ពលរដ្ឋ​នៅ​ស្វាយរៀង​រារាំង​រដ្ឋបាល​ព្រៃ​ឈើ​មិន​ឲ្យ​ឈូស​ដី​សហគមន៍​ដាំ​កូន​ឈើ

0:00 / 0:00

សមាជិក​សហគមន៍​ដីធ្លី និង​ប្រជាពលរដ្ឋ​នៅ​ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង ប្រមាណ ៣០​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​៤ មីនា លើក​គ្នា​តវ៉ា​ប្រឆាំង​នឹង​រដ្ឋបាល​ព្រៃ​ឈើ ដែល​ឈូស​ឆាយ​ដី​ដាំ​កូន​ឈើ​លើ​ដី​សហគមន៍។ ពួក​គេ​បញ្ជាក់​ថា ការ​ដាំ​កូន​ឈើ​លើ​ដី​សហគមន៍​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផល​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​នៅ​តំបន់​នោះ។

ប៉ុន្តែ មេ​ឃុំ​អណ្ដូងត្របែក បញ្ជាក់​ថា រដ្ឋបាល​ព្រៃ​ឈើ​ឈូស​ឆាយ​ដី​ដាំ​កូន​ឈើ​នេះ ជា​ដី​ទំនេរ​របស់​រដ្ឋ​ដើម្បី​បម្រើ​ផល​ប្រយោជន៍​រួម។

សហគមន៍​ដី​ធ្លី និង​ប្រជាពលរដ្ឋ បាន​រួម​គ្នា​ទៅ​រារាំង​គ្រឿងចក្រ​របស់​រដ្ឋបាល​ព្រៃ​ឈើ មិន​ឲ្យ​ធ្វើ​សកម្មភាព​ឈូស​ឆាយ​ដី​ដែល​បម្រុង​ដាំ​កូន​ឈើ​នោះ​ទេ។ ពួក​គេ​អំពាវនាវ​សុំ​ឲ្យ​ទុក​ដី​នោះ​សម្រាប់​ជា​ប្រយោជន៍​រួម របស់​ប្រជាពលរដ្ឋ​រស់​នៅ​តំបន់​នោះ​បាន​អាស្រ័យ​ផល​លើ​ដី​នោះ​បន្ត​ទៀត។

អនុ​ប្រធាន​សហគមន៍​ដី​ធ្លី ឃុំ​អណ្ដូងត្របែក លោក ឡូញ ថា មាន​ប្រសាសន៍​បញ្ជាក់​នៅ​ថ្ងៃ​ទី​៤ មីនា ថា ដី​ដែល​រដ្ឋបាល​ព្រៃ​ឈើ​យក​គ្រឿងចក្រ​ទៅ​ឈូស​ឆាយ​បម្រុង​ដាំ​កូន​ឈើ មាន​ក្រញូង បេង និង​នាង​នួន ជា​ដើម ជា​ដី​របស់​សហគមន៍​មាន​ទំហំ​ប្រមាណ​ជាង ២០០​ហិកតារ ស្ថិត​នៅ​ភូមិ​ជីកដី ឃុំ​អណ្ដូងត្របែក ស្រុក​រមាសហែក។ ដី​នេះ​សម្រាប់​ជា​ផល​ប្រយោជន៍​រួម​របស់​ប្រជាពលរដ្ឋ​ជាង ១​ពាន់​គ្រួសារ រស់​នៅ​ជា​ច្រើន​ភូមិ រួម​មាន ភូមិ​ទួល ជីកដី កម្រែង អណ្ដូង ទួលខ្លុង និង​ភូមិ​ថ្មី ជា​ដើម។

