ក្រុមសិប្បករនៃអាជីវកម្មរ៉ែត្បូងខ្នាតតូចនៅស្រុកបរកែវ ខេត្តរតនគិរី រិះគន់សមត្ថកិច្ច និងមន្ត្រីជំនាញដែលនៅតែបណ្ដែតបណ្ដោយឲ្យក្រុមអ្នកជីកត្បូងខុសច្បាប់ប្រើប្រាស់ដីចម្ការកៅស៊ូរដ្ឋជីកកកាយយកត្បូងដោយគ្មានការទទួលខុសត្រូវ និងមិនបានបង់ចំណូលចូលថវិកាជាតិ។
ក្រុមសិប្បករនៃអាជីវកម្មរ៉ែត្បូងខ្នាតតូចនៅឃុំឡាមិញ នៅថ្ងៃទី២ ខែមករា អំពាវនាវសុំឲ្យសមត្ថកិច្ចពាក់ព័ន្ធនៃអាជ្ញាធរខេត្តរតនគិរី ទប់ស្កាត់ឲ្យមានប្រសិទ្ធភាពចំពោះសកម្មភាពជីករករ៉ែត្បូងខុសច្បាប់ដោយក្រុមអនាធិបតេយ្យ។
ការអំពាវនាវនេះធ្វើឡើងបន្ទាប់ពីក្រសួងរ៉ែ និងថាមពល បានអនុញ្ញាតឲ្យប្រជាពលរដ្ឋដែលប្រកបរបរជីកត្បូងជាលក្ខណៈគ្រួសារសុំអាជ្ញាប័ណ្ណធ្វើសិប្បកម្មរ៉ែត្បូងខ្នាតតូចជំនួសការជីករ៉ែត្បូងខុសច្បាប់ ក៏ប៉ុន្តែខណៈប្រជាពលរដ្ឋមួយចំនួនគោរពការណែនាំនេះបែរជាមានប្រជាពលរដ្ឋមួយចំនួនទៀតនៅតែបន្តជីកត្បូងអនាធិបតេយ្យនៅក្នុងដីចម្ការកៅស៊ូរបស់រដ្ឋដែលវិនិយោគទៅឲ្យក្រុមហ៊ុនចិន ស្វីស រ៉ាប់ប៊ឺ ផ្លេនថេសិន (Swift Rubber Plantation) និងដីចម្ការកៅស៊ូគ្រួសារឋិតក្នុងភូមិត្រុំ ឃុំឡាមិញ ស្រុកបរកែវ ដដែល និងមិនមានការបង្ក្រាបជាក់លាក់ពីក្រុមសមត្ថកិច្ច។
សិប្បកររ៉ែត្បូងមួយរូបសុំមិនឲ្យបញ្ចេញឈ្មោះរិះគន់ថា ការបណ្ដែតបណ្ដោយនេះ គឺជាកត្តាធ្វើឲ្យក្រុមជីកត្បូងអនាធិបតេយ្យកាន់តែកើនច្រើនឡើងចូលទៅជីកកកាយដីរដ្ឋ និងមិនបានបង់ប្រាក់ចំណូលសម្រាប់ថវិកាជាតិដូចពលរដ្ឋអ្នកគោរពច្បាប់នោះទេ។ លោកថា ក្រុមសិប្បករធ្វើអាជីវកម្មរ៉ែត្បូងខ្នាតតូចត្រូវចំណាយប្រាក់ ២.៥០០ដុល្លារសម្រាប់បែបបទសុំអាជ្ញាប័ណ្ណធ្វើអាជីវកម្មរ៉ែត្បូងខ្នាតតូចរយៈពេលមួយឆ្នាំលើផ្ទៃដីមួយហិកតារជម្រៅ ៤ម៉ែត្រចុះទៅក្រោមដី៖ «បើជីកអនាធិបតេយ្យបានចាំបាច់ឲ្យដីឯកជនទៅបង់ពន្ធធ្វើស្អី។ វាដូចជាអត់យុត្តិធម៌ អ្នកមានអាជ្ញាប័ណ្ណមានទៅ អ្នកជីកអនាធិបតេយ្យទៅជីកអនាធិបតេយ្យទៅ»។
ការជីកយកត្បូងមានតម្លៃអនាធិបតេយ្យនៅក្នុងដីចម្ការកៅស៊ូរដ្ឋ និងដីចម្ការកៅស៊ូឯកជននៅភូមិត្រុំ ឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគិរី កើតមានតាំងឆ្នាំ២០១៤។ ចំណែកក្រុមសមត្ថកិច្ចបង្ក្រាបបានតែមួយរយៈខ្លី បន្ទាប់មកការជីកយកត្បូងអនាធិបតេយ្យកើតមានឡើងវិញដដែលៗរហូតបច្ចុប្បន្ន។
