គណៈកម្មការចម្រុះខេត្តសៀមរាប បានសម្រេចយកផ្ទាំងប្លាស្ទិកធំៗទៅរុំស្រោបកន្ទុយបារីប្រមាណ ៥០០ការុង ដែលគេដឹកពីបរទេសមកផ្ញើទុកចោលនៅក្នុងភូមិត្រាំនាគ សង្កាត់ស្លក្រាម ក្រុងសៀមរាប ព្រមទាំងហាមមិនឲ្យមនុស្សចូលទៅប៉ះពាល់ទេ។
ការរុំស្រោបនោះ បន្ទាប់ពីគណៈកម្មការចម្រុះមានអាជ្ញាធរខេត្ត មន្ត្រីមន្ទីរបរិស្ថាន និងមន្ទីរកសិកម្ម ចុះទៅពិនិត្យមើលដឹងថា មានក្លិនអាក្រក់ភាយចេញពីកន្ទុយបារីនោះ ធ្វើឲ្យឈឺក្បាលហាក់ដូចជាមានជាតិពុល ជាដើម។
អាជ្ញាធរខេត្តសៀមរាប កំពុងស្រាវជ្រាវរកប្រភព និងព័ត៌មានឲ្យបានច្រើនថែមទៀត ពាក់ព័ន្ធនឹងការនាំកន្ទុយបារីពីបរទេស ក្រោមរូបភាពជាជីកសិកម្មមកដាក់ទុកចោលនៅក្នុងទីក្រុងដែលជាតំបន់ទេសចរណ៍មួយនេះ។
ការស្រាវជ្រាវ បានធ្វើឡើងពីរថ្ងៃជាប់ៗគ្នាមកនេះ ចាប់តាំងតែពីប្រជាពលរដ្ឋម្ចាស់ផ្ទះនៅភូមិត្រាំនាគ សង្កាត់ស្លក្រាម បានប្រាប់ថា មានក្រញ៉ម និងកន្ទុយបារីដែលគេច្រកក្នុងការុងចំនួន ៥០០ការុង បានផ្ញើទុកនៅផ្ទះរបស់គាត់រយៈពេល ៣ខែមកហើយ មិនឃើញក្រុមហ៊ុនមកដឹកយកទៅវិញ។
អភិបាលរងខេត្តសៀមរាប ទទួលបន្ទុកផ្នែកកសិកម្ម គឺលោក គឹម ឆៃហៀង។ លោកមានប្រសាសន៍ថា កាលពីថ្ងៃទី១០ ខែមីនា កន្លងទៅ គណៈកម្មការចម្រុះបានចុះទៅពិនិត្យមើលដល់កន្លែងដាក់កន្ទុយបារីនោះ។ ថ្វីត្បិតតែមានការច្រកក្នុងការុង ហើយមានស្លាកសញ្ញាជាជីកសិកម្ម ក៏ប៉ុន្តែក្លិនថ្នាំជក់បានភាយចេញអាក្រក់។ លោក គឹម ឆៃហៀង បញ្ជាក់ថា បន្ទាប់ពីត្រួតពិនិត្យរួចមក អាជ្ញាធរបានហាមឃាត់ការដឹកជញ្ជូនវត្ថុទាំងនោះចេញពីកន្លែងស្ដុកជាបណ្ដោះអាសន្ន។ ទី២ គឺបានយកសំណាកខ្លះនៃវត្ថុនោះ បញ្ជូនទៅពិនិត្យដើម្បីឲ្យប្រាកដថា តើវាមានសារធាតុអ្វីខ្លះ? អភិបាលរងដដែលមានប្រសាសន៍ទៀតថា អាជ្ញាធរបានជួបជាមួយនឹងម្ចាស់ឡាន ដែលស៊ីឈ្នួលដឹកវត្ថុទាំងនោះ ដើម្បីបន្តស្រាវជ្រាវរកអ្នកពាក់ព័ន្ធ និងការនាំចូលវត្ថុទាំងនោះ៖ «ការសន្និដ្ឋានរបស់ក្រុមការងារជាជំហានដំបូង ថាជាជីក្លែងក្លាយ គ្រាន់តែមានការលាយកន្ទុយបារីកន្ទុយស្នោប្រមាណពី ១០ ទៅ ១៥% ក្នុង ១បាវៗ»។
