ក្រសួង​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ពី​គ្រោះ​ថ្នាក់​ធម្មជាតិ

0:00 / 0:00

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​ដែនដី​នៅ​គ្រប់​ខេត្ត​ក្រុង​ក្នុង​ប្រទេស​កម្ពុជា ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន​ចំពោះ​គ្រោះ​ធម្មជាតិ ​ដែល​នឹង​កើតមាន​នៅ​ក្នុង​​ខែ​ឧសភា​រហូត​ដល់​ខែ​មិថុនា​ឆ្នាំ ២០១៤។ នៅ​ចន្លោះ​ពេល​នេះ​ អាកាសធាតុ​មាន​ភាព​អាប់អួ​ខ្លាំង​ ដែល​អាច​បង្ក​ជា​ភ្លៀង​ផ្គរ និង​ខ្យល់​កន្ត្រាក់។ ជាក់​ស្ដែង​គ្រោះ​ធម្មជាតិ​ដែល​មាន​មេឃ​ភ្លៀង​ខ្យល់​កន្ត្រាក់​នេះ​ បាន​កើត​មាន​នៅ​ក្នុង​ខែ​មេសា​ ដែល​បណ្ដាល​ឲ្យ​ខូចខាត​ទ្រព្យ​សម្បត្តិ​ផ្ទះ​សម្បែង និង​បង្ក​គ្រោះថ្នាក់​ស្លាប់​អាយុជីវិត​មនុស្ស និង​សត្វ ​ពាហនៈ​។

គ្រោះ​ធម្មជាតិ​ មេឃ​ភ្លៀង​លាយឡំ​ជាមួយ​​និង​ខ្យល់​កន្ត្រាក់ បាន​កើតមាន​ឡើង​​ជា​ច្រើន​កន្លែង​នៅ​ខេត្ត​ភាគ​ពាយ័ព្យ​នៃ​ប្រទេស​កម្ពុជា កាល​ខែ​មេសា​ឆ្នាំ​២០១៤។ មេឃ​ភ្លៀង​មាន​ខ្យល់​កន្ត្រាក់​ផ្គរ​រន្ទះ​នេះ បាន​បង្ក​ឲ្យ​ខូច​ខាត​លំនៅឋាន​ អគារ​សិក្សា​ដួល​រលំ​ ប៉ើង​ដំបូល​ជា​ច្រើន​ខ្នង​ និង ​បង្ក​ឲ្យ​មាន​​គ្រោះថ្នាក់​បាត់បង់​អាយុ​ជីវិត​មនុស្ស​ជា​ច្រើន​នាក់ និង​ងាប់​សត្វ​ពាហនៈ​ជា​ច្រើន​ក្បាល។

ខេត្ត​ដែល​រងគ្រោះ​ទាំង​បី​នោះ​មាន​ខេត្ត​បាត់ដំបង ខេត្ត​ប៉ៃលិន និង​ខេត្ត​បន្ទាយមានជ័យ។ អភិបាល​ខេត្ត​បន្ទាយ​មានជ័យ លោក គោ ស៊ុំ​សារឿត​បញ្ជាក់​ កាល​ពី​ថ្ងៃ​ទី​១ ខែ​ឧសភា ថា​ព័ត៌មាន​បឋម​ដែល​អាជ្ញាធរ​ខេត្ត​ទទួល​បាន​គឺ មាន​លំនៅឋាន​ប្រជាពលរដ្ឋ​នៅ​តាម​ស្រុក​មួយ​ចំនួន​រង​ការ​ខូចខាត​ជិត​២០០​ខ្នង។ ក្នុង​នោះ​លំនៅឋាន​ដែល​​ខូចខាត​ទាំង​ស្រុង​ប្រហែល​៥០​ខ្នង​។ ក្រៅ​ពី​ខូច​ខាត​លំនៅឋាន​ គ្រោះ​ធម្មជាតិ​នេះ បាន​សម្លាប់​សត្វ​ពាហនៈ​​ចំនួន​៤​ក្បាល និង​បង្ក​ឲ្យ​មនុស្ស​រង​របួស​មួយ​ចំនួន​ទៀត៖ «ស្រុក​មួយ​ចំនួន​នៅ​យឺត​ហើយ​នៅ​មាន​ថ្មី​បន្ត​ទៀត។ កាល​ពី​ថ្ងៃ​ទី ២៧ និង ​២៨​ហ្នឹង​ស្រុក​ថ្ម​ពួក​នៅ​តែ​មាន​បញ្ហា​ដូច​នៅ​ស្រុក​មង្គលបូរី​លើក​ទម្លាក់​ពី​លើ​ជើង​សសរ​រុញ​ដួល​មាន​របួស​មនុស្ស​មាន​ស្លាប់​គោ​ក្របី​ដោយសារ​រលំ​បាក់​ដើម​ឈើ​លើ​។ នៅ​ស្រុក​ថ្មពួក​មាន​ងាប់​គោ​អស់​៤​ក្បាល​ម៉ូតូ​ប្រជាពលរដ្ឋ​អស់​ចំនួន​ពីរ​គ្រឿង​​»។

