គម្រោងអភិរក្សព្រៃលិចទឹក នៅក្នុងតំបន់បឹងស្នេហ៍ ក្នុងឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង កំពុងតែប្រែក្លាយពីតំបន់ការពារអភិរក្សព្រៃលិចទឹក និងសត្វស្លាប ឲ្យទៅជាតំបន់ទេសចរ ខ្នាតតូចបណ្ដើរៗ បើទោះជាមិនទាន់មានការផ្សព្វផ្សាយឲ្យបានទូលំទូលាយនៅឡើយក៏ដោយ។ ប្រជាសហគមន៍នៅតំបន់បឹងស្នេហ៍ លើកឡើងថា ពួកគាត់ត្រូវការអ្នកជំនាញផ្នែកទេសចរ ដើម្បីណែនាំពួកគាត់ក្នុងការត្រៀមខ្លួនបម្រើវិស័យទេសចរ ដែលអាចរីកចម្រើននៅពេលខាងមុខ។
ផ្ទៃដីព្រៃលិចទឹកទំហំជិត១០០ហិកតារ នៅកណ្ដាលបឹងស្នេហ៍ ក្នុងឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង បានក្លាយទៅជាតំបន់ដែលប្រជាសហគមន៍អភិរក្សព្រៃលិចទឹក និងសត្វស្លាប ជាច្រើនប្រភេទ ឲ្យរស់នៅតាមបែបធម្មជាតិ។
ការការពារនេះ គឺកើតចេញពីសកម្មភាពការពារការប្រែប្រួលអាកាសធាតុ របស់អង្គការនារីអភិវឌ្ឍន៍សេដ្ឋកិច្ច និងអនាម័យ ឬហៅថា អង្គការ Women ហើយយុទ្ធនាការអភិរក្សរយៈពេល៣ឆ្នាំមកនេះ គឺមានសត្វស្លាប កម្រផ្សេងៗបានចាប់ផ្ដើមមានវត្តមាននៅក្នុងព្រៃដែលសហគមន៍ការពារ។
លោក អ៊ុក អឿន ប្រធានគម្រោងប្រែប្រួលអាកាសធាតុរបស់អង្គការWomen ថ្លែងថា នេះជាគម្រោងមួយដើម្បីចូលរួមការពារធនធានធម្មជាតិ ហើយកាត់បន្ថយការកាប់បំផ្លាញព្រៃលិចទឹក និងបាញ់សម្លាប់សត្វ ឬនេសាទខុសច្បាប់ ដើម្បីធានាធនធានធម្មជាតិចាប់ផ្ដើមសំបូរឡើងវិញ៖ « អ៊ីចឹងវាផ្សំនិងជំនឿផង ផ្សំអ្វីដែលយើងបានផ្សព្វផ្សាយអំពីធនធានធម្មជាតិទៅ គេគាំទ្រទាំងអស់មកដល់ឥឡូវការកាប់រុករានព្រៃក៏លែងមាន ការកាប់អុសក៏លែងមាន ដល់អ៊ីចឹងទៅសត្វហ្នឹងវាបានសុខ ទន្ទឹមហ្នឹងនេះយើងអភិរក្សបឹងទៀតអ៊ីចឹងត្រីវាកើនឡើង។ អ៊ីចឹងវាផ្សំទីលំនៅវាក៏មាន ផ្សំនិងចំណីអាហារមាន ផ្សំនិងមានការគាំទ្រពីសហគមន៍មិនមានការកាប់បំផ្លាញ ឬរុករាន ឬរុករើវារស់នៅអ៊ីចឹងវាបង្កអំណោយផលដល់ការរស់នៅរបស់វា»។
ព្រៃលិចទឹកទំហំជិត១រយហិកតារ នោះគឺបានក្លាយជាជម្រកសត្វ នៅពេលយប់ ដែលជាកន្លែងអភិរក្សរួចផុតពីក្រុមអ្នកប្រមាញ់ល្មើសច្បាប់។
