អាជ្ញាធរ​ខែត្រ​ស្ទឹងត្រែង​ចាត់វិធានការ​សង្គ្រោះ​ពលរដ្ឋ​រងគ្រោះ​រាំង​ស្ងួត

0:00 / 0:00

អាជ្ញាធរ​ខែត្រ​ស្ទឹងត្រែង ចាត់​វិធានការ​ជួយ​សង្គ្រោះ​ពលរដ្ឋ​ដែល​កំពុង​មាន​វិបត្តិ​គ្រោះ​រាំង​ស្ងួត បន្ទាប់​ពី​អាកាសធាតុ​ក្ដៅ​នៅ​តែ​បន្ត​អូស​បន្លាយ​ពេល។ វិធានការ​ទាំង​នោះ​មាន​ដូច​ជា ការ​ដឹក​ជញ្ជូន​ទឹក​ដោយ​រថយន្ត ជីក​អណ្ដូង​ទឹក​ជូន​ពលរដ្ឋ​បន្ថែម បញ្ជូន​មន្ត្រី​ជំនាញ​ចុះ​ស្រាវជ្រាវ​គោក្របី​អ្នក​ភូមិ​ដែល​ងាប់ និង​អប់រំ​ពលរដ្ឋ​ឲ្យ​ចេះ​ប្រើប្រាស់​ទឹក​សន្សំសំចៃ។ មន្ត្រី​សង្គម​ស៊ីវិល​ចង់​ឃើញ​គណបក្ស​ដែល​ជាប់​ឆ្នោត​ទាំង​ពីរ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ លើក​ជា​របៀបវារៈ​ចាប់​ដៃ​គ្នា​ដោះស្រាយ​វិបត្តិ​គ្រោះ​រាំង​ស្ងួត​ជា​បន្ទាន់ ដែល​កំពុង​គំរាមកំហែង​ធ្ងន់ធ្ងរ​ដល់​ពលរដ្ឋ​នៅ​មូលដ្ឋាន។

អាជ្ញាធរ​ខែត្រ​ស្ទឹងត្រែង ឲ្យ​ដឹង​ថា អាជ្ញាធរ​ខែត្រ​កំពុង​រក​មធ្យោបាយ​ជួយ​សម្រាល​ការ​លំបាក​ពលរដ្ឋ​ដែល​កំពុង​មាន​វិបត្តិ​គ្រោះ​រាំង​ស្ងួត បន្ទាប់​ពី​ក្រសួង​ធនធាន​ទឹក​បាន​ព្យាករ​ពី​អាកាសធាតុ​ក្តៅ​ខ្លាំង​នៅ​រដូវប្រាំង​មាន​រយៈពេល​វែង។

ទន្ទឹម​នឹង​នេះ អាជ្ញាធរ​ខែត្រ​បាន​ចាត់​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ស្រង់​ទិន្នន័យ​ផល​ប៉ះពាល់​ពលរដ្ឋ​ដែល​ខ្វះ​ខាត់​ទឹក​ប្រើប្រាស់ និង​គោក្របី​ងាប់ ដើម្បី​អន្តរាគមន៍​សង្គ្រោះ​បន្ទាន់ និង​ត្រៀម​សង្គ្រោះ ប្រសិនបើ​គ្រោះ​រាំង​ស្ងួត​នៅ​តែ​អូស​បន្លាយ​ពេល។

អ្នក​នាំ​ពាក្យ​សាលា​ខែត្រ​ស្ទឹងត្រែង លោក ម៉ែន គុង មាន​ប្រសាសន៍​ថា អាជ្ញាធរ​ខែត្រ​កំពុង​ដោះស្រាយ​បញ្ហា​គ្រោះ​រាំង​ស្ងួត ដោយ​ដឹក​ជញ្ជូន​ទឹក​តាម​រថយន្ត​ផ្ដល់​ជូន​ពលរដ្ឋ​នៅ​មូលដ្ឋាន សាងសង់​អណ្ដូង​ទឹក​ស្អាត​ជា​បន្ទាន់ និង​អប់រំ​ពលរដ្ឋ​ឲ្យ​សន្សំ​សំចៃ​ទឹក​ប្រើប្រាស់​ប្រចាំ​ថ្ងៃ។ លោក​ថា អាជ្ញាធរ​ខែត្រ​បាន​សង្គ្រោះ​ពលរដ្ឋ​ជា​ជំហាន​ដំបូង​ចំនួន ៣​ស្រុក មាន​ស្រុក​សៀមបូក ស្រុក​ថាឡាបរិវ៉ា់ត់ និង​ស្រុក​សៀមប៉ាង។