ទន្ទឹម​គ្នា​នេះ អាជ្ញាធរ​ខេត្ត​បាន​ប្រាប់​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​នៅ​តាម​ក្រុង​ស្រុក​ទាំង​អស់ ត្រូវ​ក្រើន​រំលឹក​ដល់​ប្រជាពលរដ្ឋ​​ អោយ​មាន​ការ​ប្រុង​ប្រយ័ត្ន​ដើម្បី​ត្រៀម​លក្ខណៈ​ការពារ ព្រោះ​ថា​គ្រោះ​ធម្មជាតិ​មេឃ​ភ្លៀង​លាយ​ឡំ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​នេះ​អាច​នឹង​កើត​មាន​ជា​បន្ត​ទៀត​។ លោក អភិបាល​ខេត្ត​បន្ត​ថា លំនៅឋាន​និង​ផ្ទះ​សម្បែង​របស់​ប្រជាពលរដ្ឋ​មួយ​ចំនួន ដែល​សាងសង់​ពី​ឈើ​ខ្ពស់​ផុត​ពី​ដី គួរ​យក​​ខ្សែ​កាប​ចង​ការពារ​ឲ្យ​បាន​គ្រប់​ជ្រុង​ ដែល​អាច​ជួយ​ការពារ​បាន​។

ក្រៅ​ពី​ខេត្ត​បន្ទាយមានជ័យ នៅ​ខេត្ត​ប៉ៃលិន ដែល​ជា​ខេត្ត​ខ្ពង់រាប​សំបូរ​ទៅ​ដោយ​ភ្នំ ក៏​ទទួល​រង​គ្រោះ​ថ្នាក់​ដូច​គ្នា​ដែរ។ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត​ប៉ៃលិន​ លោក គង់ ដួង បញ្ជាក់​ថា របាយការណ៍​គ្រោះ​ធម្មជាតិ​ដោយសារ​ខ្យល់​ព្យុះ​ កាល​ពី​អំឡុង​ខែ​មេសា​ឆ្នាំ ២០១៤ ដូច​គ្នា គឺ​មាន​លំនៅឋាន​ប្រជា​ពល​រដ្ឋ​ចំនួន​៨៧​ខ្នង​រង​ការ​ខូចខាត។ ក្នុង​នោះ​លំនៅឋាន​ដែល​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ​ មាន​ចំនួន​ជាង​១០​ខ្នង។ ទោះ​យ៉ាង​ណា​គ្រោះ​ធម្មជាតិ​មេឃ​ភ្លៀង​លាយ​ឡំ​ខ្យល់​ព្យុះ​នៅ​ខេត្ត​ប៉ៃលិន​នេះ​ពុំ​បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់​នោះ​ទេ។

ដោយ​ឡែក​នៅ​ខេត្ត​បាត់ដំបង ក៏​ជួប​គ្រោះ​ធម្មជាតិ មេឃ​ភ្លៀង​ខ្យល់​កន្ត្រាក់​ដូច​គ្នា។ ប្រធាន​សាខា​កាកបាទក្រហម​ខេត្ត​បាត់ដំបង​ លោក កង ប៊ន បញ្ជាក់​ថា ចាប់តាំង​ពី​ថ្ងៃ​ទី ២៤ ខែ មេសា ឆ្នាំ ២០១៤ គ្រោះ​ធម្មជាតិ​នេះ​បាន​សម្លាប់​មនុស្ស​អស់​ចំនួន​៦​នាក់។ ៤​នាក់​ស្លាប់​ដោយសារ​រន្ទះ​បាញ់ ២​នាក់​ស្លាប់​ដោយសារ​ដើម​ឈើ​បាក់​សង្កត់​លើ។ ក្រៅ​ពី​នេះ​នៅ​មាន​អ្នក​របួស​ចំនួន​៥​នាក់ និង​លំនៅឋាន​ប្រជាពលរដ្ឋ​ចំនួន​ជាង ១៦០​ខ្នង ទទួល​រង​ការ​ខូចខាត៖ «ចាប់​តាំង​ពី​ថ្ងៃ​ទី ២៤ មាន​ខ្យល់​កន្ត្រាក់​ រហូត​ដល់​ថ្ងៃ​ទី ២៥ ២៦ និង​ទល់​ថ្ងៃ​ទី ១ ខែ​ឧសភា តាម​របាយការណ៍​ផ្ទះ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​​មាន​១៦៣​ខ្នង​ក្នុង​នោះ​រលំ​ធ្លាក់​ពី​លើ​ជើង​តាង​ អស់​ចំនួន​១១៨​ខ្នង ផ្ទះ​ដែល​រង​ផល​ប៉ះពាល់​ស្រាល​របើក​ស័ង្កសី​បី​បួន​សន្លឹក​មាន​៤៥​ខ្នង អ្នក​ដែល​ស្លាប់​ចំនួន​៦​នាក់។ ស្លាប់​ដោយ​រន្ទះ​បាញ់​៤​នាក់ ដើម​ឈើ​រលំ​សង្កត់​លើ​ចំនួន ២​នាក់​ អ្នក​របួស​ទាំង​អស់​ចំនួន​៥​នាក់​បាក់​ភ្លៅ ២នាក់​របួស​ធ្ងន់ ៣​នាក់​»។

