វៀតណាម​ជា​កន្លែង​ស្តុក​ឈើ​ខុស​ច្បាប់​របស់​អាស៊ាន

ប្រទេស​ភាគ​ច្រើន​ជា​សមាជិក​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ហៅ​កាត់​ថា​អាស៊ាន (Asean) ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​មូលដ្ឋាន​ផ្គត់ផ្គង់​ឈើ ឬ​លក់​ឈើ​ដោយ​ខុស​ច្បាប់​ទៅ​ឲ្យ​ប្រទេស​ចិន។

0:00 / 0:00

ប្រទេស​សមាជិក​អាស៊ាន ចំនួន​៥ ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​នាំ​ចេញ​ឈើ​ដោយ​ខុស​ច្បាប់​ទៅ​បរទេស​ច្រើន​ជាង​គេ រួម​មាន​ប្រទេស​ថៃ វៀតណាម ឡាវ ភូមា ឬ​មីយ៉ាន់ម៉ា និង​ប្រទេស​កម្ពុជា ដែល​មាន​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ​អាមេរិក។ ក្នុង​នោះ ប្រទេស​វៀតណាម បាន​ក្លាយ​ជា​ទី​កន្លែង​ស្តុក​ទុក​ឈើ​របស់​អាស៊ាន មុន​នឹង​លក់​បន្ត​ឲ្យ​ប្រទេស​ចិន។

តម្រូវ​ការ​ឈើ​របស់​ប្រទេស​ចិន បាន​កើន​ឡើង​យ៉ាង​ខ្លាំង​នៅ​រយៈពេល​ចុង​ក្រោយ​នេះ។ ប្រទេស​ចិន ទិញ​ឈើ​ដើម្បី​បំពេញ​តម្រូវ​ការ​ប្រជាពលរដ្ឋ ដែល​មាន​កំណើន​កាន់​តែ​ខ្ពស់ រួម​ទាំង​វប្បធម៌​ពេញ​និយម​ចំពោះ​ការ​ប្រើប្រាស់​សម្ភារៈ​ធ្វើ​ពី​ឈើ​កាន់​តែ​កើន​ឡើង​ជាដើម។ កត្តា​នេះ បាន​ជំរុញ​ឲ្យ​ប្រទេស​សមាជិក​អាស៊ាន មួយ​ចំនួន ដូច​ជា​ថៃ កម្ពុជា ឡាវ ភូមា ឬ​មីយ៉ាន់ម៉ា បាន​ក្លាយ​ជា​ប្រទេស​ផ្គត់ផ្គង់​ឈើ​យ៉ាង​សំខាន់​សម្រាប់​ទីផ្សារ​ឈើ​ប្រណិត​របស់​ចិន។

បន្ថែម​លើ​នេះ ពាណិជ្ជកម្ម​ឈើ​រវាង​ចិន ភាគ​ច្រើន​ធ្វើ​ឡើង​ដោយ​ខុស​ច្បាប់។ ទី​ភ្នាក់​ងារ​ស៊ើប​អង្កេត​បរិស្ថាន ដែល​ហៅ​កាត់​ថា អ៊ី.អាយ.អេ (EIA) ដែល​ចេញ​ផ្សាយ​របាយការណ៍​នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០១២ ដែល​ផ្ដោត​អំពី​មហិច្ឆតា​របស់​ចិន ដែល​ធ្វើ​ឲ្យ​វិនាសកម្ម​អាជីវកម្ម​ឈើ​ប្រណិត​ខុស​ច្បាប់ បាន​បង្ហាញ​ថា ចិន ជា​ប្រទេស​ដែល​នាំ​ចូល​ឈើ​ខុស​ច្បាប់​ច្រើន​ជាង​គេ​នៅ​លើ​ពិភពលោក ដែល​បាន​ចំណាយ​ទឹក​ប្រាក់​ប្រមាណ ៤​ពាន់​លាន​ដុល្លារ ដើម្បី​ទិញ​ឈើ​ក្នុង​មួយ​ឆ្នាំ។

ការ​កើន​ឡើង​នាំ​ចូល​ឈើ​ខុស​ច្បាប់ គឺ​ដោយសារ​តែ​សេដ្ឋកិច្ច​ចិន កំពុង​រីក​លូតលាស់​ខ្លាំង ដែល​ជំរុញ​ឲ្យ​តម្រូវ​ការ​ឈើ​ប្រណិត​សម្រាប់​សាងសង់​កើន​ឡើង​ខ្ពស់​ដែរ។ របាយការណ៍​ដដែល ក៏​បាន​បញ្ជាក់​ថា ចំពោះ​ប្រទេស​ដែល​លក់​ឈើ​ឲ្យ​ចិន វិញ ភាគ​ច្រើន​នៅ​ក្នុង​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍។ ប្រទេស​ទាំង​នោះ​រួម​ទាំង​កម្ពុជា បាន​នាំ​ចេញ​ឈើ​ដោយ​ខុស​ច្បាប់​ទៅ​លក់​ឲ្យ​ឈ្មួញ​នៅ​ប្រទេស​ចិន រៀង​រាល់​ឆ្នាំ ដែល​មាន​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ​អាមេរិក​ដែរ។

