ស្ពាន ផ្លូវ ប្រឡាយទឹក កំពុងសាងសង់ បង្ហាញពីភាពរីកចម្រើនក្នុងទីក្រុងភ្នំពេញ។ ប៉ុន្តែការថែទាំ និងសម្អាតនៅមានខ្វះចន្លោះចំពោះកម្មសិទ្ធិរបស់រដ្ឋ ដែលផ្ទុយពីកម្មសិទ្ធិឯកជន ដែលគេសម្អាតមានអនាម័យរាល់ថ្ងៃ។ ទន្ទឹមនឹងកង្វះការថែទាំនេះ នាំឲ្យមានការរិះគន់ពីសំណាក់អ្នករស់នៅក្បែរស្ពានស្ទឹងមានជ័យ ថាគ្មានអនាម័យ និងគ្មានការថែទាំស្ពានឡើយ។
ក្លិនស្អុយពីក្នុងទឹកប្រឡាយក្រោមស្ពានអាកាសស្ទឹងមានជ័យ ធុំក្លិនខ្លាំងនៅក្នុងរដូវប្រាំង។
ពលរដ្ឋរស់នៅអមប្រឡាយក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន លោក គឹម សុវណ្ណា ថ្លែងថា ក្លិនស្អុយនេះគាត់ពិបាកទ្រាំ ប៉ុន្តែត្រូវតែទ្រាំ ព្រោះគ្មានជម្រើស។ លោកថា ក្លិនស្អុយបែបនេះបើចំពោះអ្នកធ្វើដំណើរឆ្លងកាត់ស្ពានម្តងម្កាល មិនអាចទ្រាំហិតក្លិននោះបានដូចពួកគាត់ទេ។
លោក គឹម សុវណ្ណា រិះគន់ខ្លាំងៗថា ស្ពានសង់រួចបន្សល់សំណល់រឹង និងរាវក្នុងទឹកប្រឡាយ ទុកឲ្យនៅកករលួយក្នុងប្រឡាយ។ ចំណែកលើស្ពានវិញ កំណកដី និងសំរាមដូចជាស្បោង និងកំប៉ុងប្លាស្ទិក នៅពេលខ្យល់ខ្លាំងប៉ើងចូលផ្ទះប្រជាជន និងធ្លាក់ចូលប្រឡាយ។ នៅលើស្ពានមានដីកកបណ្ដើរៗ នាំឲ្យទំហំផ្លូវសម្រាប់បើកបរលើស្ពានកាន់តែតូច ព្រោះគេចពីសំរាម និងកំណកដីសល់នៅកៀនស្ពាននោះ៖ «លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នេះ គឺជាទីក្រុងគុជ ប៉ុន្តែវាមិនមែនជាគុជទេ គឺជាសំរាមទៅវិញ គឺជាទីកន្លែងស្អុយ។ ខ្ញុំសំណូមពរថាឲ្យរដ្ឋាភិបាលវិនិច្ឆ័យយ៉ាងណា ដើម្បីឲ្យប្រឡាយហ្នឹងឲ្យបានស្អាត កុំឲ្យវាមានជះធុំក្លិនស្អុយ ហើយនិងមួយទៀត គឺសំរាមវាពាសពេញអ៊ីចឹង»។
បន្ថែមលើនោះ ស្ត្រីមេផ្ទះមួយរូបរស់នៅក្រុម២៨ សង្កាត់ទំនប់ទឹក កំពុងប្រឡាក់សាច់ជ្រូក ថ្លែងថា ក្លិនស្អុយពីសំរាមរលួយក្នុងទឹកប្រឡាយស្ទឹងមានជ័យ ជះក្លិនប៉ះពាល់អ្នករស់នៅអមប្រឡាយទាំងពីរសង្កាត់ គឺស្ទឹងមានជ័យ និងទំនប់ទឹក ដែលបែងចែកខណ្ឌចំការមន និងខណ្ឌដង្កោ៖ «ស្អុយក៏មិនដឹងធ្វើម៉េចដែរ ព្រោះយើងរស់នៅហ្នឹងយូរមកហើយ»។
