាក់​នៅ​តាម​ទីក្រុង ឬ​ទីប្រជុំជន​ច្រើន​ជាង​នៅ​តាម​ទី​ជនបទ​ដាច់​ស្រយាល ហើយ​បញ្ហា​កង្វះ​ទឹក​ប្រើប្រាស់ និង​បង្គន់​អនាម័យ​នោះ គឺ​វា​កើត​ឡើង​ទូទាំង​ប្រទេស​កម្ពុជា។ លោក​ថា បញ្ហា​នេះ​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ និង​ខាត​បង់​ប្រាក់​របស់​ពួក​គាត់ និង​ថវិកា​រដ្ឋ​យ៉ាង​ច្រើន។

លោក​បណ្ឌិត កែម ឡី៖ «ទី​មួយ រដ្ឋ​ចំណាយ​លុយ​អស់​ច្រើន​ណាស់ ប្រជាពលរដ្ឋ​ចំណាយ​លុយ​អស់​ច្រើន​ណាស់​ទាក់ទង​នឹង​ជំងឺ​រាករូស ជំងឺ​ផ្លូវ​អាហារ​អី។ គឺ​ដោយសារ​តែ​ទី​មួយ រដ្ឋ​អត់​មាន​វិនិយោគ​ច្រើន​លើ​ការ​អប់រំ​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ពី​ការ​ប្រើប្រាស់​ទឹក ពី​ការ​ប្រើប្រាស់​បង្គន់​អនាម័យ​អី​ហ្នឹង​ទេ។ រឿង​ទី​បី លុយ​វិនិយោគ​ធំ​ក្នុង​មួយ​ឆ្នាំៗ​នៅ​ឃុំ​សង្កាត់​ម៉ា​ម៉ឺន​ដុល្លារ​ទៅ​ពីរ​ម៉ឺន​ដុល្លារ ក៏​រដ្ឋ​អត់​បាន​ផ្ដោត​ទៅ​លើ​បង្គន់​អនាម័យ និង​ទឹក​ស្អាត​ហ្នឹង​ដែរ រដ្ឋ​ច្រើន​តែ​ផ្ដោត​លើ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត ដូចជា​ផ្លូវ ដូចជា​ប្រឡាយ។ អ៊ីចឹង​អា​ការ​កំណត់​អាទិភាព​ក្នុង​ការ​វិនិយោគ​អភិវឌ្ឍ​ឃុំ​សង្កាត់​ហ្នឹង អត់​ទាន់​បាន​កំណត់​ឲ្យ​ប្រជាពលរដ្ឋ​ត្រឹមត្រូវ»

លោក​ផ្តល់​អនុសាសន៍​ថា ជា​ការ​ប្រសើរ រាជ​រដ្ឋាភិបាល​គប្បី​រៀបចំ​ផែនការ​អភិវឌ្ឍន៍​ជាតិ ដោយ​ផ្ដោត​ទៅ​លើ​តំបន់​ជនបទ​ឲ្យ​ច្រើន​ជាង​ទីក្រុង តាម​រយៈ​បង្កើត​នូវ​ឃុំ​គំរូ​មួយ​ដែល​មាន​ប្រព័ន្ធ​ទឹក ភ្លើង​ប្រើប្រាស់ បង្គន់​អនាម័យ ទីផ្សារ សាលា​រៀន​ត្រឹមត្រូវ ហើយ​ឲ្យ​ឃុំ​ទូទាំង​ប្រទេស​យក​គំរូ​តាម។ រដ្ឋាភិបាល​គប្បី​ទម្លាក់​ថវិកា​ជាតិ​ឲ្យ​បាន​ច្រើន រួម​ទាំង​ធនធាន​មនុស្ស​ផង មក​ទី​ជនបទ​វិញ ជា​ជាង​ប្រមូល​ផ្តុំ​តែ​ថ្នាក់​ជាតិ ឬ​ថ្នាក់​ខេត្ត​នោះ។ របាយការណ៍​មួយ​ចំនួន​របស់​ក្រសួង​មហាផ្ទៃ និង​ក្រសួង​សុខាភិបាល កាល​ពី​ឆ្នាំ​២០១១ បង្ហាញ​ថា ប្រជាពលរដ្ឋ​រស់នៅ​តាម​ទីក្រុង ឬ​ទីប្រជុំជន មាន ៨១​ភាគរយ​មាន​សេវា​ប្រើប្រាស់​ទឹក​ស្អាត និង ៨៤,៤​ភាគរយ​មាន​បង្គន់​អនាម័យ​ប្រើប្រាស់​បាន​ល្អ​ប្រសើរ។ ចំណែក​នៅ​ជនបទ​វិញ គឺ​មាន ៣១,១​ភាគរយ​មាន​បង្គន់​អនាម័យ​ប្រើប្រាស់ និង ៤៣​ភាគរយ​មាន​ទឹក​ស្អាត​សម្រាប់​ប្រើប្រាស់។ លើស​ពី​នេះ​ទៀត លោក កែម ឡី បញ្ជាក់​ថា កម្រិត​នៃ​ការ​យល់​ដឹង​របស់​ពលរដ្ឋ​នៅ​តាម​ជនបទ​ចំពោះ​រឿង​អនាម័យ គឺ​នៅ​មាន​កម្រិត​ទាប​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។