ប្រជាពលរដ្ឋរស់នៅឃុំថ្មកែវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង នៅថ្ងៃអាទិត្យ ទី២៥ ខែសីហា អះអាងថា ក្រុមអាជ្ញាធរពាក់ព័ន្ធមិនទាន់បានចាត់វិធានការនៅឡើយ ជុំវិញសាឡង់រែងមាសបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋ។
កាលពីថ្ងៃទី២០ ខែសីហា ក្រុមការងារចម្រុះ មានអាជ្ញាធរស្រុកនិងខេត្ត បានចុះទៅកាន់ទីតាំងដែលអ្នកភូមិចោទថា មានសាឡង់រែងមាសកំពុងធ្វើសកម្មភាពក្នុងទន្លេសេកុង នៅតំបន់កោះចង្ហៀង និងកោះកែងថាវ ក្នុងឃុំថ្មកែវ ក៏ប៉ុន្តែមិនមានសេចក្ដីអធិប្បាយណាមួយពីមន្ត្រីក្រុមការងារ ទាក់ទិនសាឡង់រែងមាសនោះទេ។
ប្រធានសហគមន៍ លោក ផន ភុំ មានប្រសាសន៍ថា អ្នកភូមិបានតវ៉ាពីរលើកហើយ តាមរយៈមេភូមិនិងមេឃុំ សុំឲ្យមន្ត្រីពាក់ព័ន្ធអាជ្ញាធរខេត្តបញ្ឈប់សកម្មភាពរែងមាសក្នុងទន្លេនេះ ក៏ប៉ុន្តែមិនឃើញមានការឆ្លើយតបយ៉ាងណានៅឡើយ។
លោកបន្តថា សាឡង់បានផ្អាកសកម្មភាពពេលមន្ត្រីអាជ្ញាធរចុះទៅពិនិត្យទីតាំងនោះ ប៉ុន្តែពួកគេចាប់រែងមាសវិញ នៅពេលអាជ្ញាធរចាកចេញពីទីនោះ៖ «ពេលគេទៅដល់ហ្នឹង គឺគេផ្អាកហើយ ប៉ុន្តែក្រោយគេចុះមក គេចាប់ផ្ដើមទៀត។ ឥឡូវប្រជាជនគាត់ព្រួយបារម្ភមិនឲ្យធ្វើទេ វាប៉ះពាល់ខ្លាំងពេក»។
ប្រជាពលរដ្ឋរស់នៅតាមដងទន្លេសេកុង ក្នុងឃុំថ្មកែវ ឲ្យដឹងថា ក្រុមហ៊ុនចិនមួយឈ្មោះ ខ្មែរ ហ្វើស ម៉ាញនីង ឌីវឺឡុបមេន (Khmer First Mining and Development) កាលពីចុងសប្ដាហ៍ទី២ ខែសីហា បាននាំយកសាឡង់រែងមាសចំនួន ៣គ្រឿងមករែងមាសក្នុងទន្លេ ក៏ប៉ុន្តែក្រុមហ៊ុននេះមានតែអាជ្ញាប័ណ្ណបូមខ្សាច់សម្រាប់ការសាងសង់។
មេឃុំថ្មកែវ លោក ស៊ឹម ដន មានប្រសាសន៍បញ្ជាក់ថា ក្រុមហ៊ុនមិនបានបូមខ្សាច់ទេ គឺរែងមាសបង្កឲ្យមានផលប៉ះពាល់គុណភាពទឹកនិងបរិស្ថានទន្លេ។
លោកបន្តថា អ្នកភូមិប្រើប្រាស់ទឹកទន្លេកំពុងរងផលប៉ះពាល់ផ្នែកសុខភាព៖ «បើសិនអត់ឃើញអាជ្ញាធរដោះស្រាយ គាត់រៀបចំហ្នឹងហើយគាត់ថាទៅបម្រុងដេញហើយ ព្រោះទឹកសព្វថ្ងៃល្អក់ជាងកាហ្វេទៀត»។
