ពលរដ្ឋរស់នៅភូមិក្អោង ក្នុងស្រុកកំពង់សីលា ខេត្តព្រះសីហនុ រកឃើញពងអណ្ដើកហ្លួង ១សម្បុក មានចំនួន ១៤គ្រាប់ នៅតាមបណ្ដោយឆ្នេរព្រែកក្អោង កាលពីថ្ងៃទី៧ ខែកុម្ភៈ។
អណ្ដើកហ្លួងជាប្រភេទសត្វជិតផុតពូជដែលអង្គការអភិរក្សពិភពលោក និងអង្គការក្រៅរដ្ឋាភិបាលនានា ចាប់អារម្មណ៍ និងផ្ដល់ជំនួយការពារថែរក្សាសត្វប្រភេទនេះឱ្យខាងតែបាន។ កាលពីឆ្នាំ២០០៥ កម្ពុជាបានដាក់អណ្ដើកហ្លួងនេះ ជាសត្វល្មូនតំណាងឱ្យប្រទេសកម្ពុជា។
យោងតាមសេចក្ដីប្រកាសព័ត៌មានផ្សាយនៅថ្ងៃទី៩ ខែកុម្ភៈ នេះឱ្យដឹងថា ក្រុមអភិរក្សសត្វអណ្ដើកហ្លួង របស់រដ្ឋបាលជលផល រួមជាមួយសមាគមអភិរក្សសត្វព្រៃ ឬហៅកាត់ថា WCS បានធ្វើរបងព័ទ្ធជុំវិញទីតាំងសម្បុក និងបានជួលពលរដ្ឋដែលបានប្រទះឃើញអណ្ដើកហ្លួងនេះ ឱ្យនៅយាមការពាររហូតដល់កូនអណ្ដើកទាំងនោះញាស់ចេញមក។
កាលពីឆ្នាំ២០១៥ ក្រុមអភិរក្សសត្វអណ្ដើកហ្លួង រកឃើញសម្បុកអណ្ដើកហ្លួងនេះចំនួនបួន ដោយឡែកឆ្នាំ២០១៦ រកឃើញតែ ១សម្បុកប៉ុណ្ណោះ។ មន្ត្រីរដ្ឋបាលជលផល ធ្លាប់លើកឡើងថា ការធ្លាក់ចុះនេះ ដោយសារតែការរំខានពីក្រុមហ៊ុនបូមខ្សាច់ ការកាប់បំផ្លាញព្រៃលិចទឹក និងការនេសាទខុសច្បាប់ជាដើម។
ទីប្រឹក្សាបច្ចេកទេសគម្រោងតំបន់អភិរក្សរបស់សមាគមអភិរក្សសត្វព្រៃ WCS លោក សោម ស៊ីថា ឱ្យអាស៊ីសេរី ដឹងនៅរសៀលថ្ងៃទី៩ ខែកុម្ភៈ ថា បញ្ហាដែលគួរអោយបារម្ភបំផុតនោះ គឺការផ្ដល់សិទ្ធិធ្វើអាជីវកម្មបូមខ្សាច់នៅបរិវេណជម្រកធម្មជាតិរបស់អណ្ដើកហ្លួង៖ «គំរាមកំហែងធំមួយគឺការបូមខ្សាច់ មួយរយៈពីឆ្នាំ២០០៧ មកដល់ឥឡូវសកម្មភាពហ្នឹងក្រសួងរ៉ែ និងថាមពល បានផ្អាកមួយរយៈហើយ អ៊ីចឹងយើងអត់ដឹងថា License (អាជ្ញាប័ណ្ណ) ដែលក្រសួងគាត់អោយទៅក្រុមហ៊ុនហ្នឹង នឹងបន្តទៀត ឬយ៉ាងម៉េច យើងអត់ដឹងទេ ប៉ុន្តែយើងនឹងសាទររឿងហ្នឹង ប្រសិនបើគាត់ Cancel (លុបចោល) រហូត។ មួយទៀត គឺប្រជាជនគាត់នៅតែនេសាទពេលយប់ ឆ្លុះ យើងសង្ឃឹមថា គាត់ចាប់បាន គាត់នឹងអោយយើង ប៉ុន្តែក្នុងករណីខ្លះយើងអត់ដឹង យើងខ្លាចគាត់លក់ទៅទីផ្សារ គាត់យកហូប យើងអត់ដឹង»។
លោក សោម ស៊ីថា អំពាវនាវដល់ពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋក្នុងតំបន់ដែលមានសត្វអណ្ដើកហ្លួងរស់នៅ ឱ្យចូលរួមការពារ និងអភិរក្សសត្វកម្រ និងជិតផុតពូជមួយនេះ។ អណ្ដើកប្រភេទនេះ ច្រើនរស់នៅតាមប្រព័ន្ធព្រែកស្រុកស្រែអំបិល ខេត្តកោះកុង។
កាលពីខែកញ្ញា ឆ្នាំ២០១៦ អង្គការសមាគមអភិរក្សសត្វព្រៃរួមជាមួយរដ្ឋបាលជលផល បានយកអណ្ដើកហ្លួងប្រមាណ ២០០ក្បាលចេញពីទីជម្រកធម្មជាតិ ទៅចិញ្ចឹម ថែរក្សា និងបង្កាត់ពូជនៅ “មជ្ឈមណ្ឌលអភិរក្សប្រភេទសត្វល្មូន” ក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
