អ្នកដឹកនាំ​ខ្សែភាពយន្ត​ឯកសារ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​គម្រោង​សង់​ទំនប់​វារីអគ្គិសនី​នៅ​អារ៉ែង

0:00 / 0:00

ខ្សែភាពយន្ត​ខ្នាត​ខ្លី​មួយ​ដែល​មាន​ចំណងជើង​ថា ព្រៃ​ស័ក្ដិសិទ្ធិ កំពុង​ទាក់ទាញ​អ្នកទស្សនា​ជាតិ និង​អន្តរជាតិ​ជា​ខ្លាំង។ ព្រៃ​ស័ក្ដិសិទ្ធិ ជា​ព្រៃ​មួយ​ដែល​អ្នកនិពន្ធ​ជា​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ បាន​ដាក់​ឈ្មោះ​ឲ្យ​តំបន់​ឆាយ​អា​រ៉ែ​ង​ក្នុង​ខេត្ត​កោះកុង នៃ​ប្រទេស​កម្ពុជា ដែល​តំបន់​នេះ​កំពុង​ប្រឈម​នឹង​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​របស់​ក្រុមហ៊ុន​ចិន។

អ្នកស្រី ម៉ម កល្យាណនី ជា​អ្នកនិពន្ធ​ខ្សែភាពយន្ត​ខ្នាត​ខ្លី​មួយ​ដែល​មាន​ចំណងជើង​ថា «​ព្រៃ​ស័ក្ដិសិទ្ធិ» មាន​ជំនឿ​ថា​ ពលរដ្ឋ​ក្នុង​តំបន់​ឆាយអារ៉ែង​នៅ​ខេត្ត​កោះកុង នឹង​ការពារ​ជម្រក​សុខសាន្ត​ដែល​ពួកគេ​តែង​រស់នៅ​ទីនោះ​ជាង ​៦សតវត្ស​មក​ហើយ ពី​ការប៉ុនប៉ង​បណ្ដេញ​ចេញ​ដើម្បី​ដាក់​ជំនួស​ក្រុមហ៊ុន ស៊ីណូហាយដ្រូ (Sinohydro) ក្នុង​ការ​សាងសង់​ទំនប់​វារីអគ្គិសនី។

«សំឡេង​ក្នុង​ភាពយន្ត»

អ្នកស្រី ម៉ម កល្យាណនី អ្នកនិពន្ធ​ខ្សែភាពយន្ត​នេះ​មានប្រសាសន៍ថា ការ​ខិតខំ​ផលិត​ខ្សែភាពយន្ត​នេះ​ឡើង​ដោយសារ អ្នកស្រី​ចង់​បង្ហាញ​ការ​វិនិយោគ​លើ វិស័យ​វា​រី​អគ្គិសនី​ក្នុង​តំបន់​អា​រ៉ែ​ង​មិនបាន​ផ្ដល់​ផល​ចំណេញ​ដល់​ប្រជាពលរដ្ឋ​នោះ​ទេ តែ​ផ្ទុយទៅវិញ​ក្រុមហ៊ុន​ចិន នឹង​បំផ្លាញ​ធនធានធម្មជាតិ​នៅ​ទីនោះ រួមមាន​ឈើ​ប្រណិត រ៉ែ​ក្រោម​ដី ជីវិត​សត្វព្រៃ​ជិត​ផុត​ពូជ​ជាង ៣០​ប្រភេទ និង​ជីវភាព​របស់​ក្រុម​ជនជាតិ​ដើម​ភាគតិច​ជង​ជាង​១​ពាន់​នាក់​ទៀត​នឹង​ជួប​ទុក្ខវេទនា៖ «បើ​សាងសង់​ទំនប់​វារីអគ្គិសនី​ហ្នឹង​មានតែ​ប៉ះពាល់​ទៅលើ​ជីវិត​ប្រជាជន​ទៅវិញ។ បើ​សាងសង់​ទៅ​វារីអគ្គិសនី​ត្រូវ​លិច​ដី​ជាង​២​ម៉ឺន​ហិកតារ។ មួយ​ទៀត​រដ្ឋាភិបាល​ត្រូវ​ជម្លៀស​ប្រជាជន​ចេញ​ពី​ផ្ទះ​សម្បែង របស់​ពួកគាត់ ចេញពី​ដីស្រែ​របស់​គាត់​ចេញពី​ស្ទឹង​របស់​ពួកគាត់ ហើយ​ទៅ​កន្លែង​ផ្សេង​ដែល​អត់​មាន​ផ្ទះ​សម្បែង អត់​មាន​ដី​ធ្វើស្រែ អត់​មាន​ស្ទឹង​ស្ទូចត្រី។ មាន​ន័យ​ថា​ជីវិត​របស់​ពួកគាត់​ត្រូវ​ផ្លាស់ ប្ដូរ​សា​ឡើងវិញ ក៏​ប៉ុន្តែ​ខ្ញុំ​ចង់​បង្ហាញ​ថា​មានតែ​ប្រជាពលរដ្ឋ​ទេ ដែល​អាច​បញ្ចប់​ផែនការ​សាងសង់​វារីអគ្គិសនី​ហ្នឹង»។