ដើម្បី​ទប់ស្កាត់​ការ​ធ្វើ​ពាណិជ្ជកម្ម​ឈើ​ប្រណិត​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​សារាចរ​មួយ ដើម្បី​បញ្ឈប់​ការ​ប្រើប្រាស់​ឈើ​ក្នុង​ប្រទេស និង​ការ​នាំ​ចេញ​ឈើ​ប្រណិត។ លោក ហ៊ុន សែន បាន​បញ្ជាក់​ទៀត​ថា ដើម្បី​អនុវត្ត​សារាចរ​នេះ​ទៅ​បាន គឺ​ត្រូវ​មាន​យន្តការ​ព្រមព្រៀង​គ្នា​រវាង​អ្នក​ទិញ និង​អ្នក​លក់​ឈើ។

ទោះ​ជា​លោក​នាយក​រដ្ឋមន្ត្រី​អះអាង​ដូច្នេះ​ក្ដី ក៏​អាជីវកម្ម​ឈើ​ដោយ​ខុស​ច្បាប់​នេះ​នឹង​មិន​ថយ​ចុះ​ឡើយ ដោយសារ​មូលហេតុ​សំខាន់​ពីរ។ ទី​មួយ តម្រូវ​ការ​ឈើ​ខ្ពស់​របស់​ចិន និង​មាន​តម្លៃ​ខ្ពស់។ ទី​ពីរ ការ​អនុវត្ត​ច្បាប់​នៅ​អន់​ខ្សោយ​ចំពោះ​អាជីវកម្ម​ឈើ​ប្រណិត។ ក្រៅ​ពី​នេះ ប្រទេស​ចិន និង​ប្រទេស​សមាជិក​អាស៊ាន​មួយ​ចំនួន​ដូច​ជា ប្រទេស​ឥណ្ឌូនេស៊ី និង​ភូមា បាន​ចុះ​កិច្ច​ព្រមព្រៀង​រួច​ជា​ស្រេច​លើ​ពាណិជ្ជកម្ម​ឈើ​ប្រណិត។

ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) លោក អ៊ូ វីរៈ មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​បាន​ប្រកាស និង​ណែនាំ​មិន​ឲ្យ​កាប់​ឈើ ឬ​ធ្វើ​ពាណិជ្ជកម្ម​ឈើ​ប្រណិត គឺ​ជា​រឿង​ល្អ ប៉ុន្តែ​ការ​ហាមប្រាម​រយៈ​កាល​កន្លង​មក គឺ​ហាក់​ដូច​ជា​មិន​មាន​ប្រសិទ្ធភាព​ឡើយ។ លោក​បញ្ជាក់​ថា ភាព​មិន​មាន​ប្រសិទ្ធភាព​នេះ​អាច​បណ្ដាល​មក​ពី​កត្តា​ជាច្រើន ដូច​ជា​ច្បាប់ និង​ឆន្ទៈ​របស់​អ្នក​អនុវត្តន៍​ច្បាប់​ប្រឆាំង​លើ​ការ​កាប់​ឈើ​ខុស​ច្បាប់ ដើម្បី​ការ​នាំ​ចេញ​ជាដើម។

លោក​បញ្ជាក់​ទៀត​ថា ដើម្បី​ទប់ស្កាត់​ការ​ធ្វើ​ពាណិជ្ជកម្ម​ឈើ​ដោយ​ខុស​ច្បាប់ គឺ​មាន​តែ​ការ​ជួយ​ជ្រោមជ្រែង​ពី​ស្ថាប័ន ឬ​អង្គការ​ក្រៅ​រដ្ឋាភិបាល​នានា​តែ​ប៉ុណ្ណោះ។ ប៉ុន្តែ បញ្ហា​ប្រឈម​ធ្ងន់ធ្ងរ​នោះ គឺ​ភាព​ខ្វះខាត​ឆន្ទៈ​ដែល​បាន​ក្លាយ​ជា​ហានិភ័យ​យ៉ាង​អាក្រក់​មួយ​ដល់​ព្រៃ​ឈើ​នៅ​កម្ពុជា និង​ប្រទេស​ដទៃ​ទៀត​នៅ​អាស៊ាន។