នៅឯកន្លែងស្ដុកវត្ថុនោះ អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី បានពិនិត្យឃើញមានកន្ទុយបារីជាច្រើនប្រភេទ ដែលគេលាយជាមួយក្រញ៉មផេះ និងអង្កាម ហើយច្រកនៅក្នុងការុងដោយមានបិទស្លាកសញ្ញាជាអក្សរនៃប្រទេសអ៊ុយក្រែន។ កន្ទុយបារីដែលច្រកក្នុងការុងចំនួន ៥០០ការុងនោះ បានភាយក្លិនពិបាកទ្រាំ និងធ្វើឲ្យឈឺក្បាល។
ម្ចាស់ផ្ទះដែលទទួលបញ្ញើកន្ទុយបារីនោះ លោក ជា បញ្ញា មានប្រសាសន៍ថា គេបានយកមកផ្ញើទុកនៅក្នុងដីឡូរបស់លោកចំនួន ៣ខែមកហើយ ដោយប្រាប់ថា ជាជីកសិកម្ម។ លោក ជា បញ្ញា ឲ្យដឹងទៀតថា កាលពីដំបូងមិត្តភ័ក្ដិរបស់លោកម្នាក់ដែលជាអ្នកបើកឡានដឹកទំនិញ បានសុំផ្ញើទុកវត្ថុនោះដោយប្រាប់ថាតែ ៣ថ្ងៃប៉ុណ្ណោះ ពីព្រោះក្រុមហ៊ុនដែលជាម្ចាស់មិនមានកន្លែងដាក់ ក៏ប៉ុន្តែលោកចាំបាត់ៗមិនឃើញមានក្រុមហ៊ុនណាមកយកវិញ ទើបដាច់ចិត្តហែកការុងនោះមើល ហើយដឹងថាជាកន្ទុយបារី៖ «គេថាជី ហើយក្រុមហ៊ុនវាហ្នឹងគេដាក់សញ្ញាជីធម្មជាតិ កន្ទុយបារីហ្នឹងតែម្ដង។ ហែកមើលបានដឹងថាមិនមែនជីធម្មជាតិទេ គឺវាអាចប៉ះពាល់សុខភាព ពុល»។
បុរសឈ្មោះ ប៊ុន សែនស៊ុន គឺជាម្ចាស់ឡានដែលស៊ីឈ្នួលដឹកជញ្ជូនកន្ទុយបារីនោះ ឲ្យដឹងថា តាំងតែពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៤ មានអ្នកម៉ៅការ ២នាក់ ដែលលោកពុំធ្លាប់ស្គាល់ បានទាក់ទងតាមទូរស័ព្ទមកជួលឡានរបស់លោកទៅដឹកវត្ថុទាំងនោះក្នុងតម្លៃ ៧០០ដុល្លារសហរដ្ឋអាមេរិក។ លោក សែនស៊ុន បញ្ជាក់ទៀតថា កាលនោះលោកបានប្រើកម្មករឲ្យបើកឡានទៅខេត្តត្បូងឃ្មុំ ម្ដុំច្រកព្រំដែនខ្មែរ-វៀតណាម កណ្ដោលជ្រុំ ហើយដឹកយកវត្ថុទាំងនោះពីផ្ទះមួយនៅក្នុងដីខ្មែរ។ គាត់បានដឹកវត្ថុទាំងនោះទម្ងន់សរុបចំនួន ៣០តោន ប៉ុន្តែបានទម្លាក់ខ្លះនៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ និងផ្ញើទុកខ្លះក្នុងក្រុងសៀមរាប ក៏ប៉ុន្តែរហូតមកដល់ពេលនេះ អ្នកជួលឡានដឹកនោះបានបាត់មុខ ព្រមទាំងមិនទាន់ឲ្យឈ្នួលថ្លៃដឹកផង៖ «គាត់ទម្លាក់នៅព្រៃស្អាក ហ្នឹងអស់ ២០តោន សល់ ១០តោនទៀត គាត់ថាអត់មានកន្លែងទម្លាក់ទេ។ គាត់សួរខ្ញុំថានៅសៀមរាប មានកន្លែងណា ទម្លាក់ផ្ញើទុក មួយពីរថ្ងៃបានដែរ ឬក៏អត់?»។