ទាក់ទិនករណីនេះប្រធាន មន្ទីរឧស្សាហកម្មរ៉ែនិងថាមពល ខេត្តស្ទឹងត្រែង លោក នូ សុវណ្ណារ៉ា មានប្រសាសន៍បញ្ជាក់ថា ក្រុមហ៊ុន ខ្មែរ ហ្វើស ម៉ាញនីង ឌីវឺឡុបមេន មានអាជ្ញាប័ណ្ណបូមខ្សាច់សម្រាប់ការសាងសង់ ក៏ប៉ុន្តែលោកមិនបានដឹងថា អ្វីដែលអ្នកភូមិចោទថា មានការរែងរកមាសក្នុងទន្លេជាទង្វើរបស់ក្រុមហ៊ុនណាទេ៖ «រឿងសាឡង់ហ្នឹង ខ្ញុំមិនដឹងសាឡង់ខាងណាខាងណី ព្រោះធ្លាប់មានសាឡង់ច្រើនហើយឡើងទៅហ្នឹង។ ខ្ញុំពិបាកជម្រាបដែរ ព្រោះខ្ញុំអត់បានដឹងច្បាស់ក្រុមហ៊ុនផ្សេងទៀត»។
ចំណែកអភិបាលរងខេត្តស្ទឹងត្រែង លោក យ៊ូ បាសិទ្ធ មានប្រសាសន៍បញ្ជាក់ថា អាជ្ញាធរខេត្តបានចាត់ក្រុមការងារមួយចុះពន្យល់អ្នកភូមិរួចហើយថា ក្រុមហ៊ុនចិននេះមិនបានធ្វើអាជីវកម្មរែងមាសទេ គឺបូមខ្សាច់ ប៉ុន្តែក្រុមហ៊ុនមិនទាន់បានធ្វើអ្វីទេ កំពុងធ្វើការសាកល្បងគ្រឿងម៉ាស៊ីន និងសិក្សាពីគុណភាពទឹក។
លោកបន្តថា ប្រជាពលរដ្ឋមានសិទ្ធិធ្វើការតវ៉ា ប៉ុន្តែលោកសំណូមពរឲ្យប្រជាពលរដ្ឋអត់ធ្មត់ទុកពេលឲ្យអាជ្ញាធរត្រួតពិនិត្យករណីនេះឲ្យបានជាក់លាក់មិនឲ្យមានបញ្ហាប៉ះពាល់ប្រជាពលរដ្ឋនោះទេ៖ «ទឹកហ្នឹងវាខូចតាំងពីខាងលើមក តែបើគាត់ច្បាស់ថា ការបូមនេះគឺបូមមាសមែន ជារឿងមួយទៀត ពីព្រោះតាមច្បាប់ គឺគាត់សុំវិនិយោគខ្សាច់ អ៊ីចឹងបងប្អូនគាត់មានសិទ្ធិនិយាយ ប៉ុន្តែបងប្អូនគួរតែគោរពច្បាប់ដែរ សុំឲ្យយោគយល់អាហ្នឹង»។
មន្ត្រីសម្របសម្រួលអង្គការទន្លេបី លោក មៀច មាន អំពាវនាវឲ្យអាជ្ញាធរខេត្តផ្អាកសកម្មភាពសាឡង់ក្រុមហ៊ុនជាបណ្ដោះអាសន្ន ដើម្បីត្រួតពិនិត្យពីផលប៉ះពាល់ឡើងវិញ។ លោកបន្តថា តំបន់នោះមិនមែនជាទីតាំងធ្វើអាជីវកម្មខ្សាច់នោះទេ៖ «អាជ្ញាប័ណ្ណ គឺអាជ្ញាប័ណ្ណបូមខ្សាច់ ប៉ុន្តែសកម្មភាពធ្វើពិតប្រាកដ គឺមិនមែនបូមខ្សាច់ទេ។ សហគមន៍ដែលបានស្រែកហ្នឹងគឺមិនមែនតំបន់ដែលត្រូវបូមខ្សាច់»។
ទោះជាយ៉ាងនេះក្ដី តំណាងសហគមន៍ លោក ផាន់ ភុំ អះអាងថា សាឡង់ពីរគ្រឿងនេះបានបូមដីពីបាតទន្លេ ហើយរែងរកមាសធ្វើឲ្យទឹកល្អក់ខ្លាំង និងធ្វើឲ្យកំណកដីល្បាប់ហូរលប់អន្លង់ត្រីពងកូន។ចំណែកប្រជាពលរដ្ឋក៏កើតមានជំងឺរាករូសច្រើន ដោយសារបរិភោគទឹកទន្លេនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