ចំពោះ​អ្នក​រងគ្រោះ និង​អ្នក​រង​របួស អាជ្ញាធរ​ខេត្ត និង​សាខា​កាកបាទក្រហម​បាន​ចុះ​ផ្ដល់​ជំនួយ​មនុស្ស​ធម៌ ហើយ​ក្រុម​ការងារ​នេះ​កំពុង​ពិនិត្យ​ក្នុង​ការ​សាងសង់​​​លំនៅឋាន​របស់​ប្រជាពលរដ្ឋ ដែល​រង​ការ​ខូច​ខាត​នោះ​ជា​បណ្ដើរៗ​ថែម​ទៀត។ ទោះ​យ៉ាង​ណា​គេ​នៅ​ពុំ​ទាន់​ទទួល​បាន​របាយការណ៍​ សរុប ដែល​បង្ក​ឡើង​ដោយ​គ្រោះ​ធម្មជាតិ​មេឃ​ភ្លៀង មាន​ខ្យល់​កន្ត្រាក់​ នៅ​គ្រប់​ខេត្ត​ក្រុង​ក្នុង​ប្រទេស​កម្ពុជា​នោះ​ឡើយ។

ទេស​រដ្ឋមន្ត្រី និង​ជា​ប្រធាន​គណៈកម្មាធិការ​គ្រោះ​មហន្តរាយ​ថ្នាក់​ជាតិ​ លោក ញឹម វណ្ណដា​ មាន​ប្រសាសន៍​ថា រហូត​មក​ដល់​ថ្ងៃ​ទី ១ ខែ ឧសភា ឆ្នាំ​២០១៤​នេះ​ ក្រុម​ការងារ​គណៈកម្មាធិការ​គ្រោះ​មហន្តរាយ​ថ្នាក់​ជាតិ កំពុង​ប្រមូល​ព័ត៌មាន​បូក​សរុប​ជុំវិញ​ហេតុការណ៍​គ្រោះ​ធម្មជាតិ​​នេះ​នៅ​ឡើយ។

ថ្មីៗ​នេះ​ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម​ បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​ទាក់ទិន​ស្ថានភាព​រដូវ​វស្សា​ដែល​នឹង​ឈាន​ចូល​មក​ដល់​នៅ​សប្ដាហ៍​ទី​៣​ នៃ​ខែ​ឧសភា​ឆ្នាំ ២០១៤ នឹង​ប៉ះ​ទៅ​លើ ​តំបន់​មាត់​សមុទ្រ និង​តំបន់​ទំនាប​កណ្ដាល ដោយ​ឡែក​សម្រាប់​តំបន់​ខ្ពង់រាប​រដូវ​វស្សា​នឹង​ឈាន​ចូល​មក​នៅ​សប្ដាហ៍​ទី ៤ ខែ ឧសភា។ មន្ត្រី​នាំ​ពាក្យ​ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម​ លោក ចាន់ យុត្ថា​ មាន​ប្រសាសន៍​ថា ពាក់ព័ន្ធ និង​ស្ថានភាព​អាកាសធាតុ​នេះ​ គឺ​កម្ពុជា ឋិត​ក្នុង​ដំណាក់​កាល​អន្តរកាល​នៃ​រដូវ​ប្រាំង​និង​រដូវ​វស្សា​៖ «នេះ​ជា​ស្ថានភាព​ទី​១ ទី​២​យើង​ឋិត​នៅ​ចន្លោះ​បាតុភូត​២ បើ​យើង​ពិនិត្យ​លើ​ផ្អែក​អាកាសធាតុ​គឺ​នៅ​ផ្នែក​ខាង​ជើង​ប្រទេស​ថៃ ​ម្ដុំ​ខេត្ត​ឈាង​រ៉ៃ​ ឈាង​ម៉ៃ​ កំពុង​ទទួល​រង​ឥទ្ធិពល​សម្ពាធ​ទាប ចំណែក​មួយ​ទៀត​នៅ​ខាង​ត្បូង​ប្រទេស​ចិន​កំពុង​ទទួល​រង​ឥទ្ធិពល​សម្ពាធ​ខ្ពស់​ អញ្ចឹង​សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា​យើង​ គឺ​ឋិត​នៅ​ចន្លោះ​បាតុភូត​ទាំង​២​នេះ ធ្វើ​ឲ្យ​ផ្ទៃ​មេឃ​របស់​កម្ពុជា​ហ្នឹង​ងាយ​ទទួល​រង​នូវ​ពពក​ Sunder Storm ដែល​ធ្វើ​ឲ្យ​មាន​ភ្លៀង​ផ្គរ​រន្ទះ​ជាមួយ​និង​ខ្យល់​កន្ត្រាក់​»។