លោក ទី ថន អ្នកសម្របសម្រួលកម្មវិធី របស់អង្គការស្ត្រីប្រចាំនៅខេត្តព្រៃវែង បានថ្លែងថាការផ្ដួចផ្ដើមដំបូងនៃកម្មវិធីការពារអភិរក្សព្រៃលិចទឹក និងសត្វស្លាប នោះគឺសម្រាប់ធ្វើជាមរតកដល់ក្មេងជំនាន់ក្រោយឲ្យពួកគេបានស្គាល់ ពីសត្វព្រៃរបស់កម្ពុជា ដែលកំពុងតែឈានដល់ការបាត់បង់ ផុតពូជនោះ៖ « កន្លងមកវាអត់ដែលមានទេ សូម្បីតែកុកក៏យើងរកលែងចង់ឃើញដែរ ឃើញតែមួយៗ តែឥឡូវយើងមានដល់ទង់ មានទៅននាល មានដល់ខ្វែកនៅអ៊ីចឹងជាដើម ហើយសហគមន៍បងប្អូន ដែលរស់នៅតាមបណ្ដាខេត្ត ឬនៅភ្នំពេញ ដល់ពេលបុណ្យភ្ជុំ ឬខុសរដូវដែលគាត់អញ្ជើញមកគឺគាត់ទៅ ហើយខាងខ្ញុំបានជូនគាត់ទៅមើលហ្នឹង ឃើញតាមានការរីកចម្រើន អ៊ីចឹងខេត្តព្រៃវែង ឃើញថា មានតំបន់នេះជាតំបន់មួយ ដែលទើបតែកកើតតែរយៈពេល៣ឆ្នាំហ្នឹង អ៊ីចឹងឃើញថា មានសត្វច្រើនប្រភេទ មានដល់រាប់ម៉ឺនក្បាល។ ប្រភេទសត្វយើងឃើញថា ឆ្នាំទី១ យើងឃើញកុក ហើយខ្វែក ហើយក្រោមមកយើងឃើញសត្វននាល ខ្យងច្រើន »។
លោកថ្លែងបន្តថា ទម្រាំតែឈានដល់ការអភិរក្សបាននៅសល់ដូចរាល់ថ្ងៃនេះ ក្រុមការងារអភិរក្ស និងមន្ត្រីជំនាញ ដូចជាមន្ត្រីនៃមន្ទីរបរិស្ថាន និងមន្ទីរកសិកម្មជាដើម បានធ្វើសកម្មភាពជាច្រើនចុះផ្សព្វផ្សាយ និងអប់រំប្រជាពលរដ្ឋដែលនៅសហគមន៍ក្បែរៗនោះ ពីអត្ថប្រយោជន៍នៃការការពារផង ព្រមទាំងបង្ក្រាបបទល្មើសនានា ដែលឈានដល់ការបំផ្លាញព្រៃលិចទឹក ហិនហោចត្រី និងសត្វទាំងនោះផង។
ពេលបច្ចុប្បន្ននេះប្រជាពលរដ្ឋដែលរស់នៅសហគមន៍ជិតនោះ បានយល់ពីតម្លៃនៃការអភិរក្សព្រៃ និងសត្វព្រៃធម្មជាតិ។
អ្នកស្រី វ៉ាន់ ចិន្តា ប្រជាពលរដ្ឋរស់នៅក្បែរតំបន់បឹងស្នេហ៍ បានថ្លែងថា គាត់រីករាយ ហើយគាំទ្រយ៉ាងខ្លាំងចំពោះផែនការអភិរក្សសត្វព្រៃ ហើយប្រឆាំងរាល់ការបាញ់សម្លាប់សត្វកម្រ ធ្វើជាអាហារ៖ « ណាមួយមិននឹកស្មានថា ខ្មែរយើងមានសត្វធំៗអ៊ីចឹង ព្រោះអីខ្ញុំដើរតាមព្រៃដែរដូចថា វាអត់មានសត្វធំៗអ៊ីចឹង ទើបតែនៅទីនេះ ( បឹងស្នេហ៍ ) ពេលទៅឃើញថា មានសត្វប៉ុណ្ណាណី ( ធំ ) ដូចជាននាលអី ប៉ុណ្ណាណីនៅឡើងព្រោងព្រាត។ យើងមិនបាញ់ហូបទេលោកគ្រូ ! យើងគួរតែការពារទុកជាសម្បត្តិធម្មជាតិទៅ ទុកឲ្យកូនចៅ ជំនាន់ក្រោយមើល។ ខ្ញុំមិនទិញហូបទេ ហើយជួយការពារមិនឲ្យគេបាញ់សម្លាប់សត្វអ៊ីចឹង។ ហើយក៏សូមឲ្យអ្នកទាំងអស់គ្នាស្រលាញ់ ( សត្វ ) ដូចខ្ញុំដែរ » ។
