មនុស្ស​ពីរ​នាក់​រង​របួស​និង​ផ្ទះ​ជិត​២០០​ខ្នង​ខូចខាត​ដោយសារ​ខ្យល់​កន្ទ្រាក់​នៅ​ខេត្ត​កំពង់ឆ្នាំង

0:00 / 0:00

កម្លាំង​សមត្ថកិច្ច​ចម្រុះ​ខេត្ត​កំពង់ឆ្នាំង ជាង ១០០​នាក់ កំពុង​សង្គ្រោះ​ពលរដ្ឋ​ជិត ២០០​គ្រួសារ​ដែល​រងគ្រោះ​ដោយសារ​ខ្យល់​ព្យុះ​កន្ទ្រាក់​លាយ​ភ្លៀង​កាល​ពី​រសៀល​ថ្ងៃ​ទី​១៩ ខែ​មិថុនា។ គ្រោះ​ធម្មជាតិ​នេះ បាន​បង្ក​ឲ្យ​ផ្ទះ​ពលរដ្ឋ​នៅ​ស្រុក​ពីរ​នៃ​ខេត្ត​កំពង់ឆ្នាំង សរុប ១៩៣​ខ្នង ត្រូវ​ខូចខាត និង​មនុស្ស​ពីរ​នាក់​របួស ក្នុង​នោះ​ម្នាក់​របួស​ធ្ងន់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ។

របាយការណ៍​កាកបាទ​ក្រហម​កម្ពុជា សាខា​ខេត្ត​កំពង់ឆ្នាំង ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២០ ខែ​មិថុនា បង្ហាញ​ថា ឃុំ​ច្រេស និង​ឃុំ​លង្វែក នៃ​ស្រុក​កំពង់ត្រឡាច និង​ឃុំ​ស្វាយ ស្រុក​សាមគ្គីមានជ័យ ខេត្ត​កំពង់ឆ្នាំង បាន​រងគ្រោះ​ដោយ​ខ្យល់​ព្យុះ​កន្ទ្រាក់។ មន្ត្រី​កាកបាទ​ក្រហម​កម្ពុជា ថា​កម្លាំង​យោធា ប៉ូលិស និង​ប៉េអិម​ដែល​ចុះ​អន្តរាគមន៍​រុះរើ ឬ​ជួសជុល​ផ្ទះ​ស្នាក់នៅ​បណ្ដោះអាសន្ន អាច​បន្ត​ការងារ​ដល់​ថ្ងៃ​ទី​២១ ខែ​មិថុនា។

ប្រធាន​កាកបាទ​ក្រហម​កម្ពុជា សាខា​ខេត្ត​កំពង់ឆ្នាំង លោក ប្រាក់ សោភ័ណ្ឌ មាន​ប្រសាសន៍​ថា លោក​បាន​បញ្ជូន​របាយការណ៍​នេះ​ទៅ​ទីស្នាក់ការ​កណ្ដាល​របស់​កាកបាទ​ក្រហម​កម្ពុជា រួច​ហើយ ប៉ុន្តែ​នៅ​ចំពោះ​មុខ កម្លាំង​សមត្ថកិច្ច​ចម្រុះ​ជួយ​សង្គ្រោះ​ពលរដ្ឋ​បឋម​សិន ទើប​កំណត់​ថ្ងៃ​ចែក​ស្បៀង ឬ​សម្ភារៈ​ផ្សេងៗ​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ទាំង ១៩៣​គ្រួសារ​នោះ៖ «ស្បៀង​អាហារ​យើង​នឹង​ជួយ​បន្ទាប់​នេះ ហើយ​ខ្ញុំ​កំពុង​បញ្ជូន​តួលេខ​ទៅ​ទីស្នាក់ការ​កណ្ដាល​របស់​កាកបាទ​ក្រហម​កម្ពុជា។ ខ្ញុំ​រាយការណ៍​ជូន​ទៅ​សម្ដេច​គតិ​ព្រឹទ្ធ​បណ្ឌិត ដើម្បី​ឲ្យ​លោក​បាន​ជ្រាប ហើយ​យើង​នឹង​ជូន​ដំណឹង​ពេល​ក្រោយ​ថា យើង​នឹង​ចែក​ជូន​ពួក​គាត់​នៅ​ថ្ងៃ​ណា ?»។