ទន្ទឹម​គ្នា​នេះ​ក្រសួង​ធនធាន​ទឹក បាន​ជម្រាប​ជូន​អាជ្ញាធរ​ដែន​ដី​ និង​ប្រជាពលរដ្ឋ​ឲ្យ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​គ្រោះធម្មជាតិ​នេះ ជា​ពិសេស​នៅ​តំបន់​ដែល​ពពក​ Sunder Storm ​កើត​មាន​ឡើង។ លោក ចាន់ យុត្ថា​បញ្ជាក់​ថា ពពក​Sunder Storm ​នេះ ​មាន​រូប​រាង​ដូច​ផ្សិត​ ជើង​តូច​ក្បាល​ធំ​ នៅ​ពេល​ព្រឹក​រហូត​ដល់​ពេល​ថ្ងៃ​ត្រង់​ពពក​នេះ​ មាន​សភាព​ជា​ធម្មតា​ទេ​ប៉ុន្តែ​នៅ​ពេល​រសៀល​ពពក​នេះ​ ប្រែ​ទៅ​ជា​ពណ៌​ខ្មៅ​ ហើយ​នៅ​ពេល​មេឃ​កល​រក​ភ្លៀង ស្ថាន​ភាព​ខ្យល់​កន្ត្រាក់​ផ្គរ​រន្ទះ នឹង​កើត​មាន​លាយ​ឡំ​ជាមួយ​គ្នា​តែ​ម្ដង៖ «អញ្ចឹង​ទេ​បើ​សិន​នៅ​ក្នុង​តំបន់​ណា​ដែល​កកើត​នូវ​ពពក​របៀប​នេះ​សូម​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​គឺ​ថា រក​កន្លែង​ដែល​មាន​សុវត្ថិភាព​ទន្ទឹម​គ្នា​នេះ​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​អេឡិចត្រូនិក​ដូច​ជា​ទូរទស្សន៍​វិទ្យុ​ទូរស័ព្ទ​ដៃ​ជា​ដើម​គួរ​តែ​បិទ​»។

មន្ត្រី​នាំ​ពាក្យ​ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម​ លោក ចាន់ យុត្ថា​បន្ត​ថា ស្ថានភាព​រដូវ​វស្សា​នៅ​ឆ្នាំ​២០១៤​នេះ​ ប្រហាក់ប្រហែល​គ្នា​ទៅ​នឹង​ឆ្នាំ​២០១៣ ប៉ុន្តែ​ចំពោះ​របាយ​ទឹក​ភ្លៀង ក្រសួង​បាន​ព្យាករណ៍ និង​ពិនិត្យ​ឃើញ​ថា នៅ​ដើម​ឆ្នាំ​២០១៤​ មេឃ​មាន​ភ្លៀង​ក្នុង​កម្រិត​ពី​តិច​ទៅ​មធ្យម ប៉ុន្តែ​ចាប់​ពី​ពាក់​កណ្ដាល​រដូវ​វស្សា​រហូត​ដល់​ចុង​រដូវ​វស្សា​គឺ ទឹក​ភ្លៀង​មាន​និន្នាការ​កើន​ឡើង​ ប្រហាក់​ប្រហែល​គ្នា​ទៅ​និង​ការ​ធ្លាក់​ភ្លៀង កាល​ពី​ឆ្នាំ ២០១១​កន្លង​ទៅ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។