ការស្រាវជ្រាវឲ្យដឹងថា ក្រញ៉ម និងកន្ទុយបារីចំនួន ១០តោន ដែលទុកនៅខេត្តសៀមរាប នោះ គឺនាំចូលដោយក្រុមហ៊ុនមួយឈ្មោះ ប៉ែន លឹម ត្រេឌីង ក្នុងរូបភាពជាជីកសិកម្មធម្មជាតិ។ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញលិខិតអនុញ្ញាតឲ្យក្រុមហ៊ុន ប៉ែន លឹម នាំចូលជីកសិកម្មប្រភេទនេះចំនួន ៨០តោន។ ក៏ប៉ុន្តែកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៥ កន្លងទៅ ក្រសួងកសិកម្ម បានប្រកាសនិរាករណ៍លិខិតនាំចូលជីនោះវិញ បន្ទាប់ពីដឹងថាជាកន្ទុយបារី។ ក្រសួងកសិកម្ម បានបញ្ជាឲ្យមន្ទីរកសិកម្ម ខេត្តសៀមរាប ប្រមូលយកកន្ទុយបារីទាំងនោះមកគ្រប់គ្រង ដើម្បីនឹងចាត់វិធានការតាមផ្លូវច្បាប់។
ប្រធានមន្ទីរបរិស្ថាន ខេត្តសៀមរាប លោក ភួង លីណា មានប្រសាសន៍ថា គេនៅមិនទាន់ដឹងច្បាស់ថា តើការុងដែលច្រកផេះមានលាយកន្ទុយបារីចំនួន ១០តោននោះ វាមានសារធាតុអ្វីខ្លះ ហើយតើវាអាចគំរាមកំហែងដល់បរិស្ថាន ឬក៏យ៉ាងណាទេ?៖ «យើងកំពុងធ្វើការស៊ើបអង្កេតថា តើក្រុមហ៊ុនដែលនាំមកហ្នឹងមានការក្លែងបន្លំ ឬមួយក៏យ៉ាងម៉េច? ហើយផលប៉ះពាល់យ៉ាងម៉េច គឺយើងកំពុងយកទៅពិសោធ»។
អ្នកជំនាញផ្នែកជីកសិកម្មរបស់អង្គការក្រៅរដ្ឋាភិបាល អះអាងថា គេមិនដែលឃើញប្រទេសណាមួយយកកន្ទុយបារីទៅធ្វើជាជីកសិកម្មទេ។
ប្រធានមជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CEDAC) លោកបណ្ឌិត យ៉ង សាំងកុមារ មានប្រសាសន៍ថា គ្មានអ្នកណាអាចយកកន្ទុយបារីទៅធ្វើជាជីកសិកម្មបានទេ ពីព្រោះសារធាតុគីមីនៃកន្ទុយបារីនោះ បើទោះជាកប់ក្រោមដីក៏ត្រូវប្រើពេលពី ១០ ទៅ ១៥ឆ្នាំទើបរលាយ៖ «ប្រទេសគេប្រយ័ត្នណាស់អត់ឲ្យយកកន្ទុយបារីចោលទៅក្នុងដីក្នុងទឹកទេ។ អ៊ីចឹងបើយើងយកកន្ទុយបារីមកស្រុកខ្មែរធ្វើជី គឺដូចយកមកបំផ្លាញខ្លួនឯង»។
លោកបណ្ឌិត យ៉ង សាំងកុមារ ពន្យល់ថា កន្ទុយបារីកាលណាចូលទៅក្នុងទឹក គឺមានប្រតិកម្ម ហើយបម្លែងចេញសារធាតុលោហៈមួយចំនួនទៀត ដូចជាសំណ និងអាស៊ីត ដែលបង្កើតឲ្យមានជាតិពុលក្នុងទឹក ហើយជ្រាបចូលទៅក្នុងខ្លួនត្រី។ នៅកម្ពុជា យើង គឺប្រជាពលរដ្ឋជាច្រើនចូលចិត្តបរិភោគត្រី។ ដូច្នេះ បើមានជាតិពុលរបស់បារីនៅក្នុងខ្លួនត្រីនោះ គឺនឹងធ្វើឲ្យប៉ះពាល់សុខភាពយ៉ាងខ្លាំង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
