ពលរដ្ឋ​និង​សិស្សានុសិស្ស​នៅ​ខេត្ត​កំពង់ចាម​ធ្វើ​យុទ្ធនាការ​សម្អាត​អនាម័យ​នៅ​តាម​ភូមិឋាន

0:00 / 0:00

ប្រជាពលរដ្ឋ សិស្សានុសិស្ស អាជ្ញាធរ​មូលដ្ឋាន មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​នៅ​ឃុំ​កំពង់សំណាញ់ ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម នាំ​គ្នា​ប្រារព្ធ​យុទ្ធនាការ​សំអាត​ភូមិឋាន នៅ​ជាប់​មាត់​បឹងធំ។ សកម្មភាព​នេះ ធ្វើ​ឡើង​ដើម្បី​ជួយ​ណែនាំ​ពលរដ្ឋ​នៅ​តាម​ជនបទ​ដាច់​ស្រយាល​ឱ្យ​យល់​កាន់​តែ​ច្បាស់​ពី​បញ្ហា​អនាម័យ និង​សុខភាព​ដើម្បី​បណ្ដុះ​ការ​អប់រំ​ដល់​ក្មេងៗ​ជំនាន់​ក្រោយ​ឱ្យ​យល់​ដឹង​កាន់​តែ​ច្បាស់​ពី​តម្លៃ​បរិស្ថាន និង​អនាម័យ។

យុទ្ធនាការ​សម្អាត​បរិស្ថាន ភាគ​ច្រើន​គេ​តែង​ប្រទះ​ឃើញ​ធ្វើ​ឡើង​នៅ​តាម​សាលា ឬ​តាម​ទីប្រជុំជន​នានា ប៉ុន្តែ​គេ​កម្រ​ឃើញ​យុទ្ធនាការ​នេះ​ធ្វើ​នៅ​តាម​ភូមិករ​របស់​ពលរដ្ឋ​ណាស់។

ក្រោម​ការ​ផ្ដួចផ្ដើម​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល មួយ​មាន​មូលដ្ឋាន​នៅ​ឃុំ​មៀន ស្រុក​ព្រៃឈរ គឺ​អង្គការ​សាមគ្គី បាន​រៀបចំ​ឱ្យ​មាន​​ការ​សម្អាត​អនាម័យ​នៅ​តាម​ភូមិ​ជា​លើក​ដំបូង​នៅ​ភូមិ​កំពង់សំណាញ់ ដែល​មាន​ទីតាំង​ជាប់​បឹងធំ ដើម្បី​ពន្យល់​ពលរដ្ឋ​​រស់​នៅ​តាម​តំបន់​ដាច់​ស្រយាល​មួយ​នេះ ឱ្យ​ចេះ​ការពារ​សុខភាព​របស់​ខ្លួន និង​ចេះ​រួម​គ្នា​ការពារ ឬ​ចេះ​ធ្វើ​អនាម័យ​បរិស្ថាន​នៅ​ក្នុង​សហគមន៍​របស់​ពួក​គេ។

មន្ត្រី​សម្រប​សម្រួល​អង្គការ​សាមគ្គី លោក ស៊ឹម ហុន មាន​ប្រសាសន៍​ថា ដោយ​សង្កេត​ឃើញ​ពលរដ្ឋនៅ​តាម​តំបន់​ជនបទ​ដាច់​ស្រយាល​នៅ​មិន​ទាន់​មាន​ការ​យល់​ដឹង​អំពី​បញ្ហា​អនាម័យ​ឱ្យ​បាន​ទូលំទូលាយ ទើប​ខាង​អង្គការ​លោក​សុំ​កិច្ច​សហការ​ពី​អាជ្ញាធរ​មូលដ្ឋាន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស​ និង​ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ​ដើម្បី​រៀបចំ​កម្មវិធី​នេះ​ឡើង៖ «គឺ​មាន​គោលបំណង​ធ្វើ​យ៉ាង​ណា​ឱ្យ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ​ហ្នឹង គាត់​យល់​ដឹង​អំពី​ការ​សម្អាត​បរិស្ថាន​ឱ្យ​បាន​ស្អាត ជា​ពិសេស​នៅ​ក្នុង​ភូមិ​របស់​ពួកគាត់ និង​ម្យ៉ាង​ទៀត ក៏​ជា​ការ​បណ្ដុះ​គំនិត​មួយ​ដល់​សិស្ស​សាលា និង​គ្រូ​ហ្នឹង គាត់​យក​ចិត្ត​ទុក​ដាក់​ផង​ដែរ»