សត្វស្លាបប្រភេទធំៗ និងកម្រទាំងនោះ បានក្លាយជារឿងភ្ញាក់ផ្អើល និងចាប់អារម្មណ៍របស់អ្នកស្រុកដែលនៅក្នុងសហគមន៍ ឲ្យត្រេកអរដោយបានឃើញនិងរក្សាទុក ជាជាងបានឃើញសត្វទាំងនោះត្រេកអរនឹងសម្លាប់ដក់ដូរធ្វើជាចំណី។
អ្នកធ្លាប់ទៅដល់ព្រៃអភិរក្សសត្វបឹងស្នេហ៍ លោក នៅ សារ័ត្ន បានថ្លែងថាលោកបានទៅទស្សនាសត្វទាំងនោះពីរលើកមកហើយ។ លោកបញ្ជាក់ទៀតថា លោកធ្លាប់តែឮការផ្សព្វផ្សាយថា ជំរំសត្វស្លាបធំៗនិងកម្រ មាននៅតែតំបន់បឹងទន្លេសាប ដូចជាក្នុងតំបន់ព្រែកទាល់ ខេត្តបាត់ដំបង ឬអាងត្រពាំងថ្ម នៅក្នុងខេត្តបន្ទាយមានជ័យ ឯណោះ ប៉ុន្តែបច្ចុប្បន្ននៅខេត្តព្រៃវែង ក៏អាចឃើញសត្វទាំងនោះដែរ៖ « បាទព្រោះថា ខ្ញុំធ្លាប់ទៅទស្សនាម្ដងហើយ គ្រាន់តែឃើញសត្វច្រើនពីមុនព្រោះអីគ្រាន់តែថា បើយើងទៅមើលនៅពេលល្ងាច គឺមានសត្វច្រើនសឹងតែគ្រប់ប្រភេទ។ បើភាគច្រើនមានននាល មានសត្វទង់អីហ្នឹងដែលជាសត្វកម្រ យើងកម្រហ្នឹងឃើញ។ បើនិយាយពីអារម្មណ៍វិញ នៅពេលឃើញសត្វយើងឃើញថា ប្លែកសប្បាយដែលធ្វើឲ្យយើងចង់ទៅទស្សនាទៀតអ៊ីចឹង។ បើបានតែឃើញហើយអារម្មណ៍គឺថា ត្រេកអរចង់ទុកសត្វហ្នឹងឲ្យវានៅបានច្រើនទុកដើម្បីថា បន្តិចទៀតយើងមានអ្នកទៅទស្សនាអីចឹងទៅ វាធ្វើឲ្យកន្លែងហ្នឹងក្លាយទៅជាកន្លែងជម្រកសត្វព្រៃដែលសម្រាប់ក្មេងស្គាល់សត្វព្រៃនៅពេលអនាគតហ្នឹងណា » ។
ប្រសិនបើតំបន់បឹងស្នេហ៍ នេះអាចក្លាយទៅជាតំបន់ទេសចរ នៅពេលខាងមុខ នោះប្រជាពលរដ្ឋចំនួន២៣ភូមិ ដែលរស់នៅព័ទ្ធជុំវិញតំបន់បឹងស្នេហ៍ នោះអាចទាញយកចំណូលបានពីវិស័យទេសចរ តាមរយៈបម្រើសេវាដឹកជញ្ជូនភ្ញៀវ ឬលក់ម្ហូបអាហារ និងវត្ថុអនុស្សាវរីយ៍ជាដើម។ ប៉ុន្តែអ្វីដែលនៅជាឧបសគ្គនៅឡើយនោះគឺ ពលរដ្ឋក្នុងសហគមន៍នៅមិនទាន់បានត្រៀមខ្លួនសម្រាប់សេវានេះ ហើយម្យ៉ាងទៀតពួកគាត់នៅមិនទាន់មានជំនាញក្នុងការធ្វើបដិសណ្ឋារកិច្ចភ្ញៀវទេសចរនៅឡើយ។
