ពលរដ្ឋ​ជាង​៦០០​គ្រួសារ​រង​គ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​នៅ​ខេត្ត​កំពង់ចាម

ដោយ​ សូត សុខប្រាថ្នា
2016.05.12
ព្យុះ កំពង់ចាម ៦២០ ផ្ទះ​ពលរដ្ឋ​នៅ​ឃុំ​សណ្ដែក ស្រុក​បាធាយ ដែល​រលំ​ដោយសារ​ខ្យល់​កន្ត្រាក់ កាល​ពី​យប់​ថ្ងៃ​ទី ២១ ចូល​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០១៥។
Provided Photo

គ្រោះ​ធម្មជាតិ​ខ្យល់​កន្ត្រាក់​មួយ​កាល​ពី​រសៀល​ថ្ងៃ​ទី​១១ ខែ​ឧសភា បណ្ដាល​ឱ្យ​លំនៅឋាន​របស់​ពលរដ្ឋ​ជាង ៦០០​ខ្នង នៅ​ក្នុង​ស្រុក​២ នៃ​ខេត្ត​កំពង់ចាម រង​ផល​ប៉ះពាល់។ អាជ្ញាធរ​ខេត្ត​លើក​ឡើង​ថា ពួកគេ​កំពុង​ត្រៀម​ជំនួយ​មនុស្សធម៌​មួយ​ចំនួន​សម្រាប់​ជួយ​ពលរដ្ឋ​រង​គ្រោះជា​បណ្ដោះអាសន្ន។

ប្រជាពលរដ្ឋ​ពីរ​ស្រុក នៅ​ខេត្ត​កំពង់ចាម រួម​មាន​ស្រុក​បាធាយ ៥៥៩​គ្រួសារ និង​ស្រុក​ស្ទឹងត្រង់ ចំនួន​ជាង ៦០​គ្រួសារ រង​គ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់។ ពលរដ្ឋ​នៅ​ស្រុក​បាធាយ ខ្លះ​ខូចខាត​ផ្ទះ​សម្បែង​ស្ទើរ​ទាំង​ស្រុង ហើយ​នាំ​គ្នា​ធ្វើ​រោង​ស្នាក់​នៅ​ជា​បណ្ដោះអាសន្ន។ អ្នក​ខ្លះ​មិន​មាន​ប្រាក់​ដើម្បី​សាងសង់​ផ្ទះ​ឡើង​វិញ​ឡើយ ម្យ៉ាង​កំពុង​ប្រឈម​បញ្ហា​ខ្វះ​ស្បៀង​អាហារ​សម្រាប់​ហូប​ចុក​ទៀត​ផង។

ពលរដ្ឋ​នៅ​ឃុំ​សណ្ដែក មួយ​រូប អ្នកស្រី ឡេក ហៀប ឱ្យ​ដឹង​ថា កាល​ពី​រសៀល​ថ្ងៃ​ទី​១១ ខែ​ឧសភា គ្រោះធម្មជាតិ​ខ្យល់​កន្ត្រាក់​បណ្ដាល​ឱ្យ​ផ្ទះ​អ្នកស្រី​ខូចខាត​ស្ទើរ​ទាំង​ស្រុង និង​បណ្ដាល​ឱ្យ​សមាជិក​គ្រួសារ​គាត់​ពីរ​នាក់​រង​របួស​ផង។ អ្នកស្រី​ថា ពួកគាត់​ត្រូវ​រស់​ក្រោម​ផ្ទះ​បណ្ដោះអាសន្ន ទម្រាំ​មាន​ប្រាក់​សាងសង់​ផ្ទះ​ឡើង​វិញ ប៉ុន្តែ​អ្នកស្រី​មិន​សូវ​មាន​សង្ឃឹម​ថា អាច​មាន​លទ្ធភាព​ធ្វើ​ផ្ទះ​ដោយ​ខ្លួន​ឯង​ទេ ពីព្រោះ​បច្ចុប្បន្ន​កំពុង​ប្រឈម​ការ​ខ្វះខាត​ស្ទើរ​សព្វ​បែប​យ៉ាង​ក្នុង​គ្រួសារ៖ «ដេក​ក្រោម​ផ្ទះ​លិច​ទាំង​អស់​ទទឹក​ខោ​អាវ ទទឹក​ស្រូវ។ និយាយ​មាន​តែ​ស្រូវ​ម៉ែ ស្រូវ​ខ្ញុំ​អត់​មាន​ផង ខ្ញុំ​អស់​សល់​អង្ករ​បី​គីឡូ»

បាតុភូត​ខ្យល់​កន្ត្រាក់ កើត​ឡើង​នៅ​ខេត្ត​កំពង់ចាម កាល​ពី​រសៀល​ថ្ងៃ​ទី​១១ ខែ​ឧសភា បណ្ដាល​ឱ្យ​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ស្រុក​បាធាយ ៥៥៩​ខ្នង រង​ផល​ប៉ះពាល់ ក្នុង​នោះ ១៣២​ខ្នង​ប៉ះពាល់​ធ្ងន់ធ្ងរ និង​ខូចខាត​តិចតួច​ជាង ៤០០​ខ្នង។ ចំណែក​ផ្ទះ ៦៤​ខ្នង​ផ្សេង​ទៀត​នៅ​ស្រុក​ស្ទឹងត្រង់ ក៏​រង​ផល​ប៉ះពាល់​ដែរ។

ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម លោក បែន រ័ត្ន មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១២ ខែ​ឧសភា ថា គ្រោះ​ធម្មជាតិ​កើត​ឡើង​ពេល​នេះ មិន​បណ្ដាល​ឱ្យ​ពលរដ្ឋ​ណា​ម្នាក់​បាត់បង់​ជីវិត​នោះ​ទេ ប៉ុន្តែ​មាន​ពលរដ្ឋ​ម្នាក់​នៅ​ស្រុក​ស្ទឹងត្រង់ រង​របួស​ធ្ងន់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត និង ៣​នាក់​ផ្សេង​ទៀត​រង​របួស​ស្រាល។ លោក​បញ្ជាក់​ថា អាជ្ញាធរ​បាន​ត្រៀម​កម្លាំង​ជាង ២០០​នាក់ ដើម្បី​ជួយ​សម្រួល​ការ​លំបាក និង​រៀបចំ​ផ្ទះ​សម្បែង​ជា​បណ្ដោះអាសន្ន​ជូន​ប្រជាពលរដ្ឋ៖ «សំខាន់​គឺ​យើង​បាន​ណែនាំ​ញឹកញាប់ គឺ​បញ្ហា​រន្ទះបាញ់។ បញ្ហា​រន្ទះបាញ់​ហ្នឹង​ញឹកញាប់​ណាស់ ម្សិលមិញ ម្សិលម្ង៉ៃ​ហ្នឹង​ក៏​មាន​ដែរ»

​ជាមួយ​គ្នា​នេះ អភិបាល​ស្រុក​បាធាយ លោក ឡោ ចាន់លី បញ្ជាក់​ថា អាជ្ញាធរ​ខេត្ត​ក៏​បាន​ត្រៀម​ស្បៀង និង​សម្ភារៈ​សង្គ្រោះ​បន្ទាន់​មួយ​ចំនួន​ដើម្បី​ចែក​ជូន​ប្រជាពលរដ្ឋ​សម្រាប់​ដោះស្រាយ​បញ្ហា​ប្រឈម​ចំពោះ​មុខ នៅ​ថ្ងៃ​ទី​១៣ ខែ​ឧសភា៖ «ព្រឹក​មិញ​មួយ​ថ្ងៃ​ហ្នឹង យើង​បាន​ចុះ​រុះរើ​ផ្ទះ​ដែល​បាន​ដួល​ទាំង​ស្រុង​ហ្នឹង​រួចរាល់​អស់​ហើយ ហើយ​ស្អែក​នេះ ឯកឧត្ដម​អភិបាល​ខេត្ត​នឹង​នាំ​យក​អំណោយ​មួយ​ចំនួន»

​ខ្យល់​កន្ត្រាក់​ប៉ះពាល់​ប្រជាពលរដ្ឋ​នៅ​ស្រុក​បាធាយ មាន​ចំនួន ៤​ឃុំ រួម​មាន​ឃុំ​ត្រប់ ឃុំ​ក្រសាំង ឃុំ​ទំនប់ និង​ឃុំ​សណ្ដែក។

ជំទប់​ទី​១ ឃុំ​សណ្ដែក លោក កឹម ញ៉ក់ មើល​ឃើញ​ថា បញ្ហា​ប្រឈម​ចំពោះ​មុខ​របស់​ប្រជាពលរដ្ឋ គឺ​ពួកគេ​ភាគ​ច្រើន​មិន​មាន​ថវិកា​ដើម្បី​ជួសជុល​ផ្ទះ​ឡើង​វិញ  និង​បញ្ហា​ហូប​ចុក​ជាដើម៖ «អំពាវនាវ​ដល់​អង្គការ និង​សប្បុរសជន​មួយ​ចំនួន អ្នក​ដែល​មាន​ដើម​ទុន​ធំៗ ជួយ​ផ្ដល់​ជា​សម្ភារៈ ដូចជា​តង់ ស្បៀង​អាហារ​ដល់​ពួកគាត់»

ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​នៅ​ស្រុក​បាធាយ ពេល​នេះ មួយ​ចំនួន​ជា​ពលរដ្ឋ​ដែល​ធ្លាប់​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​ម្ដង​រួច​មក​ហើយ​កាល​ពី​ឆ្នាំ​កន្លង​ទៅ។ អ្នក​ភូមិ​ខ្លះ​លើក​ឡើង​ថា ពួកគាត់​មិន​បាន​រក​ស៊ី​ដើម្បី​ឱ្យ​រីកចម្រើន​ក្នុង​គ្រួសារ​នោះ​ទេ ប៉ុន្តែ​ជា​ការ​ខិតខំ​រក​ស៊ី​សម្រាប់​តែ​ធ្វើ​ផ្ទះ​នៅ​ប៉ុណ្ណោះ។ ជាង​នេះ​ទៀត ពលរដ្ឋ​ខ្លះ​កំពុង​ព្រួយ​បារម្ភ​ខ្លាច​ក្រែង​មាន​បាតុភូត​អាក្រក់​នេះ​កើត​ឡើង​ជា​ថ្មី​ម្ដង​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។