សង្គម​ស៊ីវិល​នៅ​ខេត្ត​ស្ទឹងត្រែង​បារម្ភ​ពី​ការ​ងាប់​សត្វ​ស្លាប​កម្រ

0:00 / 0:00

ក្រុម​អង្គការ​សង្គម​ស៊ីវិល​សម្ដែង​ក្ដី​បារម្ភ​ពី​វាសនា​សត្វព្រៃ​នៅ​តំបន់​អភិរក្ស និង​តំបន់​ផ្សេង​ទៀត​ក្នុង​ខែត្រ​ស្ទឹងត្រែង ក្នុង​ពេល​អាកាសធាតុ​កំពុង​តែ​ឡើង​កម្ដៅ​ខ្លាំង។ ក្រុម​អង្គការ​ទាំង​នោះ​កំពុង​រក​យុទ្ធសាស្ត្រ​រយៈពេល​វែង​ទាក់ទិន​ការ​ផ្ដល់​ប្រភព​ទឹក​នៅ​តំបន់​អភិរក្ស​សត្វព្រៃ ប្រសិនបើ​គ្រោះ​រាំង​ស្ងួត​កើត​មាន​នៅ​ឆ្នាំ​ក្រោយ​ទៀត។

អ្នក​អភិរក្ស​ផ្នែក​បរិស្ថាន​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​នៅ​ខែត្រ​ស្ទឹងត្រែង រក​ឃើញ​ថា គោ ក្របី​ងាប់​នៅ​ស្រុក​សៀមប៉ាង រាប់​រយ​ក្បាល​ដោយ​គ្រោះ​រាំង​ស្ងួត គឺ​ជា​សញ្ញា​បង្ហាញ​ពី​ហានិភ័យ​ខ្ពស់​របស់​សត្វ​ស្លាប​ដ៏​កម្រ​នៅ​តំបន់​អភិរក្ស​ដូចជា សត្វ​ត្មាត និង​សត្វ​ត្រយង ជាដើម។ ទន្ទឹម​នឹង​នេះ សត្វ​ស្លាប​ដ៏​កម្រ​នៅ​លើ​ពិភពលោក​ដែល​មាន​នៅ​ស្រុក​សៀមប៉ាង ជា​ច្រើន​ប្រភេទ បា​នរក​ចំណី​ចិញ្ចឹម​ជីវិត​មួយ​ផ្នែក​គឺ​ពឹង​ផ្អែក​លើ​សត្វ​ស្រុក​របស់​អ្នក​ភូមិ ដែល​មាន​ទម្លាប់​ប្រលែង​ចូល​ព្រៃ​រស់នៅ​ជាមួយ​បក្សី​កម្រ​ទាំង​នោះ។

ប្រធាន​កម្មវិធី​ប្រចាំ​កម្ពុជា នៃ​អង្គការ​អភិរក្ស​សត្វ​ស្លាប​អន្តរជាតិ (Bird Life International) លោក ប៊ូ វីរសក្ស រក​ឃើញ​ថា វត្តមាន​សត្វ​ក្របី​បាន​ដើរ​តួនាទី​សំខាន់ ដែល​អាច​ទ្រទ្រង់​សត្វ​ស្លាប​កម្រ​ជិត​ផុត​ពូជ​នៅ​លើ​ពិភពលោក​ដែល​មាន​វត្តមាន​នៅ​តំបន់​អភិរក្ស។ លោក​បញ្ជាក់​ថា សត្វ​ក្របី​អាច​រមៀល​លេង​ក្នុង​ទឹក​ថ្លុក និង​ត្រពាំង​ដែល​បង្កើត​ឲ្យ​មាន​សត្វល្អិត​តូចៗ​ជា​ច្រើន​ប្រភេទ​ដែល​ជា​ចំណី​ពិសេស​របស់​សត្វ​ស្លាប​ទាំង​នោះ។

លោក​បារម្ភ​ថា ចំនួន​សត្វ​ក្របី​របស់​អ្នក​ស្រុក​សៀមប៉ាង បាន​ថយ​ចុះ​ខ្លាំង​នៅ​ឆ្នាំ​នេះ អាច​បង្ក​ផល​លំបាក​នៃ​ការ​ចិញ្ចឹម​ជីវិត​របស់​សត្វ​ត្រយង​យក្ស សត្វ​ត្មាត សត្វ​ត្រយង​ចង្កោម​ពណ៌​ស និង​សត្វ​កម្រ​ផ្សេង​ទៀត៖ «វត្តមាន​របស់​សត្វព្រៃ​វា​កាន់តែ​ថយ​ចុះ។ អ្នក​ស្រុក​សៀមប៉ាង ចិញ្ចឹម​បាន​ប្រលែង​វា​ឲ្យ​ចូល​ក្នុង​ព្រៃ​ហ្នឹង។ វា​កំពុង​ដើរ​តួនាទី​យ៉ាង​សំខាន់​ជំនួស​សត្វ​ចតុប្បាទ​ព្រៃ​ដូចជា​ខ្ទីង និង​ទន្សោង​ហ្នឹង​គឺ​ក្នុង​ការ​ធ្វើ​ឲ្យ​ត្រពាំង​វា​កាន់​តែ​ជ្រៅ​ហើយ ជ្រៅ​វា​នៅ​រក្សា​ទឹក​បាន។ ការ​បន្ត​ធ្លាក់​ចុះ​កាន់​តែ​ខ្លាំង​បាត់​លក្ខណៈ​ធម្មជាតិ​មួយ​ដែល​ធ្វើ​ឲ្យ​ត្រពាំង​ជ្រៅ»

លោក ប៊ូ វីរសក្ស បន្ថែម​ថា អង្គការ​លោក​បាន​ជីក​ស្រះ​ចំនួន​៣ នៅ​តំបន់​ព្រៃ​អភិរក្ស ដើម្បី​ផ្តល់​ប្រភព​ទឹក​ដល់​សត្វព្រៃ និង​ដើម្បី​ស្រាវជ្រាវ​ពី​យុទ្ធសាស្ត្រ​ផ្ដល់​ប្រភព​ទឹក​ដល់​សត្វ​ស្លាប និង​សត្វស្រុក។ លោក​បន្ត​ថា ត្រពាំង​ទាំង​៣​នោះ​ជា​គម្រោង​សាកល្បង​នៃ​ការ​ស៊ើប​អង្កេត​ពី​តុល្យភាព​ទឹក​ខែប្រាំង​នៅ​ឆ្នាំ​នេះ។

លោក​បារម្ភ​ទៀត​ថា ការ​ប្រែប្រួល​អាកាសធាតុ អាច​បណ្ដាល​ឲ្យ​សត្វព្រៃ​ប្រមូល​ផ្តុំ​គ្នា​នៅ​តំបន់​មាន​ប្រភព​ទឹក​ដែល​ប្រឈម​នឹង​ព្រានព្រៃ​បាញ់​សម្លាប់។ ដូច្នេះ​អង្គការ​លោក​កំពុង​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​អភិរក្ស​ក្នុង​តំបន់​ដែល​មាន​ប្រភព​ទឹក ដែល​ជា​ទីតាំង​ប្រមូល​ផ្តុំ​គ្នា​របស់​សត្វ​ព្រៃ៖ «ទោះ​បី​ជា​វា​ដឹង​ថា តំបន់​ហ្នឹង​នឹង​ត្រូវ​គេ​បាញ់​ក៏ដោយ វា​ត្រូវ​តែ​ទៅ បើ​មិន​ទៅ​គឺ​ស្លាប់ អ៊ីចឹង​យើង​ឃើញ​ថា ទីតាំង​មួយ​ចំនួន​ឃើញ​ព្រាន​ធ្វើ​សម្រាប់​បាញ់​លើ​ចុង​ឈើ។ យើង​ឃើញ​ផ្ទាល់ យើង​បាន​រើ​ចេញ និង​បាន​ដាក់​កម្លាំង​ទៅ​ល្បាត»

​ទីប្រឹក្សា​នៃ​អង្គការ​បណ្ដាញ​ការពារ​ទន្លេ ស្រែពក សេសាន និង​ទន្លេ​សេកុង លោក មៀច មាន រក​ឃើញ​ថា ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល ជា​បញ្ហា​រួមផ្សំ​ចម្បង​បង្ក​ហានិភ័យ​ខ្ពស់​ដល់​ការ​ចិញ្ចឹម​ជីវិត​របស់​សត្វព្រៃ​ទៀតសោត ត្រពាំង​ធម្មជាតិ​ដែល​ទ្រទ្រង់​ជីវចម្រុះ​ធម្មជាតិ​ជា​ច្រើន​ប្រភេទ ត្រូវ​បាន​គ្រប់គ្រង​ជា​សម្បត្តិ​ឯកជន ឬ​ឋិត​នៅ​បរិវេណ​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​ឯកជន ដែល​ជា​ឧបសគ្គ​រាំងស្ទះ​ការស្វែងរក​ប្រភព​ទឹក និង​ចំណី​របស់​សត្វព្រៃ។ លោក​ថា បម្រែបម្រួល​អាកាសធាតុ និង​អាកាសធាតុ​ក្ដៅ​ខ្លាំង​បណ្ដាល​ឲ្យ​ស្មៅ​ដែល​ជា​ចំណី​របស់​សត្វព្រៃ​ងាប់​ទាំង​ស្រុង។ បញ្ហា​នេះ​ជំរុញ​ឲ្យ​សត្វព្រៃ​ត្រូវ​បង្ខំចិត្ត​រក​ចំណី​នៅ​តំបន់​ដែល​ងាយ​រងគ្រោះ ដូចជា​ទន្លេ និង​ត្រពាំង​ធម្មជាតិ​ជាដើម ដែល​ប្រឈម​នឹង​ព្រានព្រៃ​បរបាញ់​សម្លាប់។