លើស​ពី​នេះ អាជ្ញាធរ​ខែត្រ​ក៏​បាន​ចាត់​ឲ្យ​មន្ត្រី​ជំនាញ​កសិកម្ម​ចុះ​ស្រាវជ្រាវ​ពី​ការ​ងាប់​គោ​ក្របី​អ្នក​ស្រុក​សៀមប៉ាង ជា​ច្រើន​ក្បាល ដើម្បី​ចាត់​វិធានការ​បង្ការ និង​សង្គ្រោះ៖ «យើង​បាន​ត្រៀម​ហើយ ហើយ​យើង​នឹង​ប្រជុំ​បន្ទាន់​នៅ​ថ្ងៃ​ទី​២៨ ពេល​រសៀល ដើម្បី​រក​វិធានការ​ដោះស្រាយ​ផ្គត់ផ្គង់​ទឹក​ជូន​ពលរដ្ឋ រួម​ទាំង​ការងារ​ជំនាញ​របស់​កសិកម្ម​បសុពេទ្យ​ហ្នឹង​ចុះ​ពិនិត្យ​មើល​ស្ថានភាព​ងាប់​គោ​ក្របី និង​សត្វ​ចិញ្ចឹម​របស់​ពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន»

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ធនធាន​ទឹក​ចុះផ្សាយ​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មេសា សរសេរ​ថា ចាប់​ពី​ថ្ងៃ​ទី​២៨ ដល់​ថ្ងៃ​ទី​៣ ខែ​ឧសភា នៅ​តំបន់​ខ្ពង់រាប មាន​សីតុណ្ហភាព ៣៦​អង្សា​សេ ដល់ ៤២​អង្សាសេ។ ក្រសួង​ក៏​បាន​ប្រកាស​ឲ្យ​ពលរដ្ឋ​ប្រុង​ប្រយ័ត្ន​នូវ​បាតុភូត​គ្រោះ​ធម្មជាតិ​មាន​ជាអាទិ៍ ភ្លៀង​លាយឡំ​ផ្គរ រន្ទះ ខ្យល់​កន្ទ្រាក់។

សិស្ស​សាលា​បឋម​សិក្សា​ខិះក្រោម ឋិត​នៅ​ស្រុក​សៀមប៉ាង ខែត្រ​ស្ទឹងត្រែង ប្រើប្រាស់​ទឹក​អណ្ដូងស្នប់ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០១៦។
សិស្ស​សាលា​បឋម​សិក្សា​ខិះក្រោម ឋិត​នៅ​ស្រុក​សៀមប៉ាង ខែត្រ​ស្ទឹងត្រែង ប្រើប្រាស់​ទឹក​អណ្ដូងស្នប់ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០១៦។ (RFA/Men Sothyr)

ទាក់ទង​ករណី​នេះ គ្រូបង្រៀន​នៃ​សាលាបឋមសិក្សា​ខិះក្រោម នៃ​ឃុំ​ព្រែកមាស ស្រុក​សៀមប៉ាង លោក ជា ផានិត ឲ្យ​ដឹង​ថា គ្រោះ​រាំង​ស្ងួត​ឆ្នាំ​នេះ បង្ក​ការ​លំបាក​ធ្ងន់ធ្ងរ​ដល់​ពលរដ្ឋ ជា​ពិសេស​សត្វ​ចិញ្ចឹម​អ្នក​ភូមិ​ងាប់​អស់​ជា​ច្រើន​ក្បាល​ក្នុង​ព្រៃ។ លោក​ថា អ្នក​ភូមិ​ភាគ​ច្រើន​ពុំ​សូវ​ទទួល​ព័ត៌មាន​អំពី​ករណី​គ្រោះ​រាំង​ស្ងួត​ពី​អាជ្ញាធរ បណ្ដាល​ឲ្យ​ពួកគេ​ពុំ​សូវ​យកចិត្តទុកដាក់​ថែទាំ​សត្វ​ចិញ្ចឹម​របស់​ខ្លួន​ដែល​មាន​ទម្លាប់​ប្រលែង​ចូល​ព្រៃ​ដូច​សព្វមួយដង បណ្ដាល​ឲ្យ​សត្វ​ចិញ្ចឹម​អ្នកភូមិ​ងាប់​ក្នុង​ព្រៃ។

