សកម្មភាពកាប់ឈើមូលអនាធិបតេយ្យនៅក្នុងដែនជម្រកសត្វព្រៃលំផាត់ ក្នុងខេត្តរតនគិរី រហូតមកទល់នឹងពេលនេះ មិនទាន់មានប្រភពផ្លូវការណាមួយបញ្ជាក់ថា ក្រុមមន្ត្រីពាក់ព័ន្ធចាត់វិធានការបែបណានោះទេ។ ក៏ប៉ុន្តែ កាលពីចុងសប្ដាហ៍នេះ មានសេចក្តីរាយការណ៍ថា មន្ត្រីអភិរក្សដែនជម្រកសត្វព្រៃចាប់បានរថយន្តដឹកជញ្ជូនឈើនៅក្នុងដែនជម្រកសត្វព្រៃនោះចំនួនពីរគ្រឿង។
ក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចមួយមានទីតាំងនៅជាប់ដែនជម្រកសត្វព្រៃលំផាត់ ខេត្តរតនគិរី គឺក្រុមហ៊ុនហុងអាញ់ លំផាត់ (Hong An LumPhat) អាចប្រឈមមុខទៅនឹងសកម្មភាពឃុបឃិតទិញឈើមូលពីក្រុមអនាធិបតេយ្យកាប់ឈើនាំចេញពីដែនជម្រកសត្វព្រៃខុសច្បាប់។
ប្រជាពលរដ្ឋអ្នកប្រកបរបរផលិតជ័រទឹកពីដើមឈើក្នុងព្រៃ ដែលគេនិយមហៅថា ដើមច្បោះ នៅក្នុងដែនជម្រកសត្វព្រៃលំផាត់ សុំមិនបញ្ចេញឈ្មោះ មានប្រសាសន៍ឲ្យដឹងថា កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅ មន្ត្រីការពារដែនជម្រកសត្វព្រៃចាប់បានឈើមូលធំៗចំនួន ៦ដើម និងរថយន្តស្ទូចដឹកឈើ ឬឡានរ៉េវ ចំនួនពីរគ្រឿង កំពុងដឹកជញ្ជូនឈើពីក្នុងដែនជម្រកសត្វព្រៃ។
ប្រជាពលរដ្ឋដដែលមានប្រសាសន៍ថា រថយន្តពីរគ្រឿងនេះ អ្នកភូមិស្គាល់ច្បាស់បានដឹកជញ្ជូនឈើមូលចេញពីដែនជម្រកសត្វព្រៃទៅស្តុកទុកនៅក្នុងបរិវេណដីក្រុមហ៊ុនសម្បទានវៀតណាម ឈ្មោះហុងអាញ់ លំផាត់ តាំងពីចុងឆ្នាំ២០១២ រហូតមក៖ «ឡានហ្នឹងក្រៅ តើគេដឹកឈើលក់ឲ្យក្រុមហ៊ុន ចូលហ្នឹងដឹកឲ្យហុងអាញ់ លំផាត់ មួយឡានបីដើម ប៉ុន្តែគេអត់យកទាំងឈើមកទេ យកតែឡានមក ឈើគេទម្លាក់ចោលគេទៅលួចឈើគ្នា គេបំបិទមិនឲ្យដឹង»។
សេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋអ្នកបានឃើញសកម្មភាពចាប់រថយន្តដឹកឈើ ឲ្យដឹងថា ឈើមួយរថយន្តត្រូវបានមន្ត្រីបរិស្ថានទម្លាក់ចោលក្នុងព្រៃ និងឈើមួយរថយន្តទៀត យកមកទម្លាក់ទុកក្នុងបរិវេណដីក្រុមហ៊ុនហុងអាញ់ លំផាត់។ ចំណែករថយន្តទាំងពីរគ្រឿង មន្ត្រីបរិស្ថានយកមករក្សាទុកនៅស្នាក់ការការពាររបស់ផ្នែកការពារដែនជម្រកសត្វព្រៃនៅក្បែរស្ពានស្រែពក។
