ប្រជាពលរដ្ឋនៅស្រុកបាណន់ ខេត្តបាត់ដំបង ព្រួយបារម្ភបញ្ហាការទន្ទ្រានព្រៃសហគមន៍ពីសំណាក់អ្នកមានទ្រព្យធន។ ពលរដ្ឋបញ្ជាក់ថា ការកាប់រានព្រៃយកដីធ្វើជាកម្មសិទ្ធិ កើតឡើងបន្តបន្ទាប់។ ចំណែកឯអាជ្ញាធរ ទប់ស្កាត់ពុំមានប្រសិទ្ធភាពនោះទេ។ ទាក់ទងនឹងបញ្ហានេះ មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើស្រុកបាណន់ បញ្ជាក់ថា សមត្ថកិច្ចជំនាញបានដាក់វិធានការចុះទប់ស្កាត់លើការងារនេះជាប្រចាំ។
អ្នកភូមិនៅស្រុកបាណន់ អំពាវនាវសុំឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីពាក់ព័ន្ធ ដាក់វិធានការទប់ស្កាត់ និងការពារព្រៃឈើក្នុងសហគមន៍រស់នៅរបស់ពួកគាត់ជាបន្ទាន់ ដើម្បីរក្សាព្រៃឈើទុកប្រើប្រាស់ជាសម្បត្តិរួមរបស់ប្រជាពលរដ្ឋ។
តំណាងពលរដ្ឋ លោក ឃឿន ខាន់ រស់នៅឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ឲ្យដឹងនៅថ្ងៃទី២៤ ធ្នូ ថា ការកាប់ព្រៃឈើសហគមន៍នៅចំណុចភូមិតាង៉ែន ឃុំតាគ្រាម ដោយមានការឃុបឃិតគ្នាពីសំណាក់អាជ្ញាធរមូលដ្ឋាន និងអ្នកមានលុយមានកាក់ ដើម្បីយកដីធ្វើជាកម្មសិទ្ធិកើតឡើងច្រើន។ លោកអះអាងថា កន្លងទៅ សមត្ថកិច្ចជំនាញបានចុះទប់ស្កាត់ខ្លះដែរ ប៉ុន្តែពុំមានប្រសិទ្ធភាពនោះទេ៖ «កន្លងមក អាជ្ញាធរហាមឃាត់តែប្រជាពលរដ្ឋទេ ចំណែកឯអ្នកមានលុយមានកាក់វិញ ធ្វើបានដោយសេរី»។
ឆ្លើយតបនឹងបញ្ហានេះ មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើប្រចាំស្រុករតនៈមណ្ឌល និងស្រុកបាណន់ សុំមិនឲ្យបញ្ចេញឈ្មោះ មានប្រសាសន៍ទទួលស្គាល់ថា ព្រៃឈើក្នុងសហគមន៍តាគ្រាម នោះ កន្លងទៅពិតជាមានប្រជាពលរដ្ឋកាប់រានដីព្រៃខ្លះមែន ប៉ុន្តែការកាប់នោះធ្វើឡើងជាលក្ខណៈតូចតាចទេ ហើយថា លោកតែងដឹកនាំសមត្ថកិច្ចព្រៃឈើ សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះទប់ស្កាត់ការទន្ទ្រានព្រៃសហគមន៍នោះជាប្រចាំ៖ «ដូចខ្ញុំជម្រាបអ៊ីចឹង បទល្មើសមិនដែលបង្ក្រាបម្ដងអស់ ឬពន្យល់គាត់បានយល់ភ្លាមៗនោះទេ។ យើងត្រូវធ្វើបន្តិចម្ដងៗ យូរទៅគាត់យល់ហើយ»។
ទោះយ៉ាងនេះក្ដី ជំទប់ទីពីរឃុំតាគ្រាម មកពីគណបក្ស សម រង្ស៊ី លោក ហន ឈោយ មានប្រសាសន៍ថា ព្រៃឈើក្នុងសហគមន៍តាគ្រាម នោះ ប្រសិនសមត្ថកិច្ចជំនាញមិនទប់ស្កាត់ឲ្យមានប្រសិទ្ធភាពនោះទេ នឹងហិនហោចអស់ក្នុងថ្ងៃណាមួយជាពុំខាន៖ «អ្នកដែលទទួលខុសត្រូវគ្រប់គ្រងព្រៃឈើនៅឃុំតាគ្រាម គាត់មិនទប់ស្កាត់ទេ កន្លងទៅគាត់តែងធ្វើមិនដឹងមិនឮ»។
មន្ត្រីសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តបាត់ដំបង លោក យិន ម៉េងលី កត់សម្គាល់ថា ព្រៃសហគមន៍ក្នុងខេត្តបាត់ដំបង ភាគច្រើនកើតឡើងដោយសារអាជ្ញាធរមានអំណាចក្នុងមូលដ្ឋាន និងអ្នកមានទ្រព្យធន ទន្ទ្រានយកដីធ្វើជាកម្មសិទ្ធិច្រើនជាងប្រជាពលរដ្ឋក្រីក្រ៖ «អ្នកដែលបំផ្លាញព្រៃឈើ គឺអ្នកប្រឆាំងនឹងរដ្ឋាភិបាលហើយ ពីព្រោះរដ្ឋាភិបាលបានបង្កើតមានច្បាប់ព្រៃឈើនេះឡើង ដើម្បីទប់ស្កាត់»។
សហគមន៍ព្រៃឈើឃុំតាគ្រាម មានផ្ទៃដីសរុបជាង ១.៤០០ហិកតារ គ្របដណ្ដប់លើភូមិចំនួន៥ ក្នុងឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។
ប្រជាពលរដ្ឋអះអាងថា ព្រៃឈើក្នុងសហគមន៍នេះប្រមាណ ៥០ហិកតារ ដែលភាគច្រើនឈើស្រស់មាន ជាអាទិ៍ ដើមផ្ចឹក និងឈើរាំង ជាដើម ត្រូវគេកាប់បំផ្លាញយកដីធ្វើកម្មសិទ្ធិជាបន្តបន្ទាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