លោក​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល និង​គ្រប់​ភាគី​ពាក់ព័ន្ធ​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ផ្ដល់​លទ្ធភាព​ឲ្យ​មន្ត្រី​ជំនាញ​ប្រតិបត្តិ​ការងារ​អភិរក្ស​សត្វព្រៃ ឬ​សត្វ​ស្លាប​ផ្សេងៗ​ឲ្យ​បាន​ពេញលេញ៖ «យុទ្ធសាស្ត្រ​ផែនការ​ហ្នឹង រួម​មាន ដូចជា​ការ​ជីក​ស្រះ ឬ​ក៏​ស្ដារ​ស្រះ ឬក៏​ស្ដារ​ប្រភព​ទឹក​បន្ថែម​ដែរ​ទីប្រជុំជន​របស់​សត្វព្រៃ​ដែល​តែងតែ​ចូល​ទៅ​ស៊ី​ស្មៅ ឬ​ក៏​រក​ប្រភព​ទឹក​ហ្នឹង។ សូម​ឲ្យ​មាន​ការ​រៀបចំ​ផែនការ​ច្បាស់លាស់​ក្នុង​ការ​ស្ដារ​រឿង​ហ្នឹង។ បញ្ញា​គ្រោះ​រាំង​ស្ងួត​មិនមែន​កើត​តែ​ឆ្នាំ​ហ្នឹង ឆ្នាំ​ក្រោយៗ​ទៀត​ក៏​អាច​បន្ត​ដែរ»

របាយការណ៍​អាជ្ញាធរ​ស្រុក​សៀមប៉ាង ចុះ​ផ្សាយ​កាលពី​ថ្ងៃ​ទី​២៦ ខែ​មេសា ឲ្យ​ដឹង​ថា គោក្របី​ងាប់​ជាង ៣០០​ក្បាល​ដោយសារ​គ្រោះ​រាំងស្ងួត បណ្ដាល​ឲ្យ​ខ្វះ​ចំណី និង​ទឹក​ផឹក ខណៈ​បឹងបួ ឬ​ត្រពាំង​នៅ​តំបន់​អ្នកភូមិ​លែង​គោ​ក្របី​ឲ្យ​ស្វែង​រក​ចំណី​ក្នុង​ព្រៃ​រីង​ស្ងួត​គ្មាន​ទឹក និង​ស្មៅ​សម្រាប់​ចំណី​សត្វ។

អង្គការ​អភិរក្ស​សត្វ​ស្លាប​អន្តរជាតិ (Bird Life international) បាន​ចុះ​សិក្សា​ស្រាវជ្រាវ​តាំងពី​ឆ្នាំ​២០០៣ និង​បាន​គ្រប់គ្រង​ដី​ព្រៃ​ឈើ​ចំនួន​ជាង ១០​ម៉ឺន​ហិកតារ ឋិត​នៅ​ឃុំ​ព្រែកមាស និង​ឃុំ​ថ្មកែវ ក្នុង​ស្រុក​សៀមប៉ាង ដែល​មាន​ប្រភេទ​សត្វ​ស្លាប​ជាង ៣០០​ប្រភេទ និង​មាន​សត្វ​ស្លាប​ជិត​ផុត​ពូជ​បំផុត​នៅ​លើ​ពិភពលោក​មាន ៥​ប្រភេទ ដូចជា​សត្វ​ត្មាត សត្វ​ត្រយង និង​សត្វ​ត្រយង​យក្ស​ជាដើម។ អង្គការ​នេះ​ចាត់​ទុក ព្រៃឈើ​នៅ​តំបន់​នោះ​មាន​លក្ខណៈ​ពិសេស ដែល​អាច​ទាក់ទាញ​សត្វ​ស្លាប​ដ៏​កម្រ​នៅ​លើ​ពិភពលោក។ លើស​ពី​នេះ​ អង្គការ​អភិរក្ស​សត្វ​ស្លាប​អន្តរជាតិ ក៏​កំពុង​សម្លឹង​មើល​ពី​សក្ដានុពល​សត្វ​ស្លាប​ដ៏​កម្រ​ទាំង​នោះ ដែល​មាន​សារសំខាន់​ណាស់​ទៅ​ថ្ងៃ​អនាគត ជា​ពិសេស​ការ​បង្កើត​ប្រព័ន្ធ​ទេសចរណ៍​ធម្មជាតិ ដែល​រំពឹង​ថា អាច​រក​ចំណូល​ដល់​សហគមន៍​បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។