ការ​ព្រួយ​បារម្ភ​របស់​អ្នកស្រី ម៉ម កល្យាណ​នី បាន​ស្ដែង​ឡើង តាមរយៈ​ខ្សែ​ភាពយន្ត​ឯកសារ​មួយ​ដែល​មាន​ចំលង​ជើង​ថា «​ព្រៃ​ដ៏​ស័ក្ដិសិទ្ធិ​» ជា​ខ្សែភាពយន្ត​មួយ​ដែល​មាន​បង្ហាញ​អំពី​ការ​ប្រឈម​មុខ​របស់​ពល​រដ្ឋ​ក្នុង​ការ​ជម្លៀស​ចេញពី​ជម្រក​សុខសាន្ត​របស់ របស់​ពួកគេ​ក្នុង​តំបន់​អា​រ៉ែង​ដាក់​ជំនួស​នូវ​ក្រុមហ៊ុន​ចិន​សាងសង់ ទំនប់​វារីអគ្គិសនី។

ជុំវិញ​បញ្ហា​អា​រ៉ែ​ង​នេះ​ដែរ មន្ត្រី​ជាន់ខ្ពស់​នៃ​គណបក្សប្រឆាំង​អះអាង​ថា ពួកគេ​កំពុង​ស្វែងរក​វិធីសាស្ត្រ​ក្នុង​ការ​ការពារ​តំបន់​អា​រ៉ែ​ង​តាមរយៈ មធ្យោបាយ​រដ្ឋសភា។ ប្រធាន​គណៈកម្មការ​ទី​បី​នៃ​រដ្ឋសភា​ទទួលបន្ទុក​កិច្ចការ កសិកម្ម អភិវឌ្ឍន៍​ជនបទ បរិស្ថាន ផែនការ វិនិយោគ និង សេដ្ឋកិច្ច លោក ប៉ុល ហំម មាន​ប្រសាសន៍ថា នៅ​ចុង​ខែ​កុម្ភៈ​ឆ្នាំ​២០១៥ រដ្ឋសភា​ជាតិ​នឹង​ធ្វើ​ការ​កោះ​ហៅ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​មក​ឆ្លើយ​បំភ្លឺ​ចំពោះ​មុខ​តំណាងរាស្ត្រ​ទាំង​១២៣ រូប​អំពី​បញ្ហា​អា​រ៉ែ​ង។