លើស​ពី​នេះ​លោក​ថា កុមារ​ក្នុង​ភូមិ​ភាគ​ច្រើន​មិន​បាន​ចូល​សាលារៀន​ដោយ​ពួកគេ​ចូល​ព្រៃ​ជ្រៅ​ជាមួយ​គ្រួសារ​ស្វែង​រក​ស្លឹកឈើ​ដែល​ជា​ចំណី​គោក្របី​ឆ្ងាយ​ពី​ភូមិ បន្ទាប់​ពី​ស្មៅ​ស្វិត​ងាប់​អស់៖ «ក្របី​គាត់​លែង​ចោល​ក្នុង​ព្រៃ អត់​មាន​អី​ស៊ី ជួនកាល​វា​ដើរៗ​ដួល​ងាប់​ខ្លួន​វា អត់​មាន​ពី​ណា​ដឹង។ ទម្រាំ​តែ​រក​ឃើញ​ស្អុយ​បាត់»

លោក​ថា ពលរដ្ឋ​ភាគ​ច្រើន​កំពុង​មាន​វិបត្តិ​ខ្វះ​ចំណី​អាហារ​គោក្របី និង​ខ្វះ​ទឹក​ប្រើប្រាស់។ លោក​បន្ថែម​ទៀត​ថា ពលរដ្ឋ​ឃុំ​ព្រែកមាស ឃុំ​ស្រែសំបូរ និង​ឃុំ​សេកុង ស្ទើរ​តែ​គ្រប់​ក្រុម​គ្រួសារ​បាន​ស្វែង​រក​ចំណី​ឲ្យ​គោ​ក្របី​ជា​រៀង​រាល់​ថ្ងៃ​នៅ​ឆ្ងាយៗ ដោយ​ធ្វើ​ដំណើរ​តាម​គោយន្ត និង​ម៉ូតូ ខ្លះ​ដើរ៖ «គាត់​ទៅ​រក​ស្លឹក​ឈើ​តាម​ព្រៃ​ជ្រៅ ឆ្ងាយៗ បើក​គោយន្ត​ទៅ​រក​ហើយ​យក​មក​ពីរ​បី​ការុង ឲ្យ​ក្របី​ស៊ី​តែ ១ ទៅ ២​ដង​អស់​បាត់​ទៀត​ហើយ​ទៅ​រក​ទៀត។ សូម្បីតែ​កូន​សិស្ស​ឈប់​ចង់​អស់​ហើយ វា​សុំ​ច្បាប់​ទៅ​រក​ចំណី​ឲ្យ​ក្របី​ស៊ី»

អភិបាល​ស្រុក​សៀមប៉ាង លោក ស៊ី សួន និយាយ​ថា លោក​បាន​ទទួល​របាយការណ៍​ស្តីពី​ផល​ប៉ះពាល់​គ្រោះ​រាំង​ស្ងួត បណ្ដាល​ឲ្យ​ងាប់​គោក្របី​ចំនួន​បី​ឃុំ គឺ​ឃុំ​ស្រែ​សំបូរ ឃុំ​ព្រែកមាស និង​ឃុំ​សេកុង។ លោក​ថា អាជ្ញាធរ​ស្រុក​បាន​ជំរុញ​ឲ្យ​ពលរដ្ឋ​ស្វែង​រក​គោក្របី​ពី​ព្រៃ​មក​ចង​មើល​ថែ​នៅ​ផ្ទះ​វិញ។ លោក​បន្ត​ថា អាជ្ញាធរ​ស្រុក​បាន​ដឹក​ជញ្ជូន​ទឹក​ចែក​ជូន​ពលរដ្ឋ​នៅ​ភូមិ​ខិះក្រោម បាន​ចំនួន ៦​ពាន់​លីត្រ កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មេសា ដើម្បី​សម្រាល​ទុក​លំបាក​ពួកគេ៖ «អណ្ដូង​កន្លង​ទៅ​គេ​បាន​ផ្ដល់​ហើយ តាម​រយៈ​កាកបាទក្រហម។ ជា​រៀង​រាល់​ឆ្នាំ​អណ្ដូង​ទឹក​វា​មាន ប៉ុន្តែ​ឆ្នាំ​នេះ​វា​ខ្វះ ដោយសារ​រាំង​ស្ងួត យើង​វា​រាំង​ស្ងួត​ខ្លាំង»