លោក ឡុង គី រស់នៅភូមិស្នេហ៍ ឃុំធាយ ស្រុកបាភ្នំ ជាថ្លែងថា មានអ្នកទេសចរមកបណ្ដើរៗហើយ ប៉ុន្តែពួកគាត់មិនទាន់មានសម្ភារៈបម្រើសេវានេះគ្រប់គ្រាន់ទេ៖ «គាត់ទិញមកសម្ភារៈលក់ដូរឥវ៉ាន់ ប៉ុន្តែយើងមិនទាន់បានកសាងអ្វីច្បាស់លាស់។ ដូចថា យើងមិនទាន់មានភ្ញៀវទេសចរ មកច្រើនអ៊ីចឹងយើងបានត្រឹមលក់ដូរបន្តិចបន្តួចដូចជាភេសជ្ជៈអីហ្នឹង។ គាត់យកមកឲ្យកសាងជីវភាពអ៊ីចឹងដែរ។ បាទ ! ចាប់ពីថ្ងៃហ្នឹង ខែហ្នឹង ឆ្នាំហ្នឹងទៅអាចមានព្រោះថា មានភ្ញៀវខ្លះគាត់មកទាក់ទងតាមលេខទូរស័ព្ទដែលយើងបិតនៅក្នុងប៉ាណូ នោះខ្លះហើយ។ ដូច្នេះសម្ភារៈយើងនៅខ្វះដែរ ដូចជាទូក ខ្វះទូក។ ប៉ុន្តែត្រឹមមនុស្ស១០នាក់អីយើងអាចជូនដំណើរគាត់បាន ហើយសង្ឃឹមថា ថ្ងៃក្រោមយើងអាចរក ( ចំណូល ) បាន»។
ទោះយ៉ាងណា គម្រោងសម្រាប់ទាក់ទាញ ឬបម្រើលើវិស័យទេសចរណ៍នេះ គឺនៅមិនទាន់អាចនិយាយបានថា មាននិរន្តរភាពសម្រាប់ដំណើរការអភិរក្សសត្វស្លាបធម្មជាតិ និងព្រៃលិចទឹក នោះទាំងស្រុងនៅឡើយទេ។
លោក អ៊ុក អឿន ប្រធានគម្រោងប្រែប្រួលអាកាសធាតុរបស់អង្គការWomen ថ្លែងថា កម្មវិធីការពារធនធានធម្មជាតិ នៃគម្រោងប្រែប្រួលអាកាសធាតុ គឺបានដាច់ជំនួយទៅហើយ ដោយក្រុមមន្ត្រីរបស់លោកបន្តស្វែងរកជំនួយទៀត ដើម្បីបន្តនិរន្តរភាពនៃគម្រោង។ លោក បន្តថា បើមិនទាន់មានជំនួយថ្មីក៏ ដោយប៉ុន្តែអង្គការ Women របស់លោក បានខិតខំដោយម្ចាស់ការខ្លួនឯងដើម្បីការពារអភិរក្សសត្វ នៅតំបន់បឹងស្នេហ៍នេះ៖ « យើងគិតថា នៅក្នុងដំណាក់កាលណាមួយដែលយើងអាចមានលទ្ធភាព ដូចថា ដើមឈើកាន់តែធំ ជំនួយកាន់តែមានគ្រប់បែបយ៉ាងនោះ គឺនឹងមានធនធានអាចថា ឈានទៅបង្កើតតំបន់អេកូទេសចរ ហ្នឹងបាន។ ព្រោះថារាល់ថ្ងៃនេះ គឺថា ក្រសួងបរិស្ថាន និងការងារទេសចរណ៍ ក៏គេខិតខំជំរុញការងារយើងហ្នឹងដែរ ប៉ុន្តែលទ្ធភាពយើងទៅមិនទាន់ដល់បាទ !» ។
លោកបន្ថែមទៀតថា ខេត្តព្រៃវែង គឺហាក់នៅខ្សត់ខ្សោយ ជាងខេត្តផ្សេងៗទៀតដោយសារមិនទាន់មានតំបន់អេកូទេសចរណ៍ ដែលតម្រូវឲ្យស្ថាប័នពាក់ព័ន្ធ ព្រមទាំងម្ចាស់ជំនួយដៃគូទាំងអស់បង្កើនការយកចិត្តទុកដាក់ បង្កើតតំបន់ទេសចរ បង្កើតការងារក្នុងតំបន់ ដើម្បីបង្កើនចំណូលពលរដ្ឋនិងកាត់បន្ថយការធ្វើចំណាកស្រុកផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។