តំណាងក្រុមហ៊ុនហុងអាញ់ លោក ថាច់ ភៀន នៅថ្ងៃច័ន្ទ ទី២៩ ខែមេសា បដិសេធថាលោកមិនបានដឹងពីករណីរថយន្តដឹកឈើពីរគ្រឿងនោះទេ។ លោកបន្តថា ក្រុមហ៊ុនហុងអាញ់ មិនមានជាប់ពាក់ព័ន្ធសកម្មភាពកាប់ឈើអនាធិបតេយ្យក្នុងដែនជម្រកសត្វព្រៃនោះឡើយ៖ «ខ្ញុំអត់ដឹង! តាមពិត ខ្ញុំអត់ដឹងមែន! ពួកខ្ញុំមានក្រុមហ៊ុន២ ឬ ៣ នៅកន្លែងហ្នឹង ប៉ុន្តែរឿងសកម្មភាពប្រមូលឈើ ពួកខ្ញុំបញ្ឈប់ហ្នឹងពីរខែបីខែហើយ អត់មានសកម្មភាពទៀតទេ។ យើងធ្វើតាម០០១ និងសារាចរផ្សេងទៀត។ យើងធ្វើដើម្បីចូលរួមខាងរដ្ឋាភិបាល ខ្ញុំមិនធ្វើខុសទេបាទ»។
នាយផ្នែកការពារដែនជម្រកសត្វព្រៃលំផាត់ លោក សន សុវណ្ណសុង ទទួលស្គាល់ថា លោកពិតជាបានចាប់រថយន្តពីរគ្រឿងនោះមែន ប៉ុន្តែលោកមិនអធិប្បាយលំអិតពីអត្តសញ្ញាណអ្នកប្រព្រឹត្តបទល្មើស និងជនពាក់ព័ន្ធទាំងនោះទេ។ លោកបន្តថា មន្ត្រីជំនាញស្គាល់អត្តសញ្ញាណជនពាក់ព័ន្ធករណីនេះអស់ហើយ រង់ចាំការសម្រេចពីមន្ត្រីថ្នាក់លើរបស់លោក៖ «វត្ថុតាងមានហើយ បានយើងធ្វើការរឹបអូស។ វាមិនរត់ទៅណាទេ បើយើងហៅវាមក ក៏វាមកដែរ វាមិនដែលរត់ចោលឡានវាទេ»។
មន្ត្រីឃ្លាំមើលបញ្ហាព្រៃឈើសមាគមអាដហុក (ADHOC) ខេត្តរតនគិរី លោក ឆាយ ធី មានប្រសាសន៍បញ្ជាក់ថា នេះគឺជាភស្តុតាងបញ្ជាក់ថាបទល្មើសព្រៃឈើក្នុងដែនជម្រកសត្វព្រៃពិតជាបានកើតមាន។ លោកអំពាវនាវសុំឲ្យអាជ្ញាធរថ្នាក់ជាតិ ស៊ើបអង្កេតករណីនេះ៖ «ទើបតែចាប់បានឡាននេះ យើងគិតថា វាហួសពេលហើយ។ គួរតែថ្នាក់ជាតិ ឬរាជរដ្ឋាភិបាលធ្វើការស្រាវជ្រាវចាត់វិធានការទៅលើអ្នកទទួលខុសត្រូវក្នុងតំបន់ព្រៃ»។
កាលពីថ្ងៃពុធ សប្ដាហ៍មុន អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី និងមន្ត្រីសមាគមអាដហុក បានចូលទៅក្នុងតំបន់ដែនជម្រកសត្វព្រៃចំណុចអូរតានវ៉ាន និងគុម្ពោតព្រៃធំ សង្កេតឃើញឈើមូលមានមុខកាត់ធំៗរាប់រយដើម ត្រូវគេអាររំលំបន្សល់ចោលក្នុងព្រៃ និងឈើមូលរាប់រយដើមទៀត ត្រូវគេដឹកជញ្ជូនចេញបន្សល់តែគល់នៅក្នុងព្រៃនោះ។ ប្រជាពលរដ្ឋជាម្ចាស់ដើមច្បោះ ក្នុងដែនជម្រកសត្វព្រៃ ប៉ាន់ប្រមាណថា ឈើមូលរាប់ពាន់ដើមត្រូវគេអារដឹកជញ្ជូនចេញពីព្រៃដែនជម្រកសត្វព្រៃនេះ ចាប់ពីពាក់កណ្ដាលឆ្នាំ២០១២ មក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