យុទ្ធនាការ​សម្អាត​ភូមិឋាន នេះ ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​៩ ខែ​កក្កដា ដោយ​មាន​ប្រជាពលរដ្ឋ សិស្សានុសិស្ស​ជាង ២៦៦​នាក់ ចូល​រួម។ ក្នុង​នោះ​មាន​ជា​ការ​ផ្ញើ​សារ​ទាក់ទង​ការ​រស់​នៅ​ប្រកប​ដោយ​អនាម័យ​ដល់​អ្នក​ចូលរួម។ សារ​ទាំង​នោះ រួម​មាន​សំអាត​បរិស្ថាន ដើម្បី​សោភ័ណភាព​ភូមិឋាន និង​ដើម្បី​សុខភាព។ បរិស្ថាន​ស្អាត​នាំ​មក​នូវ​សុខភាព​ល្អ សំអាត​បរិស្ថាន គឺ​ស្រលាញ់​ជីវិត។ លើស​ពី​នេះ​ទៀត សំរាម ឬ​កាកសំណល់​គ្រប់​ប្រភេទ​ធ្វើ​ឱ្យ​បាត់បង់​សោភ័ណភាព​នៅ​ក្នុង​ភូមិ និង​ជា​ប្រភព​នាំ​ឱ្យ​កង្វក់​បរិស្ថាន​ជាដើម។ ក្រៅ​ពី​នេះ សិស្សានុសិស្ស អាណាព្យាបាល និង​លោកគ្រូ អ្នកគ្រូ នាំ​គ្នា​ដើរ​ប្រមូល​សំរាម​នៅ​ក្នុង​ភូមិ​កំពង់សំណាញ់ សំរាម​តាម​មាត់​បឹង ដែល​បង្ក​ភាព​កង្វក់​ដល់​ផ្ទៃ​បឹង​ផង។

ពលរដ្ឋ​ភូមិ​ដី​ក្រហម​ដែល​ចូល​រួម អ្នកស្រី អឿន សារុន មាន​ប្រសាសន៍​ថា ការ​ចូល​រួម​សកម្មភាព​សំអាត​បរិស្ថាន​នៅ​ក្នុង​ភូមិ គឺ​ជា​រឿង​ល្អ​មួយ ដើម្បី​ការពារ​កូន​ចៅ​ឱ្យ​ជៀស​ផុត​ពី​ជំងឺ​ដង្កាត់​នានា ពោល​គឺ​រស់​នៅ​ប្រកប​ដោយ​សុខុមាលភាព៖ «ដើម្បី​ឱ្យ​ឪពុក​ម្ដាយ​គេ​ហ្នឹង មើល​ឃើញ​ថា ថ្ងៃ​មុខ​ថ្ងៃ​ក្រោយ​ពួកគេ​មិន​ចោល​សំរាម​ពាសវាលពាសកាល​អ៊ីចឹង​ទៀត​ទេ ព្រោះ​មាន​សិស្ស​ខ្ញុំ​អី​ជា​ជន​បង្គោល​មក​ចូល​រួម​ជាមួយ​ដើម្បី​ធ្វើ​ឱ្យ​ស្អាត​បរិស្ថាន»

អ្នកស្រី​ស្នើឱ្យ​ពលរដ្ឋ​ទូទៅ​មិន​សម្រាប់​តែ​ពលរដ្ឋ​នៅ​ភូមិ​កំពង់សំណាញ់ នោះ​ទេ គប្បី​ចូល​រួម​សំអាត​បរិស្ថាន​ នៅ​ក្នុង​ភូមិ​ដោយ​ខ្លួន​ឯង ជៀសវាង​បោះចោល​ថង់​ប្លាស្ទិក ឬ​សំបក​កំប៉ុង​ពាសវាលពាសកាល នាំ​ឱ្យ​ក្លាយ​ជា​ជម្រក​សត្វ​មូស​ជាដើម។

