ពលរដ្ឋ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​នៅ​ស្រុក​សំឡូត​ជាង​២០​គ្រួសារ​អំពាវនាវ​សុំ​ជំនួយ

0:00 / 0:00

ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​ជាង ២០​គ្រួសារ​នៅ​ស្រុក​សំឡូត ខេត្ត​បាត់ដំបង អំពាវនាវ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ជាពិសេស​មន្ត្រី​កាកបាទ​ក្រហម​កម្ពុជា​ខេត្ត ចុះ​ជួយ និង​ផ្ដល់​ជា​សម្ភារៈ​ផ្សេងៗ​សម្រាប់​សង់​ទី​ស្នាក់​អាស្រ័យ​ជូន​ពួក​គាត់​ឲ្យ​បាន​ឆាប់​រហ័ស។ ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​អ្នក​ភូមិ​ត្រូវ​ខ្យល់​កន្ត្រាក់​ប៉ើង​ដំបូល​ផ្ទះ ហើយ​មិន​មាន​អាជ្ញាធរ​ណា​ចុះ​ទៅ​ជួយ​ពួក​គាត់​នៅ​ឡើយ។

ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​នៅ​ស្រុក​សំឡូត កំពុង​ទន្ទឹង​រង់ចាំ​ជំនួយ​ពី​សំណាក់​អាជ្ញាធរ​ពាក់ព័ន្ធ ដើម្បី​យក​ទៅ​សង់​ផ្ទះ​ស្នាក់នៅ​របស់​ពួក​គាត់។

ជនជាតិ​ដើម​ភាគ​តិច​ព័រ នៅ​ស្រុក​សំឡូត លោកស្រី សុខ រ៉េ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២០ មិថុនា ថា កាល​ពី​រសៀល​ថ្ងៃ​ទី​១៩ មិថុនា ខ្យល់​កន្ត្រាក់​បាន​បក់​ប៉ើង​ដំបូល​ផ្ទះ​របស់​លោកស្រី​អស់​ស័ង្កសី​ជាង ១០​សន្លឹក និង​ខូចខាត​ទ្រព្យ​សម្បត្តិ​នៅ​ក្នុង​ផ្ទះ​មួយ​ចំនួន​ទៀត។ លោកស្រី​អះអាង​ថា ពុំ​ទាន់​មាន​អាជ្ញាធរ​ចុះ​ទៅ​ជួយ​គ្រួសារ​លោកស្រី​នៅ​ឡើយ​ទេ។ លោកស្រី​កំពុង​ព្រួយ​បារម្ភ​ក្រែង​មាន​ភ្លៀង​ធ្លាក់​គ្មាន​ទី​ជម្រក ដោយសារ​ពុំ​មាន​ថវិកា​សម្រាប់​ជួសជុល​ផ្ទះ​ស្នាក់នៅ៖ « កន្ត្រាក់​នេះ​ធ្វើ​ឲ្យ​បី​នាក់​ឪពុក និង​កូន ដេក​ឱប​គ្នា​ញ័រ​ដូច​កូន​សត្វ។ រាល់​ថ្ងៃ ខ្ញុំ​សម្រាក​នៅ​ផ្ទះ​ម្ដាយ​ក្មេក​ខ្ញុំ ព្រោះ​ផ្ទះ​ខ្ញុំ​សម្រាក​អត់​កើត​ទេ »

ទាក់ទង​នឹង​បញ្ហា​នេះ ជំទប់​ទី​២ ឃុំ​តាតោក លោក អឹម មៀត មាន​ប្រសាសន៍​ថា លោក​បាន​ចុះ​ស្រង់​ឈ្មោះ​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​ដែល​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​ធ្ងន់ធ្ងរ​មាន​ចំនួន ១៥​ខ្នង និង​បាក់​ដើម​ឈើ​សង្កត់​ផ្លូវ ហើយ​ខូចខាត​ផល​ដំណាំ​របស់​អ្នក​ស្រុក​មួយ​ចំនួន​ទៀត។ លោក​អះអាង​ថា ខ្យល់​កន្ត្រាក់​លើក​នេះ​មាន​កម្លាំង​ខ្លាំងក្លា​ជាង​ពេល​ណាៗ​ទាំងអស់៖ « គ្រាន់​តែ​ងងឹត​ភ្លាម ស្រាប់​តែ​ខ្យល់​បក់​វឹប​យក​តែ​ម្ដង ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្លះ​ភ័យ​ខ្លាច​ក៏​នាំ​គ្នា​រត់​ទៅ​រក​ទី​សុវត្ថិភាព​រៀង​ខ្លួន។ ប៉ុន្តែ​ខ្យល់​កន្ត្រាក់​មាន​រយៈ​ខ្លី​ប្រមាណ​កន្លះ​ម៉ោង ស្ងប់ស្ងាត់​វិញ »

រីឯ​អភិបាល​ស្រុក​សំឡូត លោក ឥន សៅរិទ្ធ មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់ សរុប​ទាំងអស់​ចំនួន ២១​ខ្នង ស្ថិត​នៅ​ឃុំ​ចំនួន​២ រួម​មាន ឃុំ​កំពង់ល្ពៅ និង​ឃុំ​តាតោក ក្នុង​នោះ​ឃុំ​តាតោក ច្រើន​ជាង​គេ។ ទោះ​បី​ជា​យ៉ាង​ណា លោក​អះអាង​ថា ចំនួន​ផ្ទះ​ពលរដ្ឋ​រងគ្រោះ​អាច​នឹង​កើន​ឡើង​ទៀត ពីព្រោះ​អាជ្ញាធរ​មូលដ្ឋាន​កំពុង​ចុះ​ស្រាវជ្រាវ​មិន​ទាន់​ចប់​នៅ​ឡើយ។ លោក​បញ្ជាក់​ថា ក្រោយ​ពី​អាជ្ញាធរ​ស្រង់​តួលេខ​ផ្ទះ​ពលរដ្ឋ​រងគ្រោះ​រួច​រាល់​ហើយ និង​បញ្ជូន​ទៅ​សាខា​កាកបាទ​ក្រហម​ខេត្ត​បាត់ដំបង ដើម្បី​ចុះ​ជួយ​ប្រជាពលរដ្ឋ​ក្នុង​ពេល​ឆាប់ៗ៖ « ខ្ញុំ​កំពុង​តែ​រៀបចំ​បញ្ជូន​ឈ្មោះ​ទៅ​កាកបាទ​ក្រហម​ខេត្ត ប្រហែល​ជា​ថ្ងៃ​ទី​២១ មិថុនា ព្រោះ​ភ្លាមៗ​យើង​ធ្វើ​មិន​ទាន់ ដោយសារ​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​ឆ្ងាយ​ពី​គ្នា »

នៅ​ក្នុង​ចំណោម​ផ្ទះ​ពលរដ្ឋ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់ មាន​ផ្ទះ​របស់​ជនជាតិ​ភាគ​តិច​ព័រ ខូចខាត​ចំនួន ៦​ខ្នង​ដែរ។ ទោះ​បី​ជា​យ៉ាង​ណា អាជ្ញាធរ​ស្រុក​ឲ្យ​ដឹង​ថា ខ្យល់​កន្ត្រាក់​នេះ​ពុំ​បណ្ដាល​ឲ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។