ប្រជាពលរដ្ឋជិត ១០០គ្រួសារ នៅឃុំគោកធ្លកក្រោម ស្រុកជីក្រែង ចម្ងាយជាង ៨០គីឡូម៉ែត្រភាគខាងកើតពីទីរួមខេត្តសៀមរាប កំពុងប៉ះពាល់សុខភាព ដោយសារក្លិនស្អុយពីគំនរសំរាម និងផ្សែងដែលគេដុតបំពក់ស្ទើរតែរៀងរាល់ថ្ងៃ។
ក្រុមអ្នកភូមិ បន្ទោសអាជ្ញាធរឃុំគោកធ្លកក្រោម និងស្រុកជីក្រែង ថា មិនបានយកចិត្តទុកដាក់ដោះស្រាយបញ្ហានេះឱ្យបានឆាប់រហ័សទេ។
ប្រជាពលរដ្ឋនៅភូមិប៉ាតត នៃឃុំគោកធ្លកក្រោម ចំនួន ៩៣គ្រួសារ កំពុងទន្ទឹងរង់ចាំអាជ្ញាធរស្រុកជីក្រែង ចុះទៅដោះស្រាយ និងបញ្ចប់បញ្ហាក្លិនស្អុយ ដែលភាយចេញពីគំនរសំរាមនៅជិតតំបន់ពួកគេរស់នៅនោះ។
ការទន្ទឹងរង់ចាំ បានកើតឡើងបន្ទាប់ពីពួកគេនាំគ្នាផ្ដិតមេដៃ ដាក់ជូនទៅអាជ្ញាធរស្រុកជាច្រើនខែមកហើយ ក៏ប៉ុន្តែការដឹកសំរាមតាមរ៉ឺម៉កចេញពីផ្សារជីក្រែង យកទៅចាក់ចោលនៅតែបន្តជារៀងរាល់ថ្ងៃ បង្កឱ្យមានក្លិនស្អុយប៉ះពាល់ដល់មនុស្ស និងសត្វដដែល។
អ្នកភូមិប៉ាតត ម្នាក់ក្នុងចំណោមអ្នកប៉ះពាល់ដោយសារគំនរសំរាមនោះ គឺអ្នកស្រី ហុង គា។ គាត់មានប្រសាសន៍កាលពីរសៀលថ្ងៃអង្គារ ទី៧ ខែតុលា ថា ជារៀងរាល់ថ្ងៃ គាត់តែងមានអារម្មណ៍ និងសុខភាពមិនល្អ ដោយសារគំនរសំរាមដែលមានក្លិនស្អុយខ្លាំងផង និងឈ្លក់ផ្សែងផង នៅពេលណាដែលគេដុត៖ «វាព្រាចពេញតែកៀនខាងនោះឯង ពេលគេដុតទៅផ្សែង មកចំក៏ឈ្ងៀម! ដល់ថ្ងៃណាដែលធ្លាក់ខ្យល់ខ្លាំងក៏វាស្អុយឆ្អាបទ្រហឹង។ ដេកក៏អត់ស្រួល ហើយរុយក៏រុយ ពេលហូបបាយវារោមឡើងខ្មៅ ទាល់តែដាក់កង្ហារបានប៉ើងខ្លះ បើមិនដាក់កង្ហារអត់ប៉ើងទេ»។
ស្ត្រីដដែលបញ្ជាក់ថា ពីរឆ្នាំកន្លងមកនេះ ចាប់តាំងពីម្ចាស់ផ្សារជីក្រែង ដឹកសំរាមមកចាក់ក្បែរផ្ទះរបស់គាត់ មិនមែនតែមនុស្សប៉ុណ្ណោះទេដែលប៉ះពាល់ គឺគោរបស់គាត់ ៣ក្បាល បានឈឺងាប់។ ចំណែកមាន់ ក៏ចិញ្ចឹមមិនដែលបានលក់ គឺងាប់អស់ៗ។
ក្រុមអ្នកភូមិ ទាមទារឱ្យអាជ្ញាធរឃុំគោកធ្លកក្រោម និងស្រុកជីក្រែង ត្រូវតែដោះស្រាយបញ្ហានេះ ដោយប្ដូរទីតាំងគំនរសំរាមទៅកន្លែងផ្សេង ឬក៏លុបឱ្យជិតកុំឱ្យមានក្លិនស្អុយ។
ទោះយ៉ាងណា វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអភិបាលស្រុកជីក្រែងស្ដីទី លោក ពៅ ប៊ុនធឿន ដើម្បីសុំការពន្យល់ជុំវិញបញ្ហានេះបានថាយ៉ាងណានៅឡើយ។
ក៏ប៉ុន្តែ សមាជិកក្រុមប្រឹក្សាស្រុកជីក្រែង ១រូប លោក បាន សំភី ទទួលស្គាល់ថា នៅចុងខាងជើងនៃភូមិប៉ាតត គឺម្ចាស់ផ្សារជីក្រែង បានទិញដីមួយកន្លែងសម្រាប់ចាក់សំរាមទីនោះមែន។ មន្ត្រីក្រុមប្រឹក្សាស្រុកដដែលអះអាងថា តាំងតែពីអំឡុងខែមិថុនា គឺលោក និងមន្ត្រីឃុំគោកធ្លកក្រោម ធ្លាប់ចុះទៅពិនិត្យមើលគំនរសំរាមដែលជះក្លិនស្អុយនោះ។ ក្នុងពេលលោកចុះទៅពិនិត្យ គឺមានប្រជាពលរដ្ឋចំនួន ១២០នាក់ ស្មើនឹង ៩៣គ្រួសារ ដែលទទួលរងការប៉ះពាល់ បានផ្ដិតមេដៃប្ដឹងទៅអាជ្ញាធរស្រុកឱ្យជួយដោះស្រាយ ហើយអាជ្ញាធរស្រុកបានត្រឹមតែសន្យា ក៏ប៉ុន្តែរហូតមកដល់ពេលនេះ គឺសំរាមនៅតែដឹកយកទៅចាក់ ហើយក្លិនស្អុយនៅតែបន្តប៉ះពាល់ប្រជាពលរដ្ឋដដែល៖ «ប៉ុន្តែតាំងពីថ្ងៃទី៣០ ខែកញ្ញា ជាថ្ងៃប្រជុំសាមញ្ញក្រុមប្រឹក្សាស្រុក រហូតមកដល់ថ្ងៃនេះ នៅមិនទាន់មានវិធានការទេ។ ឥឡូវ សំរាមហ្នឹងវាពេញមួយចំហៀងហើយ គេដុតវាឆេះងំ ទាំងយប់ទាំងថ្ងៃ ហើយធុំឈ្ងៀមអាក្រក់ណាស់»។
មន្ត្រីក្រុមប្រឹក្សាស្រុកជីក្រែង ឱ្យដឹងថា គំនរសំរាមនៅភូមិប៉ាតត នោះ គឺកើតមានកាលពីអំឡុងឆ្នាំ២០១២ នៅពេលដែលម្ចាស់ផ្សារជីក្រែង ទៅទិញដីសម្រាប់ចាក់នៅទីនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