នៅ​ខេត្ត​ស្ទឹងត្រែង ស្រុក​ដែល​កើតមាន​គ្រោះ​រាំង​ស្ងួត​ធ្ងន់ធ្ងរ គឺ​ស្រុក​ថាឡាបរិវ៉ាត់ និង​ស្រុក​សៀមប៉ាង។ ស្រុក​សៀមប៉ាង មាន​ឃុំ​ចំនួន​៣ គឺ​ឃុំ​ព្រែកមាស ឃុំ​សេកុង និង​ឃុំ​ស្រែសំបូរ រង​គ្រោះ​ដោយសារ​គោ​ក្របី​ងាប់​រាប់​រយ​ក្បាល។ ដោយ​ឡែក​ស្រុក​ថាឡាបរិវ៉ាត់ ពលរដ្ឋ​ខ្វះ​ខាត់​ទឹក​ប្រើប្រាស់​មាន​ឃុំ​ចំនួន ៥ គឺ​ឃុំ​អន្លង់ភេ ឃុំ​ស្រែឫស្សី ឃុំ​ចម្ការលើ ឃុំ​អន្លង់ជ្រៃ និង​ឃុំ​ថាឡាបរិវ៉ាត់។

ប្រធាន​មន្ទីរ​កសិកម្ម​ខែត្រ​ស្ទឹងត្រែង លោក ទូច ធា ដែល​ចុះ​មូលដ្ឋាន​ផ្ទាល់​រក​ឃើញ​ថា លោក​បាន​ប្រទះឃើញ​ក្របី​ងាប់​ជាក់​ស្ដែង​ចំនួន ១៥​ក្បាល នៅ​ថ្ងៃ​ទី​២៦ ខែ​មេសា ឋិត​នៅ​ភូមិ​កែងញ៉ៃ ឃុំ​សេកុង ស្រុក​សៀមប៉ាង។ លោក​សន្និដ្ឋាន​ជាបឋម​ថា ករណី​នេះ​បណ្ដាល​មក​ពី​អាកាសធាតុ​ក្ដៅ​ខ្លាំង សត្វ​ខ្វះ​ចំណី និង​ខ្វះ​ទឹក។

លោក ទូច ធា មិន​ទាន់​ស្រង់​ទិន្នន័យ​ពី​ការ​ងាប់​គោក្របី​នៅ​ស្រុក​សៀមប៉ាង បាន​ចំនួន​ប៉ុន្មាន​ជាក់លាក់​នោះ​ទេ បើ​ក្រៅ​ពី​អាជ្ញាធរ​ឃុំ​សេកុង បញ្ជាក់​ថា ពលរដ្ឋ​ងាប់​គោក្របី​អំឡុង​ខែ​មេសា ចំនួន ១៨៥​ក្បាល៖ «ខ្ញុំ​ជិះ​គោយន្ត​បី​ម៉ោង​ចូល​ទៅ​ក្នុង​ព្រៃ​កន្លុកកន្លៀត​ទាំង​អស់។ ឃើញ​មាន​ងាប់ ១៥​ក្បាល គឺ​ខ្ញុំ​ទៅ​ឃើញ​តែម្ដង តាម​របាយការណ៍​រាប់​រយ​ក្បាល»

ប្រធាន​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា (ANSA) លោក សន ជ័យ មើល​ឃើញ​ថា គ្រោះ​រាំង​ស្ងួត​នៅ​ឆ្នាំ​នេះ គឺ​ជា​គ្រោះ​រាំង​ស្ងួត​ខ្លាំង​ដែល​អូស​បន្លាយ​ពេល​វែង ដូច្នេះ​រដ្ឋាភិបាល​ត្រូវ​ប្រកាស​អាសន្ន និង​ចាត់​វិធានការ​បម្រុង​ជា​ច្រើន ដើម្បី​អន្តរាគមន៍​សង្គ្រោះ​ពលរដ្ឋ​រងគ្រោះ​រាំង​ស្ងួត​មាន​ជាអាទិ៍ ការ​ប្រើប្រាស់​ធនធាន​របស់​រដ្ឋ​ដើម្បី​ដោះស្រាយ​បញ្ហា​បន្ទាន់ និង​បំផុស​គំនិត​ពលរដ្ឋ​ឲ្យ​ទុក​ទឹក​ប្រើប្រាស់​ប្រចាំ​ថ្ងៃ តាម​រយៈ​ជីក​ស្រះ​ផ្សេងៗ​ជាដើម។ លោក​ថា អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​ផ្ដល់​ព័ត៌មាន​ពី​បាតុភូត​ការ​ប្រែប្រួល​អាកាសធាតុ​ផ្សេងៗ​ដែល​អាច​នឹង​កើត​មាន​ដើម្បី​ឲ្យ​ពលរដ្ឋ​ត្រៀម​លក្ខណៈ​បង្ការ។