សកម្មភាព​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ទាំង​នោះ​មាន​តិចតួច​បំផុត​លើ​ការ​ការពារ​ព្រៃ​ឈើ។ សកម្មជន​ព្រៃ​ឈើ​មួយ​ចំនួន ត្រូវ​បាន​បាញ់​សម្លាប់​ជា​រឿយៗ​ពី​កង​កម្លាំង​រក្សា​ព្រៃ​ឈើ។

បន្ថែម​លើ​នេះ របាយការណ៍​របស់​ទី​ភ្នាក់ងារ​ស៊ើប​អង្កេត​បរិស្ថាន​ពិភពលោក ដដែល បាន​រក​ឃើញ​ថា ឥទ្ធិពល​អាក្រក់​នៃ​ការ​កាប់​ឈើ​ដោយ​ខុស​ច្បាប់ គឺ​ប៉ះពាល់​ដល់​បរិស្ថាន បាត់បង់​ចំណូល​ដល់​ប្រទេស​ជាតិ និង​កើន​ឡើង​អំពើ​ហិង្សា និង​អំពើ​ពុក​រលួយ​ជាដើម។ ម៉្យាង​វិញ​ទៀត ចំណូល​ដែល​បាន​មក​ពី​ការ​លក់​ឈើ​ខុស​ច្បាប់ ត្រូវ​បាន​គេ​យក​ទៅ​ប្រើ​ក្នុង​គោលដៅ​បង្ក​ជម្លោះ​ប្រដាប់​អាវុធ​ផ្សេងៗ ជា​ពិសេស​នៅ​ក្នុង​ប្រទេស​ភូមា និង​ប្រទេស​កម្ពុជា។ ក្នុង​ឆ្នាំ​២០១២ សកម្មជន​ការពារ​ព្រៃ​ឈើ លោក ឈុត វុទ្ធី ត្រូវ​បាន​គេ​បាញ់​សម្លាប់​កំឡុង​ពេល​ដែល​លោក​បាន​ស៊ើប​អង្កេត​ការ​កាប់​ឈើ​ដោយ​ខុស​ច្បាប់​លើ​ក្រុមហ៊ុន​ចិន មួយ។

ប្រទេស​ចិន បាន​នាំ​ចូល​ឈើ​ខុស​ច្បាប់​មាន​ចំនួន​ជាង ១៣​លាន​ម៉ែត្រគូប ស្មើ​នឹង​ទឹក​ប្រាក់ ១.៦០០​លាន​ដុល្លារ​អាមេរិក នៅ​ឆ្នាំ​២០០០។ ប៉ុន្តែ​ចំនួន​នេះ បាន​កើន​ឡើង​រហូត​ដល់ ៤២​លាន​ម៉ែត្រគូប ស្មើ​នឹង​ជាង ៨​ពាន់​លាន​ដុល្លារ នៅ​ឆ្នាំ​២០១១ ក្នុង​នោះ​បាន​នាំ​ចូល​ឈើ​ដោយ​ខុស​ច្បាប់​យ៉ាង​ហោច​ណាស់​ជាង ១៨​លាន​ម៉ែត្រគូប ស្មើ​នឹង​ទឹក​ប្រាក់​ជិត ៤​ពាន់​លាន​ដុល្លារ​អាមេរិក។ ហើយ​ប្រទេស​ដែល​នាំ​ចេញ​ឈើ​ប្រណិត​ខុស​ច្បាប់​វិញ ភាគ​ច្រើន​មក​ពី​អាស៊ី និង​អាហ្វ្រិក បាត់បង់​ថវិកា​ប្រមាណ ១៥​ពាន់​លាន​ដុល្លារ តាម​រយៈ​ការ​បង្កើត​ចំណូល និង​ពន្ធដារ។ ក្នុង​នោះ​ដែរ មាន​ប្រទេស​សមាជិក​អាស៊ាន ចំនួន​៥ បាន​រាយការណ៍​ថា បាន​នាំ​ចេញ​ឈើ​ដោយ​ខុស​ច្បាប់​ទៅ​បរទេស រួម​មាន​ប្រទេស​ថៃ វៀតណាម ឡាវ ភូមា និង​ប្រទេស​កម្ពុជា។

ដំណាក់​កាល​នៃ​ការ​នាំ​ចេញ​ឈើ​ដោយ​ខុស​ច្បាប់​ទៅ​ប្រទេស​ចិន រវាង​ប្រទេស​ប្រទេស​សមាជិក​អាស៊ាន​ប្រាំ តែង​តែ​ធ្វើ​ឡើង​ដំបូង គឺ​ប្រទេស​ថៃ ទៅ​ប្រទេស​កម្ពុជា និង​ប្រទេស​ឡាវ។ ហើយ​បន្ទាប់​មក ប្រទេស​នេះ​បាន​លក់​បន្ត​ទៅ​ប្រទេស​វៀតណាម មុន​នឹង​បន្ត​លក់​ឲ្យ​ប្រទេស​ចិន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។