ទាក់ទិនការបង្ក្រាបអ្នកជីកត្បូងអនាធិបតេយ្យនេះ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តរតនគិរី លោក ហ៊ុន ប៊ុនថាន បដិសេធថា ក្រុមសមត្ថកិច្ច និងមន្ត្រីជំនាញមិនបានបណ្ដែតបណ្ដោយនោះទេ ក៏ប៉ុន្តែដីដែលជាតំបន់ជីកត្បូងអនាធិបតេយ្យឋិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន ស្វីស រ៉ាប់ប៊ឺ ផ្លេនថេសិន។ ដោយឡែកក្រុមហ៊ុននេះបានបដិសេធមិនទទួលខុសត្រូវរឿងនេះ ដោយសារតែដីនោះឋិតក្នុងជម្លោះទាមទារពីអតីតក្រុមសាមគ្គីចម្ការកៅស៊ូតាមផ្លូវតុលាការ ហេតុនេះការគ្រប់គ្រងដីតំបន់នោះឋិតក្នុងភាពមិនច្បាស់លាស់។
យ៉ាងណាលោកថា បច្ចុប្បន្នសកម្មភាពលួចជីកយកត្បូងនៅតំបន់នោះមានសភាពតិចតួច ហើយលួចលាក់ធ្វើនៅពេលយប់ដែលសមត្ថកិច្ចពិបាកចាត់វិធានការទាន់ពេលវេលា៖ «យើងនៅតែបង្ក្រាបជារៀងរហូតមិនបណ្ដោយឲ្យអនាធិបតេយ្យ។ យកល្អបើសិនគាត់សហការ គាត់រាយការណ៍មកភ្លាមៗក៏យើងធ្វើភ្លាម»។
មន្ត្រីសម្របសម្រួលសមាគមអាដហុក (ADHOC) ខេត្តរតនគិរី លោក ឆាយ ធី ធ្លាប់បានបង្ហោះរូបភាពទីតាំង និងសកម្មភាពជីករករ៉ែនៅក្នុងបណ្ដាញព័ត៌មានសង្គមហ្វេសប៊ុក (Facebook) ដែលបង្ហាញថា កន្លែងជីកត្បូងនេះត្រូវបានកម្មករជាក្រុមៗរាប់សិបនាក់មានខ្មែរ និងវៀតណាម ចូលទៅជីក បន្ទាប់ពីទីនោះត្រូវបានអាជ្ញាធរបង្ក្រាបដូចលេងបិទពួន ម្ដងបិទ ម្ដងបើក។
ការអង្កេតបឋមរបស់លោក ឆាយ ធី រកឃើញថា មានថៅកែជាឈ្មួញទិញត្បូង ឬកុងសែត្បូងជាអ្នកនៅពីក្រោយសកម្មភាពជីករកត្បូងនេះ។ ចំណែកអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធខ្លះត្រូវគេសង្ស័យថា បានឃុបឃិតផ្ដល់ព័ត៌មានទៅឲ្យអ្នកជីកត្បូងគេចខ្លួន ខណៈមានសមត្ថកិច្ចចុះទីកាន់ទីនោះ៖ «អ្នកជីកនៅតំបន់នោះគឺយើងស្គាល់អស់ហើយ ប៉ុន្តែបើយើងទៅដេញមិនឲ្យជីក គឺអ្នកជីកអនាធិបតេយ្យនៅតែជីក ហើយអ្នកសុំច្បាប់ធ្វើអាជីវកម្មពិតជាបរាជ័យ»។
កាលពីពាក់កណ្ដាលឆ្នាំ២០១៥ ក្រុមការងារក្រសួងរ៉ែ និងថាមពល បានរកឃើញសកម្មភាពជីករករ៉ែអនាធិបតេយ្យកើតមានរាប់រយកន្លែងនៅខេត្តរតនគិរី។ ក្រសួងរ៉ែ និងថាមពល បានសម្រេចចេញអាជ្ញាប័ណ្ណសិប្បកម្មខ្នាតតូច និងមធ្យម ចំពោះប្រជាពលរដ្ឋជីករករ៉ែជាលក្ខណៈគ្រួសារ។ រហូតបច្ចុប្បន្ន មន្ទីររ៉ែនិងថាមពលខេត្តរតនគិរី ឲ្យដឹងថា មានប្រជាពលរដ្ឋប្រមាណ ១០គ្រួសារបានស្នើសុំអាជ្ញាប័ណ្ណសិប្បកម្មរ៉ែត្បូងខ្នាតតូចកាលពីឆ្នាំកន្លងទៅ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