លោក ឡូញ ថា បញ្ជាក់​ថា ដី​នេះ​ជា​ដី​ទួល​វាល​ស្មៅ​សម្រាប់​គោ​ក្របី​ផង និង​ជា​ដី​ព្រៃ​សម្រាប់​អាស្រ័យ​ផល​របស់​អ្នក​ភូមិ​រស់​នៅ​តំបន់​នោះ​ផង។ ដូច​នេះ ប្រសិន​បើ​អាជ្ញាធរ​ដាំ​កូន​ឈើ​លើ​ដី​នោះ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផល​ប្រយោជន៍​របស់​អ្នក​ភូមិ​រស់​នៅ​តំបន់​នោះ​ជា​ពុំ​ខាន៖ «កន្លែង​នេះ​ជា​កន្លែង​ទី​ទួល​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ ជម្លៀស​ពី​ទឹក​លិច​មក​នៅ​ផង ហើយ​បញ្ហា​ទី​២ គឺ​វាល​ក្របី​គោ​របស់​ប្រជាពលរដ្ឋ ព្រោះ​ដី​ហ្នឹង​ជា​ដី​សហគមន៍​សម្រាប់​ទុក​ឲ្យ​គោ​ក្របី​ហ្នឹង លែង​នៅ​កន្លែង​ហ្នឹង ទៅ​កាប់​ឧស​កាប់​អី​អ៊ីចឹង​បង។ តាម​ខ្ញុំ វា​អត់​ទំនង ព្រោះ​កាល​មុន​រដ្ឋបាល​ព្រៃ​ឈើ​ថា​អត់​មាន​លូក​ដៃ​ចូល​ទេ​បាទ! គាត់​ថា​ចង់​ប្រជាពលរដ្ឋ​ធ្វើ​ម៉េច​បាន​ធ្វើ​ទៅ។ ប៉ុន្តែ បែរ​ជា​ពលរដ្ឋ​ធ្វើ​បាន បែរ​ជា​មក​ដាំ​កូន​ក្រញូង​កូន​អី ខ្ញុំ​ក៏​មិន​ទាន់​ជឿ​ថា​រដ្ឋបាល​ព្រៃ​ឈើ​អ្នក​ដាំ​ទេ ប្រហែល​ជា​គម្រោង​នៅ​ក្រុមហ៊ុន​ដដែល»

រីឯ​ប្រជាពលរដ្ឋ​ម្នាក់​ទៀត​រស់​នៅ​ភូមិ​ជីកដី ឃុំ​អណ្ដូងត្របែក លោក យឹម ពឹម ថ្លែង​បញ្ជាក់​ដោយ​ចាត់​ទុក​ការ​ឈូស​ឆាយ​ដី​ដាំ​កូន​ឈើ​របស់​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​នេះ​ថា ជា​សកម្មភាព​មួយ​មិន​ត្រឹមត្រូវ​ឡើយ ព្រោះ​សកម្មភាព​នេះ​បើ​ចេញ​ជា​រូប​រាង អាច​នឹង​ក្លាយ​ទៅ​ជា​ដី​កម្មសិទ្ធិ​ឯកជន​នៅ​ថ្ងៃ​ណា​មួយ​ជា​ពុំ​ខាន។ លោក យឹម ពឹម បន្ត​ថា អ្នក​ភូមិ​នឹង​ការពារ​មិន​ឲ្យ​អាជ្ញាធរ​ដាំ​កូន​ឈើ​នៅ​លើ​ដី​ដែល​ជា​អត្ថ​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ​នោះ​ជា​ដាច់​ខាត៖ «ខ្ញុំ​សង្ស័យ​រដ្ឋបាល​ព្រៃ​ឈើ​គ្រាន់​តែ​យក​រដ្ឋបាល​ព្រៃ​ឈើ​បាំង​មុខ​ទេ ព្រោះ​ពួក​អា​ដែង​ឃើញ​ជិះ​ឡាន​ដឹក​សាំង​ដឹក​អី​ទៅ អា​អ្នក​ពួក​ក្រុមហ៊ុន​មុន​ដដែល​ធ្វើ​ហ្នឹង។ ខ្ញុំ​ពិនិត្យ​ប្រជាពលរដ្ឋ​ហ្នឹង ធ្វើ​ហ្នឹង​ធ្វើ​ដើម្បី​ឈ្មួញ​តែ​ហ្មង អត់​មាន​ធ្វើ​ដើម្បី​ប្រជាពលរដ្ឋ​ផង! គោល​ជំហរ​របស់​ប្រជាពលរដ្ឋ​មាន​អី​ទៀត មាន​តវ៉ា​មិន​ឲ្យ​ដាច់​ខាត​មិន​ឲ្យ​តែ​ម្ដង​ដី​ហ្នឹង»