លោក​កត់សម្គាល់​ថា ការ​ទទួល​បាន​ព័ត៌មាន​គ្រោះ​រាំង​ស្ងួត និង​ការ​ប្រែប្រួល​អាកាសធាតុ​របស់​ពលរដ្ឋ​នៅ​មូលដ្ឋាន​ហាក់​មាន​លក្ខណៈ​យឺតយ៉ាវ និង​មិន​គ្រប់​ជ្រុងជ្រោយ ដែល​ជា​ដើមចម​បណ្ដាល​ឲ្យ​ពួក​គាត់​ងាយ​រងគ្រោះ​ទៀតសោត​បាតុភូត​កើត​ឡើង ទើប​ពលរដ្ឋ​ប្រុងប្រយ័ត្ន​ជា​ក្រោយ។

លោក សន ជ័យ ចាត់​ទុក​ការ​បាត់បង់​ព្រៃឈើ គឺ​ជា​ធាតុ​ផ្សំ​ចម្បង​ដែល​ងាយ​កើត​មាន​ការ​ប្រែប្រួល​អាកាសធាតុ៖ «បម្រុង​នូវ​ជំនួយ​សង្គ្រោះ​បន្ទាន់​ជួយ​ដល់​ពលរដ្ឋ គឺ​ជា​បញ្ហា​ដែល​មិន​អាច​ខ្វះ​បាន ហើយ​និង​ការ​រក​មធ្យោបាយ​ដើម្បី​ដោះស្រាយ​រយៈពេល​វែង ដូច​ជា​ជីក​ប្រឡាយ ឬ​ធ្វើ​ឲ្យ​សហគមន៍​អាច​ជីក​អណ្ដូង​ទឹក​ស្តុក​ទឹក​ទុក​សម្រាប់​ប្រើប្រាស់​ដែល​ជា​ការ​ប្រើប្រាស់​រយៈពេល​វែង»

អាជ្ញាធរ​ស្រុក​សៀមប៉ាង នៅ​មិន​ទាន់​បញ្ជាក់​ពី​ទិន្នន័យ​ជាក់​ស្ដីពី​ពលរដ្ឋ​រស់​នៅ​ស្រុក​នេះ ប៉ុន្មាន​គ្រួសារ​ដែល​ខ្វះ​ទឹក​ប្រើប្រាស់​នោះ​ទេ។ ចំណែក​ឯ​សត្វ​ពាហនៈ​អ្នក​ស្រុក​ងាប់​ក៏​មិន​ទាន់​មាន​ន័យ​បាន​ច្បាស់លាស់​នៅ​ឡើយ​ដែរ បើ​ក្រៅពី​សេចក្ដី​រាយការណ៍​ជា​បឋម​ពី​អាជ្ញាធរ​មូលដ្ឋាន​ឲ្យ​ដឹង​ថា ពលរដ្ឋ​រស់​នៅ​ឃុំ​ចំនួន​បី ងាប់​គោក្របី​រាប់​រយ​ក្បាល គឺ​ឃុំ​សេកុង ឃុំ​ស្រែសំបូរ និង​ឃុំ​ព្រែកមាស។

អាជ្ញាធរ​ខែត្រ​ស្ទឹងត្រែង ឲ្យ​ដឹង​ទៀត​ថា អាជ្ញាធរ​ខែត្រ​កំពុង​សិក្សា​ពិនិត្យ​លទ្ធភាព​ត្រៀមលក្ខណៈ​បង្ការ​គ្រោះ​រាំង​ស្ងួត​រយៈពេល​វែង​ដោយ​ជីក​ប្រឡាយ​ទឹក និង​អណ្ដូង​ទឹក​ស្អាត​នៅ​តំបន់​ដែល​ងាយ​រងគ្រោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។