កន្លង​ទៅ​ខាង​ក្រសួង​សុខាភិបាល ក៏​តែង​ណែនាំ​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន ទាំង​នៅ​ទីក្រុង និង​ជនបទ តាម​រយៈ​ការ​ផ្សព្វផ្សាយ​ជា​វីដេអូ​ខ្លី​អប់រំ​តាម​កញ្ចក់​ទូរទស្សន៍ និង​ផ្សព្វផ្សាយ​តាម​វិទ្យុ ធ្វើ​យ៉ាងណា​ចេះ​សំអាត​ទីធ្លា​លំនៅឋាន​របស់​ខ្លួន និង​នៅ​ក្នុង​សហគមន៍​ទាំង​មូល​ឱ្យ​បាន​ប្រសើរ ដូចជា​មិន​ត្រូវ​បោះចោល​សំរាម​ពាសវាលពាសកាល ឬ​បោះ​ចូល​ទៅ​ក្នុង​ប្រភព​ទឹក​ប្រើប្រាស់ ឬ​ក៏​បន្ទោបង់​ដោយ​មិន​មាន​បង្គន់​អនាម័យ​ត្រឹមត្រូវ​ជាដើម។ លើស​ពី​នេះ​ទៀត ណែនាំ​ឱ្យ​ពលរដ្ឋ​ចេះ​បែងចែក​ប្រភេទ​សំរាម​ស្ងួត និង​សើម ហើយ​ពន្យល់​ពលរដ្ឋ​ឱ្យ​ចេះ​កែច្នៃ​ប្រភេទ​សំរាម​មួយ​ចំនួន។

គ្រូបង្រៀន​នៅ​សាលា​បឋម​សិក្សា​កំពង់សំណាញ់ ម្នាក់​លោក ជា សុវ៉ាន់ឌី មាន​ប្រសាសន៍​ថា បញ្ហា​សំរាម​នៅ​ក្នុង​ភូមិ ហាក់​មាន​ច្រើន ព្រោះ​ប្រជាពលរដ្ឋ​ចេះ​តែ​នាំគ្នា​បោះ​ចោល​ពាសវាលពាសកាល។ លោក​បន្ត​ថា បញ្ហា​កង្វះ​អនាម័យ​នៅ​ក្នុង​ភូមិ គឺ​បណ្ដាល​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​គ្រប់គ្នា៖ «ធ្វើ​យ៉ាង​នេះ​ដើម្បី​ឱ្យ​នៅ​ក្នុង​ស្រុក​ភូមិ​មាន​អនាម័យ​គ្រប់គ្រាន់ គ្មាន​ជំងឺតម្កាត់ ព្រោះ​បរិស្ថាន​មិន​ស្អាត គឺ​នាំ​មក​នូវ​សុខភាព​មិន​ល្អ​ដែរ»

បន្ថែម​លើស​នេះ សិស្ស​ថ្នាក់​ទី​១០ នៅ​វិទ្យាល័យ នរោត្តម រណឬទ្ធិ គន្ធបុប្ផា យុវត្តី ឈាន សុម៉ាលី សម្តែង​អារម្មណ៍​រីករាយ​នៅ​ពេល​បាន​ចួលរួម​សកម្មភាព​ដែល​ជា​ប្រយោជន៍​ដល់​សង្គម​មួយ​នេះ ព្រោះ​បរិស្ថាន​ស្អាត គឺ​ជា​ចំណែក​មួយ​ជួយ​ឱ្យ​ពលរដ្ឋ​គ្រប់​រូបមាន​សុខភាព​ល្អ៖ «ការ​សម្អាត​បរិស្ថាន​នាំ​ឱ្យ​មាន​អនាម័យ បរិស្ថាន​ស្អាត​សុខភាព​ល្អ សូម​ប្រជាពលរដ្ឋ​ជួយ​ថែទាំ និង​សម្អាត​បរិស្ថាន​ទាំង​អស់​គ្នា»

យុទ្ធនាការ​សំអាត​ភូមិឋាន ហាក់​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ​ច្រើន ជាពិសេស​សកម្មភាព​ពលរដ្ឋ​ចូល​រួម គឺ​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់ និង​យល់​ដឹង​អំពី​តម្លៃ​បរិស្ថាន ស្អាត​បាន​ប្រសើរ​ជាង​មុន។

មន្ត្រី​សម្របសម្រួល​អង្គការ​សាមគ្គី​ដដែល លោក ស៊ឹម ហុន ឱ្យ​ដឹង​ទៀត​ថា ខាង​លោក​គ្រោង​នឹង​ធ្វើ​សកម្មភាព​សំអាត​បរិស្ថាន​នៅ​តាម​ភូមិ​នៅ​តំបន់​ផ្សេងៗ​ទៀត គឺ​ធ្វើ​យ៉ាង​ណា​អប់រំ​ពលរដ្ឋ​តាម​មូលដ្ឋាន​ឱ្យ​កាន់​តែ​យល់​ដឹង​ពី​បញ្ហា​សុខភាព បញ្ហា​អនាម័យ ដែល​បាន​មក​ពី​ការ​ចូលរួម​សម្អាត​បរិស្ថាន​នៅ​ក្នុង​សហគមន៍​របស់​ពួកគាត់​ទាំង​អស់​គ្នា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។