លោក ប៉ុល ហំម មាន​ប្រសាសន៍​ថា​ក្រុម​ការងារ​របស់​លោក​នឹង​ចុះ ទៅ​តំបន់​អារ៉ែង​នៅ​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ខាងមុខ​នេះ​ដើម្បី​ធ្វើការ​សិក្សា អំពី​ស្ថានភាព​ជាក់ស្ដែង​ដែល​ប្រជាពលរដ្ឋ​អាច​នឹង​រង​ផល​ប៉ះពាល់​ប្រសិនបើ​មានការ​សាងសង់​ទំនប់​វារីអគ្គិសនី​មែន​នោះ៖ «យើង​នឹង​ប្រមូល​ព័ត៌មាន​ឲ្យ​បាន​អស់​សិន រួច​ហើយ​នៅ​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ​នេះ​យើង​នឹង​អញ្ជើញ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​មក​ឆ្លើយ​បំភ្លឺ​អំពី​ស្ថានភាព​ទូទៅ ទាក់ទង​ទៅ​នឹង​បរិស្ថាន​ដែល​ស្ថិត​នៅ​ក្រោម​ការគ្រប់គ្រង របស់​ក្រសួងបរិស្ថាន​ហ្នឹង ប៉ុន្តែ​យើង​ចង់​សង្កត់ធ្ងន់​មើល​ខាង​តំបន់​អា​រ៉ែ​ង​មើល ថា​តើ​រដ្ឋមន្ត្រី​នោះ​គាត់​មានប្រសាសន៍ថា​យ៉ាងណា រួច​ហើយ​យើង​នឹង​រៀបចំ​យុទ្ធសាស្ត្រ​នៅ​ក្នុង​គណៈកម្មការ​យើង​ដើម្បី​ធ្វើ​កិច្ចការ​បន្ត​ទៀត»។

តំបន់​អារ៉ែង​ស្ថិត​ក្នុង​តំបន់​ព្រៃ​ការពារ​ភ្នំក្រវាញ​ភាគ​កណ្ដាល ដែល​ជា​ព្រៃ​ក្រាស់​ហើយ​ធំជាង​គេ​នៅ​តំបន់​អាស៊ី​ភាគ​អាគ្នេយ៍។ តំបន់​ព្រៃ​ស្តុក​នេះ​មាន ទំហំ ៤​សែន ៦​ម៉ឺន ហិកតារ លាតសន្ធឹង​កាត់​ឃុំ​ជំនាប់ ឃុំ​ប្រឡាយ និង ឃុំ​ថ្ម​ដូន​ពៅ ស្ថិត​ក្នុង​ស្រុក​ថ្មបាំង​ខេត្ត​កោះកុង​ដែល មាន​ព្រំប្រទល់​ជាប់​ខេត្ត​ពោធិ៍សាត់ និង​ខេត្ត​កំពង់ស្ពឺ​។

តំបន់​នេះ​ជា​ជម្រក​រស់នៅ​សុខសាន្ត​របស់​ក្រុម​ជនជាតិភាគតិច​ជង ជាង​១​ពាន់​៣​រយ​នាក់។ ពួកគេ​ប្រកប​របរ​ចិញ្ចឹមជីវិត​ដោយ​ការ​ទាញ យក​អនុផល​ព្រៃឈើ​ទៅតាម​វប្បធម៌ ប្រពៃណី និង​ទំនៀម​ទម្លាប់ តាំងពី​ដូនតា​មក​ម្ល៉េះ។

នៅ​ទីនោះ​ពោរពេញ​ទៅ​ដោយ​ផ្នូរ​កប់​សព​ដូនតា​របស់​ពួកគេ ហើយ​ផ្នូរ​ទាំងនោះ​ភាគច្រើន​ជា​ខ្ទម​ដែល​គេ​ដាក់​នៅ​តាម​ជញ្ជាំង​ក្រហែង​ថ្ម។

ក្រុម​អ្នក​អភិរក្ស​ព្រៃឈើ​អះអាង​ថា ប្រសិនបើ​គម្រោង​សង់​ទំនប់​វារីអគ្គិសនី ត្រូវ​បាន​បង្កើត​ឡើង​មែន នោះ​វា​នឹង​ធ្វើ​ប៉ះពាល់​ធ្ងន់ធ្ងរ ដល់​សិទ្ធិ​របស់​ជនជាតិ​ដើម​ភាគតិច​ដែល​ធានា​ដោយ​ច្បាប់។