លោក​បញ្ជាក់​ថា នៅ​ឃុំ​ច្រេស និង​ឃុំ​លង្វែក ស្រុក​កំពង់ត្រឡាច មាន​ផ្ទះ​ដួល​រលំ ២៩​ខ្នង និង​ខូចខាត​មធ្យម ៨០​ខ្នង។ ចំណែក​នៅ​ឃុំ​ស្វាយ ស្រុក​សាមគ្គីមានជ័យ ដួល​រលំ ៥​ខ្នង និង​ខូចខាត​មធ្យម ៨០​ខ្នង។

ចំណែក​ស្នងការ​រង និង​ជា​អ្នក​នាំ​ពាក្យ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ឆ្នាំង លោក លី វីរៈ ថ្លែង​ថា កម្លាំង​សមត្ថកិច្ច​គ្រាន់​តែ​ជួយ​រុះរើ​ផ្ទះ​ដែល​ដួល​រលំ ឬ​របើក​របាញ​ទាំង​នោះ​ឲ្យ​បាន​រៀបរយ​សិន។ ចំពោះ​ការ​ជួសជុល ឬ​ធ្វើ​ផ្ទះ​ឡើង​វិញ អាស្រ័យ​លើ​ម្ចាស់​ផ្ទះ ឬ​អាច​មាន​ជំនួយ​ពី​ខាង​ណា​មួយ ដើម្បី​ទិញ​សម្ភារៈ​មក​សាងសង់​ឡើង​វិញ ប៉ុន្តែ​កម្លាំង​សមត្ថកិច្ច នឹង​ជួយ​បន្ថែម​ទៀត​លើ​រឿង​នេះ៖ «កន្លែង​ខ្លះ​យើង​គ្រាន់​តែ​ជួយ​រុះរើ​ឲ្យ​បាន​រៀបរយ​ឲ្យ​គាត់​ទៅ​ណា ហើយ​បន្តិច​ទៀត​គាត់​នឹង​មាន​ការ​ប្រក់​ទៅ។ យើង​ជួយ​ដល់​គាត់​បន្ថែម​ទៀត។ ដល់​ឥឡូវ​ហ្នឹង​អត់​ទាន់​បាន​ធ្វើ​ទេ ដូច​នៅ​ស្រុក​សាមគ្គីមានជ័យ អ៊ីចឹង អត់​ទាន់​បាន​ធ្វើ​ទេ គ្រាន់​តែ​ជួយ​រៀបចំ​កុំ​ឲ្យ​ច្រងេងច្រងាង»។

វិទ្យុ​អាស៊ីសេរី មិន​អាច​រក​ប្រភព​ទាក់ទង​ជន​រងគ្រោះ​ពីរ​នាក់ ដែល​ផ្ទះ​រលំ​លើ​នៅ​ភូមិ​ពោធិ៍រិទ្ធិក្រៃ នៃ​ឃុំ​ស្វាយ នោះ​ដោយ​ផ្ទាល់​បាន​ទេ នៅ​ថ្ងៃ​ទី​២០ ខែ​មិថុនា។ ប៉ុន្តែ​អធិការ​ស្រុក​សាមគ្គីមានជ័យ និង​នាយ​ប៉ុស្តិ៍​នគរបាល​ឃុំ​ស្វាយ ឲ្យ​ដឹង​ថា ជន​រងគ្រោះ​ទី​១ ឈ្មោះ អ៊ីន ស្រីណែត អាយុ ៦​ឆ្នាំ និង​ម្នាក់​ទៀត​ជា​ស្ត្រី​វ័យ ៣៥​ឆ្នាំ​ឈ្មោះ ភី នួន កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ បច្ចុប្បន្ន​បាន​ធូរ​ស្រាល​ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។