លោក ប៉ោក ពលរដ្ឋរស់នៅក្បែរប្រឡាយស្ទឹងមានជ័យ ដែរថ្លែងថា គាត់សូមឲ្យរដ្ឋាភិបាលជួយមើលសំរាម និងជួយថែទាំស្ពាន និងប្រឡាយ កាត់បន្ថយក្លិនស្អុយអោយពួកគាត់ងាយស្រួលដកដង្ហើម ដើម្បីឲ្យអ្នករស់នៅអមប្រឡាយស្ទឹងមានជ័យ មានសុខភាពល្អផង៖ «ខ្ញុំចង់ឲ្យគាត់កែលំអដែរ ដាក់លូដាក់អីអ៊ីចឹងឲ្យអ្នកស្រុកភូមិយើងឲ្យជួយសម្អាតគ្នា។ សំរាមយើងច្រកថង់ច្រកអីទុក កុំឲ្យបោះចោលក្នុងលូហ្នឹង វាអត់ស្អាតទេ»។
ចំពោះការអំពាវនាវនេះ អ្នកនាំពាក្យក្រសួងបរិស្ថាន លោក សៅ សុភាព ថ្លែងថា ដោយសារតែផលប៉ះពាល់បរិស្ថានអំពីសំណល់រឹង និងរាវកើនច្រើន ប៉ុន្មានឆ្នាំចុងក្រោយនេះ ទើបនៅឆ្នាំ២០១៥ ក្រសួងនេះមានគម្រោងផ្តល់ថវិកាចំនួន ៥លានដុល្លារ សម្រាប់គ្រប់គ្រងសំណល់រឹង និងរាវនោះ។ លោកថា ចំពោះការថែទាំស្ពាន ផ្លូវ ជាដើម ជាភារកិច្ចរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងអភិវឌ្ឍន៍ជនបទ មន្ទីរក្រោមឱវាទក្រសួងមួយចំនួន និងសាលារាជធានីភ្នំពេញ៖ «យើងថាប្រចាំគ្នាអ៊ីចឹងក៏ថាបាន ប៉ុន្តែនេះគឺសមត្ថកិច្ច ឬក៏ភារកិច្ចរៀងៗខ្លួនដែរ។ ឧទាហរណ៍ បើថាឲ្យខាងបរិស្ថានទៅចាត់វិធានការអីផ្សេងៗ និងសណ្ដាប់ធ្នាប់ ក៏ដូចជាគ្រប់គ្រងសំណល់រឹង ហើយសំណល់រឹងហ្នឹង គឺសំរាម បើឲ្យក្រសួងបរិស្ថាន នេះ ទៅចាត់វិធានការផ្ទាល់ៗទៅដាក់ទណ្ឌកម្ម ផាកពិន័យអីហ្នឹង គឺអត់ទេ យើងបែងចែកភារកិច្ចច្បាស់»។
ពាក់ព័ន្ធការថែទាំស្ពានផ្លូវ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក នូ វឌ្ឍនៈ ថ្លែងថា ការថែទាំស្ពាន និងផ្លូវថ្នល់ គឺជាភារកិច្ចរបស់អាជ្ញាធរថ្នាក់ក្រោមជាតិ។ លោកបានទទួលស្គាល់ថា អ្នកបើកបរដឹកទំនិញឆ្លងកាត់ស្ពាន បានធ្វើឲ្យជ្រុះគ្រាប់ស្រូវ ដី សំរាម បន្សល់លើស្ពានបណ្ដាលឲ្យសំណល់ទាំងនោះកកដីស្មៅ និងគ្រាប់ស្រូវ ជាដើម ដុះនៅតាមកៀនៗនៃចំណែកលើស្ពានមែន។ បញ្ហានេះ លោកនឹងស្នើសុំឲ្យមានវេទិកាសាធារណៈ ដើម្បីឲ្យមហាជនជួយប្រាប់ហេតុការណ៍អំពីស្ពាន និងផ្លូវនៅក្នុងតំបន់គេរស់នៅ មកក្រសួងបានដឹង នឹងងាយស្រួលកែលំអ៖ «ប្រហែលជាអាចថាមានឆក់ល្វែង ថាមានកំណកដីអីហ្នឹងប្រហែលជាអាចមានខ្លះហើយ ព្រោះសព្វថ្ងៃនេះ យើងពិបាកទប់ទល់នឹងអ្នកដឹកជញ្ជូនដីដែលដាក់លើឡានដាក់ហៀរៗ គាត់អត់មានគ្របអត់មានអីទេ ហើយកំពប់ពេញតែហ្នឹង បើដឹកស្រូវក៏ហៀរៗដែរ ហើយកំពប់មក គឺថាអ្នកប្រើប្រាស់ផ្លូវស្ពានហាក់ដូចថាគាត់មិនខ្វល់ខ្វាយ ឬក៏មិនបានរួមចំណែក ដើម្បីធ្វើម៉េចឲ្យសោភណភាពនៅលើស្ពាន ឬក៏យ៉ាងណា។ ដូចថ្នល់ណាដែលសាងសង់ហើយ ហើយតំបន់ដែលកំពុងតែអភិវឌ្ឍ គឺនៅតាមដងផ្លូវហ្នឹង កំពុងតែសាងសង់ផ្ទះអី គឺផ្លូវនោះ គឺគគ្រិចហើយ ព្រោះគាត់ដឹករាល់ថ្ងៃ គាត់ដឹកគ្រឿងសំណង់ដឹកដីយកទៅបំពេញ ដឹកអីៗទាំងអស់ អ៊ីចឹងការងារហ្នឹងទាល់តែថាឆ្លងកាត់មួយរយៈពេល ទាល់តែតំបន់ហ្នឹងវាអភិវឌ្ឍក្លាយជាបេតុងទាំងអស់តែម្តង បានបេតុងហ្នឹងវាលែងកើតមាន។ ប៉ុន្តែនិយាយអ៊ីចឹង មិនមែនថាចង់គេចវេសទេ គឺថាយើងខ្ញុំនៅតែជំរុញការងារថែទាំប្រចាំហ្នឹង ដែលសំខាន់ គឺកុំឲ្យពាក់ព័ន្ធទៅនឹងសោភណភាព ដែលត្រូវតែជំរុញអ៊ីចឹង»។
បញ្ហាថែទាំស្ពាន និងរក្សាអនាម័យ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ ឲ្យដឹងកន្លងទៅថា ស្ពានអាកាសស្ទឹងមានជ័យ ស្ពានអាកាសក្បាលថ្នល់ ស្ពានអាកាសពេទ្យលោកសង្ឃ ស្ពានជ្រោយចង្វារ ជាដើម មានការថែទាំដោយសាលារាជធានីភ្នំពេញ និងមន្ទីរសាធារណការ។ លោកថា កន្លងមកអ្នកបើកបរឆ្លងកាត់ស្ពានអាកាសស្ទឹងមានជ័យ បង្កឲ្យមានសំណល់បេតុងជ្រុះលើស្ពាន ត្រូវក្រុមកម្មករមន្ទីរសាធារណការ បានចុះយកចេញពីលើស្ពាន ក្រោយពីមានការផ្តល់ព័ត៌មាន។ ចំពោះសំរាមវិញ លោកថានឹងជំរុញឲ្យកម្មករនៅតាមសង្កាត់ ឆាប់សម្អាតនៅប្រឡាយស្ទឹងមានជ័យ និងលើស្ពានអាកាសស្ទឹងមានជ័យ នោះ។
ក្រៅពីស្ពានអាកាសមួយចំនួនក្នុងរាជធានីភ្នំពេញ ដែលមិនមានការថែទាំនៅឯស្ពាន បានកសាងតាមបណ្ដាខេត្តនានា ដូចជាស្ពានព្រែកតាមាក់ ស្ពាន៧មករា ស្ពានកំពង់កន្ទួត រហូតដល់ស្ពានស្លាគូ មានកំណកដី និងសំរាមបន្សល់នៅតាមចំណែកកៀនៗនៃស្ពាន ធ្វើឲ្យមានស្មៅ និងស្រូវដុះបណ្ដាលឲ្យផ្លូវបើកបរឆ្លងកាត់ស្ពានកាន់តែតូច និងបង្កគ្រោះថ្នាក់ ពេលអ្នកបើកបរគេចពីសំណល់ទាំងនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