ច្បាប់​ភូមិបាល​ឆ្នាំ ២០០១ មាត្រា​២៣ ចែងថា ជនជាតិ​ដើម​ភាគតិច ដែល​បាន​ចុះ​ក្នុង​បញ្ជី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​មាន​សិទ្ធិ​ចាត់ចែង គ្រប់គ្រង​សហគមន៍ និង​អចលនទ្រព្យ​របស់​ខ្លួន​ទៅតាម​ប្រពៃណី និង​ទំនៀម​ទម្លាប់។

ពួកគេ​មាន​សិទ្ធិ​ទទួល​បាន​ការរស់នៅ​សមរម្យ​ទៅតាម​ប្រពៃណី មាន​សិទ្ធិ​ក្នុង​ការ​ចុះបញ្ជី​ដីធ្លី សិទ្ធិ​ក្នុង​ការ​តវ៉ា​អំពី​ការរំលោភ​ដីធ្លី និង​សិទ្ធិ​យល់ព្រម​លើ​ការ​វាស់​ព្រំប្រទល់​ដី​ក្នុង​គោលបំណង​ចុះបញ្ជីណាមួយ។

ទាក់ទង​ទៅ​នឹង​បញ្ហា​ប្រឈម​ក្នុង​តំបន់​អារ៉ែង​នេះ​ដែរ ប្រធាន​ចលនា​មាតា​ធម្មជាតិ លោក អាឡិច​ហ្សាន់ដ្រូ ហ្កាន់ហ្សា​លេ​ដេវីឌ​សាន់ (Alejandro Ganzalez Davidson) មាន​ប្រសាសន៍​ថា ក្រុមហ៊ុន​ចិន​មួយ​ដែល​មាន​ឈ្មោះថា ឆាយណា ហ្គោឌៀ​ន (China Guodian) បាន​ដក​ខ្លួន​ចេញពី​គម្រោង​ការ​សិក្សា​អំពី​សាងសង់​ទំនប់​វារីអគ្គិសនី មុន​នឹង​ក្រុមហ៊ុន​ចិន​ស៊ីណូហាយដ្រូ ចុះ​សិក្សា​សាងសង់​ទំនប់​វារីអគ្គីសនី​នោះ​ទៅទៀត។

លោក​បន្ត​ថា​ការសិក្សា របស់​ក្រុមហ៊ុន​ចិន ឆាយណា ហ្គោ​ឌៀ​ន (China Guodian) ឲ្យ​ដឹង​ថា​ការ​ធ្វើ​ទំនប់​វារីអគ្គិសនី​នៅ​តំបន់​អា​រ៉ែ​ង​នឹង​ខាតបង់​ទុន៖ «ប៉ុន្តែ​អ្វី​ដែល​ចាប់អារម្មណ៍​ជាងគេ​នោះ​គឺ​ពាក្យ​សម្ដី​របស់​ក្រុមហ៊ុន ឆាយណា ហ្គោឌៀ​ន (China Guodian) ខ្លួនឯង​ផ្ទាល់​ដែល​និយាយ នៅ​ក្នុង​គេហទំព័រ ឬ វិបសាយ (Website) របស់​គេ​កាលពី​ខែ​មករា ឆ្នាំ ២០១៤ ក្នុង​របាយការណ៍​ប្រចាំ​ឆ្នាំ គេ​ថា​ដក​ខ្លួន​ចេញពី​តំបន់​អា​រ៉ែ​ង ដោយសារ​អត់​មាន​ចំណេញ​អី​ទេ។ អាហ្នឹង​ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ​សួរ​ដេញដោល​ដល់ ឆាយណា ហ្គោឌៀន (China Guodian) អាហ្នឹង​ជាលា​សុទ្ធ​ហ្នឹង។ សួរ​ថា​ទៅ​ធ្វើ​វារីអគ្គិសនី ធ្វើ​អីហ្នឹង ក្រុមហ៊ុន​ស៊ីណូហាយដ្រូ (Sinohydro) ទៅ​សិក្សា​ធ្វើ​ហ្នឹង ? ។ បាទ​បើ​ក្រុមហ៊ុន​មួយទៀត​នោះ​វា​និយាយ​ថា​អត់​មាន​ចំណេញ​អី​ផង»។

