ប្រធានរដ្ឋបាលជលផល ថ្លែងនៅថ្ងៃទី១៣ ខែមេសា ថា ខ្យល់កន្ត្រាក់បង្កើតជាព្យុះបោកបក់ជារលកខ្លាំង ទៅលើតំបន់អភិរក្សត្រីនៅទន្លេឆ្មា កាលពីយប់ថ្ងៃទី១១ ខែមេសា បណ្ដាលឲ្យត្រីមានស្រកា ងាប់ពេញទឹក។
លោក ណៅ ធួក ប្រធានរដ្ឋបាលជលផល ថ្លែងបន្តថា ខ្យល់ព្យុះនោះបោកខ្លាំងអស់រយៈពេលជាង ២០នាទី ធ្វើឲ្យទឹករញ្ជួយបោកទៅមក នាំឲ្យភក់នៅបាតទន្លេសាប ផុសឡើងមកខាងលើ ធ្វើឲ្យទឹកល្អក់ខ្លាំង ប៉ះពាល់ដល់ត្រីដែលមានស្រកា បានពុលងាប់ពេញទន្លេឆ្មានៃបឹងទន្លេសាប ចន្លោះពី ៨ ទៅ ១០តោន។
លោកថា ត្រីដែលងាប់គួរឲ្យស្ដាយចំនួន ២ក្បាល គឺត្រីគល់រាំង ជាពូជត្រីដ៏កម្រទម្ងន់ជាង ៥០គីឡូក្រាមក្នុងមួយក្បាល បានងាប់ក្នុងគ្រោះមហន្តរាយខ្យល់ព្យុះនោះ៖ «ខាងក្រសួងដែលទទួលខាងព្យុះនោះ ក៏គាត់មិនបានជូនដំណឹងថាមានព្យុះឈ្មោះអីដែរ ព្រោះព្យុះនោះរបៀបជាព្យុះកន្ត្រាក់នៅមួយកន្លែង អត់ៗប៉ះពាល់ទៅឯណាទៀតទេ វាកួចទឹក វាធ្វើឲ្យល្អក់ទឹក កកដីភក់មកខ្លាំង វាទៅពួកត្រីស្រកា ជាពិសេសពួកត្រីស្រកា វាដកដង្ហើមលែងរួច វាចូលភក់ទៅក្នុងស្រកីវា ដកដង្ហើមលែងរួច វាងាប់។ ក្នុងនោះគឺវាមានត្រីគល់រាំង ២ក្បាលផងដែរ។ ត្រីគល់រាំងដែលមានទម្ងន់ដល់ទៅ ៥២ ទៅ ៥៣គីឡូក្រាម ក្នុង១ក្បាល ងាប់អស់ ២ក្បាលដែរ»។
ប្រធានសម្ព័ន្ធប្រជានេសាទកម្ពុជា លោក ឡុង សូចែត ថ្លែងថា នៅម៉ោងជិត ១០យប់ ថ្ងៃទី១១ ខែមេសា ខ្យល់ព្យុះមកលើទន្លេសាប ប៉ះតំបន់អភិរក្សត្រីនៃទន្លេឆ្មា។ ខ្យល់ព្យុះនោះ ធ្វើឲ្យទឹករលកខ្លាំង បោកទៅមកនាំឲ្យទឹកទន្លេសាប នារដូវប្រាំងមិនសូវមានជម្រៅ កួចដីនៅបាតទន្លេបារឡើងមកលើយ៉ាងលឿន ទើបត្រីងាប់ច្រើនតោនបែបនោះ។
លោកថា ត្រីងាប់នោះក្រៅពីត្រីគល់រាំង ក៏មានត្រីមេពូជច្រើនតោនទៀត ងាប់ក្នុងខ្យល់ព្យុះនោះដែរ៖ «ហើយប្រភេទត្រីដែលងាប់នៅទីនោះ គឺមានត្រីគ្រប់ប្រភេទ តាំងពីប្រភេទត្រីមានស្រកា ដូចពួកត្រីឆ្ពិន ត្រីច្រកែង ជាដើម ហើយក្នុងនោះក៏ត្រីសណ្ដាយ ត្រីប្រម៉ា ហើយថាទៅគឺត្រីចម្រុះជ្រំ ដែលត្រូវបានស្លាប់ដោយសារតែខ្យល់ព្យុះនោះដែរ ជាប្រភេទត្រីធំៗដែរ ដូចពួកត្រីប្រម៉ា ត្រីសណ្ដាយ ហើយពួកត្រីស្រកាចម្រុះ ដូចពួកត្រីឆ្ពិន ត្រីធំៗដែរ ដែលទីផ្សារគេអាចយកទៅប្រើប្រាស់បាន ហើយនៅក្នុងនោះ ប្រភេទត្រីល្អិតក៏មានដែរ ចម្រុះជ្រំចូលគ្នា»។
សហគមន៍នេសាទ ឲ្យដឹងថា ខ្យល់ព្យុះចម្លែកនោះ បោកប៉ះតែលើតំបន់អភិរក្សត្រីពូជទន្លេឆ្មាក្នុងឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ មិនមានបណ្ដាលឲ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋនោះទេ។
ប្រធានរដ្ឋបាលជលផល លោក ណៅ ធួក អំពាវនាវសូមឲ្យប្រជាពលរដ្ឋជួយស្រោចស្រង់ជីវិតសត្វត្រីកម្រ ដែលជិតផុតពូជ ដូចជាត្រីគល់រាំង ជួយសង្គ្រោះពីគ្រោះធម្មជាតិផង៖ «សុំឲ្យបងប្អូនដែលរស់នៅបឹងទន្លេសាប ហ្នឹង គាត់ប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិ ករណីដូចព្យុះហ្នឹងអីចឹង ហើយបើសិនជាមានព្យុះបែបនេះក្រោយៗទៀត ក៏សុំឲ្យចំពោះត្រីណាធំៗដែលជាពពួកត្រីជិតផុតពូជ ឲ្យគាត់ជួយសង្គ្រោះពពួកត្រីហ្នឹងផង ដាក់មកកន្លែងណាដែលមានសុវត្ថិភាព ដើម្បីឲ្យវាទៅបន្តពូជទៅថ្ងៃក្រោយទៀត»។
លោក ណៅ ធួក បានឲ្យដឹងថា គ្រោះធម្មជាតិខ្យល់ព្យុះបែបនេះ បានកើតឡើងកាលពី ១០ឆ្នាំមុន នៅបឹងទន្លេសាប បណ្ដាលឲ្យត្រីងាប់ច្រើនដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