វិទ្យុ​អាស៊ីសេរី ពុំ​អាច​ទាក់ទង​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​ស្រុក​រមាសហែក ដើម្បី​សុំ​ការ​ពន្យល់​ពី​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​៤ មីនា ដោយ​ទទួល​ទូរស័ព្ទ​ហើយ តែ​ត្រូវ​បាន​បិទ​ទៅ​វិញ។

ប៉ុន្តែ មេ​ឃុំ​អណ្ដូងត្របែក លោក គង់ វិត មាន​ប្រសាសន៍​បញ្ជាក់​ថា ពុំ​មាន​សហគមន៍​ស្រប​ច្បាប់​នៅ​ឃុំ​អណ្ដូងត្របែក នោះ​ទេ។ ដូច​នេះ ប្រជាពលរដ្ឋ​រារាំង​គ្រឿងចក្រ​រដ្ឋបាល​ព្រៃ​ឈើ​មិន​ឲ្យ​ឈូស​ឆាយ​ដី​ដាំ​កូន​ឈើ គឺ​ជា​រឿង​មិន​ត្រឹមត្រូវ​ឡើយ ព្រោះ​ដី​ដែល​ឈូស​ឆាយ​នោះ គឺ​ជា​ដី​ទំនេរ​របស់​រដ្ឋ​យូរ​ឆ្នាំ​មក​ហើយ។ ម្យ៉ាង​វិញ​ទៀត ការ​ដាំ​កូន​ឈើ​នេះ​ធ្វើ​ឡើង​ជា​ផល​ប្រយោជន៍​រួម ពុំ​មែន​ជា​ប្រយោជន៍​របស់​ឯកជន​ទេ៖ «អត់​ដឹង​ថា​ម៉េច​ទេ​អា​ហ្នឹង ចាំ​អ្នក​ដែល​ដាំ​សិន ព្រោះ​ដាំ​ជា​ផ្នែក​រដ្ឋ​ទេ មិន​មែន​ជា​ឯកជន​ណា​មួយ​ទេ​ណា។ បាទ! ដី​ហ្នឹង​ក៏​ថា​ដី​រដ្ឋ ហើយ​អ៊ីចឹង​វា​នៅ​ទំនេរ​យូរ​ពេក​ទៅ គេ​ដាំ​ឈើ​ឡើង​វិញ​ដាំ​ធ្នង់​ទៀត​ណោះ។ ប៉ុន្តែ ចំណោទ​ពី​គាត់​មក​គាត់​ដាក់​ស្មាន​មក​ដែរ​ទេ គាត់​ថា​រដ្ឋបាល​ព្រៃ​ឈើ ហើយ​និង​មេ​ឃុំ​អណ្ដូងត្របែក ទាំងអស់​ហ្នឹង សុទ្ធតែ​ស៊ី​លុយ​ថៅកែ​ណា! គាត់​ចោទ​ហ្នឹងៗ​ដោយ​ស្មាន ហើយ​អា​ហ្នឹង​ដូច​តែ​អាក្រក់​ដែរ ដូច​អត់​ដែល​មាន​សូម្បី​តែ​មួយ​កាក់​មួយ​សេន​ណា​អត់​មាន​ផង»

តែ​យ៉ាង​ណា ប្រជាពលរដ្ឋ​ឲ្យ​ដឹង​ថា ដី​ដែល​មាន​ទំនាស់​នេះ​កាល​ពី​ឆ្នាំ​២០១១ កន្លង​ទៅ អ្នក​ភូមិ​បាន​នាំ​គ្នា​តវ៉ា​យក​ពី​ឈ្មួញ​ទិញ​ដី ហើយ​បាន​ឈ្នះ​ក្ដី​លើ​ដី​នោះ ទុក​ជា​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ​រហូត​មក។ អ្នក​ភូមិ​បញ្ជាក់​ថា ការ​ទាមទារ​របស់​ពួក​គេ​កន្លង​មក ក៏​ពុំ​មាន​អាជ្ញាធរ​ណា​ជួយ​ដោះស្រាយ​ឲ្យ​ប្រជាពលរដ្ឋ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។