វិទ្យុ​អាស៊ីសេរី​នៅ​មិនទាន់​អាច​សុំ​ការ​បំភ្លឺ​អំពី​គម្រោង​សាងសង់​ទំនប់​វា​រី អគ្គិសនី​ពី​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង ថាមពល លោក ស៊ុយ សែម បាន​នៅ ឡើយ​ទេ​ដោយសារ​ទូរស័ព្ទ​របស់​លោក​នៅ​ក្រៅ​តំបន់​សេ​វ៉ា។

ក្រុម​អ្នកស្រាវជ្រាវ​រក​ឃើញ​ថា​ទំនប់​វារីអគ្គិសនី​នៅ​ស្ទឹង​អា​រ៉ែ​ង​អាច ផលិត​អគ្គិសនី​បានតែ​ជាង​៦០​មេ​ហ្កាវ៉ាត់ នៅ​រដូវប្រាំង​ហើយ​ប្រហែល​១​រយ​មេហ្កាវ៉ាត់ ប៉ុណ្ណោះ​នៅ​រដូវវស្សា។

ទស្សនាវដី​អាស៊ី​ឡាយហ្វ (Asialife Cambodia) ចុះផ្សាយ​ថា ដោយសារ​មានការ​អភិវឌ្ឍន៍​ខាង​ផ្នែក​កសិឧស្សាហកម្ម​ពាសពេញ​ប្រទេស​នោះ តំបន់​អា​រ៉ែ​ង​ជា​តំបន់​ព្រៃ​ដែល​នៅ​សេសសល់​ចុងក្រោយ​គេ​បង្អស់ ហើយ​ប្រសិនបើ​តំបន់​នេះ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​មានការ​សាងសង់ ទំនប់​វារីអគ្គិសនី​មែន នោះ​សត្វ​កម្រ សត្វ​ជិត​ផុត​ពូជ និង​ផ្ទះសំបែង​របស់​ប្រជាពលរដ្ឋ ក្នុង​តំបន់​ធម្មជាតិ​ដ៏​ស្រស់​ស្អាត​ចុងក្រោយ​មួយ​នេះ នឹង​រង​ការបំផ្លាញ​ដោយ​ទឹកជំនន់​គ្មាន​សល់។

ជុំវិញ​បញ្ហា​នេះ​អ្នកស្រី ម៉ម កល្យាណនី អ្នក​ផលិត​ខ្សែភាពយន្ត ឯកសារ​ខ្នាត​ខ្លី​ដែល​មាន​ចំណងជើង​ថា “ព្រៃ​ស័ក្ដិសិទ្ធិ” ដែល​បង្ហាញ​អំពី​ការ​ព្រួយបារម្ភ​របស់​ព​ល​រដ្ឋ​នៅ​តំបន់​អា​រ៉ែ​ង​ចំពោះ​ការសាងសង់​ទំនប់​វារីអគ្គិសនី នឹង​បន្ត​គម្រោង​សម្ភាសន៍​ជាមួយ​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​ថែមទៀត ដើម្បី​ស្វែងរក​លទ្ធភាព​ធ្វើ​ខ្សែភាពយន្ត​ឯកសារ​មួយ​ផ្សេងទៀត ក្នុង​បំណង​ទាក់ទាញ​ការចាប់អារម្មណ៍​របស់​រដ្ឋាភិបាល​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​ឲ្យ​ចូលរួម​រក្សា​ព្រៃ​ដ៏​ស័ក្ដិសិទ្ធិ​មួយ​នេះ សម្រាប់​កូនចៅ​ជំនាន់​ក្រោយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។